អានតួអត្ថបទ
ប្រភពដើមកូវីដ

អង្គការ​សុខ​ភាព​ពិភព​លោក​ថា​ការ​ស្វែង​រក​ប្រភព​ដើម​កូវីដ​នឹង​បន្ត​ធ្វើ​ដោយ​មើល​លើ​គ្រប់សម្មតិកម្ម

រាល់​គ្រប់​សម្មតិកម្ម​ទាំងអស់​ដែល​ទាក់ទង​នឹង​ដើម​កំណើត​កូវីដ​នៅតែ​បើក​ចំហ​ទទួល​យក​ដើម្បី​អាច​ស្រាវជ្រាវ​ស្វែងរក​ឲ្យឃើញ​ពី​ប្រភព​ដើម​នៃ​ជំងឺ​កូវីដ​១៩​។ នេះ​គឺជា​ប្រសាសន៍​លើកឡើង​របស់​លោកតេដ្រូស​ ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​កាលពី​ថ្ងៃ​សុក្រ​ ១២ កុម្ភៈ​ម្សិលមិញ​ បន្ទាប់​ពី​បេសកកម្ម​របស់​ក្រុម​អ្នក​ជំនាញ​លោក​ក្នុង​ប្រទេស​ចិន​។

ប្រធានអង្គការសុខភាពពិភពលោក លោកតេដ្រូស អាដាណុម ហ្គេប្រេយេស៊ូស។
ប្រធានអង្គការសុខភាពពិភពលោក លោកតេដ្រូស អាដាណុម ហ្គេប្រេយេស៊ូស។ Christopher Black Organización Mundial de la Salud/AFP
ផ្សាយពាណិជ្ជកម្ម

បេសកកម្ម​រយៈពេល​មួយខែ​ទៅកាន់​ទីក្រុង​វូហាន​ប្រទេសចិន​របស់​ក្រុម​អ្នកជំនាញ​អង្គការ​សុខភាព​ពិភព​លោកបានបិទ​បញ្ចប់ទៅ​ ដោយមិន​អាច​កំណត់​បាន​ឡើយ​ពី​ប្រភព​ដើម​នៃ​ជំងឺ​កូវីដ​១៩​។ ក៏ប៉ុន្តែ​ក្រុម​អ្នកជំនាញ​បាន​គូសបញ្ជាក់​ថា​នឹង​ទម្លាក់​ចោល​នូវ​សម្មតិកម្ម​ដែល​ថា​មេរោគ​កូរ៉ូណា​បាន​លេចធ្លាយចេញ​ពី​មន្ទីរ​ពិសោធន៍​របស់​ចិននោះ​។

លោកបេន​ អេមបារ៉ាក់ (Ben Embarak) ប្រធាន​ដឹកនាំ​ការ​ស៊ើបអង្កេត​នៅចិន​របស់​អង្គការ​សុខភាព​ពិភពលោក​បាននិយាយនៅសប្តាហ៍នេះថា​ វាគឺជារឿងពិបាក​ទៅរួច​ណាស់​ដែល​ថា​កូវីដ​លេច​ធ្លាយចេញពី​មន្ទីរពិសោធន៍​របស់ចិន​ក្នុងទីក្រុងវូហាន​។

ដោយឡែក​ដោយមាន​មន្ទិល​សង្ស័យ​ទៅលើ​តម្លាភាព​នៃ​កិច្ច​សហប្រតិបត្តិការ​របស់ចិន​ជាមួយ​ក្រុម​អ្នកជំនាញ​អង្គការ​សុខភាព​ពិភពលោក​ សហរដ្ឋអាមេរិកបាន​និយាយ​ថា​នឹង​ពិនិត្យ​មើល​អំពី​លទ្ធផល​ដែលបានមកពី​ការ​អង្កេត​ស្រាវជ្រាវ​នៅ​ប្រទេស​ចិន​។

នៅក្នុង​សន្និសីទសារព័ត៌មាន​មួយ​នៅទី​ក្រុងហ្សឺណែវ​ ប្រធានអង្គការ​សុខភាព​ពិភពលោក​ លោកតេដ្រូស អាដាណុម ហ្គេប្រេយេស៊ូស បាននិយាយថា​ ក្រុម​អ្នក​ជំនាញរបស់លោក​បាន​បំពេញ​បេសកកម្ម​ដ៏​សំខាន់បំផុតមួយ​ ក្នុងកាលៈទេសៈ​ពិបាកបំផុត​។

“មានសំណួរ​ខ្លះ​លើកឡើង​ថាតើសម្មតិកម្មមួយចំនួន​ ត្រូវបាន​គេបោះបង់​ចោល​ដែរឬទេ​?......ខ្ញុំចង់បញ្ជាក់ថា​រាល់សម្មតិកម្ម​ទាំងអស់​ នៅតែបើក​ចំហទទួលយក​ ហើយបន្ទាប់មក​វាទាមទារ​ការវិភាគ​ និងការ​សិក្សា​បន្ថែមទៀត​លើ​សម្មតិកម្ម​ទាំងនោះ​”។ លោកតេដ្រូស បាន​គូស​បញ្ជាក់​។

ទន្ទឹមគ្នានេះ​ លោក​ប្រធាន​អង្គការ​សុខភាពពិភពលោករូបនេះ​បានបន្ថែមថា​ការងារ​ឬ​ក៏​រឿងរ៉ាវ​ មួយចំនួន​ អាចស្ថិតនៅក្រៅដែនកំណត់​ និង​វិសាលភាព​នៃ​បេសកកម្ម​របស់​ខ្លួន​នៅ​ចិន​។ អង្គការសុខភាពពិភពលោក​ ក៏តែងតែនិយាយហើយថា​ការស្រាវជ្រាវ​នេះ​ នឹង​មិន​អាចរក​ឃើញ​គ្រប់​ចម្លើយ​ទាំងអស់​នោះទេ​។ ក៏ប៉ុន្តែ​ វាអាច​ជួយឲ្យរកឃើញបន្ថែម​ទៀតនូវ​ ព័ត៌មាន​សំខាន់ៗ​ ដែលនាំឲ្យគេ​ស្វែងយល់​កាន់​តែច្រើន​ និងច្បាស់ជាងមុន​អំពី​ប្រភពដើម​នៃ​មេរោគ​កូរ៉ណាថ្មី​ដែលជា​មេរោគ​បង្ក​ជំងឺរាតត្បាតសកល​ដូចជា​កូវីដ​១៩នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ