អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកបៃដិន៖លោកពូទីនជាឃាតក ហើយលោកពូទីននឹងត្រូវបង់ថ្លៃចំពោះទង្វើនេះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក ប្រធានាធិបតី​លោក​បៃដិន​បាន​លើក​ឡើង​ជា​ចំហ និង​ជា​សាធារណៈ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​ជា​ឃាតក និង​សន្យា​ថា លោក​ពូទីន​នឹង​ត្រូវ​បង់ថ្លៃ​ចំពោះ​ទង្វើ​នេះ។ ការ​លើក​ឡើង​របស់​លោក​បៃដិន​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​អាមេរិក ABC ចាក់​ផ្សាយ​ក្នុង​ថ្ងៃ​ពុធ ទី១៧ មីនា។ ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ការ​ហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​ឲ្យ​ត្រឡប់​ចូល​ប្រទេស​ដើម្បី​សួរនាំ។ ចំណែក​ប្រធាន​រដ្ឋសភា​រុស្ស៊ី​បាន​ចាត់​ទុក​ការ​លើកឡើង​របស់​លោក​បៃដិន​ថា​ជា​សម្តីប្រមាថ​លើ​ពលរដ្ឋ​រុស្ស៊ី។

លោកបៃដិនថា លោកពូទីនជាឃាតក ហើយលោកពូទីននឹងត្រូវបង់ថ្លៃចំពោះទង្វើនេះ
លោកបៃដិនថា លោកពូទីនជាឃាតក ហើយលោកពូទីននឹងត្រូវបង់ថ្លៃចំពោះទង្វើនេះ AFP - ERIC BARADAT,PAVEL GOLOVKIN
ផ្សាយពាណិជ្ជកម្ម

អ្នក​ដែល​បាន​ប្រើ​ពាក្យ« ឃាតក »មុន​គេ​មិនមែន​ប្រធានាធិបតី​អាមេរិក​លោក​បៃដិន​ទេ តែ​គឺ​អ្នក​កាសែត​របស់​ទូរទ្សន៍​អាមេរិក ABC លោក George Stephanopoulos ដែល​បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​លោក​បៃដិន។ នៅ​ក្នុង​សំណួរ​ជា​ច្រើន​ដែល​លោក George បាន​សួរ​លោក​បៃដិន មាន​សំណួរ​មួយ​សួរ​លោក​បៃដិន​ថា « លោក​ស្គាល់​លោក​វ្ល៉ាឌីមៀរ ពូទីន។ តើ​លោក​គិត​ថា គាត់​ជា​ឃាតក​ម្នាក់? »« បាទ ខ្ញុំ​គិត​ដូច​នេះ » នេះ​ជា​ចម្លើយ​របស់​លោក​បៃដិន។ តែ​លោក​បៃដិន​មិន​បាន​លំអិត​អ្វី​បន្ថែម​នៅ​ក្នុង​ចម្លើយ​របស់​លោក​ទេ។

គេ​មិន​ដឹង​ថា តើ​លោក​បៃដិន​ចង់​និយាយ​សំដៅ​លើ​សកម្មជនប្រឆាំង​រុស្ស៊ី​លោក​អាឡិចសី ណាវ៉ាល់នី​ដែល​បាន​រងគ្រោះ​ដោយ​ការ​បំពុល​កាល​ពី​ខែ​សីហា​ឬ​អត់​ទេ។ គួរ​រម្លឹក​ថា លោក​ណាវ៉ាល់នី​ជា​មេប្រឆាំង​ស្លាប់រស់​នឹង​លោក​ពូទីន និង​ដែល​ក្នុង​ខែ​សីហា ឆ្នាំ ២០២០ បាន​​រងគ្រោះ​ដោយ​ការ​បំពុល​ដែល​រដ្ឋបាល​អាមេរិក​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​រុស្ស៊ី។ បច្ចុប្បន្ន សកម្មជន​រុស្ស៊ី​រូប​នេះ​កំពុង​ជាប់​ឃុំ​នៅ​រុស្ស៊ី បន្ទាប់​ពី​បាន​ត្រឡប់​ចូល​ប្រទេស​កំណើត​នៅ​ក្រោយ​ការ​ព្យាបាល​ជា​សះស្បើយ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។

ទោះ​បី​ជា​លោក​បៃដិន​មិន​បាន​និយាយ​ចេញ​ពី​មាត់​លោក​ផ្ទាល់​ថា​លោក​ពូទីន​ជា​ឃាតក​ក៏​ដោយ ក៏​ការ​គ្រាន់​តែ​ឆ្លើយ​យល់ស្រប​នឹង​សំណួរ​របស់​អ្នកកាសែត​ពិត​ជា​គ្រប់គ្រាន់​ដើម្បី​បញ្ឆេះ​កំហឹង​របស់​រុស្ស៊ី។ លោក​ពូទីន​នៅ​មិន​បាន​ទាន់​ឆ្លើយ​តប​អ្វី​នឹង​លោក​បៃដិន​ទេ តែ​ក្រសួង​ការបរទេស​រស្ស៊ី​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​ក្រុង​វ៉ាស៊ីតោន​ទៅ​សួរ​នាំ។ ចំណែក​ប្រធាន​រដ្ឋសភា​រុស្ស៊ី​ដែល​ជា​មនុស្ស​ជំនិត​ម្នាក់​របស់​លោក​ពូទីន​មិន​ញញើត​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក​បៃដិន​ថា​ជា​ការ​ប្រមាថ​លើ​ពលរដ្ឋ​រុស្ស៊ី និង​ជា​ការ​វាយប្រហារ​លើ​រុស្ស៊ី។

ទំនាក់ទំនង​រវាង​អាមេរិក និង​រុស្ស៊ី​នឹង​ឡើង​តានតឹង​បន្ថែម

គេ​អាច​និយាយ​បាន នេះ​អាច​ជា​លើកទី១ ដែល​មាន​ប្រធានាធិបតី​អាមេរិក​ម្នាក់​កំពុង​កាន់​អំណាច​ហ៊ាន​លើក​ឡើង​ជា​ចំហ និង​ជា​សាធារណៈ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​ជា​ឃាតក។ ពិត​ណាស់ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​អាមេរិក និង​រស្ស៊ី​បាន​ស្គាល់​ទំនាក់ទំនង​រកាំរកូស​រវាង​គ្នា មិន​ថា​ក្នុង​ជំនាន់​ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា ឬ​មួយ​ក៏​ជំនាន់​លោក​ដូណាល់ ត្រាំ​ទេ នោះ​បើ​គេ​ដឹង​ថា មិន​សូវ​តានតឹង​ខ្លាំង​នៅ​ក្នុង​ជំនាន់​លោក​ត្រាំ​ក៏​ដោយ។ កន្លង​មក គេ​ធ្លាប់​ឃើញ​មាន​អ្នកតំណាងរាស្រ្ត​អាមេរិក​បាន​ចោទ​លោក​ពូទីន​ជា​ឃាតក តែ​មិន​ដែល​មាន​រូប​ប្រធានាធិបតី​អាមេរិក​ណា​ម្នាក់​ទេ។

សូម្បី​តែ​លោក​អូបាម៉ា​ដែល​មាន​ជំហរ​ប្រឆាំង​ខ្លាំង​នឹង​រុស្ស៊ី​ក៏​មិន​ដែល​ហ៊ាន​ចាត់​ទុក​លោក​ពូទីន​ជា​ឃាតក​ដែរ។ ដូច្នេះ​ចង់ ឬ​មិន​ចង់ ការ​លើក​ឡើង​របស់​លោក​បៃដិន​ពេល​នេះ​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​មូស្គូ​ដែល​កំពុង​តានតឹង​ស្រាប់​នឹង​ឡើង​តានតឹង​មួយ​កម្រិត​ទៀត។ រុស្ស៊ី​បាន​ព្រមាន​រួច​ហើយ​ថា អាមេរិក​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​លើ​វិបត្តិការទូត​ថ្មី​រវាង​ប្រទេស​ទាំង​ពីរ​ពេល​នេះ។ តែ​គេ​បាន​សង្កេត​ឃើញ​ថា ខណៈ​ពេល​ដែល​ក្រុង​មូស្គូ​កំពុង​ក្តៅស្លឹកត្រចៀក​ខ្លាំង ក្រុង​វ៉ាស៊ីតោន​ហាក់​ព្យាយាម​រំងាប់​ស្ថានការណ៍​ដោយ​មិន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​ក្រុង​មូស្គូ​ដូច​ដែល​រុស្ស៊ី​បាន​ធ្វើ​ទេ។

ក្រសួង​ការបរទេស​អាមេរិក​បាន​ប្រាប់AFP ថា ការ​ដែល​ខ្លួន​បន្ត​ទុក​ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​រុស្ស៊ី គឺ​ចង់​រក្សា​កាណាល់​ទំនាក់ទំនង​ឲ្យ​នៅ​បើក​ចំហ​ដើម្បី​កាត់បន្ថយ​ភាព​មិនយល់​គ្នា។ ចំណែក​លោក​បៃដិន​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ចង់​បន្ត​ធ្វើ​ការ​ជាមួយ​រុស្ស៊ី​ទាក់ទង​នឹង​ផលប្រយោជន៍​រួម។ អាមេរិក និង​រុស្ស៊ី​សុទ្ធ​តែ​បាន​ដឹង​ច្បាស់​ពី​ការ​ត្រូវ​ការ​គ្នា​ទៅ​​វិញ ទៅ​មក​មិន​អាច​ខ្វះ​បាន​ដើម្បី​ផល​ប្រយោជន៍​រួម និង​ពិភលោក ទោះ​បី​ជា​មាន​ភាព​ប្រទាំងប្រទើស​រវាង​គ្នា​ជា​លក្ខណៈ​ទ្វេ​ភាគី​ក៏​ដោយ។

លោក​បៃដិន​ចង់​ជម្រះ​បញ្ជី​ជាមួយ​លោក​ពូទីន?

តាំង​ពី​ពេល​ចូល​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​ក្នុង​ខែ​មករា ឆ្នាំ ២០២១ លោក​បៃដិន​បាន​បង្ហាញ​ជំហរ​ម៉ឹងម៉ាត់ និង​មិន​អត់ឱន​ចំពោះ​លោក​ពូទីន។ អ្វី​ដែល​លោក​បៃដិន​ចង់​ប្រាប់​លោក​ពូទីន​គឺ​ថា លោក​មិនមែន​លោក​ត្រាំ​ទេ ហើយ​ទំព័រសករាជ​នៃ​ទំនាក់ទំនង​រវាង​រុស្ស៊ី​ជាមួយ​អាមេរិក​ក្នុង​ជំនាន់​លោក​ត្រាំ និយាយ​ជា​រួម និង​រវាង​លោក​ពូទីន និង​លោក​ត្រាំ និយាយ​ដោយឡែក​បាន​បិទបញ្ចប់​ហើយ។ លោក​បៃដិន​ចង់​ប្រាប់​លោក​ពូទីន​ថា អាមេរិក​សព្វថ្ងៃ​បាន​រក​ឃើញ​កន្លែង​របស់​ខ្លួន​ឡើង​វិញ​ដែល​លែង​ជា​កន្លែង​ដែល​អាមេរិក​បាន​ស្គាល់​រយៈពេល ៤ឆ្នាំ​ក្នុង​ជំនាន់​លោក​ត្រាំ។

មែនទែន​ទៅ មាន​សំណុំរឿង​ច្រើន​ណាស់​ដែល​អាមេរិក​ក្នុង​ជំនាន់​លោក​បៃដិន​ចង់​ទូទាត់​បញ្ជី​ជាមួយ​រុស្ស៊ី រួម​មាន រុស្ស៊ី​ជាប់​សង្ស័យ​ពី​ការ​ឲ្យ​លុយ​ពួក​តាលីបង់​ដើម្បី​សម្លាប់​ទាហាន​អាមេរិក​នៅ​អាហ្វហ្កានីស្ថាន រុស្ស៊ី​ជាប់សង្ស័យ​ពី​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត​ថ្មីៗ​នេះ​លើ​អាមេរិក និង​ពិសេស​ទៅ​ទៀត​នោះ គឺ​ការ​ដែល​រុស្ស៊ី​បាន​លូកដៃ​កកូរកកាយ​រឿង​បោះឆ្នោត​នៅ​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦ និង​ឆ្នាំ ២០២០ កន្លង​ទៅ។ ក្នុង​ថ្ងៃ​អង្គារ ទី១៦ មីនា ក្រសួង​ស៊ើបការណ៍​អាមេរិក​បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ដែល​បង្ហាញ​ថា លោក​ពូទីន​ប្រហែល​ជា​បាន​ព្យាយាម​បង្វែរ​លទ្ធផល​បោះឆ្នោត​អាមេរិក​ពី​ជ័យជម្នះ​របស់​លោក​បៃដិន​ទៅ​ឲ្យ​លោក​ត្រាំ។ រុស្ស៊ី​បាន​បដិសេធ​ដោយ​ចាត់​ទុក​ជា​របាយការណ៍​មិនពិត គ្មាន​មូលដ្ឋាន និង​គ្មាន​ភស្តុតាង។

តែ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ ABC លោក​បៃដិន​បាន​បញ្ជាក់​ថា លោក​ពូទីន​នឹង​បង់​ថ្លៃ​លើ​ទង្វើ​មួយ​នេះ។ « លោក​ចាំ​មើល​នា​ពេល​ខាង​មុខ​នូវ​ផលវិបាក​ដែល​លោក​ពូទីន​នឹង​ទទួល » នេះ​ជា​ចម្លើយ​របស់​លោក​បៃដិន​តប​នឹង​សំណួរ​របស់​អ្នកកាសែត​របស់​ទូរទ្សន៍​អាមេរិក ABC លោក George Stephanopoulos ដែល​សួរ​លោក​បៃដិន​ពី​តម្លៃ​ដែល​លោក​ពូទីន​នឹង​ត្រូវ​បង់​ចំពោះ​ទង្វើ​លូកដៃ​ក្នុង​រឿង​បោះឆ្នោត​អាមេរិក​ឆ្នាំ ២០២០ ដែល​លោក​បៃដិបន​បាន​ឈ្នះ​លោក​ត្រាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ