អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើគេគួរបារម្ភលើវ៉ាក់សាំងបង្ការកូវីដ១៩ របស់មន្ទីរពិសោធន៍អង់គ្លេស AstraZeneca/Oxford ដែរ ឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សុក្រ ទី១២ មីនា អង្គការ​សុខភាព​ពិភពលោក WHOបាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​នូវ​វ៉ាក់សាំង​បង្ការកូវីដ១៩ របស់​មន្ទីរពិសោធន៍ Johnson & Johnson។ គួរ​រម្លឹក​ថា វ៉ាក់សាំង Johnson & Johnson កំពុង​ប្រើ​នៅ​អាមេរិក​តាំង​ពី​ខែ​កុម្ភៈ និង​ក៏​ទើប​ត្រូវ​បាន​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ប្រកាស​ឲ្យ​ប្រើ​ក្នុង​សប្តាហ៍​នេះ​ដែរ។ ដោយឡែក ទាក់ទង​នឹង​ព័ត៌មាន​ជុំវិញ​ផលវិបាក​កើត​ចេញ​ពី​ការ​ចាក់វ៉ាក់សាំង AstraZeneca អង្គការ​សុខភាព​ពិភពលោក​បាន​អំពាវនាវ​ឲ្យ​បន្ត​ប្រើ​វ៉ាក់សាំង AstraZeneca នេះ ហើយ​មន្ទីរពិសោធន៍ AstraZeneca ក៏​បាន​ចេញ​មុខ​ការពារ​ប្រសិទ្ធិភាព​វ៉ាក់សាំង​របស់​ខ្លួន​ដែរ ក្រោយ​ពី​មាន​ប្រទេស​មួយ​ចំនួន​បាន​ប្រកាស​ផ្អាក​ប្រើ​ជា​បណ្តោះអាសន្ន។

តើគេគួរបារម្ភលើវ៉ាក់សាំងបង្ការកូវីដ១៩ របស់មន្ទីរពិសោធន៍អង់គ្លេស AstraZeneca/Oxford ដែរ ឬទេ?
តើគេគួរបារម្ភលើវ៉ាក់សាំងបង្ការកូវីដ១៩ របស់មន្ទីរពិសោធន៍អង់គ្លេស AstraZeneca/Oxford ដែរ ឬទេ? © REUTERS/Dado Ruvic/Illustration
ផ្សាយពាណិជ្ជកម្ម

វ៉ាក់សាំងបង្ការ​កូវីដ១៩ របស់​មន្ទីរពិសោធន៍​អាមេរិក Johnson & Johnsonជា​វ៉ាក់សាំង​ទី៣ ហើយ​ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​អនុញ្ញាត​ឲ្យ​ប្រើ​តាម​រយៈ​យន្តការ​កូវ៉ាក់​របស់​ខ្លួន បន្ទាប់​ពី​វ៉ាក់សាំង​បង្ការ​កូវីដ១៩ របស់​មន្ទីរពិសោធន៍ Pfizer-BioNTech និង​របស់​មន្ទីរពិសោធន៍ AstraZeneca។ បើ​គេ​ប្រៀបធៀប​រវាង​វ៉ាក់សាំង​ទាំង ៣ ដែល WHO បាន​អនុញ្ញាត​ឲ្យ​ប្រើ​ពេល​នេះ វ៉ាក់សាំងJohnson & Johnson និង​វ៉ាក់សាំង AstraZeneca មាន​ភាព​ស្រដៀង​គ្នា​ច្រើន​ដោយ​ចាប់​ផ្តើម​ពី​របៀប​ធ្វើ របៀប​ទុក​ដាក់ ប្រសិទ្ធិភាព និង​តម្លៃ​របស់​វា។

ខុស​ពី​វ៉ាក់សាំងPfizer-BioNTech ដែល​គេ​ត្រូវ​រក្សា​ទុក​នៅ​ក្នុង​សីតុណ្ហភាព​រហូត​ដល់​ទៅ ៧០អង្សារ​ក្រោម​សូន្រ គេ​អាច​រក្សា​ទុក​វ៉ាក់សាំងJohnson & Johnsonនៅ​ក្នុង​ទូរទឹកកក​ធម្មតា​រយៈពេល ៣ខែ​នៅ​ក្នុង​សីតុណ្ហភាព​ចន្លោះ ២ និង​៨អង្សារ។ ចំណែក​តម្លៃ​របស់​វា​ក៏​សមរម្យ​ដែល​អនុញ្ញាត​ឲ្យ WHO អាច​ទិញ​ក្នុង​បរិមាណ​ច្រើន​សម្រាប់​ចែកចាយ​ឲ្យ​ក្រុម​ប្រទេស​ក្រីក្រ​តាម​រយៈ​យន្តការ​កូវ៉ាក់។ ប្រសិទ្ធិភាព​របស់​វ៉ាក់សាំងJohnson & Johnsonក៏​មិន​សូវ​ខុស​គ្នា​នឹង​វ៉ាក់សាំង AstraZenecaប៉ុន្មាន​ទេ ពោល​មាន​ប្រសិទ្ធិភាព​ក្នុង​រង្វង់៦៧%។

ក៏​ប៉ុន្តែ វ៉ាក់សាំងJohnson & Johnsonមាន​លក្ខណៈ​ពិសេស​មួយ គឺ​ចាក់​តែ​មួយ​ដូស​ទេ ពោល​ខុស​ពី​វ៉ាក់សាំង​ដែល​គេ​ស្គាល់​សព្វថ្ងៃ មិន​ថា AstraZenecaPfizer-BioNTech Moderna វ៉ាក់សាំង​ចិន Sinoparm ឬ​មួយ​ក៏​វ៉ាក់សាំង​រុស្ស៊ី Spounik V ដែល​ត្រូវ​ការ​ចាក់​ចំនួន ២ដូស។ ទាក់ទង​នឹង​ផល​រំខាន​របស់​វ៉ាក់សាំងJohnson & Johnsonត្រូវ​បាន​មន្ទីរពិសោធន៍​បញ្ជាក់​ថា មិន​សូវ​ខុស​គ្នា​នឹង​វ៉ាក់សាំង​របស់​មន្ទីរពិសោធន៍​ផ្សេង​ប៉ុន្មាន​ទេ ដូច​ជា​ឈឺ​នៅ​កន្លែង​ចាក់ ឈឺ​ក្បាល ឬ​មួយ​ក៏​អស់​កម្លាំង បន្ទាប់​ពី​ចាក់​បាន​ចំនួន ២ថ្ងៃ។ តាម​មន្ទីរពិសោធន៍ Johnson & Johnsonផលរំខាន​នេះ​គ្មាន​បង្ក​ផលវិបាក​ដល់​សុខភាព​ទេ និង​បាន​កើត​លើ​អ្នក​ចាក់​វ៉ាក់សាំង​ម្នាក់​ក្នុង​ចំណោម ១០នាក់។

មន្ទីរពិសោធន៍ AstraZeneca ការពារ​ប្រសិទ្ធិភាព​លើវ៉ាក់សាំងរបស់​ខ្លួន

ជា​ថ្មី​ម្តង​ទៀត មន្ទីរពិសោធន៍ AstraZenecaបាន​ចេញ​មុខ​ការពារ​លើ​ប្រសិទ្ធិភាព​វ៉ាក់សាំង​របស់​ខ្លួន​ជា​ទូទៅ ដោយ​មិន​បាន​បែងចែក​ថា វ៉ាក់សាំង​នោះ​ផលិត​នៅ​ប្រទេស​ណា​ទេ។ នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​នា​ថ្ងៃ​សុក្រ ទី១២ មីនា មន្ទីរពិសោធន៍ AstraZeneca បាន​បញ្ជាក់​ច្បាស់ៗ​ថា គ្មាន​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ពី​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សួត​ដោយសារ​តែ​ការ​ចាក់​វ៉ាក់សាំង AstraZeneca ទេ។ អ្វី​ដែល AstraZeneca ចង់​បញ្ជាក់ បើ​ធៀប​នឹង​ចង្កោម​មនុស្ស​ទូទៅ អត្រា​ហានិភ័យ​នៃ​ផលរំខាន​នេះ​មាន​កម្រិត​តិចតួច​បំផុត​សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង AstraZeneca ឬ​និយាយ​ឲ្យ​ស្រួល​យល់ ផលចំណេញ​ដែល​ទទួល​បាន​ពី​ការ​ចាក់​វ៉ាក់សាំង AstraZeneca នៅ​តែ​គ្របដណ្តប់​ធំធេង​លើ​ផលវិបាក និង​ហានិភ័យ​ដែល​កើត​ចេញ​ការ​ចាក់​វ៉ាក់សាំង AstraZeneca

ការ​អះអាង​ដូច​គ្នា​នេះ​ក៏​មាន​ពី​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប និង​បាន​បន្ថែម​ថា ផលរំខាន​កើត​ចេញ​ពី​ការ​ចាក់​វ៉ាក់សាំងAstraZeneca ក៏​អាច​ជា Alergyដែរ។ ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​បាន​បញ្ជាក់​ពី​ការ​បន្ត​សិក្សា និង​ស្រាវជ្រាវ​លើ​ផលរំខាន​ដែល​បាន​លើក​ឡើង​ដោយ​ប្រទេស​អឺរ៉ុប​ខ្លះ​ដែល​ថា មាន​កក​ឈាម​ដុំៗ​នៅ​ក្នុង​សរសៃ​ឈាម បន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង AstraZeneca។ គួរ​រម្លឹក​ថា មន្ទីរពិសោធន៍ AstraZeneca បាន​បញ្ជាក់​ពី​ប្រសិទ្ធិភាព​វ៉ាក់សាំង​របស់​ខ្លួន​ក្នុង​កម្រិត ៧០% ហើយ​អត្រា​ប្រសិទ្ធិភាព​នេះ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ទស្សនាវដ្តី​វិទ្យាសាស្រ្ត​អង់គ្លេស The Lancet ដែរ។ ថ្មីៗ​នេះ​ទៀត លទ្ធផល​នៃ​ការ​សិក្សា​ចំនួន​ពីរ​របស់​អង់គ្លេស​បាន​អះអាង​ពី​ប្រសិទ្ធិភាព ៩៤% របស់ AstraZeneca ក្នុង​ការ​ការពារ​កុំ​ឲ្យ​អ្នក​ឆ្លង​កូវីដ១៩ ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​រហូត​ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ។

វ៉ាក់ក់សាំង AstraZeneca នៅ​ជា​វ៉ាក់សាំង​បង្ការ​កូវីដ១៩ មាន​ប្រសិទ្ធិភាព?

រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ឈប់​ការ​ប្រើ​វ៉ាក់សាំង AstraZenecaនៅ​ឡើយ​ទេ ទោះ​ជា​វ៉ាក់សាំង​នេះ​បាន​ផលិត​នៅ​ក្នុង​ប្រទេស​ណា​ក៏​ដោយ។ ពិត​ណាស់​ពេល​នេះ មាន​ប្រទេស​អឺរ៉ុប​ចំនួន ៤ គឺ​ដាណឺម៉ាក អ៊ីស្លង់ ន័រវែស និង​ប៊ុលហ្ការី​បាន​ព្យួរ​ការ​ប្រើ​វ៉ាក់សាំង សាំង AstraZenecaដែល​ផលិត​នៅ​អឺរ៉ុប។ ចំណែក​ថៃ​ក៏​បាន​ប្រកាស​ផ្អាក​មិន​ចាក់​វ៉ាក់សាំង AstraZenecaដែល​ផលិត​នៅ​ឥណ្ឌា។ ក្រៅ​ពី​ប្រទេស​ទាំង ៥ខាង​លើ ប្រទេស​ផ្សេង​បាន​បន្ត​ឲ្យ​ប្រើប្រាស់​ដោយ​គេ​សំឡឹង​ឃើញ​ប្រយោជន៍​ធំធេង​បាន​ពី​ការ​ចាក់​វ៉ាក់សាំង AstraZenecaជាង​ការ​អត់​ចាក់។ ចូរ​កុំ​ភ្លេច​ថា មាន​មនុស្ស​ច្រើន​លាន​នាក់​ហើយ​​ដែល​បាន​ចាក់​វ៉ាក់សាំង AstraZenecaហើយ​ក្នុង​ចំណោម​អ្នក​ចាក់​ជា​ច្រើន​លាន​នាក់​នេះ មាន​ប្រមាណ​តែ​ពី ២០ ទៅ ៣០នាក់​ប៉ុណ្ណោះ​ដែល​មាន​ផល​រំខាន​ខ្លាំង​លើ​សុខភាព។

តើ​គេ​គួរ​បារម្ភ​ពី​វ៉ាក់សាំង AstraZenecaនេះ​ដែរ ឬ​ទេ?។ ចម្លើយ​នៅ​ពេល​នេះ គឺ​មិន​គួរ​បារម្ភ​ទេ។ គួរ​រម្លឹក​ថា​ក្រៅ​ពី​នៅ​ប្រទេស​អង់គ្លេស មន្ទីរពិសោធន៍ AstraZenecaក៏​បាន​ផលិត​វ៉ាក់សាំង​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ផ្សេង ដូច​យ៉ាង​នៅ​អ៊ីតាលី នៅ​ឥណ្ឌា ឬ​មួយ​ក៏​នៅ​កូរ៉េខាងត្បូង។ មួយ​វិញ​ទៀត និង​ក្រៅ​ពី​មន្ទីរពិសោធន៍ AstraZeneca មន្ទីរពិសោធន៍​ផ្សេង ពិសេស Pfizer-BioNTech Moderna របស់​អាមេរិក​ក៏​បាន​ផលិត​វ៉ាក់សាំង​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ផ្សេង​ដែរ ពិសេស​ក្នុង​ប្រទេស​អឺរ៉ុប។ ហេតុផល​គឺ​ថា មក​ពី​ការ​ផលិត​នៅ​កន្លែង​តែ​មួយ​មិន​អាច​បំពេញ​តម្រូវការ​បាន និង​ទាន់​ពេល​សម្រាប់​មនុស្សលោក ពិសេស​វ៉ាក់សាំង​បង្ការ​កូវីដ១៩។

អ្វី​ដែល​គួរ​ដឹង ជំងឺ​កូវីដ១៩ ជា​ជំងឺ​សកល​តែ​មួយ ទោះ​បី​ជា​ជំងឺ​នេះ​បាន​ឆ្លង​ចូល​ប្រទេស​ណា​ក៏​ដោយ។ ចំណែក​រូបមន្ត​វ៉ាក់សាំង​ទៀត​សោត ទោះ​ជា​AstraZeneca Pfizer-BioNTech Moderna ក៏​ប្រហែល​ជា​រូបមន្ត​តែ​មួយ​របស់​មន្ទីរពិសោធន៍​នីមួយៗ ទោះ​ជា​វ៉ាក់សាំង​របស់​មន្ទីរពិសោធន៍​ណា​មួយ​បាន​ផលិត​នៅ​ក្នុង​ប្រទេស​ណា​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ