អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុមអ្នកជំនាញឯករាជ្យ៖WHO និងចិនមានភាពយឺតយ៉ាវក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី   ១៩ មករា អង្គការ​សុខភាពពិភពលោក​ហៅកាត់​ជា​ភាសា​អង់គ្លេស WHO បើក​កិច្ចប្រជុំ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ នា​ឱកាស​នោះ ក្រុម​អ្នកជំនាញ​ឯករាជ្យ​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ស្តីពី​ជំងឺ​កូវីដ១៩។ នៅ​ក្នុង​របាយការណ៍ ក្រុម​អ្នកជំនាញ​បាន​ស្តីបន្ទោស​ចិន និង WHO ពី​បទ​បាន​បញ្ចេញ​ប្រតិកម្ម និង​ចាត់​វិធានការ​យឺតយ៉ាវ​លើ​វីរុស​កូវីដ១៩។ របាយការណ៍​នេះ​បាន​ធ្លាក់​មក ខណៈ​ដែល​ក្រុម​អ្នក​ជំនាញ​របស់ WHO ចំនួន ១០នាក់​កំពុង​ស្ថិត​ក្នុង​ទឹកដី​ចិន​ដើម្បី​ស៊ើបអង្កេត ស្វែង​យល់​ឲ្យ​បាន​ច្បាស់​ពី​ប្រភពដើម និង​អត្តសញ្ញាណ​របស់​វីរុស​កូវីដ១៩ ដែល​បាន​ផ្ទុះ​ចេញ​ពី​ចិន​កាល​ពី ១ឆ្នាំ​មុន ពិសេស​ពី​ទីក្រុង​វូហាន។

សហប្រធានក្រុមអ្នកជំនាញឯករាជ្យ លោកស្រី Helen Clark (រូបឆ្វេង) អតីតនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ និងលោកស្រី Ellen Johnson Sirleafអតីតប្រធានាធិបតីលីបេរីយ៉ា។
សហប្រធានក្រុមអ្នកជំនាញឯករាជ្យ លោកស្រី Helen Clark (រូបឆ្វេង) អតីតនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ និងលោកស្រី Ellen Johnson Sirleafអតីតប្រធានាធិបតីលីបេរីយ៉ា។ AFP - DON EMMERT,DOMINICK REUTER
ផ្សាយពាណិជ្ជកម្ម

គួរ​បញ្ជាក់​ថា ក្រុម​អ្នកជំនាញឯករាជ្យ​នេះ​ត្រូវ​បាន​រៀបចំ​បង្កើត​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ និង​ដឹកនាំ​ដោយ​ប្រធាន​ចំនួន ២នាក់ គឺ​អតីត​នាយករដ្ឋមន្រ្តី​នូវែលហ្សេឡង់​លោកស្រី Helen Clark និង​អតីត​ប្រធានាធិបតី​លីបេរីយ៉ា​លោកស្រី Ellen Johnson Sirleaf។ នេះ​ជា​លើកទី២ ដែល​ក្រុម​អ្នកជំនាញឯករាជ្យ​បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ស្តីពី​ជំងឺ​កូវីដ១៩។ របាយការណ៍​របស់​ក្រុម​អ្នកជំនាញឯករាជ្យ​បាន​ផ្តោត​សំខាន់​លើ​ប្រតិកម្ម និង​ចំណាត់ការ​របស់​អង្គការ​សុខភាពពិភពលោក និង​ចិន​ស្តីពី​វីរុសកូវីដ១៩។ ការ​ផ្តោត​លើ​ចិន ព្រោះ​ជា​ប្រទេស​ប្រភព​ជំងឺ​កូវីដ១៩។

របាយការណ៍​របស់​ក្រុម​អ្នកជំនាញឯករាជ្យ​បាន​មើល​ឃើញ​ជា​រួម​ថា គេ​ពិត​ជា​អាច​បញ្ចេញ​ប្រតិកម្ម​បាន​យ៉ាង​ឆាប់​រហ័ស​តាំង​ពី​ថ្ងៃ​មាន​លេច​រោគសញ្ញា​វីរុស​កូវីដ១៩។ ចំណែក​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ក៏​គួរ​ណា​ត្រូវ​ចាប់​អនុវត្ត​ភ្លាមៗ​នៅ​គ្រប់​ប្រទេស​ទាំង​អស់​ដែល​ប្រឈម​នឹង​ករណី​វីរុស​កូវីដ១៩ ជា​យថាហេតុ។ ក្រុម​អ្នកជំនាញ​យល់​ឃើញ​ថា រដ្ឋអំណាច​ចិន​ថ្នាក់​តំបន់ និង​ថ្នាក់ជាតិ​គួរ​ណា​តែ​អនុវត្ត​វិធានការ​សុខភាព​សាធារណៈ​ឲ្យ​បាន​ស្វាហាប់​ខ្លាំង​ក្នុង​ខែ​មករា​ដើម​ឆ្នាំ ២០២០។ តែ​គឺ WHO ដែល​ក្រុមអ្នកជំនាញឯករាជ្យ​បាន​ស្តីបន្ទោស​ខ្លាំង​ជាង​គេ​ដោយ​បាន​ចោទ​ជា​សំណួរ និង​ចម្ងល់​មួយ​ចំនួន។

ហេតុអ្វី​បាន​ជា WHO រង់ចាំ​ដល់​ដើម​សប្តាហ៍ទី៤ ក្នុង​ខែ​មករា ឆ្នាំ ២០២០ ទើប​កោះ​ប្រជុំ​គណៈកម្មាធិការ​បន្ទាន់​របស់​ខ្លួន?។ ហេតុអ្វី​បាន​ជា WHO មាន​ការ​អាល់អែក​ក្នុង​ការ​ប្រកាស​ភាព​អាសន្ន​សុខភាព​សកល និង​ចាត់​ទុក​ជំងឺ​កូវីដ១៩ ជា​ជំងឺ​ឆ្លង​រាលដាល​សកល?។ ហេតុអ្វី​បាន​ជា WHO មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ផ្តល់​អនុសាសន៍​ឲ្យ​ពាក់​ម៉ាស​ដើម្បី​បង្ការ​ការ​ឆ្លង​វីរុស​កូវីដ១៩?។ ក្រុម​អ្នកជំនាញឯករាជ្យ​សន្និដ្ឋាន​ថា បើ WHO និង​ចិន​បញ្ចេញ​ប្រតិកម្ម ចាត់វិធានការ និង​មាន​តម្លាភាព​លើ​វីរុសកូវីដ១៩ ឲ្យ​លឿន​តាំង​ពី​ដំបូង ម្ល៉េះ​គ្មាន​មនុស្ស​ស្លាប់ និង​ឆ្លង​ដល់​ទៅ​លាននាក់​ទេ។

ឥទ្ធិពល​នៃ​ការ​ឆ្លង​វីរុសកូវីដ១៩ មាន​ល្បឿនលឿន

គេ​នៅ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ពី​ចិន ឬ WHO ចំពោះ​របាយការណ៍​របស់​ក្រុម​អ្នកជំនាញឯករាជ្យ​ទេ។ គួរ​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​ចិន និង WHO បាន​រង​ការ​ស្តីបន្ទោស​ក្នុង​រឿង​ជំងឺ​កូវីដ១៩។ សហរដ្ឋអាមេរិក​ហ៊ាន​ទាំង​ចង្អុល​មុខ​ចិន​ថា​ជា​អ្នក​បង្កើត​វីរុស​កូវីដ១៩ និង​ចោទ WHO ពី​បទ​មាន​សមានចិត្ត និង​ស៊ុមគ្រលំ​ជាមួយ​ចិន។ បន្ទាប់​មក មាន​ប្រទេស​ខ្លះ​ក៏​បាន​ចាក់​ស្រប​តាម​សហរដ្ឋអាមេរិក ដូច​យ៉ាង​អូស្រ្តាលី។ តែ​ត្រូវ​បាន​ចិន​វាយ​បក​វិញ​ដោយ​ប្រើ​ទណ្ឌកម្ម​សេដ្ឋកិច្ច។ គេ​មិន​ដឹង​ថា តើ​អ្វី​ដែល​ក្រុមអ្នកជំនាញឯករាជ្យ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ខ្លួន​សមហេតុផល​ដែរ ឬ​ទេ?។

អ្វី​ដែល​គេ​អាច​និយាយ​បាន ទោះ​បី​ការងារ​អ្វី​ក៏​ដោយ​ក៏​គេ​អាច​ធ្វើ​ឲ្យ​បាន​លឿន​ជាង​នេះ និង​គួរ​ណា​តែ​ធ្វើ​ឲ្យ​បាន​មុន​ជាង​នេះ​ដែរ។ គេ​អាច​បន្ទោស​ចិន​ពី​ភាព​យឺតយ៉ាវ​ក្នុង​ការ​ប្រកាស​ពី​វត្តមាន​វីរុស​កូវីដ១៩ និង​លាក់ព័តមាន​នេះ។ គេ​អាច​បន្ទោស​ WHO ពី​ការ​មើល​ស្រាល​លើ​វីរុស​កូវីដ១៩ និង​មាន​ការ​អាល់អែល​ក្នុង​ការ​ប្រកាស​វីរុស​នេះ​ជា​វីរុស​ឆ្លងរាលដាល​សកល។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ឥទ្ធិពល​នៃ​ការ​ឆ្លង​វីរុស​កូវីដ១៩ មាន​ល្បឿន​លឿន និង​មាន​ទ្រង់ទ្រាយ​ធំ​ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ ចូរ​កុំ​ភ្លេច​ថា ជាង ១ឆ្នាំ​ដែល​វីរុស​កូវីដ១៩ បាន​ញំញី និង​កំពុង​បន្ត​​ញំញី​ពិភពលោក​ដោយ​មាន​ទាំង​មេរោគបំប្លែងខ្លួន​របស់​វា​ចំនួន ២ ឬ ៣ ប្រភេទ​នា​ពេល​បច្ចុប្បន្ន។ មួយន​វិញ​ទៀត ទោះ​បី​ជា​ពិភពលោក​មាន​វ៉ាក់សាំង​បង្ការ​វា​ក៏​ដោយ​ក៏​គេ​នៅ​មិន​ទាន់​បាន​ស្គាល់​ច្បាស់​នូវ​អត្តសញ្ញាណ និង​ប្រភពដើម​ពិត​របស់​កូវីដ១៩។

បេសកកម្ម​របស់​ក្រុម​អ្នកជំនាញ WHO នៅ​ចិន​មាន​ដំណើរ​ដោយ​រលូន?

ការ​ពិត​ស្តីពី​អត្តសញ្ញាណ និង​ប្រភពដើម​របស់​កូវីដ១៩ នឹង​អាច​ដឹង​នៅ​ថ្ងៃ​ណា​មួយ​តាម​រយៈ​បេសកកម្ម​របស់​ក្រុម​អ្នកជំនាញ​មាន​គ្នា ១០នាក់​របស់​អង្គការ​សុខភាពពិភពលោក។ ពួក​គេ​ទាំង ១០នាក់​កំពុង​ស្ថិត​ក្នុង​ប្រទេស​ចិន​ដើម្បី​ស៊ើបអង្កេត​ស្វែង​រក​អត្តសញ្ញាណ និង​ប្រភពដើម​នៃ​ជំងឺ​កូវីដ១៩។ គួរ​រម្លឹក​ថា បេសកកម្ម​មួយ​នេះ​ត្រូវ​បាន​ទាមទារ​ដោយ​ក្រុម​ប្រទេស​បស្ចិមលោក​តាំង​ពី​ដំបូង​ទី​មក​ម្ល៉េះ។ តែ​គឺ​ទើប​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០២០ ដែល​ក្រុម​ប្រទេស​សមាជិក WHO បាន​ឯកភាព​គ្នា​ដើម្បី​បង្កើត​ក្រុម​នេះ​ឡើង។ បន្ទាប់​មក គេ​ត្រូវ​រង់​ចាំ​ការ​អនុញ្ញាត​ពី​ចិន​ដែល​ហាក់​មិន​សូវ​ស្វាគមន៍​នឹង​យន្តការណ៍​មួយ​នេះ​ប៉ុន្មាន​ទេ។

តែ WHO បាន​បញ្ជាក់​តាំង​ពី​ដំបូង​ថា បេសកកម្ម​របស់​ក្រុម​អ្នក​ជំនាញ​ខ្លួន​មិនមែន​ស្វែង​វែក​មុខ​អ្នក​ទទួល​ខុស​ត្រូវ​លើ​ជំងឺ​កូវីដ១៩ ដើម្បី​កាត់ទោស​ទេ។ តែ​ស្វែង​រក​អត្តសញ្ញាណ និង​ប្រភពដើម​របស់​កូវីដ១៩ ដើម្បី​ទាញ​ជា​មេរៀន និង​បញ្ចៀស​កុំ​ឲ្យ​មេរោគ​ដដែល​នេះ​ផ្ទុះ​ឡើង​ជា​ថ្មី​នា​ពេល​ខាង​មុខ។ រហូត​មក​ដល់​ពេល​នេះ បេសកកម្ម​របស់​អ្នកជំនាញ WHO ទាំង ១០នាក់​មាន​ដំណើរ​ការ​ដោយ​រលូន ហើយ​ចិន​ក៏​បាន​ទទួល​ពួក​គេ​យ៉ាង​រាក់ទាក់​ដែរ នេះ​បើ​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​បណ្តាញ​សារព័ត៌មាន​រដ្ឋ​ចិន​ក្នុង​ថ្ងៃ​អង្គារ ទី១៩ មករា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ