អានតួអត្ថបទ
កូវីដ១៩

អង្កេត​កូវីដ១៩ ៖ អ្នក​ជំនាញ​អង្គការ​សុខភាព​ពិភពលោកខ្លះ ​មិន​បាន​​ទិដ្ឋាការ​ចូលចិន

ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​អង្កេត​រក​ដើម​ហេតុ​នៃ​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩ អង្គការ​សុខភាព​ពិភពលោក​បានបញ្ជូន​ក្រុម​អ្នកជំនាញ​១០​រូប ទៅ​ប្រទេសចិន។ ក្រុមអ្នកជំនាញ​ត្រូវ​ចេញ​ដំណើរ​ទៅ​នៅ​ថ្ងៃអង្គារ​ទី ៥​មករា​ម្សិលមិញ​  ប៉ុន្តែ​អ្នកជំនាញ​ខ្លះ​មិន​ទាន់​មាន​ទិដ្ឋាការ​ចាំ​បាច់​សម្រាប់​ចូល​ទឹក​ដី​ចិន​ផង។  នៅ​ថ្ងៃពុធ​ទី ៦ មករា​២០២១នេះ ចិនគ្រាន់​តែ​បានគូស​បញ្ជាក់​ថា​កំពុង​បន្ត​ចរចាជាមួយ​អង្គការ​សុខភាព​ពិភពលោក។

នាយក​អង្គការ​សុខភាព​ពិភពលោក Tedros Ghebreyesus ក្នុង​សន្និសីទកាសែត​នៅ​ទីក្រុង​ហ្សឺណែវ ថ្ងៃទី ៥ មករា ២០២១
នាយក​អង្គការ​សុខភាព​ពិភពលោក Tedros Ghebreyesus ក្នុង​សន្និសីទកាសែត​នៅ​ទីក្រុង​ហ្សឺណែវ ថ្ងៃទី ៥ មករា ២០២១ AP - Salvatore Di Nolfi
ផ្សាយពាណិជ្ជកម្ម

“ថ្ងៃនេះ​យើ​ង​បាន​ទទួល​ដំណឹង​ថា អាជ្ញាធរចិន​មិន​ទាន់​​ផ្តល់​ទិដ្ឋាការ​ដល់គ្រប់ក្រុម​អ្នក​ជំនាញ​ទេ ! ខ្ញុំ​​ខកចិត្ត​ណាស់ ព្រោះ​អ្នក​ជំនាញ​ពីរ​រូប​បានចេញ​​ដំណើរ​ទៅ​ហើយ​ ហើយ​ខ្លះទៀត​ ត្រូវ​ខកខាន​ដំណើរ​នៅ​នាទី​ចុងក្រោយ​ទៅ​វិញ”។ នេះ​ជា​ប្រសាសន៍​របស់លោក Tedros Adhanom Ghebreyesus នាយក​អង្គការ​សុខភាពពិភពលោកទៅ​កាន់​អ្នកសារព័ត៌មាន នៅ​ទីក្រុង​ហ្សឺណែវ។

ជាង​មួយ​ឆ្នាំក្រោយ​ការលេចឡើង​នូវ​ជំងឺកូវីដ​១៩ អង្គការ​សុខភាពពិភពលោក​បាន​សម្រេច​បញ្ជូ​នអ្នក​ជំនាញវិទ្យាសាស្ត្រ​​១០រូប​ ដែល​ឆ្លង​កាត់​ការ​ដំណើរការ​ជ្រើសរើសយ៉ាង​យូរ ​ទៅ​បំពេញ​បេសកកម្ម​អង្កេត​នៅ​ចិន តែ​ដល់​ថ្ងៃ​ចាប់​ផ្តើម​ បែរ​ជាពុំ​បាន​ទទួល​​ទិដ្ឋាការគ្រប់គ្រាន់​ចាំបាច់​សម្រាប់​​ចូល​ទឹក​ដី​ចិន​ទៅ​វិញ។ បើ​តាមមន្ត្រី​អង្គការ​សុខភាព​ពិភពលោក មានអ្នក​ជំនាញ​ម្នាក់​អាចត្រលប់​ក្រោយ​ទាន់ ឯ​អ្នក​ជំនាញ​ម្នាក់​ទៀត ទៅ​ដល់​ពាក់​កណ្តាលផ្លូវ​ហើយ ហើយ​កំពុងរង់ចាំ​នៅ​ក្នុង​ប្រទេស​មួយ​ផ្សេង​ទៀត។

ជំងឺ​កូវីដ​១៩​នៅ​ធ្ងន់ធ្ងរ​ខ្លាំង​ ​ ចិន​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ការពារនិង​ គ្រប់គ្រង​ជំងឺ​នេះ។ ​វា​​មិនមែន​ ​ត្រឹម​តែ​បញ្ហា​ផ្តល់​វីសា/ទិដ្ឋាការ​ ទេ ! នេះ​បើ​ជាប្រតិកម្មតប​​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន នៅ​ព្រឹក​ថ្ងៃពុធ​ទី ៦​មករា ដោយ​​ធានាអះអាង​ថា ចិន​ ​និង​អង្គការ​សុខភាព​ពិភពលោក​កំពុង​បន្តចរចា​គ្នា អំពី​កាលបរិច្ឆេទ​ច្បាស់​លាស់​ និង​បែបបទ​​នៃ​ទស្សនកិច្ច​របស់​ក្រុម​អ្នកជំនាញ។​

ក្នុង​ក្របខ័ណ្ឌនៃ​ការអង្កេតរក​ដើមហេតុ​នៃ​កូវីដ១៩ ចិនត្រូវ​ទទួល​ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក តែទស្សនកិច្ច​នេះ​ជា​​រឿង​​រសើប​ខ្លាំង​ណាស់​សម្រាប់​អាជ្ញាធរ​ចិន​។ ចិន​ខ្វល់​ខ្វាយ​​មិន​ចង់​មានទំនួល​ខុសត្រូវ​លើ​ជំងឺរាតត្បាត​ដែល​បាន​សម្លាប់​ជីវិតមនុស្ស​នៅលើ​ពិភពលោក​អស់​ជាង​១លាន​៨សែន​នាក់​រួច​មកហើយទេ​។ ប្រសិន​បើ​អ្នក​ជំនាញ​បាន​ទទួល​ទិដ្ឋាការ​គ្រប់គ្រាន់​អាច​ចូល​ជាន់​ទឹក​ដីចិន​បានហើយ​ អ្នក​ជំនាញ​ទាំង​អស់​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ ១៤​ថ្ងៃ​ទៀត ពោលគឺ​ក្រុមអ្នក​ជំនាញ​អាច​ចាប់​ផ្តើមបេសកម្ម​បាន នៅ​ចុង​ខែ​ ​ក្រោយ​ថ្ងៃទី ២០​មករា ថ្ងៃ​ដែល​អាមេរិក​មានរដ្ឋាភិបាល​ថ្មី​។ ចិន​យល់​ព្រម​ឱ្យ​មាន​ការ​អង្កេតឯករាជ្យ ​ដោយ​ខ្លួន​ជា​កំណត់​​ពេលវេលា​ មានន័យ​ថា​ចិន​ចាំ​ទាល់​តែ​​ដាន​នៃ​ការ​ចម្លង​ដំបូង​ ពិបាក​រក​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ