អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀរ ពូទីនកំពុងប្រើយុទ្ធសាស្រ្ត និងសេណារីយ៉ូស៊ីរីសម្រាប់សង្រ្គាមនៅអ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់​រយៈពេល​ជាង ១ខែ​ដែល​រុស្ស៊ី​បាន​ធ្វើ​សង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន។ ជា​រៀងរាល់​ថ្ងៃ​តាំង​ពី​ថ្ងៃ​ដំបូង កងទ័ព​រុស្ស៊ី​បន្ត​ទម្លាក់​គ្រាប់បែក និង​បាញ់គ្រាប់មីស៊ីល​សំដៅ​លើ​អគារ និង​លំនៅដ្ឋាន​របស់​ប្រជាជន។ តែ​រូបភាព​ដែល​បាន​ធ្វើ​ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍ និង​អាណោចអាធម​ខ្លាំង គឺ​ការ​រត់ភៀសខ្លួន​របស់​ជនស៊ីវិល​ក្មេង ចាស់​ដើម្បី​គេច​ពី​សង្រ្គាម។ អ្នក​ខ្លះ​បាន​រត់​ចេញ​ពី​ប្រទេស​ទៅ​ជ្រកកោន​នៅ​ក្នុង​ប្រទេស​ក្បែរ​ខាង និង​អ្នក​ខ្លះ​ទៀត​បាន​ធ្វើ​ការ​បម្លាស់ទី​ក្នុង​ស្រុក។ កំណត់សម្គាល់​មួយ​ទៀត យុទ្ធសាស្រ្ត និង​សេណារីយ៉ូ​សង្រ្គាម​ដែល​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​កំពុង​ធ្វើ​លើ​អ៊ុយក្រែន​ពេល​នេះ គឺ​ដូច​គ្នា​នឹង​អ្វី​ដែល​ពូទីន​បាន​ធ្វើ​លើ​ប្រទេស​ស៊ីរី​កាល​ពី​ឆ្នាំ ២០១៥។

ប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀរ ពូទីនកំពុងប្រើយុទ្ធសាស្រ្ត និងសេណារីយ៉ូស៊ីរីសម្រាប់សង្រ្គាមនៅអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀរ ពូទីនកំពុងប្រើយុទ្ធសាស្រ្ត និងសេណារីយ៉ូស៊ីរីសម្រាប់សង្រ្គាមនៅអ៊ុយក្រែន AP - Felipe Dana
ផ្សាយពាណិជ្ជកម្ម

មិន​ថា​ជា​ទីក្រុង​ធំ ឬ​ជា​ទីក្រុង​តូច មិន​ថា​នៅ​ពេល​យប់ ឬ​នៅ​ពេល​ថ្ងៃ កងទ័ព​រុស្ស៊ី​បាន​ស្រោច​គ្រាប់បែក និង​គ្រាប់មីស៊ីល​សឹង​គ្មាន​រលួស​ថ្ងៃ​ដោយ​មិន​គិត​ជា​កន្លែង​អ្វី​ទេ។ រូបភាព​ទាំង​អស់​នេះ​នាំ​ឲ្យ​គេ​នឹក​ឃើញ​នូវ​អន្តរាគមន៍​យោធា​របស់​រុស្ស៊ី​លើ​ទឹកដី​​ស៊ីរី​កាល​ពី​ឆ្នាំ ២០១៥។ គួរ​រម្លឹក​បន្តិច​ថា ស៊ីរី​បាន​ផ្តើម​ធ្លាក់​ក្នុង​សង្រ្គាម​ស៊ីវិល​ក្នុង​ឆ្នាំ ២០១១ តាម​រយៈ​ការ​ងើប​បះបោរ​របស់​ប្រជាជន​ប្រឆាំង​នឹង​ប្រធានាធិបតី​អាសាដ។ ជាង ១០ឆ្នាំ​ក្រោយ​មក អាសាដ​កំពុង​បន្ត​កាន់​អំណាច​ណែន​ក្នុង​ដៃ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ខ្ទេចខ្ទីរ​គ្មាន​សល់ និង​មាន​ប្រជាជន​ជា​ច្រើន​លាននាក់​បាន​រត់ភៀសខ្លួន​ចេញ​ពី​ប្រទេស ឬ​មួយ​ក៏​ប្តូរ​កន្លែង​រស់នៅ​ក្នុង​ស្រុក។

បើ​កុំ​តែ​មាន​ការ​ជួយ​គាំទ្រ និង​អន្តរាគមន៍​យោធា​ពី​រុស្ស៊ី​របស់​ប្រធានាធិបតី​ពូទីន ម្ល៉េះ​អាសាដ​ក៏​មិន​អាច​បន្ត​តោង​អំណាច​មក​ដល់​បច្ចុប្បន្ន ហើយ​ទឹកដី​ស៊ីរី ពិសេស​រចនាសម្ព័ន្ធ​របស់​ទីក្រុង​ធំ តូច​ក៏​ប្រហែល​មិន​ត្រូវ​បាន​កម្ទេច​ឲ្យ​រៀប​ដល់​ដី​ដូច​សព្វថ្ងៃ​ដែរ។ ពិតណាស់ គេ​មិន​អាច​ប្រដូច​ស្ថានការណ៍​អ៊ុយក្រែន​ទៅ​នឹង​ស្ថានការណ៍​ស៊ីរី​បាន​ទេ ព្រោះ​អ៊ុយក្រែន​មិន​បាន​ធ្លាក់​ក្នុង​សង្រ្គាម​ហែកហួរ​ផ្ទៃក្នុង​ដូច​ស៊ីរី​ដែល​តម្រូវ​ឲ្យ​មាន​អន្តរាគមន៍​យោធា​ពី​រុស្ស៊ី ហើយ​រុស្ស៊ី​ក៏​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ចូល​ឈ្លានពាន​អ៊ុយក្រែន​ដែរ។ អ៊ីចឹង​ហើយ​បាន​ជា​ទង្វើ​របស់​រុស្ស៊ី​ពេល​នេះ​បាន​បំផុស​ឲ្យ​មាន​ការ​ថ្កោលទោស​ជា​សកល និង​ការ​ដាក់​ទណ្ឌកម្ម​ចាស់ដៃ​ពី​ក្រុម​បស្ចិមប្រទេស។

ក៏​ប៉ុន្តែ និង​អ្វី​ដែល​គេ​អាច​ប្រដូច​បាន​រវាង​អ៊ុយក្រែន និង​ស៊ីរី​ពេល​នេះ គឺ​ការ​ដែល​ពូទីន​បាន​ប្រើ​យុទ្ធសាស្រ្ត និង​សេណារីយ៉ូ​សង្រ្គាម​ដូច​គ្នា​បិះបិទ​នៅ​លើ​សមរភូមិ។ ផ្ទាំងស៊ីប​នៃ​យុទ្ធសាស្រ្ត និង​សេណារីយ៉ូ​សង្រ្គាម​របស់​ពូទីន គឺ​ការ​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល សាលារៀន អគារ ឬ​មួយ​ក៏​មន្ទីរពេទ្យ​ក្នុង​គោលដៅ​បំភិតបំភ័យ​ប្រជាជន។ តាម​រយៈ​យុទ្ធសាស្រ្ត និង​សេណារីយ៉ូ​សង្រ្គាម​របៀប​នេះ ពូទីន​បាន​ទុក​ផ្លូវ​តែ​ពីរ​គត់​ឲ្យ​ប្រជាជន​ជ្រើសរើស ឬ​មួយ​ចុះ​ចូល ឬ​មួយ​ក៏​រត់​ចេញ។ តែ​គេ​បាន​សង្កេត​ឃើញ​ថា​មក​ទល់​ពេល​នេះ ប្រជាជន​អ៊ុយក្រែន​សឹង​តែ​ទាំង​អស់​បាន​ជ្រើស​យក​ផ្លូវ​ភៀសខ្លួន​ចេញ​ពី​ប្រទេស ឬ​មួយ​ក៏​ប្តូរ​ទីតាំង​ក្នុង​ស្រុក​ជាជាង​ជ្រើស​យក​ផ្លូវ​ចុះ​ចូល។

លើស​ពី​នេះ ប្រជាជន​អ៊ុយក្រែន ប្រុស ស្រី ពិសេស​ប្រុសៗ​បាន​កាន់​អាវុធ និង​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​រារាំង និង​ត តាំង​ទល់​នឹង​ទាហាន​រុស្ស៊ី។ កម្មវត្ថុ និង​ការ​ប្តេជ្ញាចិត្ត​របស់​ពួក​គេ​មាន​តែ​មួយ​គត់ គឺ​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​អ៊ុយក្រែន ទោះ​ត្រូវ​បង់​ថ្លៃ​ក្នុង​តម្លៃ​ប៉ុន្មាន​ក៏​ដោយ​ចុះ។ តើ​ប្រជាជន​អ៊ុយក្រែន និង​ប្រជាជន​ស៊ីរី ពិសេស​ក្រុម​អ្នកប្រឆាំង​កំពុង​មាន​វាសនា​ដូច​គ្នា ឬ?។ គេ​ប្រហែល​មិន​អាច ឬ​មិន​ទាន់​និយាយ​យ៉ាង​ដូច​នេះ​បាន​នៅ​ឡើយ​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន ក្រុម​អ្នកប្រឆាំង​នៅ​ស៊ីរី​កំពុង​ចូលរួម​គាំទ្រ និង​សម្តែង​សាមគ្គីភាព​ជាមួយ​ប្រជាជន​អ៊ុយក្រែន ព្រោះ​ចង់ ឬ​មិន​ចង់ រុស្ស៊ី​របស់​ពូទីន​បាន​ក្លាយ​ជា​សត្រូវ​រួម​របស់​ក្រុម​អ្នកប្រឆាំង​ស៊ីរី និង​អ៊ុយក្រែន​នៅ​ពេល​នេះ។

សារ​របស់​ក្រុម​អ្នកប្រឆាំង​នៅ​ស៊ីរី​សម្រាប់​អ៊ុយក្រែន និង​ប្រជាជន​អ៊ុយក្រែន​ទូទៅ គឺ​ត្រូវ​ក្លាហាន និង​បន្ត​ការ​តស៊ូ​ដើម្បី​ការពារ​បូរណភាពទឹកដី និង​បុព្វហេតុ​របស់​ខ្លួន។ គ្រូពេទ្យ​ស៊ីរី​ម្នាក់​ប្រចាំ​ក្នុង​ទីក្រុង​អ៊ីឡិប​បាន​ផ្តល់​អនុសាសន៍​ឲ្យ​ប្រជាជន​អ៊ុយក្រែន​ការពារ​មន្ទីរពេទ្យ​ដោយ​ចាក់​បេតុង​បន្ថែម​នៅ​ជុំវិញ​ដើម្បី​ទប់ទល់​នឹង​គ្រាប់បែក​សត្រូវ​របស់​ពូទីន​ដែល​មិន​បាន​បែងចែក​រវាង​ជនស៊ីវិល​ក្មេង ចាស់ អ្នករងរបួស និង​ក្រុម​អ្នកប្រយុទ្ធ​ទេ។ ទន្ទឹម​នឹង​ប្រើ​យុទ្ធសាស្រ្ត​សង្រ្គាម​ដូច​នៅ​ស៊ីរី ពូទីន​ក៏​បាន​យល់​ព្រម​ឲ្យ​ប្រើ​ទ័ពស៊ីឈ្នួល ពិសេស​ទ័ព​ស៊ីរី​ដែល​មាន​ជំនាញ​ប្រយុទ្ធ​ក្នុង​ទីក្រុង​ដើម្បី​ជួយ​ច្បាំង​ជាមួយ​ទ័ព​រុស្ស៊ី​នៅ​អ៊ុយក្រែន។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​ក៏​ដូច​ជា​នៅ​ស៊ីរី ទីក្រុង​ធំ តូច​របស់​អ៊ុយក្រែន​ត្រូវ​បាន​គ្រាប់បែក និង​គ្រាប់មីស៊ីល​រុស្ស៊ី​កម្ទេច​មើល​លែង​យល់ និង​មើល​លែង​ស្គាល់។

ក៏​ដូច​ជា​នៅ​ស៊ីរី ការ​វាយប្រហារ​ដោយ​គ្រាប់បែក និង​គ្រាប់មីស៊ីល​បាន​បង្ខំ​ឲ្យ​ប្រជាជន​អ៊ុយក្រែន​រត់ចោល​ស្រុក ឬ​បម្លាស់ទី​ក្នុង​ស្រុក។ គ្រាន់​តែ​សង្រ្គាម​ជាង ១ខែ​កន្លង​ទៅ មាន​ប្រជាជន​អ៊ុយក្រែន​ចំនួន ៣លាន ៧សែន​នាក់​បាន​ភៀសខ្លួន​ទៅ​ជ្រកកោន​នៅ​ក្នុង​ប្រទេស​ជិតខាង និង​មាន​ប្រមាណ ៦លាន ៥សែន​ទៀត​បាន​បង្ខំ​ចិត្ត​បម្លាស់ទី​ក្នុង​ស្រុក។ នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ស៊ីរី​បាន​ស្គាល់​ដូច​គ្នា គ្រាន់​តែ​ថា មិន​លឿន​ឆាប់​រហ័ស​ដូច​អ៊ុយក្រែន​ទេ។ ទំរាំ​មាន​ជនភៀសខ្លួន និង​ជនបម្លាស់ទី​ដូច​អ៊ុយក្រែន​សព្វថ្ងៃ ស៊ីរី​បាន​ស្គាល់​សង្រ្គាមស៊ីវិល​រ៉ាំរ៉ៃ​រាប់សិប​ឆ្នាំ។ ចំណែក​អ៊ុយក្រែន​ទើប​ស្គាល់​សង្រ្គាម​តែ​ជាង ១ខែ​ប៉ុណ្ណោះ។

នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា បើ​សង្រ្គាម​បន្ត​អូសបន្លាយ ចំនួន​ជនភៀសខ្លួន និង​ជនបម្លាស់ទី​អ៊ុយក្រែន​នឹង​កើន​ឡើង​ថែម​ទៀត។ នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ថា យុទ្ធសាស្រ្ត និង​សេណារីយ៉ូ​សង្រ្គាម​ដែល​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ប្រើ​លើ​អ៊ុយក្រែន​មាន​លក្ខណៈ​សាហាវ និង​ព្រៃផ្សៃ​ជាង​នៅ​ស៊ីរី​ទៅ​ទៀត។ ក្រុម​អ្នក​វិភាគ​យល់​ថា ដើម្បី​ស្រោចស្រង់​ស៊ីរី និង​ប្រជាជន​ស៊ីរី គេ​ត្រូវ​ចាត់​ការ​ត្រឹម​អាសាដ​ទាន់​នៅ​មាន​ពេល។ តែ​សម្រាប់​អ៊ុយក្រែន​វិញ ការ​កំចាត់​ពូទីន​ទាន់​នៅ​មាន​ពេល​មិន​ត្រឹម​តែ​អាច​ស្រោចស្រង់​អ៊ុយក្រែន និង​ប្រជាជន​អ៊ុយក្រែន​ប៉ុណ្ណោះ​ទេ តែ​ប្រហែល​ជា​អាច​ស្រោចស្រង់​រុស្ស៊ី និង​ប្រជាជន​រុស្ស៊ី​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ