អានតួអត្ថបទ
អឺរ៉ុប-រុស្ស៊ី-ថាមពល

រុស្ស៊ី​អះអាង​ថា នឹង​មិន​ផ្គត់ផ្គង់​ហ្កាស​ឲ្យ​​អឺរ៉ុប​ទទេៗទេ បើអឺរ៉ុប​មិន​​ប្រគល់​ប្រាក់​ជារូបិយបណ្​ណ “រូប្ល”

ជម្លោះក្នុងវិស័យថាមពលហ្កាស រវាងរុស្ស៊ី និង​ក្រុម​ប្រទេសអឺរ៉ុប កំពុងលេចរូបរាង្គកាន់តែខ្លាំង ដោយសារតែបញ្ហាបង់ប្រាក់ថ្លៃហ្កាស។ រុស្ស៊ីរងទណ្ឌកម្មសេដ្ឋកិច្ច ធ្វើឲ្យ​រាំងខ្ទប់យ៉ាងខ្លាំងដល់ប្រព័ន្ធធនាគារ ព្រមទាំងសាច់ប្រាក់​សុទ្ធ​។ កាលពីថ្ងៃចន្ទម្សិលមិញ វិមានក្រឹមឡាំងបានអះអាងថា ចាប់ពីពេលនេះទៅ រុស្ស៊ី​នឹងមិនផ្គត់ផ្គង់ហ្កាសឲ្យអឺរ៉ុប ​ទទេៗ​ឡើយ បើអឺរ៉ុបមិនព្រម​ប្រគល់​ប្រាក់ ជា​រូបិយបណ្ណ “រូប្ល” ឲ្យ​រុស្ស៊ីទេនោះ។ ការទាមទារ ដែលក្រុមប្រទេសអឺរ៉ុបបាន​បដិសេធ ដោយអះអាងថា​ វាមិន​មានកំណត់ នៅ​ក្នុងកិច្ចសន្យា។

ក្រដាសប្រាក់រូប្ល របស់រុស្ស៊ី នៅពីលើក្រដាសប្រាក់អឺរ៉ូ របស់អឺរ៉ុប
ក្រដាសប្រាក់រូប្ល របស់រុស្ស៊ី នៅពីលើក្រដាសប្រាក់អឺរ៉ូ របស់អឺរ៉ុប © REUTERS - DADO RUVIC
ផ្សាយពាណិជ្ជកម្ម

កាលពីចុងសប្តាហ៍មុន ​លោកពូទីន បានប្រកាសថា ចង់ឲ្យ​ក្រុមប្រទេស “មិនមែនជាមិត្ត” ដែលទិញហ្កាសរុស្ស៊ីទាំងអស់ ត្រូវតែបង់​ប្រាក់មកឲ្យរុស្ស៊ី ជារូបិយបណ្ណរូប្ល ដែលជារូបិយបណ្ណជាតិរបស់រុស្ស៊ី។ ហើយនៅ​ថ្ងៃចន្ទ ទី២៨ ​មីនា លោក Dmitri Peskov អ្នកនាំពាក្យ​វិមានក្រឹមឡាំង បានអះអាងថា ភាគីរុស្ស៊ីកំពុងតែរកមធ្យោបាយ ដើម្បី​ឲ្យ​អ្នកទិញហ្កាសរុស្ស៊ី ត្រូវតែបង់ប្រាក់មកឲ្យ​រុស្ស៊ី ជារូបិយបណ្ណជាតិរុស្ស៊ី។ អ្នកនាំពាក្យរូបនេះបន្ថែមថា រុស្ស៊ីមិនអាចប​ន្ត​​ផ្គង់ផ្គង់ហ្កាស ទទេៗឲ្យទៅអឺរ៉ុបបានតទៅទៀតទេ បើអឺរ៉ុបមិនបង់ប្រាក់ជារូបិយបណ្ណរូប្ល។

ក្រោយ​ការ​​ដាក់កំហិតថ្មីនេះ ក្រុមប្រទេសអឺរ៉ុប បាន​ប្រតិកម្មភ្លាមៗ ថាវាជារឿងមិនអាចទទួលយកបានទេ។ ប្រទេសអឺរ៉ុបមួយចំនួន ដូចជា អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ ដែលជាអ្នកទិញហ្កាសរុស្ស៊ីច្រើនបំផុតនោះ បាន​អះអាងថា គេគ្មានប្រាក់រូប្លឯណា ទៅបង់ឲ្យ​រុស្ស៊ីទេ។ ហើយ​ជាងនេះទៀត ក្នុងកិច្ចសន្យាបានកំណត់តម្លៃហ្កាស ជាប្រាក់អឺរ៉ូ ដែលមានន័យថាអ្នកទិញ ត្រូវបង់ប្រាក់ ជាប្រាក់អឺរ៉ូ។

ថ្លែងនៅក្នុងកិច្ចប្រជុំ G7 នៅរសៀសថ្ងៃចន្ទ ទី​២៨មីនា លោក​ Robert Habeck រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ បានលើកឡើងថា ការទាមទាររបស់រុស្ស៊ីនេះ គឺមានលក្ខណៈជាការបំពានកិច្ចសន្យា ជាឯកតោភាគី​។ លោករដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ បានសង្កត់បន្ថែមថា អ្វីដែល​លោកពូទីនកំពុងធ្វើនេះ គឺបំភ័យ​ក្រុមប្រទេសអឺរ៉ុប ឲ្យ​អឺរ៉ុបបាក់បែកគ្នា។ រដ្ឋមន្ត្រីសេដ្ឋកិច្ច នៃប្រទេស G7 បានប្រកាសរួមគ្នា ប្រាប់ទៅក្រុមហ៊ុន​ទាំងអស់ ដែលទិញហ្កាសពីរុស្ស៊ី មកចែកចាយ​នៅអឺរ៉ុប គឺត្រូវបន្តគោរពអ្វីដែលមានចែងក្នុងកិច្ចសន្យា ដែលមានសុពលភាព មិនត្រូវធ្វើតាមការ​ទាមទាររបស់​លោកពូទីនឡើយ។

គួរបញ្ជាក់ថា សេដ្ឋកិច្ចរុស្ស៊ី កំពុងតែរងសំពាធខ្លាំងណាស់ ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ច ពីក្រុម​ប្រទេសបស្ចឹមលោក។​ ប្រព័ន្ធធានាគារ និង​ហិរញ្ញវត្ថុរុស្ស៊ី កំពុងរងការរាំងខ្ទប់ យ៉ាងលំបាកលំបិន ដោយសារតែគ្មានចរាចរណ៍រូបិយបណ្ណ ជាមួយប្រទេសផ្សេង។ ការទាមទារឲ្យ​អ្នកទិញហ្កាស ត្រូវបង់ប្រាក់ឲ្យរុស្ស៊ីជាប្រាក់រូប្ល អាចជាយុទ្ធសាស្ត្រ​ដែល​លោកពូទីន ចង់​ជួ​យវិស័យហិរញ្ញវត្ថុ​ និងធនាគារុស្ស៊ីដែលកំពុងតែខ្វះ​សាច់​ប្រាក់។​

ដោយឡែក យោងតាមការវិភាគរបស់លោក Eric Dor សាស្ត្រាចារ្យផ្នែកគ្រប់គ្រង នៅសកលវិទ្យាល័យ​កាតូលិកទីក្រុងលីស គឺអតិថិជនទិញហ្កាសរុស្ស៊ី មិនអាចប្តូរប្រាក់រូប្ល ហើយ​ផ្ទេរទៅឲ្យ​រុស្ស៊ីបានដោយ​ងាយ​ឡើយ នៅ​ក្នុងពេលនេះ ព្រោះថាប្រតិបត្តិការ ជាមួយធនាគាររុស្ស៊ីសឹងទាំងអស់ ត្រូវបាន​ហាមឃាត់។ ទន្ទឹមគ្នានេះ ការដែលភាគីរុស្ស៊ី ចង់សើរើកិច្ចសន្យានាពេលនេះ វាហាចហុចឱកាស ឲ្យ​ក្រុមប្រទេសអឺរ៉ុប ទាមទារកែប្រែចំណុចដែលគេចង់បានដែរ​។​ ជាក់ស្តែងដូចជាការកាត់បន្ថយ​ថេរវេលានៃកិច្ចសន្យា ដើម្បីអាចផ្តាច់ខ្លួន​ ឈប់រំពឹងលើ​ហ្កាសរុស្ស៊ី ឲ្យ​បានកាន់តែឆាប់ កាន់តែល្អ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ