អានតួអត្ថបទ
ប៉ាឡេស្ទីន-សង្គ្រាមអ៊ុយក្រែន

ប្រមុខដឹកនាំ​ប៉ាឡេស្ទីន​រិះគន់​លោកខាងលិច រឿងស្តង់ដារ​ពីរ រវាង​បញ្ហា​អ៊ុយក្រែន និងបញ្ហា​​ប៉ាឡេស្ទីន

លោក ម៉ះមូដ អាបាស ប្រមុខដឹកនាំ​ដែនដី​ប៉ាឡេស្ទីន បានរិះគន់​ក្រុមលោកខាងលិច ថា​បានប្រកាន់​ ស្តង់ដារ​ពីរ នៅ​ចំពោះមុខ​បញ្ហា​អ៊ុយក្រែន និងបញ្ហា​ប៉ាឡេស្ទីន។ ក្នុង​​វិបត្តិអ៊ុយក្រែន បស្ចិមលោក បាន​រូតរះ​ពួតដៃ​គ្នា​ ដោយ​សំអាងលើ​ច្បាប់​អន្តរជាតិ សម្រុក​ដាក់​ទណ្ឌកម្មរុស្ស៊ី ដែល​ចូលឈ្លានពាន​អ៊ុយក្រែន​ ប៉ុន្តែ​លោក​ខាង​លិច​ មិន​ខ្វល់នឹង​​ដាក់​ទណ្ឌកម្មលើ​អ៊ីស្រាអែល ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋលើ​ដែន​ដី​ប៉ាឡេស្ទីនទេ។

ប្រមុខ​ការទូត​អាមេរិក លោក  Antony Blinken (ឆ្វេង) ជួប​ជាមួយ​លោក Mahmoud Abbas ប្រធានអាជ្ញាធរ​ដែនដី​ប៉ាឡេស្ទីន ថ្ងៃទី ២៧ មីនា ២០២២
ប្រមុខ​ការទូត​អាមេរិក លោក Antony Blinken (ឆ្វេង) ជួប​ជាមួយ​លោក Mahmoud Abbas ប្រធានអាជ្ញាធរ​ដែនដី​ប៉ាឡេស្ទីន ថ្ងៃទី ២៧ មីនា ២០២២ AP - Jacquelyn Martin
ផ្សាយពាណិជ្ជកម្ម

ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីន លោក អាបាស មិន​​​ថ្កោលទោសការឈ្លានពានរបស់​រុស្ស៊ី​លើ​​អ៊ុយក្រែនទេ។ អ្នកការទូត​លោក​ខាង​លិច​មិនពេញ​ចិត្តឡើយ ហើយបើ​តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ ក្រុម​បស្ចិម​លោក​ ថែម​ទាំង​បាន​​លួច​ជំរុញ​ ឱ្យ​ប៉ាឡេស្ទីន​ប្រកាស​ថ្កោល​ទោស​ទង្វើ​ឈ្លានពាន​អ៊ុយក្រែនផង។

នៅ​ថ្ងៃ​អាទិត្យ​ទី ២៧​មីនា​នេះ នាឱកាស​ធ្វើ​សន្និសីទកាសែតក្បែរ​​លោក​ប្រមុខ​ការទូត​អាមេរិក អង់តូនី ប្លីងកិន  ប្រមុខ​ដឹកនាំប៉ាឡេស្ទីន​វ័យ​៨៧​ឆ្នាំ បាន​ស្តី​បន្ទោស​លោក​ខាង​លិច​ដោយ​ចំៗ​ រឿង​ប្រកាន់​ស្តង់ដារពីរ​នៅ​ចំពោះ​មុខបញ្ហា​ពីរ​គឺ​អ៊ុយក្រែននិងប៉ាឡេស្ទីន។ លោក​អាបាស បាន​ប្រកាសថា ព្រឹត្តិការណ៍​នៅ​អឺរ៉ុប​ពេលនេះ​​ឆ្លុះ​ឱ្យ​ឃើញ​ ពី​ស្តង់ដារ​ពីរ យ៉ាង​ច្បាស់ក្រលែត។ “​អង្គការការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​ អង្គការ​ក្រៅរដ្ឋាភិបាល​នៅ​អ៊ីស្រាអែល បានចោទ​និង​​ចាត់​ទុក​ អាណានិគម​ដ៏​ឧក្រិដ្ឋ​របស់​អ៊ីស្រាអែលថា​មានទម្រង់​ជា​ការ​បោស​សម្អាត​ជាតិ​ពិន្ធុ ប្រកាន់​ពូជសាសន៍ ជាការ​ជាន់​ឈ្លីជនជាតិមួយ ជាការរំលោភជាន់​ឈ្លី​​ច្បាប់​អន្តរជាតិ ប៉ុន្តែ​គ្មាន​ប្រទេសណាមួយ​ចាត់​វិធានការបិទ​បញ្ចប់​អំពើ​របស់​អ៊ីស្រាអែល និង​ដាក់​ទោសអ៊ីស្រាអែលសោះ”។

នៅ​ចំពោះ​មុខ​អ្នកសារព័ត៌មាន​មុន​ជំនួប​ជាមួយ​លោក​ប្លីងកិន លោកអាបាស បាន​អះអាង​ប៉ាឡេស្ទីន​មិននៅ​ខាង​​រុស្ស៊ី​ទេ តែ​ប៉ាឡេស្ទីនមានអារម្មណ៍​​រងអំពើ​អយុត្តិធម៌។ ប៉ាឡេស្ទីន​មិនថ្កោល​ទោស​រុស្ស៊ី ដែល​ធ្លាប់​ទទួលស្គាល់​ប៉ាឡេស្ទីន​ជា​រដ្ឋ​ឯករាជ្យ​មួយ មិនមែន​ជា​ការ​គាំទ្រ​ទង្វើ​របស់​មូស្គូ​ឡើយ​ តែ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញអំពី​ពុតត្បុតរបស់​ក្រុមលោក​ខាង​លិច ដែល​ដាក់​ទណ្ឌកម្ម​យ៉ាងលឿន​លើ​រុស្ស៊ី និង​គ្មានសោះ​លើ​អ៊ីស្រាអែល។ អ៊ីស្រាអែល​បាន​ធ្វើ​អាណានិគមកិច្ច​លើ​តំបន់​ស៊ីហ្សកដានី ​ហ្សេរុយសាឡិម​ខាង​កើត​របស់​ប៉ាឡេស្ទីន តាំងពី​ឆ្នាំ​១៩៦៧មក និ​ងបាន​បិទ​ខ្ទប់​តំបន់​ហ្កាហ្សា​តាំងពី​១៥​ឆ្នាំមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ