អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ដំណើរទស្សនកិច្ច​របស់​លោក​ស៊ី ជីនពីង​នៅ​កូរ៉េ​ខាង​ត្បូង​ជា​សារ​ព្រមាន​ចំពោះ​មេដឹកនាំ​កូរ៉េ​ខាង​ជើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ស៊ី ជីនពីង ប្រធានាធិបតី​ចិន​ បាន​ចាប់ផ្តើម​ដំណើរទស្សនកិច្ច​រយៈពេល ២ថ្ងៃ ទៅកាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ដំណើរទស្សនកិច្ច​ ដែល​បង្កប់​ទៅដោយ​អត្ថន័យ​ចង់​ស្តីបន្ទោស​ដល់​របបដឹកនាំ​ក្រុង​ព្យុងយ៉ាង ដែល​ជា​រឿយៗ​តែងតែ​ធ្វើ​ទង្វើ​បង្កហេតុ មិនស្តាប់​ការព្រមាន​របស់​ចិន។

លោកស្រី​ប៉ាក់ គុនហេ ទទួល​ស្វាគមន៍​​លោក​ស៊ី ជីនពីង នៅ​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ថ្ងៃ​ព្រហស្បតិ៍ ៣កក្កដា ២០១៤
លោកស្រី​ប៉ាក់ គុនហេ ទទួល​ស្វាគមន៍​​លោក​ស៊ី ជីនពីង នៅ​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ថ្ងៃ​ព្រហស្បតិ៍ ៣កក្កដា ២០១៤ REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពី​​លោក​ ស៊ី ជីនពីង ​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ចិន កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣​​មក លោក​​មិនទាន់​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​កូរ៉េ​ខាងជើង​ម្តង​នៅឡើយទេ ហើយ​គេ​ក៏​មិនទាន់​ដែល​ឃើញ​​លោក​គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាងជើង ទទួល​ការអញ្ជើញ​ឲ្យ​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​ប្រទេស​ចិន​នៅឡើយដែរ។ ផ្ទុយទៅវិញ លោក​ប្រធានាធិបតី​ចិន​​បាន​ជួប​ជាមួយ​លោកស្រី​ប៉ាក់ គុនហេ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ចំនួន ៤លើក​រួចមកហើយ ក្នុងនោះ មានជំនួបកំពូល​ចំនួន ២លើក គឺ​​លើកទីមួយ នៅ​ពេល​លោកស្រី​ប៉ាក់ គុនហេ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ចិន កាល​ពី​ខែមិថុនា ឆ្នាំ​២០១៣ និង​លើកទី២ នៅ​ក្នុង​ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ​​​របស់​លោក​ស៊ី ជីនពីង ទៅកាន់​កូរ៉េ​ខាង​ត្បូង នៅ​ពេលនេះ។

ការណ៍​ដែល​ប្រធានាធិបតី​ចិន​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច នៅ​កូរ៉េ​ខាង​ត្បូង មុន​ទៅ​កូរ៉េ​ខាង​ជើង​បែបនេះ គឺ​ជា​រឿង​ដែល​មិនធ្លាប់​មាន​ទេ នៅ​ក្នុង​ប្រវត្តិ​ទំនាក់ទំនង​ចិន-កូរ៉េ រាប់​សិបឆ្នាំ​កន្លងទៅនេះ។ គេ​សង្កេតឃើញ​ថា ​ប្រធានាធិបតី​ចិន​មុនៗ​គ្រប់រូប​តែងតែ​​​ទៅ​បំពេញទស្សនកិច្ច​នៅ​កូរ៉េ​ខាងជើង មុន​ទៅ​កូរ៉េ​ខាង​ត្បូង ដើម្បី​បង្ហាញថា ចិន​ផ្តល់​អាទិភាព​ទៅលើ​ទំនាក់ទំនង​ជាមួយ​កូរ៉េ​ខាងជើង ជាង​ជាមួយ​កូរ៉េ​ខាង​ត្បូង។ ម៉ៅ សេទុង ថែមទាំង​ធ្លាប់​បាន​លើកឡើង​ទៀត​ថា ទំនាក់ទំនង រវាង​ចិន និង​កូរ៉េ​ខាងជើង មាន​ភាព​ជិតដិត​​ប្រៀបដូចជា “អណ្តាត​និង​ធ្មេញ”។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ទំនាក់ទំនង “អណ្តាត​និងធ្មេញ” ​នេះ កំពុងតែ​មាន​ការ​វិវឌ្ឍ​ប្រែប្រួល​ខ្លាំង ជាពិសេស ចាប់តាំង​ពី​លោក​ស៊ី ជីនពីង ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ចិន ហើយ​កូរ៉េ​ខាងជើង​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក គីម ជុងអ៊ុន ហាក់ដូចជា​មិនសូវ​ស្តាប់​ចិន ដែល​ធ្លាប់តែ​ជា​ខ្នងបង្អែក។
 
ក៏ប៉ុន្តែ ជំនួប​ជាច្រើន​លើក​ រវាង​លោក​ស៊ី ជីនពីង និង​លោកស្រី​ប៉ាក់ គុនហេ មិនមែន​ធ្វើឡើង ដើម្បី​​គ្រាន់តែ​ជា​ការ​ផ្ញើ​​​សារ​​ទៅកាន់​មេដឹកនាំ​កូរ៉េ​ខាងជើង​នោះទេ ប៉ុន្តែ វា​ក៏​ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​ពី​​ការរឹត​ចំណង​ទាក់ទង​ជាមួយ​កូរ៉េ​ខាងត្បូង​ផងដែរ។

គួរបញ្ជាក់ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ចិន គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​លំដាប់ទីមួយ​របស់​កូរ៉េ​ខាង​ត្បូង។ ការដោះដូរ​ពាណិជ្ជកម្ម រវាង​កូរ៉េ​ខាង​ត្បូង និង​ចិន កាល​ពី​ឆ្នាំ​២០១៣​ មាន​ទំហំទឹកប្រាក់​រហូតដល់​ទៅ ២៧៥ពាន់លាន​ដុល្លារ ហើយ​ប្រទេស​ទាំងពីរ​កំពុងតែ​ជជែក​គ្នា អំពី​ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា ដើម្បី​បង្កើន​ការ​ដោះដូរ​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ច្រើន​ជាង​សព្វថ្ងៃ​នេះ​ទៅទៀត។

ជាការពិត​ថា ទំនាក់ទំនង រវាង​កូរ៉េ​​ខាង​ត្បូង និង​ចិន ​មាន​ចំណុច​ស្មុគស្មាញ​មួយ នៅត្រង់​ថា កូរ៉េ​ខាង​ត្បូង គឺ​ជា​សម្ព័ន្ធមិត្ត​​របស់​អាមេរិក។ នៅលើ​ទឹកដី​កូរ៉េ​ខាង​ត្បូង មាន​ទាហាន​អាមេរិក​រាប់ម៉ឺននាក់​កំពុង​ឈរជើង ហើយ​កូរ៉េ​ខាង​ត្បូង​ពឹងផ្អែក​ខ្លាំង​លើ​អាមេរិក ដើម្បី​ជួយ​ក្នុង​វិស័យ​ការពារជាតិ។ ជាទូទៅ កូរ៉េ​ខាង​ត្បូង ត្រូវ​ប្រឈមមុខ​នឹង​ជម្រើស​ស្មុគស្មាញ រវាង​ម្ខាង​តម្រូវការ​សេដ្ឋកិច្ច ដែល​កូរ៉េ​ខាង​ត្បូង​ត្រូវការ​ទីផ្សារ​ចិន ដើម្បី​នាំចេញទំនិញ ហើយ​ម្ខាងទៀត វិស័យការពារជាតិ ដែល​ត្រូវ​ពឹងផ្អែក​ខ្លាំង​លើ​អាមេរិក។

ក៏ប៉ុន្តែ សម្ព័ន្ធភាព​យោធា​ជាមួយ​អាមេរិក ក៏​មិនមែន​ជា​ឧបសគ្គ​​រារាំង​មិន​ឲ្យ​កូរ៉េ​ខាង​ត្បូង​បង្កើន​ទំនាក់ទំនង​ជាមួយ​ចិននោះដែរ។ ចិន និង​កូរ៉េ​ខាង​ត្បូង សុទ្ធតែ​សំឡឹង​ឃើញ​ពី​ផលប្រយោជន៍​ពី​ការ​បង្កើន​ទំនាក់ទំនង​នឹង​គ្នា ទាំង​​ខាង​សេដ្ឋកិច្ច និង​​​ភូមិសាស្រ្ត​នយោបាយ។

ចិន និង​កូរ៉េ​ខាង​ត្បូង​​សុទ្ធតែ​ធ្លាប់​ឆ្លងកាត់​ប្រវត្តិជូរចត់​ដោយសារ​យោធា​ជប៉ុន​ដូចគ្នា កាល​ពី​សម័យ​សង្រ្គាម ហើយ​សព្វថ្ងៃ​ ប្រទេស​ទាំងពីរ​​​សុទ្ធតែ​មាន​ជម្លោះ​ជាមួយ​ជប៉ុន​ដូចគ្នា ទាំងជម្លោះ​ដែនសមុទ្រ និង​ជម្លោះ​ទាក់ទង​នឹង​ប្រវត្តិសាស្រ្ត។

កូរ៉េ​ខាង​ត្បូង​ត្រូវការ​ចិន ដើម្បី​ជួយ​រារាំង​កុំ​ឲ្យ​កូរ៉េ​ខាងជើង​ផលិតអាវុធ​នុយក្លេអ៊ែរ។ ចំណែក​ចិនវិញ​ក៏​អាច​សំឡឹង​ឃើញ​ឱកាសល្អមួយ ដើម្បី​កាត់បន្ថយ​ឥទ្ធិពល​របស់​អាមេរិក នៅ​កូរ៉េ​ខាង​ត្បូង ជាពិសេស ដើម្បី​បង្ការ​ទុក​ក្រែង​ថ្ងៃណាមួយ របបកុម្មុយនិស្ត​កូរ៉េ​ខាងជើង​ត្រូវ​ដួលរលំ ហើយ​កូរ៉េ​ទាំងពីរ​ត្រូវ​រួបរួមគ្នាវិញ​ក្រោម​របបដឹកនាំ​កូរ៉េ​ខាងត្បូង។ ចិន​មិន​ចង់​ឃើញ​ប្រទេស​ដែល​នៅ​ជាប់​នឹង​ព្រំដែន​ជាមួយចិន ស្ថិត​ក្រោម​ឥទ្ធិពល​របស់​អាមេរិក​ទាំងស្រុង។
 
រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីងតោន​ក៏​​​ហាក់ដូចជា​សប្បាយចិត្ត​ចំពោះ​ការណ៍​ដែល​ចិន និង​កូរ៉េ​ខាង​ត្បូង​រឹតចំណង​ទាក់ទង​នឹង​គ្នា​នេះ​ដែរ។ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ឧបការីរង​​ទទួលបន្ទុក​កិច្ចការ​អាស៊ីបូព៌ា នៃ​​ក្រសួង​ការបរទេស​អាមេរិក​បាន​សម្តែង​នូវ​ការ​អបអរ​សាទរ​នឹង​ការណ៍ ដែល​លោក​ស៊ី ជីនពីង ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ត្បូង មុន​ទៅ​កូរ៉េ​ខាងជើង។ សម្រាប់​អាមេរិក ការណ៍​ដែល​ចិន និង​កូរ៉េ​ខាង​ត្បូង​មាន​ទំនាក់ទំនង​ល្អ​នឹងគ្នា ​គឺ​ជា​ចំណុចវិជ្ជមាន​មួយ នៅ​ក្នុងការ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ