អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ប្រតិបត្តិការ​កុម្ម៉ង់ដូ​អាមេរិក​សម្លាប់​ប៊ិនឡាដិន​នៅ​ឆ្នាំ២០១១

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅសប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង អំពី​ប្រតិបត្តិការ​របស់​កងកុម្ម៉ង់ដូ​អាមេរិក ដើម្បី​សម្លាប់​ប៊ិនឡាដិន នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន នៅ​ឆ្នាំ​២០១១។

លោក​អូបាម៉ា និង​មន្រ្តី​ជាន់ខ្ពស់​អាមេរិក នៅ​ក្នុង Situation Room នៃ​សេតវិមាន ដើម្បី​តាមដាន​មើល​ដោយ​ផ្ទាល់ ពី​ប្រតិបត្តិការ​កុម្ម៉ង់ដូ​សម្លាប់​ប៊ិនឡាដិន នៅ​ប៉ាគីស្ថាន ថ្ងៃទី១ ឧសភា ២០១១ (ត្រូវ​នឹង​ថ្ងៃ​ទី២ ឧសភា នៅ​ប៉ាគីស្ថាន)
លោក​អូបាម៉ា និង​មន្រ្តី​ជាន់ខ្ពស់​អាមេរិក នៅ​ក្នុង Situation Room នៃ​សេតវិមាន ដើម្បី​តាមដាន​មើល​ដោយ​ផ្ទាល់ ពី​ប្រតិបត្តិការ​កុម្ម៉ង់ដូ​សម្លាប់​ប៊ិនឡាដិន នៅ​ប៉ាគីស្ថាន ថ្ងៃទី១ ឧសភា ២០១១ (ត្រូវ​នឹង​ថ្ងៃ​ទី២ ឧសភា នៅ​ប៉ាគីស្ថាន)
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ទី២ ខែឧសភា ឆ្នាំ២០១១ លោក​បារ៉ាក់ អូបាម៉ា បាន​ប្រកាស​ឲ្យ​ពិភពលោក​ទាំងមូល​បាន​ដឹង​ថា អូសាម៉ា ប៊ិនឡាដិន មេភេរវជន​ដែល​គេ​តាមរកមុខ​បំផុត អស់រយៈពេល​១០ឆ្នាំមកហើយ​នោះ ត្រូវ​បាន​សម្លាប់ នៅ​ក្នុង​ប្រតិបត្តិការ​កុម្ម៉ង់ដូ​អាមេរិក នៅ​ទីក្រុង​អាបូតាបាដ ប្រទេស​ប៉ាគីស្ថាន។ អ្វីៗ​ត្រូវ​បានរៀបចំ​ធ្វើឡើង​​តាំង​ពី​រាប់ខែមុន ដោយ​លាក់ការណ៍​យ៉ាងសម្ងាត់​បំផុត។

ខែមករា ឆ្នាំ២០១១ នៅ​ក្នុងពេល​ដែក​សេអ៊ីអា កំពុង​តាមឃ្លាំមើល​ផ្ទះ​នៅ​អាបូតាបាដ ហើយ​គេ​នៅមិនទាន់​ប្រាកដ​ច្បាស់​នៅឡើយផង​ថា អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ គឺ​ជាប៊ិនឡាដិន លោក​អូបាម៉ា​បាន​ចេញ​បញ្ជា​ឲ្យ​​រៀបចំគម្រោងការណ៍​ទុកជាស្រេច ដើម្បី​ត្រៀម​បើក​ប្រតិបត្តិការ​វាយប្រហារ​លើ​ប៊ិនឡាដិន។ ភារកិច្ចនេះ​ត្រូវ​បាន​គេ​ប្រគល់​ទៅ​ឲ្យ​កងកុម្ម៉ងដូ​ដ៏ចំណាន​បំផុត​របស់​អាមេរិក ដែល​គេឲ្យ​ឈ្មោះ​ថា SEAL Team Six។

ថ្ងៃទី១១​ខែមករា នាយក​ទីភ្នាក់ងារ​ចារកិច្ច​សេអ៊ីអា គឺលោក ឡេអន ប៉ាណេតា (Leon Panetta) បាន​ជួប​ដោយ​សម្ងាត់​ជាមួយ​មេបញ្ជាការ​កងកុម្ម៉ង់ដូ​អាមេរិក គឺ​ឧត្តមនាវីឯក វីលីយ៉ាម ម៉ាក់រ៉េវិន (William McRaven) ដើម្បី​ពាំនាំយក​បទបញ្ជា​ពីលោក​អូបាម៉ា ឲ្យ​រៀបចំ​ប្រតិបត្តិការ​កុម្ម៉ង់ដូ​នៅ​អាបូតាបាដ ប៉ុន្តែ មិនត្រូវ​បញ្ចេញ​ឲ្យដឹងថា គោលដៅ​នៃ​ការ​វាយប្រហារ​​គឺ​ប៊ិនឡាដិន។

ខែមេសា SEAL Team Six ចាប់ផ្តើម​ធ្វើការ​ហាត់សម​នៅ​ក្នុង​ផ្ទះ​មួយ​ដែល​​ត្រូវ​បាន​គេ​សាងសង់ឡើង​ឲ្យដូចគ្នា​ទាំងស្រុង​ទៅនឹង​ផ្ទះ​នៅ​អាបូតាបាដ។
 

តាមគម្រោងការណ៍ កងកុម្ម៉ង់ដូ ចំនួន​ ២៣នាក់ រួមជាមួយ​នឹង​អ្នក​បកប្រែម្នាក់ នឹង​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ចំនួន ២គ្រឿង ហោះហើរ​នៅ​ពេល​យប់ងងឹត ចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន សំដៅ​ទៅ​អាបូតាបាដ។ ពេលទៅដល់ ទាហាន​ ៦នាក់​ នឹង​ត្រូវ​ដាក់ពង្រាយនៅ​ខាង​ក្រៅ​របង​​ផ្ទះ, ៦នាក់​ផ្សេងទៀត ត្រូវ​ចុះ​តាម​ខ្សែពួរ​ពីឧទ្ធម្ភាគចក្រ​ទៅលើ​ដំបូល វាយចាក់ចុះ​ទៅ​ជាន់ខាងក្រោម ចំណែក​ឯ ១២នាក់​ផ្សេងទៀត ចុះចត​នៅ​ខាង​ក្នុង​បរិវេណផ្ទះ វាយលុក​ចាប់ពី​ជាន់ផ្ទាល់ដី ឡើង​ទៅ​ជាន់ខាងលើ។ គិតជាសរុប ចាប់តាំង​ពី​ពេល​ទៅដល់ រហូត​ពេល​បញ្ចប់​ប្រតិបត្តិការ​ហើយ​ឡើង​ឧទ្ធម្ភាគចក្រ​មកវិញ ការវាយឆ្មក់​នេះ​​ត្រូវ​ចំណាយពេល​យ៉ាងយូរ​បំផុត ត្រឹម ៣០នាទី ធ្វើយ៉ាងណា​ចាកចេញ​ពី​អាបូតាបាដ ដោយ​សុវត្ថិភាព មុនពេល​​​កងទ័ព​ប៉ាគីស្ថានមកដល់។

ដើម្បី​គេចពី​រ៉ាដា​របស់​កងទ័ព​ប៉ាគីស្ថាន ឧត្តមនាវីឯក​ ម៉ាក់រ៉េវិន បាន​ធ្វើ​សំណើ​ពិសេស សុំ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ធុនទំនើប​ចុងក្រោយ​បំផុត​ដែល​អាមេរិក​ទើប​នឹង​ផលិត​បាន ហើយ​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​​ខាង​បំបាំងកាយ​ពី​រ៉ាដា។

នៅថ្ងៃ​ទី២៦ ខែមេសា ក្រោយ​ពី​បាន​ហាត់សម​អស់រយៈពេល​ជិត១ខែ កងកុម្ម៉ង់ដូ Seal Team Six បាន​ធ្វើ​ដំណើរ​តាមយន្តហោះ ទៅកាន់​មូលដ្ឋាន​ទ័ព​អាមេរិក​មួយ នៅ​ក្នុង​ទីក្រុង​ចាឡាឡាបាដ ប្រទេស​អាហ្វហ្កានីស្ថាន ដើម្បី​រង់ចាំ​បញ្ជា​ពី​លោក​អូបាម៉ា។ រហូតមកទល់​នឹង​ពេលនោះ កងកុម្ម៉ង់ដូ​អស់ទាំងនេះ​​នៅតែ​មិនទាន់​ដឹងនៅឡើយទេ​ថា ចំណុចស៊ីប​​នៃ​ប្រតិបត្តិការ​ដែល​គេ​ត្រៀមធ្វើ​នេះ គឺប៊ិនឡាដិន។

តាមការពិត សូម្បីតែ​សេអ៊ីអា​ក៏​នៅមិនទាន់​មាន​ភស្តុតាង​ដែល​អាច​បញ្ជាក់​​ច្បាស់​១០០% នៅឡើយដែរថា អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​នៅ​អាបូតាបាដ គឺ​ពិតជា​ប៊ិនឡាដិន។ ក្រោយ​ពីបាន​តាមឃ្លាំមើល​អស់រយៈពេល​ប្រមាណ​ជា ៨ខែ សេអ៊ីអា បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​ថា ប្រូបាប៊ីលីតេ ដែល​ប៊ិនឡាដិន​ស្ថិត​ក្នុង​ផ្ទះ​នៅ​អាបូតាបាដ គឺ​មាន​ក្នុងចន្លោះប្រមាណ​ពី ៦០% ទៅ ៧០% តែ​ប៉ុណ្ណោះ។ ទោះជាយ៉ាងនេះ​ក៏ដោយ លោក​អូបាម៉ា​បាន​សម្រេច​ឲ្យ​​បើក​ប្រតិបត្តិការ​កុម្ម៉ង់ដូ​នៅ​អាបូតាបាដ។

ចាឡាឡាបាដ យប់ថ្ងៃ​សៅរ៍ ទី៣០មេសា ឆ្នាំ​២០១១ ឧត្តមនាវីឯក ម៉ាក់រ៉េវិន បាន​ចេញបញ្ជា​ឲ្យ​ក្រុម​កុម្ម៉ង់ដូ​ត្រៀម​ខ្លួន​​បើក​ប្រតិបត្តិការ​វាយលុក​លើ​ផ្ទះ​នៅ​អាបូតាបាដ​ ​នៅថ្ងៃយប់ថ្ងៃ​អាទិត្យ ឈានចូល​ថ្ងៃ​ចន្ទ ទី២​ឧសភា ដោយ​ប្រាប់​ពួកគេ​ថា ​គោលដៅ​នៃ​ប្រតិបត្តិការ​នេះ គឺ​ដើម្បី​សម្លាប់​អូសាម៉ា ប៊ិនឡាដិន មេភេរវជន​ដែល​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​ភេរវកម្ម​ដ៏ធំ​មិនធ្លាប់​មាន​លើ​សហរដ្ឋ​អាមេរិក កាល​ពីថ្ងៃ​ទី១១ កញ្ញា ឆ្នាំ២០០១។

ថ្ងៃអាទិត្យ ទី១​ឧសភា ម៉ោង ១០និង៣០នាទី​យប់ កុម្ម៉ង់ដូ​ទាំង ២៣នាក់ ឡើងជិះ​ឧទ្ធម្ភាគចក្រ​ពិសេស​ ២គ្រឿង ចាកចេញ​ពី​បន្ទាយ​នៅ​ចាឡាឡាបាដ តាមពីក្រោយ​ដោយ​ឧទ្ធម្ភាគចក្រ​​ធុន Chinook ២គ្រឿង​ផ្សេងទៀត ដឹក​កងកុម្ម៉ង់ដូ​ចំនួន ៥៦នាក់ ដែល​ជា​ទ័ព​ជំនួយ ឈប់ចាំ​នៅ​ប្រមាណ​ជា ៥០គីឡូម៉ែត្រ​ពី​អាបូតាបាដ ត្រៀម​ចាំ​ជួយ​​​ក្នុងករណី​ចាំបាច់។

នៅ​ឯ​រដ្ឋធានី​វ៉ាស៊ីងតោន លោ​កអូបាម៉ា​ និង​មន្រ្តី​ជំនិតៗ​ទទួលបន្ទុក​ខាង​ផ្នែក​សន្តិសុខ​ជាតិ ជួប​ប្រជុំគ្នា នៅ​សេតវិមាន ដើម្បី​តាមដាន​មើល​ប្រតិបត្តិការ​​ តាមរយៈ​រូបភាពថត​ផ្ទាល់​ដោយ​ដ្រូន​ឈ្លបយកការណ៍។
 

ម៉ោង​ប្រមាណ​ជា ១២និង៣០នាទី​រំលង​អធ្រាត ឧទ្ធម្ភាគចក្រ​ទាំង ២គ្រឿង របស់​កងកុម្ម៉ង់ដូ SEAL Team Six បាន​ហោះ​​ទៅ​ដល់​ផ្ទះ​នៅ​អាបូតាបាដ។ ឧទ្ធម្ភាគចក្រ​ទី១ រៀបចំ​ចុះចត​នៅ​ក្នុង​បរិវេណ​ផ្ទះ ក៏ប៉ុន្តែ ត្រូវ​ធ្លាក់​​ដោយ​ជួប​នឹង​បញ្ហា​អាកាសធាតុ។ គ្រោះថ្នាក់​នេះ​មិនបាន​បណ្តាល​ឲ្យ​មាន​អ្នក​រងរបួស​នោះទេ ក៏ប៉ុន្តែ វា​តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ផែនការ ដើម្បី​សម្រប​ខ្លួន​ទៅតាម​ស្ថានការណ៍​ជាក់ស្តែង។ ឧទ្ធម្ភាគចក្រ​ទី២ ដែល​គ្រោង​ទម្លាក់​កងកុម្ម៉ង់ដូ​នៅលើ​ដំបូល​ផ្ទះ ក៏​ត្រូវ​ប្តូរ​មក​ចុះចត​នៅ​ខាង​ក្រៅ​បរិវេណផ្ទះវិញ រួចហើយ​ទើប​វាយលុក​ចូល​តាម​ទ្វាររបង​ចូល​ទៅ​ខាង​ក្នុង។

ក្រោយ​ពី​បាន​ជួប​ប្រយុទ្ធគ្នា​មួយ​ប្រាវ ជាមួយ​នឹង​ភេរវជន នៅ​ជាន់​ផ្ទាល់ដី កុម្ម៉ង់ដូ​អាមេរិក​​បាន​វាយលុក​ទៅ​ជាន់ខាងលើ ហើយ​បាន​រកឃើញ​​​ និង​បាញ់​សម្លាប់​ប៊ិនឡាដិន នៅ​ក្នុង​បន្ទប់ដេក នៅ​ជាន់ទី៣។

ប្រមាណ​ជា ៣៨នាទី ក្រោយ​ពី​ចាប់ផ្តើម​ប្រតិបត្តិការ កងកុម្ម៉ង់ដូ​អាមេរិក បាន​ចាកចេញ​ពី​អាបូតាបាដ ហោះសំដៅ​ទៅកាន់​ប្រទេស​អាហ្វហ្កានីស្ថាន ដោយនាំទៅជាមួយ​នូវ​សាកសព​របស់​ប៊ិនឡាដិន ព្រមទាំង​កុំព្យូទ័រ ដែល​ផ្ទុក​នូវ​ឯកសារ​សំខាន់ៗ​ទាក់ទង​នឹង​ក្រុម​អាល់កៃដា។ មុននឹង​ចាកចេញ ពួកគេ​បាន​ដាក់គ្រាប់បែក​កម្ទេច​ឧទ្ធម្ភាគចក្រ​ដែល​ធ្លាក់ ដើម្បី​​ចៀសវាង​កុំ​ឲ្យ​បច្ចេកវិទ្យា​ដ៏​ទំនើប​និង​សម្ងាត់​ត្រូវ​ធ្លាក់​ទៅក្នុង​ដៃ​សត្រូវ។

នៅ​វ៉ាស៊ីងតោន ម៉ោង​១១ និង៣៥នាទី​យប់ ថ្ងៃ​ទី១ ឧសភា (ត្រូវ​ជាម៉ោង ៨ និង​៣៥នាទី ព្រឹកថ្ងៃ​ទី២ឧសភា នៅ​ប៉ាគីស្ថាន) លោក​អូបាម៉ា បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ជាសាធារណៈ ប្រកាស​ឲ្យ​ពលរដ្ឋ​អាមេរិក ក៏ដូចជា ពិភពលោក​ទាំងមូល​ដឹង​ អំពី​ការ​ស្លាប់​របស់​អូសាម៉ា ប៊ិនឡាដិន នៅ​ក្នុង​ប្រតិបត្តិការ​កុម្ម៉ង់ដូ​អាមេរិក ក្នុង​ប្រទេស​ប៉ាគីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ