អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

រ៉ុកកែតអាល្លឺម៉ង់ V2៖ ឫសគល់​នៃ​បច្ចេកវិទ្យារ៉ុកកែតសម័យទំនើប

ចុះផ្សាយ​នៅ​ថ្ងៃ៖

រ៉ុកកែត​អវកាស (ក៏ដូចជា​​រ៉ុកកែត​​យោធា) មាន​ឫសគល់​​​ចេញ​ពី​ការរកឃើញ​រំសេវ និង​កាំជ្រួច​បាញ់​ជាការកម្សាន្ត នៅ​​ចិន​សម័យបុរាណ ហើយ​មាន​​​មូលដ្ឋាន​វិទ្យាសាស្រ្ត ពី​ច្បាប់​ចលនា​របស់​អ៊ីសាក់ ញូតុន។ ក៏ប៉ុន្តែ បច្ចេកវិទ្យា​រ៉ុកកែត​សម័យទំនើប ដែល​គេ​ប្រើ​ជាទូទៅ នៅ​ក្នុង​សម័យកាល​បច្ចុប្បន្ន​នេះ មាន​ឫសគល់​ចេញ​ពី​អាវុធ​ដ៏​សំខាន់​មួយ របស់​អាល្លឺម៉ង់​ណាស៊ី ក្នុង​សម័យ​សង្គ្រាម​លោក​លើកទីពីរ គឺ​រ៉ុកកែត ដែល​គេ​ឲ្យឈ្មោះ​ថា V-2​ រចនាឡើង​ដោយ​វិស្វកររ៉ុកកែត​ដ៏ល្បី​របស់​អាល្លឺម៉ង់ គឺ Wernher von Braun។

Wernher von Braun
Wernher von Braun © NASA
ផ្សាយពាណិជ្ជកម្ម

Wernher von Braun កើត​នៅ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩១២ នៅក្នុងត្រកូល​​ស្តុកស្តម្ភ​មួយ​ នៅ​អាល្លឺម៉ង់។ ​ជាក្មេង ដែល​ពីដំបូង​មិន​សូវ​ជា​រៀន​ពូកែ​ប៉ុន្មាននោះទេ ជាពិសេស មិនសូវពូកែ​ខាង​មុខវិជ្ជា​វិទ្យាសាស្រ្ត គឺ​គណិតវិទ្យា និង​រូបវិទ្យា ក៏ប៉ុន្តែ ជា​ក្មេង​ដែល​​ដក់ចិត្តខ្លាំង​ទៅលើ​ផ្នែក​អវកាស និង​តារាសាស្រ្ត។

ចំណុចរបត់ចម្បង​​ ដែល​នាំ von Braun ​ទៅ​រក​ដំណើរជីវិត​ជា​អ្នក​វិទ្យាសាស្ត្រ គឺ​កើតឡើង នៅ​ក្នុង​អំឡុង​ឆ្នាំ១៩២៥។ នៅ​ពេល​នោះ von Braun ដែល​មាន​វ័យ ១៣ឆ្នាំ បាន​អាន​សៀវភៅមួយក្បាល​​និពន្ធ​ដោយ​​អ្នកវិទ្យាសាស្រ្ត​អាល្លឺម៉ង់​​មួយរូប ដែល​ត្រូវបានគេ​ចាត់បញ្ចូល​ទៅក្នុង​ចំណោម​បិតាស្ថាបនិក​ទាំង៣រូប នៃ​វិទ្យាសាស្រ្ត​រ៉ុកកែត គឺ Hermann Oberth ។ សៀវភៅ​​នេះ​និយាយ​អំពី​​ចក្ខុវិស័យ​ក្នុងការប្រើ​រ៉ុកកែត នៅ​ក្នុងការ​ធ្វើ​ដំណើរ​ទៅកាន់ទីអវកាស ដែលជាប្រធានបទ​ត្រូវនឹង​ចំណង់ចំណូលចិត្ត​របស់ von Braun ក៏ប៉ុន្តែ នៅក្នុងសៀវភៅនេះ មាន​ចំណុច​បច្ចេកទេសជាច្រើន ដែលពិបាកយល់ ដោយសារ​តែ von Braun ​មិនសូវពូកែ​ខាង​រូបវិទ្យា និង​គណិតវិទ្យា។ ចាប់ពីពេលនោះហើយ ដែល von Braun ចាប់ផ្តើម​យកចិត្ត​ទុកដាក់ ប្រឹងប្រែង​រៀនសូត្រ​ រហូត​បាន​ក្លាយ​ជា​សិស្សឆ្នើម​មួយរូប​នៅ​សាលារៀន។

Von Braun បាន​រៀនចប់​ថ្នាក់​វិស្វករខាង​​មេកានិក ហើយ​បន្ត​ការសិក្សា​រហូត​បាន​បញ្ចប់​សញ្ញា​បត្រ​ថ្នាក់​បណ្ឌិត ពី​​សកលវិទ្យាល័យ​ក្រុងប៊ែរឡាំង។ ​ក្នុង​ពេល​ជាមួយគ្នា von Braun ក៏​បាន​ចូលរួម​យ៉ាងសកម្ម​ផងដែរ នៅ​ក្នុង​ក្រុមសិក្សាស្រាវជ្រាវ​ខាង​រ៉ុកកែត ជាពិសេស គឺ​បាន​ទៅធ្វើ​ជា​ជំនួយការ​ឲ្យ​ Hermann Oberth នៅ​ក្នុង​ការ​ស្រាវជ្រាវ និង​ពិសោធន៍ ទៅលើ​ម៉ូទ័រ​រ៉ុកកែត ដែល​ប្រើ​ឥន្ធនៈរាវ (Liquid-fuel)។

គិតត្រឹម​ចុងឆ្នាំ១៩៣៤ ក្រុមការងារ​របស់ von Braun បាន​ផលិត និង​សាកល្បង​ប្រកប​ដោយ​ជោគជ័យ នូវរ៉ុកកែត​​ប្រើ​ឥន្ធនៈរាវ​ចំនួន​ពីរដើម ដែល​អាច​ហោះឡើង​ទៅដល់​រយៈកម្ពស់ ២៤០០ម៉ែត្រ​ពីដី ដែល​ជា​រយៈកម្ពស់​មួយ​ដ៏ខ្ពស់​ សម្រាប់​បច្ចេកវិទ្យារ៉ុកកែត ក្នុងសម័យកាល​នោះ។ ក៏ប៉ុន្តែ គិតមកទល់នឹង​ពេលនោះ អាល្លឺម៉ង់​ ដែល​ស្ថិត​ក្រោម​​កាន់​អំណាច​របស់​ហ៊ីត្លែរ បាន​ហាមឃាត់​​​ការ​សិក្សា និង​សាកល្បង​រ៉ុកកែត​ជាលក្ខណៈ​ឯកជន​ ដោយគ្រប់គម្រោង​សិក្សាស្រាវជ្រាវ​លើ​រ៉ុកកែត​ទាំងអស់​ ត្រូវ​ដាក់​​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​កងទ័ព ហើយ​ប៉ុន្មានឆ្នាំក្រោយមកទៀត នៅ​ក្នុង​ពេល​ដែល​ពិភពលោក​​កំពុង​ឆាបឆេះ​ដោយ​សង្គ្រាម (​សង្គ្រាម​លោក​លើកទី២) von Braun ​ក៏​ត្រូវ​បាន​តែងតាំង​ឲ្យដឹកនាំ​ក្រុមស្រាវជ្រាវ​ដ៏ធំមួយ​របស់​កងទ័ព​អាល្លឺម៉ង់។ គោលដៅ គឺ​យកបច្ចេកវិទ្យារ៉ុកកែត ទៅផលិត​ជា​អាវុធ ដើម្បី​ប្រើ​នៅ​ក្នុង​សង្គ្រាម​ ហើយ​អាវុធ​ ដែល​ von Braun ផលិតបាន ​សម្រាប់​កងទ័ព​អាល្លឺម៉ង់​នៅពេលនោះ គឺ​រ៉ុកកែត ដែលគេ​ឲ្យឈ្មោះថា V-2

រ៉ុកកែត V-2 ​នេះ ជា​ប្រភេទ​រ៉ុកកែត​ប្រើ​ឥន្ធនៈរាវ មានប្រវែង ១៤ម៉ែត្រ​ ទម្ងន់​​តួ​រ៉ុកកែត ១៣តោន ផ្ទុក​ក្បាលគ្រាប់​ទម្ងន់​ជិត​១តោន ហើយ​អាច​​បាញ់ឡើងទៅលើ​​ដល់​រយៈកម្ពស់​រហូត​ដល់​ទៅ​ជាង ១៧០គីឡូម៉ែត្រ​ពីដី ពោលគឺ​ជា​រ៉ុកកែត​ដំបូងបង្អស់ ក្នុង​ប្រវត្តិសាស្រ្ត ដែល​អាច​ធ្វើដំណើរ​ចេញ​ផុត​ពីស្រទាប់​បរិយាកាស​ផែនដី ចូល​ទៅដល់​ក្នុង​លំហអវកាស។

រ៉ុកកែត V-2 ត្រូវ​បាន​បាញ់សាកល្បង​ដោយជោគជ័យ​ជាលើកដំបូង នៅ​ឆ្នាំ១៩៤២ ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រតិបត្តិការ​ នៅ​ឆ្នាំ១៩៤៤ ដោយ​ប្រើ​ជាលើកដំបូងបង្អស់ វាយប្រហារ​ទៅលើ​ទីក្រុង​ប៉ារីស នៅខែកញ្ញា ឆ្នាំ១៩៤៤ គឺ ៣ខែក្រោយ​ពី​កងទ័ព​អាមេរិក និង​សម្ព័ន្ធមិត្ត​វាយលុកចូល​រំដោះប្រទេស​បារាំង តាមឆ្នេរ​ Normandie

នៅពេល​ដែល​សង្គ្រាម​លោកលើកទី២​ឈាន​ចូល​ដល់​ទីបញ្ចប់ ហើយ​អាល្លឺម៉ង់​ត្រូវ​ចាញ់​សង្គ្រាម ទាំងសហរដ្ឋ​អាមេរិក និង​ទាំង​សហភាព​សូវៀត សុទ្ធតែ​បាន​ប្រជែងគ្នា​ចូល​កាន់កាប់​ទីតាំង​ស្រាវជ្រាវ និង​ផលិត​រ៉ុកកែត V2 រឹបអូសយក​ប្លង់​រ៉ុកកែត ក៏ដូចជា តួរ៉ុកកែត ដែល​នៅ​សេសសល់​មិនទាន់​ប្រើ ដើម្បី​យក​ទៅ​សិក្សា​លម្អិត អំពី​បច្ចេកវិទ្យា​របស់​វា។ ក៏ប៉ុន្តែ អ្វីដែល​កាន់តែ​សំខាន់​ជាង​រ៉ុកកែត និង​ប្លង់​រ៉ុកកែត​នេះ​ទៅទៀត គឺ​ខួរក្បាល ដែល​​នៅពីក្រោយ​​ការ​រចនា និង​ផលិតរ៉ុកកែត គឺ Wernher von Braun

នៅដើម​ឆ្នាំ១៩៤៥ នៅពេល​ដែល​កងទ័ព​សូវៀត​វាយលុក​ចូល​ជិតដល់ Peenamünde ដែល​ជា​​​ទីតាំង​ស្រាវជ្រាវ និង​ផលិត​រ៉ុកកែត V2 von Braun និង​ក្រុមស្រាវជ្រាវ​​បានសម្រេច​គ្នាថា ពួកគេ​​​​​សុខចិត្ត​ចុះចូល​ប្រគល់​ខ្លួន​ឲ្យ​អាមេរិក​ជាជាង​សូវៀត ដូច្នេះ ក៏​បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី Peenamünde ហើយ​ប៉ុន្មានខែក្រោយ​មក​ទៀត ​បាន​ប្រគល់​ខ្លួន​ឲ្យ​កងទ័ព​អាមេរិក នៅ​ខែ​ឧសភា​ឆ្នាំ១៩៤៥។

ទៅដល់​អាមេរិក von Braun ​ព្រមជាមួយ​នឹង​ក្រុមការងារ​ស្រាវជ្រាវ​រ៉ុកកែត V2 រាប់រយនាក់ បាន​បន្តការងារ​ស្រាវជ្រាវ​លើ​បច្ចេកវិទ្យា​រ៉ុកកែត​ជា​បន្ត​ទៅទៀត ដោយ​ពីដំបូង von Braun ត្រូវ​បាន​តែងតាំង​ឲ្យ​​​ធ្វើ​​ជា​ប្រធាន​គម្រោង​អភិវឌ្ឍ​មីស៊ីល​បាលីស្ទិក​​ឲ្យ​កងទ័ព​អាមេរិក ហើយ​នៅ​ក្នុង​គម្រោង​នេះ von Braun ​បាន​យក​បច្ចេកវិទ្យារ៉ុកកែត V2 ទៅ​ផលិត​ជា​មីស៊ីល​​ថ្មីមួយទៀត គឺ​មីស៊ីល​ឈ្មោះ Redstone ដែល​ជា​មីស៊ីល​​បាលីស្ទិក​លើកដំបូង​របស់​អាមេរិក និង​ជា​មីស៊ីល​ដំបូងបង្អស់​របស់​អាមេរិក​ ដែល​ត្រូវ​បាន​បាញ់​ដោយ​បំពាក់​ក្បាល​គ្រាប់នុយក្លេអ៊ែរ។

Von Braun និង​ក្រុមការងារ​ពី Peenamünde ក៏​បាន​យក​បច្ចេកវិទ្យា​រ៉ុកកែត V2 ទៅ​ផលិត​ជា​រ៉ុកកែត សម្រាប់​ប្រើ​ក្នុង​វិស័យ​អវកាស​ផងដែរ គឺ​រ៉ុកកែត​ឈ្មោះ Juno ដែល​ត្រូវ​បាន​ប្រើ ក្នុងការ​បាញ់បង្ហោះ​ផ្កាយរណប​ដំបូងបង្អស់​របស់​អាមេរិក គឺ​ផ្កាយរណប​ឈ្មោះ Explorer-1 បាញ់បង្ហោះ​ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៥៨ ជាការឆ្លើយតប​នឹង​ការ​បាញ់បង្ហោះ​ផ្កាយរណប Sputnik របស់​សូវៀត កាល​ពី​ ៤ខែមុន។

នៅ​ឆ្នាំ១៩៦០​ Wernher von Braun ​ត្រូវ​បាន​ផ្ទេរ​ចេញ​ពី​កងទ័ព ឲ្យ​ទៅ​ធ្វើការ​​នៅ​​ទីភ្នាក់ណាសា​ ដោយ​នៅទីនោះ von Braun ត្រូវ​បាន​តែងតាំង​ជា​នាយក​មជ្ឈមណ្ឌលស្រាវជ្រាវ​ដ៏ធំមួយ​ឈ្មោះ Marshall Space Flight Center និង​ជា​អ្នក​ទទួលខុសត្រូវ​ដឹកនាំ​គម្រោង​ផលិត​រ៉ុកកែតអវកាស​ដ៏​សំខាន់​មួយ នៅ​ក្នុង​ប្រវត្តិនៃ​​វិស័យអវកាស គឺ​រ៉ុកកែត Saturn V ដែល​អាមេរិក​ប្រើ ក្នុងការ​​បញ្ជូន​អវកាសយានិក​ឲ្យ​ទៅ​ចុះចត​លើ​ដីព្រះចន្ទ​ជាលើកដំបូង​បង្អស់ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​មនុស្សជាតិ គឺ​​បេសកកម្ម​អាប៉ូឡូ​ទី១១ នៅ​ឆ្នាំ១៩៦៩។

ដូច្នេះ សរុបជារួមមកវិញ រ៉ុកកែត V2របស់​អាល្លឺម៉ង់​ក្នុងសម័យសង្គ្រាម​លោកលើកទី២គឺ​ជា​ឫសគល់រួម​ ​នៃ​បច្ចេកវិទ្យា​​រ៉ុកកែត​ទាំងពីរ​ប្រភេទ​នៅ​ក្នុង​សម័យកាល​បច្ចុប្បន្ន៖ ទីមួយ មីស៊ីល​បាលីស្ទិក​ ដែល​អាច​បំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ ជា​អាវុធ​ប្រល័យលោក និង​មួយទៀត រ៉ុកកែតអវកាស ដែល​ប្រើ​ក្នុងការ​​ធ្វើ​ដំណើរទៅ​ក្នុងទីអវកាស ហើយ​​ជួយ​ឲ្យ​មនុស្ស​យើង​អាច​ពង្រីក​ចំណេះដឹង​ទៅលើ​ចក្រវាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ