អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ប្រវត្តិរ៉ុកកែត Ariane របស់​អឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

រ៉ុកកែត​ Ariane-5 គឺ​ជា​រ៉ុកកែត​ដ៏មាន​ប្រសិទ្ធភាព និង​មាន​អត្រាជោគជ័យ​ខ្ពស់ ហើយ​ជា​គន្លឹះជួយ​ឲ្យ​អឺរ៉ុប​បាន​គ្រប់គ្រង​ទីផ្សារ​បាញ់បង្ហោះ​ផ្កាយរណប​ពាណិជ្ជកម្ម នៅ​ក្នុងរយៈពេល​ជាច្រើន​ឆ្នាំ។ ក៏ប៉ុន្តែ មុននឹង​ឈាន​មក​ដល់​ជោគជ័យ​នេះ កម្មវិធីរ៉ុកកែតអវកាស​របស់​អឺរ៉ុប​បាន​ឆ្លងកាត់​នូវ​បរាជ័យ​ជាច្រើន រហូត​ស្ទើរតែ​ត្រូវ​បាន​គេ​បោះបង់ចោល។

រ៉ុកកែតអវកាស​ Ariane 5 របស់​អឺរ៉ុប
រ៉ុកកែតអវកាស​ Ariane 5 របស់​អឺរ៉ុប © ESA
ផ្សាយពាណិជ្ជកម្ម

នៅក្នុងអំឡុងទសវត្សរ៍​ឆ្នាំ១៩៦០ នៅ​ក្នុងពេល​ដែល​វិស័យអវកាស​របស់​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​​កំពុង​បោះជំហាន​ទៅមុខយ៉ាងលឿន នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រជែង​អវកាស ក្នុង​សង្គ្រាមត្រជាក់ នៅ​អឺរ៉ុប​ឯណេះវិញ វិស័យអវកាស​ត្រូវ​ជាប់គាំងទៅមុខមិនរួច ដោយ​ការព្យាយាម​បង្កើត​កម្មវិធី​អវកាស​រួមគ្នា ក្នុង​ក្របខណ្ឌ​អឺរ៉ុប ជាពិសេស គម្រោង​ផលិត​រ៉ុកកែត​អវកាស « Europa » ត្រូវ​ទទួល​បរាជ័យ។

ស្ថិត​នៅ​ក្នុងស្ថានភាព​ជាប់គាំង ក្នុង​កិច្ចសហប្រតិបត្តិការ​ក្របខណ្ឌ​អឺរ៉ុប​នេះ បារាំង តាមរយៈ​មជ្ឈមណ្ឌលអវកាស ដែល​ហៅ​ជា​ភាសា​បារាំង​ថា Centre nationale d’études spatiales ហៅកាត់​ថា CNES ក៏បាន​ផលិត​រ៉ុកកែតអវកាស​ផ្ទាល់​ខ្លួនឯង គឺ​រ៉ុកកែត​ធុន Dimant ដែល​ត្រូវ​បាន​បាញ់បង្ហោះ​ដោយជោគជ័យ​ជាលើកទីមួយ នៅ​ឆ្នាំ១៩៦៥។ តាមរយៈ​ជោគជ័យ​នេះ បារាំង​ក៏​បាន​ក្លាយ​ជា​ប្រទេស​មហាអំណាច​អវកាស​ទីបី បន្ទាប់​ពី​អាមេរិក និង​សូវៀត ក៏ប៉ុន្តែ រ៉ុកកែត​ធុន Diamant នេះ ក៏​នៅតែ​មិន​អាច​ជួយ​ឲ្យបារាំង និង​អឺរ៉ុប​មាន​ឯករាជ្យ​នៅ​ក្នុង​វិស័យ​អវកាស​បាននោះដែរ ដោយសារ​តែ​វា​ជា​ប្រភេទ​រ៉ុកកែត​ធុនតូច អាច​ផ្ទុក​ទម្ងន់​បានត្រឹមប្រមាណ​ជា ២០០គីឡូក្រាម​តែ​ប៉ុណ្ណោះ ទៅ​គន្លង​តារាវិថី​ទាប (Low Earth Orbit) ដែល​ជា​ហេតុធ្វើ​ឲ្យ​ការ​បាញ់បង្ហោះ​ផ្កាយ​រណប​ជាច្រើន​របស់​​អឺរ៉ុប​ត្រូវ​ពឹងផ្អែក​លើ​រ៉ុកកែត​របស់​អាមេរិក។

ហេតុដូច្នេះហើយ​បាន​ជា​​បារាំង​នៅតែ​បន្តព្យាយាម​ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ក្នុងក្របខណ្ឌ​អឺរ៉ុប ដើម្បី​ឈាន​ទៅ​ផលិត​រ៉ុកកែត​ធុនធ្ងន់ផ្ទាល់​ខ្លួនឯង ដោយ​មិន​ចាំបាច់​ពឹង​លើ​អ្នកដទៃ។ គម្រោង​អវកាស​អឺរ៉ុប ដែល​បារាំង​ចង់ធ្វើ ដោយ​មាន​ប្រទេស ៣ ជា​ជំហរ គឺ​បារាំង អង់គ្លេស និង​អាល្លឺម៉ង់។ ក៏ប៉ុន្តែ នៅពេលនោះ អាល្លឺម៉ង់​មិនសូវ​ជា​ចាប់អារម្មណ៍​ចង់​ចូលរួម ដោយសារ​តែ​​មើល​ឃើញ​ពី​បរាជ័យ​ក្នុងគម្រោង « Europa » កាលពីមុន។ ចំណែក​អង់គ្លេស​វិញ ក៏មិនសូវ​ជា​ចង់​ចំណាយលុយ​​លើ​គម្រោង​ផលិត​រ៉ុកកែត​ថ្មី ដោយសារ​តែ​រំពឹង​លើ​រ៉ុកកែត​របស់​ណាសា។

ក៏ប៉ុន្តែ អ្វីៗ​ត្រូវ​ប្រែប្រួល ជាមួយ​នឹង​បញ្ហា​ចម្រូងចម្រាស​ជាមួយ​អាមេរិក ជុំវិញ​ការ​បាញ់បង្ហោះ​ផ្កាយរណប​អឺរ៉ុប ឈ្មោះ Symphonie

Symphonie គឺ​ជា​ប្រភេទ​ផ្កាយរណប​ទូរគមនាគមន៍ ដែល​ផលិតឡើង​ ក្នុង​គម្រោង​រួមគ្នា រវាង​បារាំង និង​អាល្លឺម៉ង់ ហើយ​ដែល​ត្រូវ​បាញ់បង្ហោះ​ទៅដាក់​ក្នុង​គន្លងតារាវិថី Geostationnary ពោលគឺ ទៅដល់​រយៈកម្ពស់​រហូតដល់​ទៅ​ជាង ៣៥ម៉ឺន​គីឡូម៉ែត្រ​ពីដី។ ដោយសារ​តែ​អឺរ៉ុប​មិនមាន​រ៉ុកកែត​ធុនធ្ងន់​អាច​បាញ់បង្ហោះ​ផ្កាយរណប​នេះ​បាន គេ​ក៏​​ត្រូវការ​ទៅ​ពឹងអាមេរិក​ ដែល​នៅ​ពេលនោះ គឺ​ជា​ប្រទេស​មួយគត់ នៅ​ក្នុង​ចំណោម​ប្រទេស​លោកខាងលិច ដែល​មាន​រ៉ុកកែត​អវកាស​ធុនធ្ងន់ មានសមត្ថភាព​អាច​បាញ់បង្ហោះ​ផ្កាយរណប Symphonie ​នេះ​បាន។

នៅពេលនោះ អាមេរិកយល់ព្រម​បាញ់បង្ហោះ​ផ្កាយរណប Symphonie ឲ្យ​អឺរ៉ុប ក៏ប៉ុន្តែ ដោយ​ភ្ជាប់​ជាមួយ​នឹង​លក្ខខណ្ឌមួយ គឺ ​​ផ្កាយរណបនេះ ​អឺរ៉ុប​អាច​យក​ទៅប្រើប្រាស់​បានសម្រាប់​តែ​អឺរ៉ុប​ខ្លួនឯងតែ​ប៉ុណ្ណោះ ដោយ​មិន​ត្រូវ​យក ទៅធ្វើ​អាជីវកម្ម​​នៅលើ​ទីផ្សារ​ទូរគមនាគមន៍​​​នោះទេ។ ការណ៍​ដែល​អាមេរិក​ដាក់លក្ខខណ្ឌ​បែបនេះ គឺ​ដើម្បី​ការពារ​ចំណែកទីផ្សារ​របស់ខ្លួន ពី​ការ​ប្រកួតប្រជែង​ពី​អឺរ៉ុប ក៏ប៉ុន្តែ សម្រាប់​អឺរ៉ុប​ នេះ​គឺ​ជា​ការ​ដាស់ស្មារតី​ឲ្យ​ភ្ញាក់ខ្លួនថា ដើម្បី​អាច​មាន​នយោបាយ​អវកាស​ឯករាជ​ផ្ទាល់​ខ្លួនឯង អាច​ទាញយកផលចំណេញ​ពី​សក្តានុពល​វិស័យអវកាស​​ដោយ​ពេញលេញ​សម្រាប់​ខ្លួនឯង អឺរ៉ុប​ចាំបាច់​ត្រូវតែ​មាន​​​រ៉ុកកែតអវកាស​ផ្ទាល់ខ្លួនឯង។

នៅទីបំផុត​ទៅ នៅ​​ឆ្នាំ១៩៧៣ បារាំង​ក៏បាន​ទទួល​ជោគជ័យ ក្នុងការ​បញ្ចុះបញ្ចូល​​អាល្លឺម៉ង់ និង​អង់គ្លេស ព្រមទាំង​ប្រទេស​មួយ​ចំនួន​ទៀត ឲ្យ​​ចូល​រួម​បង្កើត​កម្មវិធី​អវកាស​រួមគ្នា ហើយគម្រោង​អភិវឌ្ឍ​រ៉ុកកែត​ អារីយ៉ាន ​ក៏​បាន​ចាប់កំណើតឡើង ដោយ​មាន​បារាំង​ជា​អ្នក​ចេញមុខ​រ៉ាប់រង​ការចំណាយច្រើន​ជាងគេ ​​ការគ្រប់គ្រង​គម្រោង​ផលិត​រ៉ុកកែត​អារីយ៉ាន​ក៏​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​មជ្ឈមណ្ឌលអវកាសបារាំង (CNES) ហើយ​ទីតាំង​បាញ់បង្ហោះ​រ៉ុកកែត​ក៏​​ស្ថិត​នៅ​ក្នុង​ទឹកដី​បារាំង គឺ​មជ្ឈមណ្ឌល​អវកាស​ គូរូ នៅ​ខេត្ត​ហ្គីយ៉ាន (ដែនដីនាយសមុទ្រ​របស់​បារាំង)។

រ៉ុកកែត​អារីយ៉ាន​លើកដំបូង​បង្អស់ គឺ Ariane-1 ​ត្រូវ​បាន​គេ​ផលិត ​និង​បាញ់បង្ហោះ​ប្រកប​ដោយ​ជោគជ័យ​ជាលើកទីមួយ​ នៅថ្ងៃទី២៤ ខែ​ធ្នូ​ ឆ្នាំ១៩៧៩។ គិតជាសរុប ក្នុងរយៈពេល​ជាង ៤០​ឆ្នាំ​កន្លងទៅនេះ រ៉ុកកែត​អារីយ៉ាន​​​ធ្លាប់​ត្រូវ​បាន​អភិវឌ្ឍ​ចេញ​ជា ៥​ជំនាន់​រួចមកហើយ ដោយ​ពី​មួយ​ជំនាន់ទៅមួយមួយជំនាន់ ត្រូវ​បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា​កាន់តែ​ទំនើបឡើងៗ​ គឺ​តាំង​ពី​ Ariane-1 រហូត​មក​ដល់ Ariane-5

Ariane-5 ជា​ប្រភេទ​រ៉ុកកែតអវកាសធុនធ្ងន់ ឬហៅតាមភាសា​អង់គ្លេស​ថា «Heavy-lift space launch vehicul» (HLV) ពោលគឺ​ស្ថិត​នៅ​ក្នុង​ប្រភេទ​ជាមួយ​គ្នា​នឹង​រ៉ុកកែត Falcon 9 របស់​ក្រុមហ៊ុន SpaceX និង​រ៉ុកកែត Long March 5 របស់ចិន។

មានប្រវែងសរុប ៥៣ម៉ែត្រ អារីយ៉ាន-៥ គឺ​ជា​ប្រភេទ​រ៉ុកកែត ដែល​មាន​ពីរកំណាត់ ដោយ​កំណាត់ទីមួយ ប្រើម៉ូទ័រតែមួយគ្រឿង គឺ​ម៉ូទ័រ​ធុន Vulcain ប្រើឥន្ធនៈរាវ​ប្រភេទ HydroLox ពោលគឺ អ៊ីដ្រូសែន និង​អុកស៊ីសែន​រាវ។ ​នៅ​អមសងខាង​កំណាត់ទីមួយ​នេះ ​មាន​ប៊ូស្ទ័រ​ (Booster) ចំនួន​ពីរ ប្រើ​ឥន្ធនៈរឹង (Solid fuel) ចំណែក​នៅ​កំណាត់ទីពីរវិញ គឺប្រើ​ម៉ូទ័រ​មួយគ្រឿង​ ធុន HM-7។​

Ariane-5 ​មាន​សមត្ថភាព​ផ្ទុក​ទម្ងន់​បាន​ជាង ២០តោន ទៅកាន់​គន្លងតារាវិថីទាប ឬហៅតាមភាសាអង់គ្លេស​ថា « Low-Earth Orbit » (LEO) គឺគន្លងតារាវិថី​ក្នុងចន្លោះ​ពី ១៦០គីឡូម៉ែត្រ ទៅ ១០០០គីឡូម៉ែត្រ​ពីដី និង​ជាង ១០តោន សម្រាប់​គន្លង​តារាវិថី Geostationnary ដែល​ស្ថិត​នៅ​រយៈកម្ពស់​ជាង ៣៥ម៉ឺន​គីឡូម៉ែត្រ​ពីដី។

គិតចាប់តាំង​ពី​​ឆ្នាំ១៩៩៦​មក Ariane-5 ធ្លាប់ត្រូវបាន​គេ​បាន​គេ​បាញ់បង្ហោះ​​សរុប​ចំនួន ១១៦លើក ដោយ​នៅ​ក្នុងនោះ ជោគជ័យ ចំនួន ១១១លើក ពោលគឺ មាន​អត្រា​ជោគជ័យ​ដល់​ទៅ ៩៥%។ ជាមួយនឹង​សមត្ថភាព​ក្នុងការ​បាញ់បង្ហោះ​ផ្ការយណបច្រើន​គ្រឿង​យក​ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី ក្នុងរយៈកម្ពស់​ខុសៗគ្នា នៅ​ក្នុង​ការ​បាញ់បង្ហោះ​តែមួយ រ៉ុកកែត Ariane-5 ជារ៉ុកកែត​ដ៏ជោគជ័យបំផុត​មួយ នៅ​ក្នុង​ទីផ្សារ​ផ្តល់​សេវាកម្ម​បាញ់បង្ហោះ​ផ្កាយរណប​ឯកជន ដោយ​ធ្លាប់​គ្រប់គ្រង​ទីផ្សារ​ពិភពលោក​បាន​រហូតដល​់ទៅ​ ៥០% ទៅ ៦០% ឯណោះ នៅមុនពេល​មានការប្រកួតប្រជែង​ពី​រ៉ុកកែត Falcon 9 របស់​ក្រុមហ៊ុន SpaceX

ក្រៅពី​ជោគជ័យ​ក្នុងការ​បាញ់បង្ហោះ​ផ្កាយរណប Ariane-5 ក៏​បាន​ទទួល​ជោគជ័យ​ក្នុង​ បេសកកម្ម​អវកាស​ធំៗ​ជាច្រើន​ផងដែរ រួមមានទាំង​ការ​បាញ់បង្ហោះ​តេឡេស្កុបអវកាស​ជេមស៍វេប កាល​ពីឆ្នាំ២០២១ ​ក៏ដូចជា ការ​បាញ់បង្ហោះ​យាន រ៉ូហ្សេតា (Rosetta) កាល​ពីឆ្នាំ២០០៤ ដើម្បី​ទៅ​ចុះចត​លើ​ផ្កាយដុះកន្ទុយ។

នៅថ្ងៃទី១៦​មិថុនា​ឆាប់ៗ​ខាងមុខ​នេះ Ariane-5 នឹង​ត្រូវ​គេ​បាញ់បង្ហោះ​ជាលើកទី ១១៧ និង​ជាលើកចុងក្រោយ​បង្អស់ មុននឹង​ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍ ហើយ​ជំនួស​មកវិញ ដោយ​ Ariane ជំនាន់​ថ្មី​មួយទៀត ដែល​រឹតតែ​ទំនើប​ជាងមុន គឺ Ariane-6

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ