អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

តេងស៊ាវពីង​នៅ​ម៉ូស្គូ​មុននឹង​ទៅ​ចូលរួម​ចលនា​តស៊ូ​កុម្មុយនិស្ត​នៅ​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់ អំពី​ប្រវត្តិ​របស់​លោក​តេង ស៊ាវពីង ដោយ​លើកឡើង អំពី​ការចាកចេញ​ពី​ប្រទេស​បារាំង ទៅ​បន្ត​ការ​សិក្សា​នៅ​ម៉ូស្គូ មុននឹង​វិលត្រឡប់​ទៅ​ចូលរួម​ក្នុង​ចលនា​តស៊ូ​កុម្មុនិស្ត​នៅ​ចិន។

រូបថត​របស់ តេង ស៊ាវភីង ពេល​កំពុង​រៀន​នៅ​ក្នុង​ប្រទេស​បារាំង
រូបថត​របស់ តេង ស៊ាវភីង ពេល​កំពុង​រៀន​នៅ​ក្នុង​ប្រទេស​បារាំង
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩២៦ តេង ស៊ាវភីង បាន​ចាកចេញ​ពី​ប្រទេស​បារាំង​តាម​រថភ្លើង​ កាត់តាម​ប្រទេស​អាល្លឺម៉ង់ សំដៅ​ទៅកាន់​សហភាព​សូវៀត។ គិតជាសរុប តេង ស៊ាវភីង បាន​ចំណាយពេល ៥ឆ្នាំ នៅបារាំង ហើ​យរយៈពេល ៥ឆ្នាំ​នេះ បាន​បន្សល់ទុក​នូវ​ស្លាកស្នាម​យ៉ាងច្រើន ដល់​ជីវិត​នយោបាយ និង​ផ្ទាល់​ខ្លួន​របស់ តេង ស៊ាវភីង។

គឺ​នៅ​បារាំងដែល តេង ស៊ាវភីង បាន​ចូល​ប្រឡូក​ចូល​ក្នុង​ចលនា​កុម្មុយនិស្ត បាន​សិក្សា​អំពី​រៀបចាត់តាំង​នៃ​បក្ស​កុម្មុយនិស្ត សិក្សា​អំពី​មនោគមន៍វិជ្ជា​កាលម៉ាក្ស ប្រឡូក​ដោយ​ផ្ទាល់​នៅ​ក្នុងការ​ងារ​ក្នុងវណ្ណៈកម្មករ ហើយ​ក្នុងពេល​ជាមួយគ្នា​ក៏​បាន​សិក្សា​ផងដែរ អំពី​ភាព​បើក​ចំហ​តាមបែបលោកខាងលិច ព្រមទាំង​អាច​សិក្សា​ប្រៀបធៀប​ រវាង​សង្គម នយោបាយ និង​វប្បធម៌​ចិន ជាមួយ​នឹង​ពិភព​ខាងក្រៅ។

តាមការពិត បើ​គេ​ពិនិត្យ​មើល​ជារួមទៅ នៅ​ខាង​ក្រៅ​ប្រទេស​ចិន មិនមាន​ប្រទេស​ណាផ្សេងទៀត ក្រៅពី​ប្រទេស​បារាំង ដែល​បាន​ជះឥទ្ធិពល​ច្រើន​ជាងគេ​ដល់​បដិវត្តន៍​កុម្មុយនិស្ត​ចិន។ ​ក្រោយ​ជ័យជម្នះ​នៃ​បដិវត្តន៍​កុម្មុយនិស្ត​​ឆ្នាំ​១៩៤៩ ​អតីត​និស្សិត​ចិន​ដែល​រៀន​នៅ​ស្រុក​បារាំង​​បាន​ទទួល​តំណែង​សំខាន់ៗ​នៅ​ក្នុង​រដ្ឋាភិបាល ក្នុងនោះ​មានទាំង ​តេង ស៊ាវភីង ​ជូ អេនឡាយ និង​ឥស្សរជន​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត ដែល​កាន់តំណែង​ថ្នាក់​រដ្ឋមន្រ្តី ដូចជា រដ្ឋមន្រ្តី​ការបរទេស រដ្ឋមន្រ្តី​ទទួលបន្ទុក​ផ្នែក​បច្ចេកវិទ្យា​និង​វិទ្យាសាស្រ្ត និង​រដ្ឋមន្រ្តី​ទទួលបន្ទុក​កិច្ចការ​ឃោសនាការ​ ជាដើម។

នៅថ្ងៃ​ទី១៧ ខែមករា ឆ្នាំ​១៩២៦ តេង ស៊ាវភីង បាន​ធ្វើ​ដំណើរ​ទៅដល់​ម៉ូស្គូ ហើយ​ប្រមាណ​ជា ២សប្តាហ៍ក្រោយមក តេង ស៊ាវភីង បាន​ចុះឈ្មោះ​ចូលរៀន​នៅ​ក្នុ​ងសកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ដែល​ជា​សកលវិទ្យាល័យ​បង្កើតឡើង​ដោយ​កិច្ចសហប្រតិបត្តិការកុម្មុយនិស្ត​អន្តរជាតិ ហៅកាត់​ថា កូមីនទែន (Comintern) ដើម្បី​ផ្តល់​ការ​សិក្សា​ដល់​យុវជន​ចិន​មក​ពី​គណបក្ស​គួមីនតាង និង​គណបក្ស​កុម្មុយនិស្ត​ចិន។
 

នៅពេលនោះ គណបក្ស​គួមីនតាង​របស់​ស៊ុនយ៉ាតសេន និង​គណបក្ស​កុម្មុយនិស្ត​របស់​ម៉ៅសេទុង នៅ​ជា​សម្ព័ន្ធមិត្ត​នឹងគ្នា​នៅឡើយ។ ក្រោយ​មក​ទៀត នៅ​ក្រោយ​​មរណភាព​​របស់​ស៊ុនយ៉ាតសេន ហើយ​គណបក្ស​គួមីនតាង​ ត្រូវ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ចាង កាយចៀក ទើប​គណបក្សគួមីនតាង​និង​គណបក្ស​កុម្មុយនិស្ត​ចាប់ផ្តើម​បែកបាក់គ្នា។

នៅម៉ូស្គូ តេង ស៊ាវភីង មានឱកាស​រៀន​ពេញម៉ោង ដោយ​មិនចាំបាច់​ត្រូវ​ធ្វើការ​បណ្តើ​រៀន​បណ្តើរ​ដូច​កាល​ពី​នៅ​ប្រទេស​បារាំង​នោះទេ។ តេង ស៊ាវភីង រៀន ៨ម៉ោង​ក្នុងមួយថ្ងៃ ៦ថ្ងៃ​ក្នុង​មួយសប្តាហ៍ ហើយ​ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​ធ្វើការ​វាយតម្លៃ​ថា ជា​និស្សិត​ដែល​រៀនពូកែ ​​ជា​យុវជន​ដែល​មានគំនិត​ចាស់ទុំ​ច្រើន និង​ជា​ពិសេស គឺ​ជា​​​និស្សិត​ដែល​គោរព​វិន័យយ៉ាងខ្ជាប់ខ្ជួន។

នៅសាលា មេរៀនភាគច្រើន​លើសលុប គឺ​ផ្តោត​ទៅលើ​មនោគមន៍​វិជ្ជា​កុម្មុយនិស្ត ដូចជា ការ​សិក្សា​លើ​គំនិត​របស់​កាលម៉ាក្ស អង់ហ្គែល និង​លេនីន ជាដើម ព្រមទាំង​ការ​សិក្សា​ទៅលើ​ប្រវត្តិ​បក្ស​កុម្មុយនិស្ត​សូវៀត និង​ប្រវត្តិ​នៃ​ចលនា​បដិវត្តន៍​ចិន។ ក្នុងពេល​ជាមួយគ្នា តេង ស៊ាវភីង ក៏មាន​ឱកាស​សង្កេត និង​សិក្សា​មើល​ពី ស្ថានភាព​ជាក់ស្តែង នៅ​ក្រៅសាលា​ផងដែរ។

នៅ​ពេលនោះ សហភាព​សូវៀត​នៅមិនទាន់​បាន​បង្កើត​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ផែនការ​តាម​បែប​កុម្មុយនិស្ត​នៅឡើយទេ ដោយ​នៅ​បន្ត​អនុវត្តនយោបាយ​សេដ្ឋកិច្ច ដែល​បន្សល់ទុក​តាំង​ពីសម័យ​លេនីន។ នយោបាយ​សេដ្ឋកិច្ច​នោះ ថ្វីដ្បិត​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​យ៉ាងតឹងរ៉ឹង​ពី​សំណាក់​បក្ស​កុម្មុយនិស្ត ក៏ប៉ុន្តែ ​មានលក្ខណៈ​មូលធន​និយម​ច្រើន​ជាង​កុម្មុយនិស្ត ដោយ​​រដ្ឋ​អនុញ្ញាត​ឲ្យ​ប្រជាជន​ប្រកបរបរ​កសិកម្ម​ជា​លក្ខណៈ​ឯកជន អាច​បើក​មុខជំនួញ​ធុនតូច ឬ​មធ្យម​ជា​លក្ខណៈ​ឯកជន ហើយ​វិនិយោគ​ពី​បរទេស​ក៏​នៅ​មាន​ការ​បើក​ចំហ។

តេង ស៊ាវភីង ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​ជឿ​ថា នយោបាយ​សេដ្ឋកិច្ច​បែបនេះ​អាច​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​លើក​តម្កើង​ជីវភាព​របស់​ប្រជាជន​បាន​លឿន​ គឺ​លឿនជាង​នយោបាយ​សេដ្ឋកិច្ច​សមូហភាព​ និង​លឿន​ជាង​សេដ្ឋកិច្ច​តាមបែប​មូលធន​សុទ្ធសាធ​ទៅទៀត។ នយោបាយ​សេដ្ឋកិច្ច​បែបនេះ​ហើយ ដែល​តេង ស៊ាវភីង បាន​ដាក់ចេញ នៅ​ក្រោយ​ពេល​ឡើង​កាន់​អំណាច​នៅ​ចិន ចាប់ពីអំឡុង​ទសវត្សរ៍​ឆ្នាំ​៧០។

តាមការពិត គេ​សង្កេតឃើញ​ថា ពេល​រៀន​នៅ​​ម៉ូស្គូ តេង ស៊ាវភីង ដែល​កាលណោះ​មាន​វ័យ​ទើប​នឹង​បាន ២២ឆ្នាំ គឺ​ជា​និស្សិត​ដែល​មាន​គំនិត​យល់ដឹង​ស៊ីជម្រៅ​ច្រើន​ខុស​ពី​ធម្មតា ហើយ​​ផ្នត់គំនិត​ដែល​តេង ស៊ាវភីង​មាន​នៅ​ពេលនោះ ភាគច្រើន​បាន​ដក់​ជាប់​តាមខ្លួន​ជាប់រហូត ដល់​ពេល​ដែល​តេង ស៊ាវភីង ឡើង​កាន់​អំណាច​នៅ​ចិន​។

ក្រៅ​ពី​នយោបាយ​សេដ្ឋកិច្ច​កុម្មុយនិស្ត​តែ​បើក​ចំហ​តាមបែប​មូលធន គេ​​ក៏​បាន​សង្កេតឃើញ​ផងដែរ អំពី​ផ្នត់គំនិត​ខាង​នយោបាយ និង​លទ្ធិប្រជាធិបតេយ្យ ដែល​ តេង ស៊ាវភីង មាន​នៅពេល​រៀន​នៅ​​ម៉ូស្គូ ហើយ​ដែល​បន្ត​រហូតមក​ទល់​នឹង​ពេល​កាន់អំណាច​។ នៅ​ក្នុង​ចម្លើយ​​កិច្ចការ​ដែល​គ្រូ​ដាក់​ឲ្យ​ធ្វើ នៅថ្ងៃទី១២ ខែ​សីហា ឆ្នាំ​១៩២៦ តេង ស៊ាវភីង បាន​សរសេរអំពី​ "ភាព​ចាំបាច់​នៃ​អំណាច​ប្រមូលផ្តុំ និង​ការ​ស្តាប់​បញ្ជា​មេដឹកនាំ" ហើយ​ថា "ការ​បើក​ចំហ​ទៅរក​លទ្ធិប្រជាធិបតេយ្យ​អាច​ធ្វើ​ទៅបាន​នៅ​ក្នុងកាលៈទេសៈណាមួយ និង​ក្នុង​ទំហំ​ណាមួយ គឺ​អាស្រ័យ​ទៅលើ​ភាព​អំណោយ​ផល​នៃបរិយាកាសទូទៅ​នៅ​ក្នុង​ប្រទេស"។

នេះ​គឺ​ជា​ការ​ឆ្លុះបញ្ចាំង​ស្ទើរតែ​ទាំងស្រុង​នៃ​នយោបាយ​ទូទៅ​របស់​ តេង ស៊ាវភីង នៅ​ពេល​ឡើ​ងកាន់អំណាច គឺ​ការ​ធ្វើ​កំណែទម្រង់​បើក​ចំហ​ខាង​ផ្នែក​សេដ្ឋកិច្ច​តាមបែបលោក​សេរី ក៏ប៉ុន្តែ បន្តរឹតត្បឹត​ខាង​ផ្នែក​នយោបាយ​តាមបែប​កុម្មុយនិស្ត។

ការសិក្សា​របស់​តេង ស៊ាវភីង នៅ​សកលវិទ្យាល័យ​ស៊ុនយ៉ាតសេន​នៅ​ម៉ូស្គូ ត្រូវ​មាន​រយៈពេល​២ឆ្នាំ ក៏ប៉ុន្តែ រៀន​បាន​ត្រឹមតែ​មួយ​ឆ្នាំ កាលៈទេសៈ​នយោបាយ​នៅ​ក្នុង​ប្រទេស​ចិន បាន​តម្រូវ​ឲ្យ​តេង ស៊ាវភីង ត្រូវ​បញ្ឈប់​ការ​សិក្សា​មុនកាលកំណត់ ហើយ​វិលត្រឡប់​ទៅកាន់​ប្រទេស​ចិនវិញ នៅ​ថ្ងៃ​ទី១២ ខែមករា ឆ្នាំ​១៩២៧។

នៅពេលនោះ សម្ព័ន្ធភាព រវាង​ពួកជាតិនិយម​គួមីនតាង ក្រោម​ការដឹកនាំ​របស់​ចាង កាយចៀក និង​​ចលនាកុម្មុយនិស្ត​របស់​ម៉ៅសេទុង បាន​ប្រេះឆា​កាន់តែ​ខ្លាំង ជិតឈាន​ចូល​ដល់​ដំណាក់កាល​បែកបាក់​លែង​អាច​ផ្សះផ្សាបាន។ ការបែកបាក់គ្នា​នេះ​បាន​ធ្វើ​ឲ្យ​បក្ស​កុម្មុយនិស្ត​សូវៀត​មាន​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ដោយសារ​តែ​នៅពេលនោះ ចលនា​កុម្មុយនិស្ត​ចិនមិនទាន់​មាន​កម្លាំង​ទ័ព​ខ្លាំង​អាច​ប្រជែង​ជាមួយ​នឹង​ពួក​គួមីនតាង​បាន​នៅឡើយ។

ហេតុដូច្នេះហើយ​បានជា​បក្ស​កុម្មុយនិស្ត​សូវៀត ក៏​បាន​សម្រេច​បញ្ជូន តេង ស៊ាវភីង រួមជាមួយ​នឹង​អ្នក​នយោបាយកុម្មុយនិស្ត​វ័យ​ក្មេង​ប្រមាណ​ជា ២០នាក់​ផ្សេងទៀត ឲ្យ​ចាកចេញ​ពី​ម៉ូស្គូ វិលត្រឡប់​ចូល​ទៅ​​ក្នុង​ប្រទេស​ចិនវិញ​ ដើម្បី​ធ្វើការ​ជាមួយ​នឹង​ ហ្វឹង យូស៊ាំង (Feng Yuxiang) ដែល​ជា​មេកន្ទ្រាញ​មួយរូប​មាន​កម្លាំង​ទ័ព​ខ្លាំង​បង្គួរ ហើយ​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ទាំងជាមួយ​ពួក​គួមីនតាង និង​ពួក​កុម្មុយនិស្ត។

គោលដៅ​របស់​បក្ស​កុម្មុយនិស្ត​សូវៀត​នៅពេលនោះ គឺ​ម្យ៉ាង ​ចង់​ឲ្យ​តេង ស៊ាវភីង និង​បក្ស​ពួក​ជួយ​ក្នុង​​ការសម្របសម្រួល ដើម្បី​ព្យាយាម​បញ្ចៀស​កុំ​ឲ្យ​ពួកគួមីនតាង និង​ចលនា​កុម្មុយនិស្ត​ត្រូវ​បែកបាក់​គ្នា និ​ងម្យ៉ាងទៀត ប្រសិនបើ​ការបាក់បែកគ្នា​ពិតជា​កើតឡើង​មែន ត្រូវ​ពង្រឹង​សម្ព័ន្ធភាពជាមួយ​នឹង​ក្រុមរបស់​ ហ្វឹង យូស៊ាំង ដើម្បី​ទុក​​ជា​កម្លាំង​ទ័ព​ទប់ទល់​នឹង​កងកម្លាំង​របស់​ពួក​គួមីនតាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ