អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ទំនាក់ទំនង​រវាង​តេងស៊ាវភីង​និង​ម៉ៅសេទុង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​អំពី​ប្រវត្តិ​របស់​តេង ស៊ាវភីង ដោយ​លើកឡើង អំពី​ទំនាក់ទំនង ជាមួយ​នឹង​ម៉ៅសេទុង ដែល​ជា​ទំនាក់ទំនងពោរពេញ​ទៅដោយ​ការប្រែប្រួល ចាប់តាំង​ពី​មនុស្ស​ជំនិត រហូត​ក្លាយ​ទៅជា​គូសត្រូវ​នយោបាយ និង​ជា​មុខសញ្ញា​នៃ​ការ​បោសសម្អាត​ផ្ទៃក្នុង ក្នុងអំឡុង​បដិវត្តន៍​វប្បធម៌។

លោក តេង ស៊ាវភីង (ស្តាំ) និង​ម៉ៅសេទុង នៅ​ឆ្នាំ១៩៥៩
លោក តេង ស៊ាវភីង (ស្តាំ) និង​ម៉ៅសេទុង នៅ​ឆ្នាំ១៩៥៩
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​អំឡុង​ដើម​ទសវត្សរ៍​ទី៣០ នៅពេល​ដែល​ តេង ស៊ាវភីង ធ្វើការ​នៅ​ជាំងស៊ី​ជាមួយ​ម៉ៅសេទុង បក្ស​កុម្មុយនិស្ត​ចិន​មាន​ការ​ពុះចែក​ជា​ចរន្តគំនិត​ធំៗ​ពីរ គឺ​​មួយក្រុម ភាគច្រើន​ជា​មេដឹកនាំ​ជំនាន់​មុន​ ទាមទារ​ឲ្យ​ផ្តោត​ចលនា​តស៊ូ​ជា​បណ្តាញ​សម្ងាត់​នៅ​តាម​ទីក្រុង​និង​ទីប្រជុំជន ដើម្បី​ប្រជែង​ជាមួយ​នឹង​រដ្ឋាភិបាល ចំណែក​ឯ​មួយក្រុម​ទៀត នាំមុខ​ដោយ​ម៉ៅសេទុង ទាមទារ​ឲ្យ​ងាក​ទៅ​ផ្តោត​អាទិភាព​លើ​ចលនា​ឧទ្ទាម​ទ័ពព្រៃ​និង​បណ្តាញ​កុម្មុយនិស្ត​នៅតាម​ទីជនបទ។

តេង ស៊ាវភីង ដែល​បាន​មើលឃើញ​ពី​ជោគជ័យ​​​នៅ​ជាំងស៊ី បាន​បង្ហាញ​នូវ​ការគាំទ្រ​យ៉ាងពេញ​ទំហឹង​ដល់​គំនិត​របស់​ម៉ៅសេទុង។ ក៏ប៉ុ​ន្តែ ការជ្រើសរើស​យក​ខាង​ម៉ៅសេទុង​នេះ មិនមែន​មិនមាន​ផលវិបាក​នោះទេ។ តេង ស៊ាវភីង រួមជាមួយ​នឹង​មន្រ្តី​ជំនិត​របស់​ម៉ៅសេទុងពីរ​នាក់​ផ្សេងទៀត​ត្រូវ​បាន​បក្ស​ដកតំណែង​ទាំងអស់ ព្រមទាំង​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ធ្វើការ​លត់ដំខ្លួន។ តេង ស៊ាវភីង ត្រូវ​ក្លាយ​ជា​ជនរងគ្រោះ នៅ​ក្នុង​ការប្រជែងគ្នា រវាង​ម៉ៅសេទុង និង​មេដឹកនាំ​បក្សកុម្មុយនិស្ត​ផ្សេងទៀត។

ក៏ប៉ុន្តែ ផលវិបាក​ដែល​តេង ស៊ាវភីង ត្រូវ​ទូលរែក​ក្នុង​រយៈពេល​ខ្លី នឹង​ត្រូវ​ផ្តល់​ផលមកវិញ នៅ​ក្នុង​រយៈពេល​វែងខាងមុខ ដោយសារ​តែ​តេង ស៊ាវភីង បាន​ទទួល​នូវការ​ទុកចិត្ត និង​ក្លាយ​ជា​មនុស្ស​ជំនិត​របស់​ម៉ៅសេទុង។

ចាប់ពី​ឆ្នាំ​១៩៣៥ ក្រោយ​ពី​ទទួល​បាន​នូវការជោគជ័យ​ជា​បន្តបន្ទាប់​នៅលើ​សមរភូមិ យុទ្ធសាស្រ្ត​ទ័ពព្រៃ​របស់​ម៉ៅសេទុង​បាន​ទទួល​នូវការ​គាំទ្រ​កាន់​តែ​ច្រើន​ ហើយ​អំណាច​របស់​ម៉ៅសេទុង​នៅ​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនិស្ត​ក៏​ត្រូវ​បាន​ពង្រឹង​កាន់តែ​ខ្លាំង​ផងដែរ។ ចាប់តាំង​ពី​ពេលនោះ​ហើយ​ដែល​តេង ស៊ាវភីង បាន​ចាប់ផ្តើម​ទទួល​តំណែង​សំខាន់ៗឡើងវិញ។
 

នៅ​ឆ្នាំ​១៩៣៧ កងទ័ព​ជប៉ុន​វាយ​លុក​ចូលកាន់កាប់​រដ្ឋធានី​ណានជីង កង​ឧទ្ទាម​កុម្មុយនិស្ត និង​​កងទ័ព​ជាតិនិយម​គួមីនតាង​ក៏​បាន​ផ្អាក​សង្រ្គាម​នឹងគ្នា ដើម្បី​ប្រមូលកម្លាំង​ប្រយុទ្ធប្រឆាំង​នឹង​ការឈ្លានពាន​របស់​ជប៉ុន។ នៅពេលនោះ តេង ស៊ាវភីង និង​ឥស្សរជន​មួយ​រូប​ទៀត គឺ​លី ប៉ឆេង ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​មេដឹកនាំ​​នៃ​កងពល​លេខ​១២៩ គឺ​តេង ស៊ាវភីង ជា​មេបញ្ជាការ​នយោបាយ ហើយ​ លី ប៉ឆេង ជា​មេបញ្ជាការ​ប្រយុទ្ធ។ ក៏ប៉ុន្តែ ខុស​ពី​កងពល​ផ្សេងទៀត ដែល​មេបញ្ជាការ​ប្រយុទ្ធ​មាន​អំណាច​ជាង​មេបញ្ជាការ​នយោបាយ នៅ​ក្នុង​កងពល​លេខ​១២៩វិញ គឺ​តេង ស៊ាវភីង ដែល​ទទួល​តំណែង​ជា​លេខា​ទី១ ហើយ​​មាន​អំណាច​លើ​ លី ប៉ឆេង។

នៅ​ក្នុងរយៈពេល​១២ឆ្នាំ (១៩៣៧-១៩៤៩) កងពល​លេខ​១២៩ ក្រោម​ការដឹកនាំ​របស់​តេង ស៊ាវភីង និង លី ប៉ឆេង បាន​ដើរតួនាទី​យ៉ាងសំខាន់ និង​បាន​សម្រេច​នូវ​ជោគជ័យ​យ៉ាងច្រើន នៅ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​កងទ័ព​ជប៉ុន និង​ក្រោយ​មក​ទៀត ប្រយុទ្ធតទល់​នឹង​កងកម្លាំង​របស់​ចាង កាយចៀក រហូត​ទទួល​បាន​ជោគជ័យ​ផ្តួលរំលំ​រដ្ឋាភិបាល​សាធារណរដ្ឋ​របស់​គួមីនតាង បង្កើត​ជា​របបសាធារណរដ្ឋ​ប្រជាមានិតចិន​ឡើង​នៅ​ឆ្នាំ​១៩៤៩។

គិតត្រឹមឆ្នាំ​១៩៤៩ បើទោះបីជា​បាន​ទទួល​ជោគជ័យ​ក្នុងការ​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​ចាង កាយចៀកហើយ​ក៏ដោយ បក្ស​កុម្មុយនិស្ត​ចិន​នៅមិនទាន់​បាន​បង្កើត​រដ្ឋាភិបាល​កណ្តាល​មួយ​នៅឡើយដែរ ដោយ​ប្រទេស​ចិន​ទាំងមូល​ត្រូវ​បាន​ពុះចែក​ជា​ភូមិភាគ​ចំនួន៦​ដាច់​ពី​គ្នា។ តេង ស៊ាវភីង និង​ លី ប៉ឆេង ដែល​សុទ្ធតែ​ជា​អ្នក​មាន​ស្រុកកំណើត​នៅ​ខេត្ត​ស៊ីឈ័ន (ប៉ែកនិរតី) ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​មេដឹកនាំ​ភូមិភាគនិរតី ហើយ​នៅ​ក្នុង​ភូមិភាគ​និរតី​នេះ ក៏​ដូចជា​កាល​ពី​​នៅ​ក្នុង​កងពល​លេខ​១២៩​ដែរ តេង ស៊ាវភីង ទទួល​តំណែង​​ជា​លេខា​ទី១​ ចំណែក​ឯ​ លី ប៉ឆេង គឺ​ជា​លេខា​ទី២។

នៅ​ឆ្នាំ​១៩៥២ នៅពេល​ដែល​​អំណាច​របស់​លេខាភូមិភាគ​ត្រូវ​បាន​ផ្ទេរ​ទៅដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ផ្ទាល់​នៃ​រដ្ឋាភិបាល​កណ្តាល​នៅ​ប៉េកាំង តេង ស៊ាវភីង ត្រូវ​បាន​តែងតាំង​ជា​ឧបនាយករដ្ឋមន្រ្តី​ នៅ​ក្នុងរដ្ឋាភិបាល​​ដឹកនាំ​ដោយ ជូ អេនឡាយ ដែល​ជា​រៀមច្បង​ធ្លាប់​ធ្វើការ​ជាមួយគ្នា ពេល​រៀន​នៅ​ក្នុង​ប្រទេស​បារាំង។

តេង ស៊ាវភីង កាន់តំណែង​ត្រឹម​ឧបនាយករដ្ឋមន្រ្តី​ក៏ពិតមែន ក៏ប៉ុន្តែ មាន​អំណាច​ពិសេស ដោយ​សារតែ​លោក​ទទួល​បាន​នូវ​ការទុកចិត្ត​យ៉ាងខ្លាំង​ពី​សំណាក់​ម៉ៅសេទុង។ លោក​ប្រធានម៉ៅ ដែល​ជា​ប្រធានាធិបតី​ផង និង​ជា​​ប្រមុខដឹកនាំ​កំពូល​នៃ​បក្ស​កុម្មុយនិស្ត​ផង ​បាន​ចេញ​បញ្ជា​ផ្ទៃក្នុងមួយ កំណត់​ថា រាល់​ឯកសារ​ទាំងអស់ ដែល​រដ្ឋាភិបាល​ត្រូវ​ដាក់​ជូនថ្នាក់ដឹកនាំ​បក្ស​ពិនិត្យ​និង​សម្រេច ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​ពី​​ តេង ស៊ាវភីង​ជាមុន ដែល​ធ្វើ​ឲ្យ តេង ស៊ាវភីង ត្រូវ​មាន​តួនាទី​ជា​អ្នកសម្របសម្រួល​កិច្ចការ​សំខាន់ៗ រវាង​បក្ស​និង​រដ្ឋ។
 

លោក តេង ស៊ាវភីង (ឆ្វេង) និង​លោក លី ប៉ឆេង មេបញ្ជាការ​កងពល​១២៩​ ក្នុង​អំឡុង​សង្រ្គាម​ទ័ព​ព្រៃប្រឆាំង​ជប៉ុន និង​កងទ័ព​គួមីនតាង
លោក តេង ស៊ាវភីង (ឆ្វេង) និង​លោក លី ប៉ឆេង មេបញ្ជាការ​កងពល​១២៩​ ក្នុង​អំឡុង​សង្រ្គាម​ទ័ព​ព្រៃប្រឆាំង​ជប៉ុន និង​កងទ័ព​គួមីនតាង

មិនត្រឹមតែ​ប៉ុណ្ណោះ នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោ​យមកទៀត តេង ស៊ាវភីង ត្រូវ​បាន​បក្ស​ប្រគល់​កិច្ចការ​កាន់តែ​សំខាន់ៗ​បន្ថែម​ទៀត គឺ​ចាប់ពីឆ្នាំ១៩៥៣ ត្រូវ​​ទទួល​បន្ទុក​ជា​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​នៅ​ឆ្នាំ១៩៥៦ ទទួល​បាន​ការ​តែងតាំងជា​អគ្គលេខាធិការ​បក្ស និង​ជា​សមាជិក​នៃ​គណៈ​អចិន្រ្តៃយ៍បក្ស ពោលគឺ​ត្រូវ​ស្ថិត​ក្នុង​ចំណោម​មនុស្ស ៦នាក់ ដែល​មាន​អំណាច​ខ្លាំង​បំផុត​នៅ​ចិន បន្ទាប់​ពី​​ម៉ៅសេទុង, លៀវ ស្ហាវឈី, ជូ អេនឡាយ, ជូ តឺ និង ឈិន យុន។

ក្នុង​ឋានៈជា​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ជា​អគ្គលេខាធិការ​បក្ស តេង ស៊ាវភីង គឺ​ជា​អ្នក​ទទួល​បន្ទុក​អនុវត្ត​ផែនការ ៥ឆ្នាំ ដែល​ដាក់ចេញ​ដោយ​បក្ស​កុម្មុយនិស្ត ក្នុងនោះ​រួម​ទាំង​នយោបាយ​សេដ្ឋកិច្ច​តាមបែប​សមូហភាព​ផងដែរ។

តេង ស៊ាវភីង ចាប់តាំង​ពីពេល​រៀន​នៅ​ម៉ូស្គូ មិនមែន​ជា​អ្នក​ចូលចិត្ត​នយោបាយ​សេដ្ឋកិច្ច​សមូហភាព​​នោះទេ។ ផ្ទុយ​ទៅវិញ លោក​យល់ថា នយោបាយ​សេដ្ឋកិច្ច​ដែល​បើក​ចំហ​ដល់​វិនិយោគ​ឯកជន តាមបែប​មូលធន​និយម ទើប​អាច​ជំរុញ​កំណើន​សេដ្ឋកិច្ច​បាន​លឿន​ជាង។

ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ លោក​​បាន​អនុវត្ត​យ៉ាងខ្ជាប់ខ្ជួន​នូវ​នយោបាយ​សេដ្ឋកិច្ច​សមូហភាព​ដាក់ចេញ​ដោយ​ម៉ៅសេទុង។ ទោះបី​ជាក្រោយ​មក​ទៀត នៅ​ពេល​ដែល​ម៉ៅសេទុង​ដាក់ចេញ​នយោបាយ​ដែល​គេហៅថា “មហាលោតផ្លោះ” ហើយ​ដែល​​ជា​កំហុសឆ្គង​ដ៏ធំ បង្ក​នូវ​គ្រោះមហន្តរាយ​ដ៏មហិមា​ដល់​សេដ្ឋកិច្ច​និង​ប្រជាសាស្រ្ត​ចិន​ក៏ដោយ ក៏​តេង ស៊ាវភីង នៅតែ​បន្ត​អនុវត្ត​តាម​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​នយោបាយ​របស់​ម៉ៅសេទុង​ដែរ។

នៅពេលក្រោយ​មក​ទៀត តេង ស៊ាវភីង បាន​បង្ហើប​ប្រាប់​កូនស្រី​របស់​លោក អំពី​វប្បដិសារី ដែល​មិន​បាន​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រាន់ ​ក្នុងការ​ជួយ​តម្រែតម្រង់​ផ្លូវ​​ បញ្ចៀស​កុំ​ឲ្យ​ម៉ៅសេទុង​ដាក់ចេញ​នូវ​នយោបាយ​ខុសឆ្គង​អស់ទាំងនេះ។

តាមការពិត នេះ​ក៏ដោយសារតែ​តេង ស៊ាវភីង គឺ​ជា​មនុស្ស​ដែលតែងតែ​​ប្រកាន់យ៉ាង​​ខ្ជាប់​នូវ​គោលការណ៍​ស្មោះត្រង់​ចំពោះ​មេកើយ គោរពវិន័យ និង​ឋានានុក្រម (ថ្នាក់​ក្រោម​ត្រូវតែ​ស្តាប់​បង្គាប់​ថ្នាក់​លើ)។ រីឯ​ម៉ៅសេទុង​វិញ ក៏​ជា​អ្នក​ដែល​មិនសូវ​ចេះ​ទទួល​​ការរិះគន់ ហើយ​មិនចេះអត់ឱន​ឲ្យ​អ្នកណា​ដែល​មាន​គំនិត​ផ្ទុយ​ពីខ្លួន។ បន្ថែម​ពីលើ​នេះ​ទៅទៀត តេង ស៊ាវភីង ក៏ដូចជា​មនុស្សជាច្រើន​ផ្សេងទៀត​នៅពេលនោះ សុទ្ធតែ​បាន​ឃើញពី​ទេពកោសល្យ​​ក្នុងការ​ដឹកនាំ យុទ្ធសាស្រ្ត​យោធា ​និង​ភាពឆ្លាតវ័យ​ខាង​​នយោបាយ ព្រមទាំង​ស្នាដៃ​ដ៏ធំធេង​ជាច្រើន​ផ្សេងទៀត ដែល​ម៉ៅសេទុង​សម្រេច​បាន ចាប់តាំងពីសម័យ​​សង្រ្គាម​ស៊ីវិល រហូត​បាន​​ទទួល​ជោគជ័យ​​​ឡើង​កាន់​អំណាច។ ហេតុដូច្នេះហើយ​បាន​ជា​ពួកគេ​បាន​ដាក់​ការ​ទុកចិត្ត​ខ្លាំង រហូត​​មើល​រំលង​កំហុសឆ្គងរបស់​ម៉ៅសេទុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ