អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ប្រវត្តិ​របស់​តេងស៊ាវភីង​បិតា​កំណែទម្រង់​សេដ្ឋកិច្ច​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​នាទី​ប្រវត្តិសាស្រ្ត​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមងាក​ម​កផ្តោត​លើ​ប្រវត្តិ​របស់​ឥស្សរជន​ដ៏​សំខាន់​មួយ​រូប ដែល​ជា​បិតា​នៃ​កំណែទម្រង់​សេដ្ឋកិច្ច​ចិន គឺ​លោក តេង ស៊ាវភីង។

លោក តេង ស៊ាវពីង បិតា​កំណែទម្រង់​សេដ្ឋកិច្ចចិន
លោក តេង ស៊ាវពីង បិតា​កំណែទម្រង់​សេដ្ឋកិច្ចចិន
ផ្សាយពាណិជ្ជកម្ម

តេង ស៊ាវភីង កើត​នៅ​ឆ្នាំ១៩០៤ នៅ​ក្នុង​ត្រកូល​អ្នក​មាន​មធ្យម​មួយ នៅ​ស្រុក​គ័ងអាន ខេត្ត​ស៊ីឈ័ន។ នៅពេលនោះ​ចិន​ស្ថិត​ក្រោម​ការ​ដឹកនាំ​នៃ​រាជវង្សឆេង (Qing) ហើយ​សែស្រឡាយ​នៃ​ត្រកូល​តេង ធ្លាប់​ជា​អ្នក​មាន​កូនចៅ​ធ្វើ​ជា​មន្រ្តី ហេតុដូច្នេះហើយ​បាន​ជា​ឪពុក​របស់​តេង ស៊ាវភីង បាន​ខិតខំ​ផ្ចុងផ្តើម​កូន​ឲ្យ​បាន​រៀនសូត្រ ក្នុងក្តីស្រមៃ​ចង់​ឃើញ​កូនប្រុស​ក្នុង​ត្រកូល​បាន​ក្លាយ​ជា​មន្រ្តី​ខ្ពស់។

ក៏ប៉ុន្តែ នៅ​ពេល​ដែល​តេង ស៊ាវភីង ទើប​នឹង​ចាប់ផ្តើម​ចូលរៀន​នៅ​សាលាបាន​មួយឆ្នាំ រាជវង្សឆេង​ត្រូវ​ដួលរលំ នៅ​ក្នុង​បដិវត្តន៍​ឆ្នាំ​១៩១១។ របបរាជានិយម​ត្រូវ​គេ​រំលាយ​ចោល ជំនួស​មកវិញ​ដោយ​របបសាធារណរដ្ឋ ហើយមុខងារ​ជា​មន្រ្តី​ក៏​ត្រូវ​គេលុបចោល។ តែទោះជាយ៉ាងណា ឪពុក​របស់​តេង ស៊ាវភីង មិនបាន​បោះបង់​ចោល​គំនិត​ចង់​ឲ្យ​កូន​ទទួល​បាន​ការ​រៀនសូត្រ​ខ្ពង់ខ្ពស់​នោះដែរ។

ដោយ​ការ​ប្រឹងប្រែង ភាពឆ្លាតវៃ ព្រមទាំង​ការ​ទំនុកបម្រុង​ពី​ឪពុក តេង ស៊ាវភីង បាន​ប្រឡង​ជាប់ជាបន្តបន្ទាប់ រហូត​ដល់​ថ្នាក់​វិទ្យាល័យ ហើយ​នៅ​ឆ្នាំ​១៩១៩ តេង ស៊ាវភីង មាន​ឱកាស​ថ្មីមួយទៀត គឺ​ការ​បន្តការសិក្សា​នៅ​បរទេស។ នៅពេលនោះ អ្នកមាន​ម្នាក់​នៅ​ខេត្ត​ស៊ីឈ័ន ដែល​ធ្លាប់​បាន​ទៅ​រៀន​នៅ​ប្រទេស​បារាំង បាន​បង្កើត​អាហារូបករណ៍​ពិសេសមួយ ដើម្បី​ជួយ​អ្នក​ស៊ីឈ័ន​ឲ្យ​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​បារាំង​ដូចខ្លួន។ អ្នក​ចង់​ទទួល​អាហារូបករណ៍​ត្រូវ​ប្រឡង​ចូល​ថ្នាក់​ត្រៀម ដែល​មាន​រយៈពេល​មួយឆ្នាំ មុននឹង​ប្រឡងយក​អាហារូបករណ៍។

តេង ស៊ាវភីង បាន​ប្រឡង់​ជាប់ចូល​ថ្នាក់​ត្រៀម ក៏ប៉ុន្តែ ដោយ​មិនសូវ​ពូកែ​​ខាង​ភាសា​បរទេស តេង ស៊ាវភីង ប្រឡង​មិនជាប់​ខាង​ភាសា​បារាំង ហើយ​ក៏​ត្រូវ​ទទួល​បរាជ័យ​ក្នុង​ការ​ប្រឡង​យក​អាហារូបករណ៍។ ក៏ប៉ុន្តែ ឪពុក​របស់​តេង ស៊ាវភីង សុខចិត្តចំណាយលុយ​ផ្ទាល់ខ្លួន ធ្វើ​ម៉េច​ឲ្យតែ​កូន​អាច​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​បារាំង។
 

នៅ​ឆ្នាំ​១៩២០ ក្នុងវ័យត្រឹមតែ ១៦ឆ្នាំ តេង ស៊ាវភីង រួមជាមួយ​កូនសិស្ស​ប្រមាណ​ជា ៨០នាក់ផ្សេងទៀត បានឡើង​កប៉ាល់ ធ្វើ​ដំណើរ​​ចាកចេញ​ពី​ប្រទេសកំណើត ឆ្ពោះទៅ​កាន់ប្រទេស​បារាំង។ នៅ​ពេលនោះ ការ​ធ្វើ​ដំណើរ​ពី​ចិន​ទៅ​បារាំង ត្រូវ​ចំណាយ​ពេល​រហូតដល់​រាប់ខែ ហើយ​ត្រូវ​ឈប់សំចត​តាមផ្លូវ​ជាច្រើន​កន្លែង ដោយ​កន្លែង​ឈប់សំចត​ទីមួយ គឹ​នៅ​ក្រុង​សៀងហៃ ដែល​ជា​សម្បុក​នៃ​ជនបរទេស​ស្បែក ស។

នៅសៀងហៃ តេង ស៊ាវភីង បាន​សង្កេតឃើញ​ជនជាតិចិន ដែល​ជា​ម្ចាស់ស្រុក ត្រូវ​ពួក​បរទេស​មើលងាយមើលថោក​ដូចទាសករ ហើយ​ទិដ្ឋភាព​បែបនេះក៏​កើតមាន​ដែរ នៅ​តាម​ទីកន្លែងផ្សេងទៀត​ ដូចជា ហុងកុង វៀតណាម សិង្ហបុរី និង​ស្រីលង្កា ដែល​កប៉ាល់​របស់​តេង ស៊ាវភីង​ត្រូវ​ឈប់សំចត។ រូបភាព​​នៃ​ភាព​អយុត្តិធម៌​អស់ទាំងនេះ​បាន​ដក់ជាប់​នឹង​ផ្នត់គំនិត​របស់​តេង ស៊ាវភីង ក៏ដូចជា​កូនសិស្ស​ចិន​ផ្សេងទៀត ហើយ​វាជា​ឫសគល់​មួយ នៃ​ផ្នត់គំនិត​បដិវត្តន៍​របស់​តេង ស៊ាវភីង នៅពេល​ក្រោយមកទៀត។

ទៅដល់​បារាំង តេង ស៊ាវភីង បាន​ទៅ​រៀន​នៅ​ឯ​តំបន់​ណរម៉ង់ឌី (ខាងជើង​ប្រទេស​បារាំង) ហើយ​ដូចជា​កូនសិស្ស​ចិន​ភាគច្រើន​ផ្សេងទៀត តេង ស៊ាវភីង ត្រូវ​រៀន​បណ្ដើ និង​ធ្វើការ​បណ្ដើ ដើម្បី​យក​លុយ​ចិញ្ចឹមជីវិត។ នៅពេលនោះ បារាំង​ទើប​នឹង​ងើប​ចេញ​ពី​សង្រ្គាម​លោក​លើកទី១ ហើយ​​សេដ្ឋកិច្ច​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដុនដាប​ខ្លាំង។ តម្លៃ​ទំនិញ​សព្វសារពើ​ក៏​ខ្ពស់ ហើយ​ការងារ​ក៏​ពិបាករក។ ការងារ​ដែល​កូនសិស្ស​ចិន​អាច​រក​បាន​ធ្វើ​ គឺ​សុទ្ធសឹង​ជា​ការងារ​ប្រើ​កម្លាំង ទទួល​បាន​ប្រាក់ឈ្នួល​តិច ហើយ​គ្មាន​ភាព​ថ្លៃថ្នូរ ដែល​ជនជាតិ​បារាំង​មិនចង់​ធ្វើ។

ប្រឈមមុខ​នឹង​បញ្ហា​នេះ និស្សិតចិន​ជាច្រើន​នាក់​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានតំណាង​ចិន ក្នុងក្រុង​ប៉ារីស ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយគិតគូរ​ដល់​ជីវភាព​របស់​ពួកគេ ក្នុងហេតុផល​ថា អ្វី​ដែល​ពួកគេ​កំពុងធ្វើនៅបារាំង គឺ​រៀនសូត្រ​យក​ចំណេះដឹង​ទៅ​ជួយ​អភិវឌ្ឍ​ប្រទេស។ ក៏ប៉ុន្តែ ការទាមទារ​របស់​ពួកគេ​ត្រូវ​បាន​តំណាង​រដ្ឋាភិបាល​ចិន​ធ្វើ​មិនដឹងមិនឮ ហើយ​លើសពីនេះ​ទៅទៀត មេដឹកនាំ​បាតុកម្ម​ខ្លះ​ត្រូវ​បាន​ប៉ូលិស​បារាំង​ចាប់ខ្លួន ដោយខ្លះ​ត្រូវ​បាន​បណ្តេញ​​ឲ្យ​ទៅ​កាន់​ប្រទេស​ចិនវិញ។
 

តេង ស៊ាវភីង នៅ​ពេល​កំពុង​សិក្សា​នៅ​ប្រទេស​បារាំង
តេង ស៊ាវភីង នៅ​ពេល​កំពុង​សិក្សា​នៅ​ប្រទេស​បារាំង

កំហឹង​នឹង​រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​និស្សិត​ចិន​ខ្លះ​កើត​​គំនិត​ចង់​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ចិន​នៅពេលនោះ ដែល​ពួកគេ​គិត​ថា ជា​រដ្ឋាភិបាល​ដែល​កំសាក គ្មាន​សមត្ថភាព និង​មិនគិតគូរ​ពី​ធនធាន​មនុស្ស ដែល​ជា​ទំពាំង​ស្នងឫស្សី។ នៅ​ក្នុង​បរិបទ​នោះ​ហើយ ដែល​និស្សិតចិន​មួយ​ចំនួន​ធំ ក្នុងនោះ ក៏​រួមមាន​ទាំង តេង ស៊ាវភីង​ផង ចាប់ផ្តើម​មាន​ទំនោរទៅរក​មនោគមន៍​វិជ្ជា​កុម្មុយនិស្ត ដែល​ជា​មនោគមន៍​វិជ្ជា​កំពុងតែ​រីកដុះដាល​ខ្លាំង នៅ​ក្នុង​​ប្រទេស​បារាំង ក៏ដូចជា នៅ​ក្នុង​ប្រទេស​ផ្សេងទៀត​នៅ​អឺរ៉ុប។ នៅ​ឆ្នាំ​១៩២១ តេង ស៊ាវភីង បាន​ចូល​ជាសមាជិក​ចលនា​យុវជន​ចិនកុម្មុយនិស្ត​ប្រចាំ​តំបន់​អឺរ៉ុប ហើយ​បាន​ជួប និង​ស្គាល់​និស្សិត​ចិនមួយរូប ដែល​ក្រោយ​មក​ក្លាយ​ជា​ឥស្សរជន​ដ៏សំខាន់​មួយ​រូប នៃ​បដិវត្តន៍​កុម្មុយនិស្ត​ចិន គឺ​ ជូ អេនឡាយ។

តាមការពិត​ទៅ នៅ​ក្នុង​ប្រទេស​បារាំង តេង ស៊ាវភីង មិនបាន​រៀន​សូត្រ​ជាប់លាប់​នោះទេ ដោយសារ​តែ​រវល់​ធ្វើការ។ ការងារ​ភាគច្រើន តម្រូវ​ឲ្យ​តេង ស៊ាវភីង ត្រូវ​ផ្អាក​ការ​សិក្សា។ រហូតទាល់តែ​ដល់​ពេល​ធ្វើការ​សន្សំ​លុយ​បាន​ខ្លះហើយ ទើប​ត្រឡប់​ទៅ​រៀនវិញ។ ក៏ប៉ុន្តែ ក្រោយ​ពី​​​រត់ចុះរត់ឡើងជាច្រើន​ដង សាលារៀន​ក៏​​លែងទទួល​​ឲ្យចូលរៀន ចំណែក​ឯ​រោងចក្រ​ធ្លាប់​ធ្វើការ​ក៏​លែង​ទទួល​ឲ្យ​ធ្វើការ។ នៅទីបំផុត​ទៅ តេង ស៊ាវភីង ត្រូវ​ដើរទាត់ខ្យល់ នៅ​ស្រុកបារាំង។ នៅពេលនោះហើយ ដែល​តេង ស៊ាវភីង ចាប់ផ្តើម​ចំណាយពេល​ច្រើន​ ទៅលើ​ការ​សិក្សា​មនោគមន៍វិជ្ជា​កុម្មុយនិស្ត ព្រមទាំង​មាន​ពេល​ចូលរួម​ក្នុង​ចលនា​យុវជន​កុម្មុយនិស្ត​អឺរ៉ុប។

នៅ​ខែ​មិថុនា​ឆ្នាំ​១៩២៣ តេង ស៊ាវភីង បាន​ចូល​ធ្វើការ​នៅ​ការិយាល័យ​កុម្មុយនិស្ត​អឺរ៉ុប ប្រចាំ​ក្រុង​ប៉ារីស។ នៅទីនោះ តេង ស៊ាវភីង ធ្វើការ​ក្រោម​បង្គាប់​របស់ ជូ អេនឡាយ ហើយ​ការងារ​ដ៏សំខាន់​មួយ ក្នុង​​ក្នុង​ចំណោម​កិច្ចការ​ដែល តេង ស៊ាវភីង គឺ​ការ​បោះពុម្ព​កាសែត​ជាភាសា​ចិន ដែល​គេ​ដាក់​ឈ្មោះ​ថា “ជីគ័ង” (មានន័យថា “ពន្លឺក្រហម”)។

ធ្វើការ​បាន​មួយ​ឆ្នាំ នៅ​ខែ​កក្កដា ឆ្នាំ​១៩២៤ តេង ស៊ាវភីង ដែល​មាន​វ័យ​ត្រឹមតែ ២០ឆ្នាំ ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​ចិន​ទទួល​ឲ្យ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ ព្រមទាំង​ទទួល​បាន​នូវ​ការ​តែងតាំង​ឲ្យ​ធ្វើ​ជា​សមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិ​នៃ​ចលនា​យុវជន​កុម្មុយនិស្ត​ចិន​ប្រចាំ​តំបន់​អឺរ៉ុប។ តេង ស៊ាវភីង បាន​ចាកចេញ​ពី​ប្រទេស​បារាំង​ទៅ​ម៉ូស្គូ នៅ​ឆ្នាំ​១៩២៥ មុននឹង​វិលត្រឡប់​ទៅកាន់​ប្រទេសចិន​វិញ នៅ​ចុងឆ្នាំ​១៩២៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ