អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បានជា​កូរ៉េ​ខាង​ជើង​ព្រម​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​នៅពេល​នេះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃ​ពុធ កូរ៉េ​ខាងជើង​បាន​ប្រកាស​ថា​នឹង​សុខចិត្ត​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ហើយ​អនុញ្ញាត​ឲ្យ​ក្រុមមន្រ្តី​អធិការកិច្ច​នុយក្លេអ៊ែរ​របស់​អ.ស.ប.​វិលត្រឡប់​ចូល​មក​ក្នុង​ប្រទេស​កូរ៉េខាងជើង​វិញ។ ចំណែក​ភាគី​អាមេរិក​វិញ​ បាន​សន្យា​ថា​នឹង​ផ្តល់​ជំនួយ​ជា​ស្បៀងអាហារ​ចំនួន ២៤ម៉ឺន​តោន​ដល់​កូរ៉េ​ខាងជើង ជាថ្នូរ​នឹង​ការ​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​នេះ។ ក៏ប៉ុន្តែ សំណួរ​សួរថា តើ​កូរ៉េ​ខាង​ជើង​ផ្អាក​កម្មវិធី​នុយក្លែអ៊ែរ ដោយសារ​តែ​ចង់​បាន​ជំនួយ​ជា​ស្បៀងអាហារ​នេះ​មែន ឬ​ក៏​មាន​មូលហេតុ​អ្វី​ផ្សេង​​ទៀត?

លោក​គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាងជើង
លោក​គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាងជើង REUTERS/KCNA
ផ្សាយពាណិជ្ជកម្ម

នៅ​ខែ​កញ្ញា ឆ្នាំ​២០០៥ កូរ៉េ​ខាងជើង​បាន​ព្រមព្រៀង​ថា​នឹង​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ជា​ថ្នូរ​នឹង​ជំនួយ​សេដ្ឋកិច្ច ការ​ដក​ទណ្ឌកម្ម និង​ការ​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​សហគមន៍​អន្តរជាតិ។ ក៏ប៉ុន្តែ នៅ​ខែ​មេសា ឆ្នាំ​២០០៩ កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប និង​អាវុធ​នុយក្លេអ៊ែរ ដែល​ធ្វើ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​​ចេញ​សេចក្តីថ្លែងការ​ណ៍​ថ្កោលទោស។

កូរ៉េ​ខាងជើង​ក៏បាន​ដកខ្លួន​ចេញ​ពី​ការ​ចរចា ៦ភាគី បណ្តេញ​មន្រ្តី​អធិការ​កិច្ច​នុយក្លេអ៊ែរ​របស់​អ.ស.ប.​ចេញ​ពី​ប្រទេស ហើយ​ចាប់ផ្តើម​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​តទៅទៀត។ ចាប់ពីពេលនោះ ការចរចា​រក​ដំណោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ត្រូវ​ជាប់គាំង​ទាំងស្រុង។

ស្រាប់​តែ​មកដល់​ថ្ងៃ​ពុធ ២៩ កុម្ភៈនេះ កូរ៉េ​ខាងជើង​បាន​ធ្វើការ​​ប្រកាស​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​​ថា​​ខ្លួន​នឹង​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ ហើយ​នឹង​អនុញ្ញាត​ឲ្យ​មន្រ្តី​អធិការ​កិច្ច​នុយក្លេអ៊ែរ​របស់ AIEA វិលត្រឡប់​ចូល​មក​​កូរ៉េ​ខាងជើងវិញ។ ជាផ្លូវការ កូរ៉េ​ខាងជើង​សុខចិត្ត​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​នេះ ជាថ្នូរ​នឹង​ជំនួយ​ជា​ស្បៀងអាហារ​​ពី​សហរដ្ឋ​អាមេរិក។

ប្រសិនបើ​គេ​មើល​ទៅលើ​ស្ថានភាព​បច្ចុប្បន្ន​នៅ​កូរ៉េ​ខាង​ជើង ដែល​​ប្រជាជន​ ប្រមាណ​ជាង ៦លាន​នាក់ កំពុង​ប្រឈមមុខ​នឹង​ការ​ខ្វះ​ស្បៀង គេគួរតែ​អាច​និយាយ​បាន​ថា ជំនួយ​ជា​ស្បៀងអាហារ ២៤ម៉ឺន​តោន របស់​អាមេរិក គឺ​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​កូរ៉េ​ខាងជើង។ ក៏ប៉ុន្តែ តើ​វា​មាន​សារៈសំខាន់​ សម្រាប់​របបដឹកនាំ​ក្រុងព្យុងយ៉ាង រហូតដល់​សុខចិត្ត​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​មែនឬ?​

បើ​យើងពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ទៅ យើងឃើញ​ថា ប្រជាជន​កូរ៉េ​ខាងជើង​ជួប​នឹង​គ្រោះ​អត់ឃ្លាន​ជាយូរណាស់​មកហើយ ប៉ុន្តែ មេដឹកនាំ​កូរ៉េ​ខាងជើង​​​តែងតែ​យក​​ការ​អភិវឌ្ឍ​វិស័យ​យោធា​ធំ​ជាង​សុខមាលភាព​របស់​ប្រជាជន។ មេដឹកនាំ​កូរ៉េ​ខាងជើង​តែងតែ​យល់ថា កម្មវិធី​នុយក្លេអ៊ែរ​យោធា​របស់​ខ្លួន គឺ​ជា​អាវុធ​ដ៏​សំខាន់​បំផុត ដើម្បី​ឲ្យ​កូរ៉េ​ខាងជើង​អាច​ឈរជើង នៅលើ​ឆាក​អន្តរជាតិ ទល់នឹង​​​សហរដ្ឋ​អាមេរិក​បាន។

ដូច្នេះ ត្រឹមតែ​ជំនួយ​ជា​ស្បៀងអាហារ​​មួយមុខ​មិនមែន​ជា​មូលហេតុ​ចម្បង ដែល​ជំរុញ​ឲ្យ​កូរ៉េ​ខាងជើង​​សុខចិត្ត​ផ្អាក​កម្មវិធី​នុ​យក្លេអ៊ែរ​ពេលនេះ​ទេ។ ជាការពិត​ថា កូរ៉េ​ខាងជើង​ត្រូវការ​ស្បៀងអាហារ ប៉ុន្តែ អ្វី​ដែល​សំខាន់​ជាង​ជំនួយ​ស្បៀងអាហារ​នេះ​ទៅទៀត គឺ​ការព្រមព្រៀង​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​សហរដ្ឋ​អាមេរិក។

តាំងពីដើម​រៀងមក មេដឹកនាំ​កូរ៉េ​ខាងជើង​តែងតែ​​ចាត់ទុក​ថា ជម្លោះ​នៅ​ឧបទ្វីបកូរ៉េ គឺ​ជា​ជម្លោះ​រវាង​​កូរ៉េ​ខាង​ជើង និង​សហរដ្ឋ​អាមេរិក។ កូរ៉េ​ខាងត្បូង​វិញ គ្រាន់តែ​ជា​កូនជឹង​របស់​អាមេរិក​តែ​ប៉ុណ្ណោះ។ មេដឹកនាំ​កុម្មុយនិស្ត​ក្រុងព្យុងយ៉ាង​មិនដែល​ចាត់ទុក​​កូរ៉េ​ខាង​ត្បូង​​ថា​ជា​ប្រទេស​ឯករាជ្យ​មួយ​នោះទេ។

ហេតុដូច្នេះ​ហើយ​បាន​ជា​​កូរ៉េ​ខាងជើង​តែងតែ​​ទាមទារ​ចរចា​តែ​ពីរនាក់​​អាមេរិក ដើម្បី​ជជែក​អំពី​សំណុំរឿងនុយក្លេអ៊ែរ ការ​ដកទណ្ឌកម្ម និង​ការ​ចុះកិច្ចព្រមព្រៀង​សន្តិភាព​បញ្ចប់​សង្រ្គាម​កូរ៉េ។ ក៏ប៉ុន្តែ សហរដ្ឋ​អាមេរិក​តែងតែ​បដិសេធ​មិន​ចរចា​ទ្វេភាគី ដោយ​ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ តាម​រយៈយន្តការ ៦ភាគី ដែល​ធ្លាប់​ធ្វើ​កន្លងមក។ ទើប​តែ​ចុងក្រោយ​ថ្មីៗ​នេះ ដែល​អាមេរិក​សុខចិត្ត​ចរចា​​ទ្វេភាគី​ជាមួយ​កូរ៉េ​ខាងជើង រហូត​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ ជាថ្នូរ​នឹង​ជំនួយ​ស្បៀងអាហារ។

ថ្វីដ្បិត​តែ​អាមេរិក​​ទាមទារ​ថា ការចរចា​ទ្វេភាគី​នេះ​គ្រាន់តែ​ជា​ការ​ចរចា ដើម្បី​បើកផ្លូវ​ឆ្ពោះទៅ​ចាប់ផ្តើម​ការ​​ចរចា ៦ភាគី​ឡើងវិញ ក៏ប៉ុន្តែ សម្រាប់​មេដឹកនាំ​កូរ៉េ​ខាងជើង​ការចុះ​កិច្ចព្រមព្រៀង​ទ្វេភាគី​ជាមួយ​អាមេរិក​ គឺ​ជាជោគជ័យ​ដ៏ធំមួយ។ មេដឹកនាំ​កូរ៉េ​ខាងជើង​អាច​នឹង​និយាយ​បាន​ថា នៅទីបំផុត ខ្លួន​អាច​ទាញ​មហាអំណាច​អាមេរិក​ឲ្យ​មក​ចរចា​មួយទល់នឹង​មួយបាន។

ជោគជ័យ​ផ្នែកការទូតនេះ វា​កាន់តែ​មាន​សារៈសំខាន់​ថែមទៀត សម្រាប់​លោក​គីម ជុងអ៊ុន ដែល​ទើប​នឹង​ឡើង​មក​កាន់​អំណាច ហើយ​ដែល​​ត្រូវគេ​មើល​ឃើញ​ថា​ ជា​មេដឹកនាំ​មាន​វ័យ​ក្មេងខ្ចី និង​ខ្វះ​បទ​ពិសោធន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ