អានតួអត្ថបទ
កូរ៉េខាងត្បូង-កូរ៉េ​ខាង​ជើង

កូរ៉េ​ខាង​ត្បូង​និង​អាមេរិក​បើក​ធ្វើ​សមយុទ្ធ កូរ៉េ​ខាង​ជើង​គំរាម​ធ្វើ​សង្រ្គាម

កូរ៉េ​ខាង​ត្បូង និង​អាមេរិក​បាន​ចាប់បើក​ធ្វើ​សមយុទ្ធ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន នៅថ្ងៃ​ចន្ទ​នេះ បើទោះបី​ជា​មាន​ការ​គំរាម​ពី​កូរ៉េ​ខាង​ជើង។ របបកុម្មុយនិស្ត​ក្រុងព្យុងយ៉ាង​បាន​ប្រកាស​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ធ្វើ​សង្រ្គាម​ទល់នឹង​កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក។

លោក​គីម ជុងអ៊ុន ពេល​ទៅ​ទស្សនកិច្ច​​កងទ័ព​កូរ៉េ​ខាង​ជើង ថ្ងៃ​ទី២៦ កុម្ភៈ ២០១២
លោក​គីម ជុងអ៊ុន ពេល​ទៅ​ទស្សនកិច្ច​​កងទ័ព​កូរ៉េ​ខាង​ជើង ថ្ងៃ​ទី២៦ កុម្ភៈ ២០១២ REUTERS/KCNA
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​អគ្គសេនាធិការ​ដ្ឋាន​កងទ័ព​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យដឹង​ថា សមយុទ្ធ​ ដែល​ចាប់ផ្តើម​នៅថ្ងៃចន្ទ​នេះ មាន​ការ​ចូលរួម​ពី​សំណាក់​​ទាហាន​កូរ៉េ​ខាង​ត្បូង ប្រមាណ ២០ម៉ឺននាក់ និង​ទាហាន​អាមេរិក ២ ១០០នាក់។ សមយុទ្ធនេះ​​នឹង​ត្រូវ​ធ្វើ​រហូតដល់​ថ្ងៃ​ទី៩ មីនា។

សមយុទ្ធ​រួម​គ្នា​ក្នុង​​​ទ្រង់ទ្រាយធំ​បែបនេះ តែងតែ​ត្រូវបាន​កូរ៉េ​ខាង​ត្បូង និង​អាមេរិក​រៀបចំ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ។ កូរ៉េ​ខាងជើង​វិញ តែងតែ​ចាត់ទុក​សមយុទ្ធ​នេះ​ថា​ជា​ការ​សមជើង ក្នុងការ​ត្រៀម​វាយប្រហារ​មក​លើ​ខ្លួន។

នៅថ្ងៃ​ចន្ទ​នេះ ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​របស់​កូរ៉េ​ខាង​ជើង​ (KCNA) បាន​ចុះផ្សាយ​ថា កងទ័ព​កូរ៉េ​ខាង​ជើង​បាន​ត្រៀមខ្លួន​រួចជាស្រេច ដោយ​មាន​ទាំង​អាវុធ​នុយក្លេអ៊ែរ​ផង ដើម្បី​ធ្វើ​សង្រ្គាម​ទល់នឹង​កូរ៉េ​ខាង​ត្បូង និង​អាមេរិក។

កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ មេដឹកនាំ​ថ្មី​របស់កូរ៉េ​ខាង​ជើង គឺ​លោក​​គីម ជុងអ៊ុន បាន​ទៅ​​ធ្វើទស្សនកិច្ច​អង្គភាព​កងកាំភ្លើង​កូរ៉េ​ខាង​ជើង ដែល​ធ្លាប់​ធ្វើការ​បាញ់​ផ្លោង​លើ​កោះ​របស់​កូរ៉េ​ខាង​ត្បូង កាលពី​ខែ​វិច្ឆិកា ២០១០។ លោក​គីម ជុងអ៊ុន បាន​ដាក់បញ្ជា​ឲ្យ​អង្គភាពនេះ​វាយប្រហារ​តបតវិញឲ្យ​ចាស់ដៃ​បំផុត ប្រសិនបើ​មានការ​រំលោភ​ចូល​ក្នុង​ដែនទឹក​របស់​កូរ៉េ​ខាងជើង​ សូម្បីតែ ០,០០១​មីល្លីម៉ែត្រ។ នេះ​បើ​យោងតាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន KCNA។

គួររំឭកថា កូរ៉េ​ខាង​ជើង​បាន​បាញ់ផ្លោង​លើ​កោះមួយ​របស់​កូរ៉េ​ខាង​ត្បូង កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១០ បណ្តាល​ឲ្យ​​ស្លាប់​ជនជាតិ​កូរ៉េ​ខាង​ត្បូង ៤នាក់ (ប្រជាជនស៊ីវិល ២នាក់ និង​ទាហាន ២នាក់)។ កូរ៉េ​ខាងជើង​បាន​អះអាង​ថា ការបាញ់ផ្លោង​នេះ​បាន​ធ្វើ​ឡើង ដោយសារ​តែ​ទាហាន​កូរ៉េ​ខាង​ត្បូង​បាញ់​គ្រាប់ផ្លោង​ធ្លាក់​ចូល​ក្នុង​ដែនទឹក​របស់​កូរ៉េ​ខាង​ជើង។ តើ​ដែនទឹក​របស់​កូរ៉េ​ខាង​ជើង​នៅ​ត្រឹមណា ហើយ​កូរ៉េ​ខាង​ត្បូង​នៅត្រឹមណា គឺ​វា​អាស្រ័យ​ទៅលើ​ការ​អះអាង​របស់​ភាគី​ម្ខាងៗ។

ហេតុអ្វី​បាន​ជា​ប្រទេស​កូរ៉េ​ត្រូវ​បែកជាពីរ​រហូតមកទល់​សព្វថ្ងៃ?
06:27

ការពន្យល់​របស់​សេង ឌីណា

ចាប់តាំង​ពី​សង្រ្គាម​កូរ៉េ (១៩៥០-១៩៥៣) រហូតមកទល់ពេលនេះ ប្រទេស​កូរ៉េ​ទាំងពីរ នៅមិនទាន់​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​គ្នា​នៅឡើយទេ។ ដូច្នេះ ថ្វីដ្បិត​តែ​ការច្បាំងគ្នា​បាន​បញ្ចប់ ប៉ុន្តែ បើគិតទៅ កូរ៉េ​ខាងជើង និង​កូរ៉េ​ខាង​ត្បូង កំពុង​បន្ត​ស្ថិត​នៅ​ក្នុង​ស្ថានភាព​សង្រ្គាម​នឹង​គ្នា​នៅឡើយ។

ភាពតានតឹង​នៅ​ឧបទ្វីបកូរ៉េ​បាន​ចាប់កើនឡើង​មួយ​កម្រិត​ថែមទៀត នៅ​ក្រោយ​មរណភាព​របស់​លោក​គីម ជុងអ៊ីល។ កូរ៉េ​ខាងជើង ក្រោម​ការ​ដឹកនាំ​របស់​​លោក​គីម ជុងអ៊ុន បាន​ដំឡើង​សំឡេង​ដាក់​កូរ៉េ​ខាង​ត្បូង ម្តងហើយ​ម្តងទៀត។ អ្នកវិភាគ​ជាច្រើន​យល់ថា ការណ៍​ដែល​លោក​គីម ជុងអ៊ុន ប្រកាន់​ជំហរ​បែបនេះ គឺ​ដើម្បី​កុំ​ឲ្យ​គេមើលឃើញ​ថា គាត់​ជា​មេដឹកនាំ​ក្មេងខ្ចី ខ្វះបទ​ពិសោធន៍ និង​មាន​ជំហរ​ទន់ជ្រាយ។

កាលពី​សប្តាហ៍មុន មន្រ្តី​កូរ៉េ​ខាង​ជើង​ និង​អាមេរិក​បាន​ជួប​ជជែកគ្នា ដើម្បី​ព្យាយាម​រកវិធី​​ បើក​ការចរចា​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​ឡើងវិញ។ ក៏ប៉ុន្តែ ការចរចានេះ​​បាន​បញ្ចប់​ទៅ កាលពីថ្ងៃ​សុក្រ ដោយ​មិនឃើញ​មាន​លទ្ធផល​អ្វី​ធំដុំ​នោះទេ។

គួរបញ្ជាក់ថា ការចរចា ៦ភាគី (រុស្ស៊ី ចិន អាមេរិក ជប៉ុន កូរ៉េ​ខាងជើង និង​កូរ៉េ​ខាង​ត្បូង) ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​បាន​ជាប់គាំង​តាំង​ពី​ឆ្នាំ​២០០៩មក ក្រោយ​ពី​កូរ៉េ​ខាង​ជើង​បានធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​អន្តរទ្វីប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ