អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការប្រកួត​បាល់ទាត់​ពិភពលោក៖ តើ​អ្នកណា​ជា​អ្នក​ទទួល​ផល​ចំណេញ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​ពិភពលោក (World Cup 2010) ដែល​មានរយៈពេល​១ខែ​គត់ (ពីថ្ងៃ​ទី១១​មិថុនា ដល់​ថ្ងៃ​ទី១១​កក្កដា) ពេលនេះ បាន​មក​ដល់​ទី​បញ្ចប់​ហើយ។ អេស្ប៉ាញ​កំពុង​តែ​អរសប្បាយ​នឹង​ជោគជ័យ​ជា​ជើង​ឯក​ពិភពលោក។ ចំណែក​អាហ្វ្រិក​ខាង​ត្បូង​ក៏កំពុង​តែ​អរសប្បាយ​នឹង​ជោគជ័យ​ក្នុង​ឋានៈ​ជា​ ម្ចាស់ផ្ទះ​ផងដែរ។ ក៏ប៉ុន្តែ សំណួរ​សួរថា តើអ្នកណា​ខ្លះ​ដែល​ទាញ​យក​ផល​ចំណេញ​ពី​ការប្រកួត​បាល់ទាត់​ពិភពលោក​នេះ?

អេស្ប៉ាញ ​ដែល​ឈ្នះ​ពានរង្វាន់​ពិភពលោក​ទទួល​បាន​លុយ ៣០លាន​ដុល្លារ
អេស្ប៉ាញ ​ដែល​ឈ្នះ​ពានរង្វាន់​ពិភពលោក​ទទួល​បាន​លុយ ៣០លាន​ដុល្លារ ©REUTERS/Jo Yong-Hak
ផ្សាយពាណិជ្ជកម្ម

អេស្ប៉ាញ​បាន​ក្លាយ​ជា​ជើងឯក​បាល់ទាត់​ពិភពលោក ជាលើក​ទី១! ក្នុង​ពេល​ដែល​អេស្ប៉ាញ​កំពុង​ហ៊ោកញ្ជ្រៀវ​នឹង​ជោគជ័យជា​ជើង​ឯកនេះ អាហ្វ្រិក​ខាង​ត្បូង​ក៏​កំពុង​អបអរ​នឹង​ជោគជ័យ​របស់​ខ្លួន​ដែរ គឺ​ជោគជ័យ​ក្នុង​ឋានៈជា​ម្ចាស់ផ្ទះ សម្រាប់ World Cup ដែល​រៀបចំ​ធ្វើ​ជា​លើក​ដំបូង​បង្អស់ នៅ​លើ​ទឹកដី​នៃ​ទ្វីបអាហ្វ្រិក។

មាន​អ្នក​ខ្លះ​យល់ថា អាហ្វ្រិក​ខាង​ត្បូង​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​​រៀបចំ​ការប្រកួត World Cup នេះ​ទេ។ គេ​បារម្ភ​ខ្លាច​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ និង​បញ្ហា​អសន្តិសុខ។ ក៏ប៉ុន្តែ នៅទីបំផុត អាហ្វ្រិក​ខាង​ត្បូង​បាន​រៀបចំ​ការប្រកួត​បាល់ទាត់​ដ៏ល្អ​មួយ។ ល្អ​ហួស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត​ផង។ ហេដ្ឋារចនាសម្ព័ន្ធ​​ថ្មីៗ ទំនើបៗ មាន​គ្រប់គ្រាន់​ សម្រាប់​ការប្រកួត។ សន្តិសុខ​​សណ្តាប់​ធ្នាប់​ក៏​រក្សា​បាន​ល្អ។

តើ​អាហ្វ្រិក​ខាង​ត្បូង​បាន​ចំណេញ​អ្វី​ពី​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ World Cup នេះ? បើ​និយាយ​ពី​ផ្នែក​ហិរញ្ញវត្ថុ អាហ្វ្រិក​ខាង​ត្បូង​មិនទទួល​បាន​ផល​ចំណេញ​ពី​ការ​ប្រកួត World Cup នេះ​ទេ គឺ​មាន​តែ​ខាត​ទៅវិញ​ផង ពីព្រោះ​​អាហ្វ្រិក​ខាង​ត្បូង​បាន​ចំណាយ​លុយ​ដ៏ច្រើន​សន្ធឹកសន្ធាប់ (៤០០០​លាន​អឺរ៉ូ) ដើម្បី​រៀបចំ​​ការប្រកួត ជាពិសេស គឺ​ចំណាយ​ទៅលើ​ការ​សាងសង់​ពហុកីឡាដ្ឋាន។ ចំណែក​ឯចំណូល​ ដែល​បាន​មក​ពី​ World Cup នេះ មាន​មិន​គ្រប់​សម្រាប់​ចំណាយ​​ផង។

ក៏ប៉ុន្តែ ទោះជា​យ៉ាងណា ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ សម្រាប់​រៀបចំ World Cup បាន​ជួយ​បង្កើត​ការងារ ផ្តល់​ប្រាក់​ចំណូល​ដល់​ប្រជាជន​អាហ្វ្រិក​ខាង​ត្បូង​រាប់​ម៉ឺននាក់។ ម្យ៉ាងទៀត នៅ​ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ​​ រាល់ហេដ្ឋារចនាសម្ព័ន្ធ​ដែល​សាងសង់​រួច វា​នៅ​ជា​របស់​អាហ្វ្រិក​ខាង​ត្បូង​ដដែល។

អ្នក​ខ្លះ​គិត​ថា ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ World Cup អាច​ផ្តល់​ផល​ចំណេញ​ក្នុង​រយៈពេល​វែង​ចំពោះ​សេដ្ឋកិច្ច ដូចជា ការ​ទាក់ទាញ​ទេសចរ និង​អ្នក​វិនិយោគ​បរទេស​ឲ្យ​ចូល​ទៅ​អាហ្វ្រិក​ខាង​ត្បូង ជាដើម។ ក៏ប៉ុន្តែ នេះ​គ្រាន់តែ​ជា​ការ​ប៉ាន់​ស្មាន​ប៉ុណ្ណោះ។ បើ​តាម​បទពិសោធន៍​កន្លងមក គេ​​​មិនមាន​ភស្តុតាង​​ដែល​អាច​បញ្ជាក់ថា ការ​រៀបចំ​ការប្រកួតកីឡា​ធំៗ ដូចជា World Cup ឬ​ក៏​អូឡាំពិក នេះ ពិត​ជា​ផ្តល់​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​ប្រទេស​ជា​ម្ចាស់​ផ្ទះ​នោះទេ។

ផល​ចំណេញ​​ដែល​មិន​អាច​ប្រកែក​បាន សម្រាប់​អាហ្វ្រិក​ខាង​ត្បូង គឺ​មោទនភាព​ជាតិ។ ប្រជាជន​អាហ្វ្រិក​ខាង​ត្បូង ក៏​ដូចជា ប្រជាជន​ទូទៅ នៅ​ទ្វីបអាហ្វ្រិក​ មាន​មោទនភាព​យ៉ាងខ្លាំង ដោយ​បាន​រៀបចំ​​ប្រកប​ដោយ​ជោគជ័យ​ នូវ​ការប្រកួត​កីឡា​ដ៏អស្ចារ្យ​មួយនេះ។

បើ​គេ​និយាយ​ពី​រឿង​លុយ អ្នក​ចំណេញ​ច្រើន​ជាង​គេ​គឺ​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភពលោក (FIFA)។ ប្រាក់​ចំណូល ដែល​ FIFA ទទួល​បាន​​ពី​​ការ​លក់​សិទ្ធិ​ផ្សាយបន្តផ្ទាល់ ការ​លក់​សំបុត្រ​ចូល​ទស្សនា និង​ពី​ក្រុមហ៊ុន​ដែល​ជួយ​ឧបត្ថម្ភ (Sponsor) មាន​រហូត​ដល់​ទៅ ២ ៧០០​លាន​អឺរ៉ូ។ ក្រោយ​ពី​ផាត់​ការចំណាយ​អស់​ទៅ FIFA នៅ​សល់​លុយ​ចំណេញ​ប្រមាណ​ជា ៨០០​លាន​អឺរ៉ូ។

ក្រុមជម្រើស​ជាតិ ដែល​ទៅ​ចូល​រួម​ប្រកួត ក៏​ទទួល​បាន​លុយ​រាប់​លាន​ដែរ អាស្រ័យ​ទៅ​តាម​លទ្ធផល​នៃ​ការ​ប្រកួត៖ តិចបំផុត គឺ ៦,៥​លាន​អឺរ៉ូ (៨លាន​ដុល្លារ) សម្រាប់​ក្រុម​ដែល​ធ្លាក់​វគ្គ​ជម្រុះ​ក្នុង​ពូល ហើយ​ច្រើន​បំផុត​គឺ ២០លាន​អឺរ៉ូ (៣០​លាន​ដុល្លារ) សម្រាប់​អេស្ប៉ាញ ដែល​ជា​ជើង​ឯក។

អាជ្ញាកណ្តាល​ និង​ចៅក្រម​ខ្សែបន្ទាត់​ នៅ​ក្នុង​ការ​ប្រកួត World Cup ទទួល​បាន​លុយ​ម្នាក់ៗ​ ពី ៣៥០០០​ដុល្លារ ទៅ ៥៥០០០​ដុល្លារ ក្នុង​មួយ​ប្រកួតៗ។

ក្រៅ​ពីនេះ មាន​អ្នក​ទទួល​ផលប្រយោជន៍​ដោយ​ប្រយោល​ពី​ការ​ប្រកួត World Cup នេះ រួមមាន​ អ្នក​លក់​សម្ភារៈ​កីឡា (ជាពិសេស អ្នក​លក់​ឯកសណ្ឋាន​ក្រុមជម្រើស​ជាតិ​ល្បីៗ) អ្នក​លក់​ទូរទស្សន៍ អ្នក​លក់​ស្រាបៀរ​ ។ល។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ