អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្គ្រាម​ពាក្យ​សំដី​ជាថ្មី​រវាង​ចិន និង​វៀតណាម​លើ​រឿង​​ប្រជុំកោះ Spratleys

ចុះផ្សាយ​នៅ​ថ្ងៃ៖

វៀតណាម និង​ចិន​បាន​ចោទ​គ្នាទៅ​វិញ ទៅមក​នៅ​ចុងសប្តាហ៍​នេះ ជុំ​វិញ​ឧប្បតិ្តហេតុ​ដែល​កើត​មាន​នៅ​ជិត​ប្រជុំកោះ អធិករណ៍​Spratleys និង​Paracels។ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី ២៨ ខែ ឧសភា រដ្ឋមន្រ្តីការទូត​វៀតណាម​បាន​ចោទប្រកាន់​​ចិន​ថា បាន​រំលោភ​អធិបតេយ្យ​ខ្លួន​យ៉ាង ធ្ងន់ធ្ងរ ដោយ​បាន​ប្រើ​នាវា​ល្បាតចិន មក​កាត់ផ្តាច់​ខ្សែកាប​របស់​កប៉ាល់​រុករកប្រេង​វៀតណាម នៅសមុទ្រ​ចិន​ខាងត្បូង។ នៅល្ងាច​ថ្ងៃសៅរ៍ ចិន​បាន​និយាយ​បក​ទៅវិញ​ថា វៀតណាម​កំពុង​ធ្វើ​សកម្មភាព​រុករក​ប្រេង​ដែល​ប៉ះពាល់​ខ្លាំង​ដល់​ប្រយោជន៍​ របស់​ទីក្រុង​ប៉េកាំង​នៅក្នុង​តំបន់។

ទង់ជាតិ​ចិន​ដែល​ដាក់​នៅ​លើ​ទីតាំង​យោធា នៅ​ជិត​ប្រជុំកោះ
ទង់ជាតិ​ចិន​ដែល​ដាក់​នៅ​លើ​ទីតាំង​យោធា នៅ​ជិត​ប្រជុំកោះ ©
ផ្សាយពាណិជ្ជកម្ម

រឿងរ៉ាវ ដែល​នាវា​ល្បាត​ចិន កាត់ផ្តាច់​ខ្សែកាប​​របស់​កប៉ាល់រុករកប្រេង​វៀតណាម នៅថ្ងៃ​សៅរ៍​ម្សិលមិញ គឺ​កើតឡើង​នៅ​ចន្លោះ​ប្រជុំកោះ​ទាំងពីរ​តែម្តង។ ចិន និង​វៀតណាម​មិន​ដែល​មុខ​គ្នា​ចំទេ បើ​និយាយ​ពី​ព្រំដែនទឹក ព្រោះ​ប្រទេស​ទាំងពីរ​នៅ​តែឈ្លោះគ្នា ​ទាមទារ​គ្រប់គ្រង​ប្រជុំកោះ Spratleys និង​Paracelsរៀងៗខ្លួន។ លើកនេះ ចិន និង​វៀតណាម​និយាយ​ចោទ​គ្នា​ទៅវិញ ទៅមក ដោយ  វៀតណាម​ថា ចិន​រំលោភ​អធិបតេយ្យ​របស់ខ្លួន និង​រំលោភ​លើកិច្ច​សម្របសម្រួល​ក្រមសីលធម៌​ដែល​ចិន​បាន​ចុះហត្ថលេខា​ជាមួយ​ សមាជិក​អាស៊ាន នៅឆ្នាំ ២០០២។ ចំណែក​ចិន​វិញ​បាន​និយាយ​បកទៅ​វៀតណាម​​ថា កងនាវា​ល្បាត​ចិន បានធ្វើការ​ទៅតាម​តួនាទីរបស់ខ្លួន ព្រោះ​​កប៉ាល់រដ្ឋ​វៀតណាម​កំពុង​រុករក​ប្រេង ដោយខុសច្បាប់ នៅក្នុង​ដែនទឹក ដែលស្ថិត​នៅក្រោម​យុត្តាធិការ​របស់​ចិន។

ចាប់តាំង​ពីដើមឆ្នាំ ២០១១ នេះ ជា​លើកទីពីរដែល​វៀតណាម​ចោទ​ប្រទេស​ចិន​ថា បាន​រំលោភ​អធិបតេយ្យ​របស់ខ្លួន។ កាលពី​ខែ​មីនាមុននេះ ហាណូយ​ធ្លាប់​បាន​តវ៉ា​ម្តងរួចហើយ ពី​សមយុទ្ធ​របស់​នាវាមុជទឹក​ចិន នៅ​ជិត​ប្រជុំកោះ Spratleys ប៉ុន្តែ វៀតណាម​បាន​ត្រឹមតែ​ទទួល ចំលើយ​ពី​ មហាអំណាចចិន ដែល​ថា ចិន​ធ្វើ​សមយុទ្ធ​ក្នុង​ដែន​សមុទ្រ​របស់ខ្លួន​តែប៉ុណ្ណោះ។

ខុសពីលើកមុន ចិន​មាន​ប្រតិកម្ម​តបមក​វៀតណាម​រៀង​ធ្ងន់​ជាងមុន ដោយ​ចិន​ចេញមុខ​ការពារ​នាវាល្បាត​របស់ខ្លួន និង​និយាយ​ចំៗ​ថា សកម្មភាព​របស់​កប៉ាល់​រុករក​ប្រេង​របស់​វៀតណាម នៅចុងសប្តាហ៍​នេះ នៅជិត​ប្រជុំកោះ Spratleys ប៉ះពាល់​ខ្លាំង​ដល់​ប្រយោជន៍​របស់​ចិន។ គណបក្ស​ប្រជាមានិត​ចិន​ធ្លាប់​បាន​និយាយ​សន្យា​ទៅ​កាន់​ប្រជាជន​ពីរឿង​ ការពារ​បូរណភាព​ទឹកដី មិន​ឲ្យ​បាត់​មួយ​ចំរៀក​ទៅ​​ប្រទេស​ណាមួយទេ។ ចំណែក​ក្នុង​ប្រទេស​វៀតណាមវិញ អ្នកជាតិ​និយម​បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​ការពារ​ប្រជុំកោះ Spratleys កុំ​ឲ្យ​ធ្លាក់​ទៅក្នុង​ដៃ​ប្រទេស​ដទៃ។

ដោយ​ឃើញ​ចិន​ពង្រឹង​វិស័យយោធា និង​ពង្រីក​ឥទ្ធិពល នៅក្នុង​សមុទ្រចិន​ខាងត្បូង និង​ដោយ​មូលហេតុ​​ចលនា​​ជាតិនិយម​កើន​ឡើង​ក្នុងស្រុក  ទីក្រុង​ហាណូយ​ថ្មីៗ​នេះ​បាន​បញ្ជា​ទិញ​នាវា​មុជទឹក​របស់​រុស្ស៊ី ដែល​មាន​តម្លៃ​ដល់​ជាង ២​ពាន់​លាន​ដុល្លារ។

ការពង្រឹង​​កម្លាំង​យោធា​របស់​វៀតណាមប៉ុណ្ណឹង​ មិន​អាច​ធ្វើ​ឲ្យ​ចិន​រង្គើ សុខចិត្ត​ដកខ្លួន​ចេញ​ប្រជុំកោះ Spratleys និង​Paracelsទេ។ ចិន​មើលឃើញ ប្រជុំ​កោះ Spratleys និង​Paracels ថា​សម្បុក​សម្បូរ​ដោយ​ធនធាន​ប្រេងកាត និង​ឧស្ម័ន ដែល​នឹង​ប្រើជាប្រយោជន៍​សម្រាប់​ប្រទេស​ដែល​កំពុង​មាន​សន្ទុះ​សេដ្ឋកិច្ច បោះទៅមុខ​ខ្លាំង។ ដូច្នេះ ចិន​មិន​រអែង​នឹង​ប្រើ​កម្លាំង​យោធា ដើម្បី​ការពារ​ប្រយោជន៍​សេដ្ឋកិច្ច​​របស់ខ្លួនទេ ជាពិសេស​បើសិន​​វៀតណាម​នៅ​បន្ត​សកម្មភាព​រុករក​ប្រេង នៅជិត​ប្រជុំកោះ Spratleys និង​Paracelsទៀត។

គួរដឹងថា ចិននេះ បាន​បង្ហាញ​ពី​អំណាច ជាម្ចាស់ប្រជុំ​កោះ រហូតមក គឺចាប់​តាំងពី​ខ្លួន​បាន​រឹបអូស​យក​ប្រជុំកោះ Spratleys ទៅគ្រប់គ្រង​នៅឆ្នាំ ១៩៧៤ម្ល៉េះ។ នៅឆ្នាំ ១៩៨៨ ចិន​និង​វៀតណាម​បាន​ផ្ទុះ​អាវុធ​ដាក់គ្នា ខ្លាំង រហូត​ធ្វើ​ឲ្យ​ទាហាន​ជើងទឹក វៀតណាម​៧០​នាក់​បាត់បង់​ជីវិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ