អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រដ្ឋ​អាមេរិក ផ្នែកខ្លះ ត្រូវបិទទ្វារលែងដំណើរការ ព្រោះសភាមិន​អនុម័ត​គម្រោង​ថវិកា សម្រាប់​សង់​ជញ្ជាំង​ព្រំដែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​អាមេរិក ដោយ​សារ​តែ​​ជម្លោះ​រឿងថវិកាសង់ជញ្ជាំងព្រំដែន ធ្វើ​ឲ្យ​អាមេរិក​មិន​អាច​អនុម័ត​ច្បាប់​ថវិកា​ថ្មី ហើយ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ សម្រេច​ឲ្យ​រដ្ឋាភិបាល​សហ​ព័ន្ធមួយ​ផ្នែក​ត្រូវបិទទ្វារ​លែងដំណើរការ។ បុគ្គលិក​រដ្ឋ​ ប្រមាណ​៨០​ម៉ឺន​នាក់ ​ត្រូវ​ផ្អាក​មិន​ឲ្យ​ធ្វើ​ការ​ ឬត្រូវ​បង្ខំ​ឲ្យ​ធ្វើការ​ ដោយ​គ្មាន​ប្រាក់​ឧបត្ថម្ភ។​

រូប​តំណាង រដ្ឋ​សហព័ន្ធអាមេរិក shutdown
រូប​តំណាង រដ្ឋ​សហព័ន្ធអាមេរិក shutdown Reuters
ផ្សាយពាណិជ្ជកម្ម

តាំងតែ​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃសៅរ៍ទី២២ធ្នូនេះមកម្ល៉េះ​ ដែល​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក បាន​បិទទ្វារ​មួយ​ផ្នែក​ខ្លះ​ លែង​ដំណើរការ។ លោកប្រធានាធិបតី​ ដូណាល់ ត្រាំ បានសម្រេចដូច្នេះ ពីព្រោះតែ​រដ្ឋាភិបាល​របស់​លោក​មិនបាន​ទទួល​បាន​គម្រោង​ថវិកា​គ្រប់​ចំនួន ដូច​​ដែល​លោក ​ ចង់​បាន។

លោកប្រធានាធិបតី​អាមេរិក ចង់​បាន​គម្រោង​ថវិក​ ចំនួន​៥.៧ពាន់​លាន​ដុល្លារ ដើម្បី​ចាត់​ចែង​ដំណើរ​ការ​រដ្ឋ ពិសេសផ្នែក​សន្តិសុខ។ ពោលគឺលោក ត្រាំ ​ចង់​​យក​ថវិកា​សម្រាប់​សាងសង់​ជញ្ជាំងព្រំដែន​ជាមួយនឹងប្រទេសម៉ិកស៊ិក ដើម្បី​រាំង​ខ្ទប់​ជន​ភៀសខ្លួន​។ ហើយ​​នេះគឺជា​ការសន្យា​មួយ​ដ៏​ចម្បងរបស់​លោក ត្រាំ​ តាំងតែ​ពីពេល​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី​ ឆ្នាំ​២០១៦មកម្ល៉េះ​។ លោក​ត្រាំ​ បាន​ព្រមាន​ញឹក​ញយ​ហើយថា បើ​សភា​មិន​ព្រម​ឲ្យ​លុយគ្រប់​ចំនួន​សម្រាប់​កិច្ច​ការ​នេះទេ លោក​នឹង​សម្រេច​បិទទ្វារ​លែង​ដំណើរ​ការ​រដ្ឋ​សហព័ន្ធ។ គឺ​នៅ​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ ដែល​ព្រឹទ្ធសភា​ ដែល​ត្រូវ​ជជែក​គ្នា​ដល់​យប់​ជ្រៅ ហើយទីបំផុត ​នៅ​តែ​មិន​អាច​រក​ការ​ឯកភាព​គ្នា​បានដដែល​។

គួរ​រម្លឹកថា ច្បាប់​ថវិកានេះ បាន​អនុម័ត​ឆ្លង​សភា​តំណាង​រួច​ហើយ តែ​នៅ​ជាប់​គាំង​ត្រឹម​ព្រឹទ្ធសភា។ នៅ​ព្រឹទ្ធ​សភា​នេះ មាន​សមាជិក​មក​ពី​បក្ស​សាធារណ​រដ្ឋ​របស់​លោក ត្រាំ ចំនួន​៥១ ក៏ប៉ុន្តែ​ដើម្បី​អនុម័ត​​ច្បាប់​ថវិកាជាតិ​បាន គឺចាំបាច់​ត្រូវ​មាន​ចំនួន​ព្រឹទ្ធសមាជិក​ យ៉ាងហោច ចំនួន​៦០នាក់​ឡើង​ទៅ ដែល​យល់ព្រម ទើប​អាច​អនុម័តបាន​។ ដូច្នេះគឺ​ត្រូវ​ឲ្យ​មាន​ ព្រឹទ្ធសមាជិក​ មកពីបក្ស​ប្រជាធិបតេយ្យ​ ចូលរួម​យល់​ព្រម​ដែរ ទើប​អាច​ទៅរួច។ ក៏ប៉ុន្តែ ​ជំហរ​របស់​បក្ស​ប្រជាធិបតេយ្យ គឺ​មិន​ចង់​ឲ្យ​មាន​ការ​សាង​សង់​ជញ្ជាំង​បិទទ្វារព្រំ​ដែន​នេះ​ទេ។​

នៅ​ពី​ក្រោយ​​ការ​ជជែក​គ្នា​ដ៏​តាន់តឹង នាយប់​ថ្ងៃសុក្រទី​២១ធ្នូ​ ទីប្រឹក្សា​លោក​ប្រធានាធិបតី រួម​ទាំង​​កូន​ប្រសារ​របស់​លោក​ត្រាំផង​ បាន​ទៅ​ចរចា​ស្ងាត់ៗ​ជាមួយ​អ្ន​កតំណាង​នៃ​ព្រឹទ្ធសមាជិក​របស់​បក្ស​ទាំង​ពីរ ក៏ប៉ុន្តែសម្រេច​សម្រួច​ទៅ​ ចំនួន​លុយដែល​ព្រឹទ្ធសភា​ចង់យល់ព្រម​អនុម័ត​ឲ្យ​នោះ គឺ​ត្រឹមតែ​ ១.៦ពាន់​លាន​ដុល្លារប៉ុណ្ណោះ​។ ចំនួន​នេះ គឺ​ធ្វើ​ឲ្យ​លោក ត្រាំ មិន​អាច​ទទួល​យកបាន ហើយ​ប្រមុខ​រដ្ឋ​អាមេរិក​​ នៅតែ​ទាមទារ គម្រោង​ថវិកាជាង​៥ពាន់​លាន​​ដដែល។

 

តើ​ការ​សម្រេច​បិទទ្វារ​លែង​ដំណើរ​ការ​ផ្នែក​ខ្លះ​របស់​រដ្ឋាភិបាលសហព័ន្ធ​ នៅពេល​​នេះ  ​​ប៉ះពាល់​អ្វីខ្លះ​?

ការ​ផ្អាក ឬ​លែង​ដំណើរ​ការ​រដ្ឋ​សហព័ន្ធ​នេះ គឺជា​លើកទី​៣ហើយ តាំងតែ​ពី​ពេល​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ឡើង​កាន់​អំណា​ច​បាន​ពីរឆ្នាំមក។​

សហរដ្ឋ​អាមេរិក​ មាន​រដ្ឋ​ចំនួន៥២ ក្នុង​នោះ​ គឺ​មាន​រដ្ឋ​ចំនួន​​ ៩ ត្រូវ​ផ្អាក​សេវាកម្ម​ស្ទើរទាំង​ស្រុង​។ ហើយ​ចំណែក​ភ្នាក់ងារ​រដ្ឋសំខាន់ៗ​​ជា​ច្រើន​ ក៏​ត្រូវ​ផ្អាកនិង​កាត់​បន្ថយ​សកម្មភាព​ការងារ​។ ក្រសួង​សំខាន់ៗ ដែល​ត្រូវ​ប៉ះពាល់​ខ្លាំង​នោះ គឺមាន​​ក្រសួង​កសិកម្ម ​ពាណិជ្ជកម្ម នគរូបនីយកម្ម ក្រសួង​មហាផ្ទៃ និង​ក្រសួង​ទទួល​បន្ទុក​ខាង​សន្តិសុខ​ជាតិ​ជាដើម។ ចំណែក​ក្រសួង​យុត្ថិធម៌​និង​ក្រសួង​ហិរញ្ញវត្ថ ក៏​ទំនង​ជា​រង​ការ​ប៉ះពាល់​ខ្លាំង​ដែរ។ សូម្បី​តែ​ភ្នាក់​ងារ​អវកាស​ NASA ក៏​ទទួល​រង​ចំហាយ​នៃ​វិបត្តិ​នេះ​ដែរ។ នេះបើ​តាម​កាសែត​ The New​ York Times។

អ្នក​ទទួល​រង​គ្រោះ​ខ្លាំង និង​ដោយ​ផ្ទាល់​នោះ​ គឺ​ជា​បុគ្គលិក​របស់​រដ្ឋ​អាមេរិក​តែម្តង។ អ្ន​ក​​រដ្ឋ​ការ​ចំនួន​ដល់ទៅ​១ភាគ​៤ ​ត្រូវ​រក​ការ​លំបាកពី​​រឿង​លុយកាក់​ប្រចាំថ្ងៃ។ ពីព្រោះ​ថា បុគ្គលិក​របស់​រដ្ឋាភិបាល​សហព័ន្ធ ប្រមាណ​ជា ៨០ម៉ឺន​នាក់ ​ត្រូវ​គ្រោះ​ដោយសារតែ​រឿង​នេះ។ ក្នុង​នោះ​ប្រមាណ​ជា​ ៤២ម៉ឺន​នាក់ ត្រូវ​បន្ត​ទៅ​ធ្វើ​ការដោយ​គ្មាន​ទទួល​ប្រាក់ខែ ឬ​លុយ​​ឧបត្ថម្ភអ្វីទេ បើទោះបី​ជា​ក្នុង​ឱកាស​បុណ្យ​ណូអែល​និង​ឆ្លងឆ្នាំ​ថ្មី ក៏ដោយ​ចុះ​​​​។ ហើយ​បុគ្គលិក​រដ្ឋ​ ប្រមាណ​៣៨ម៉ឺន​នាក់ នឹង​ត្រូវ​អញ្ជើញ​ឲ្យសម្រាក​នៅ​ផ្ទះ​។ តែ​ការ​ឈប់​សម្រាក​ពីការងារ​រយៈពេល​ខ្លី​នេះ ក៏​គ្មាន​បាន​ការ​ទូរទាត់​លុយ​កាក់​ឲ្យ​ដែរ។​

 

តើ​វិបត្តិ​នេះ អាច​នឹង​ត្រូវ​ពន្យារ​ពេល​រហូត​ដល់​ពេល​ណាទៅ?

ការ​ផ្អាក​ដំណើរ​ការរដ្ឋសហព័ន្ធ​​យូរ​ប៉ុណ្ណា គឺគ្មាន​នរណា​អាច​ឆ្លើយ​បាន ក្រៅ​ពី​ព្រឹទ្ធសភា​អាមេរិក​នោះទេ។ ពិសេស​គឺ​សមាជិក​ព្រឹទ្ធសភា​ដែល​មក​ពី​បក្ស​ប្រជាធិបតេយ្យ​តែម្តង។​ នៅពេល​ដែល​យើង​កំពុង​ផ្សាយនេះ ព្រឹទ្ធសភា​អាមេរិក​ក៏​កំពុង​តែ​ជជែក​គ្នា​រក​ដំណោះស្រាយ​ដែរ ព្រោះថា ម្យ៉ាង សមាជិក​ព្រឹទ្ធសភា ក៏​មិន​ចង់​ឃើញ​រដ្ឋ​អាមេរិក​លែង​ដំណើរ​ដូច្នេះ​ដែរ ពិសេស​ក្នុង​កំពុង​លេង​មា​ន​បុណ្យ​ទាន​ដូច្នេះ​ផង។ ចំពោះ​ប្រធានធិបតី​អាមេរិក ការ​យក​ឱកាស​នេះ សម្រាប់​ដាក់​សម្ពាធ​ដល់​ព្រឹទ្ធសមាជិក ក៏​ជា​ក្បួន​យុទ្ធសាស្ត្រ​មួយ​មិន​អន់​ប៉ុន្មានដែរ។​

ទោះយ៉ាង​ណា លោកប្រធានាធិបតី ដូណាល់ ​ត្រាំ បាន​ថ្លែង​ក្តី​សង្ឃឹមថា ការ​បិទទ្វារ​និង​ផ្អាក​ដំណើរ​ការ​រដ្ឋាភិបាល​សហព័ន្ធ​នេះ គឺ​អាច​មាន​រយៈ​ពេល​ខ្លី មិនយូរ​ឡើយ​។ ហើយ​បើ​តាម​ការ​ស្ទាប់​ស្ទង់​ប៉ាន់​ប្រមាណ​របស់​អ្ន​កវិភាគនយោបាយ​មួនចំនួន​ គឺវិបត្តិ​នេះ​​អាច​នឹង​ត្រូវ​ដោះស្រាយ​រួច​ នៅដើមខែ​មករា​ឆ្នាំ​ថ្មី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ