អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​នឹង​ដក​កងម៉ារីន​៩ពាន់​នាក់​ចេញពី​កោះ​អូគីណាវ៉ា​របស់​ជប៉ុន

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាមេរិក និង​ជប៉ុន​បាន​ចេញសេចក្តីថ្លែងការណ៍​រួមគ្នា​មួយ បញ្ជាក់​អំពី​ការព្រមព្រៀង​ដក​កងទ័ព​អាមេរិក​ចំនួន ៩០០០នាក់​ ចេញ​ពី​កោះ​អូគីណាវ៉ា។ វត្តមាន​កងទ័ព​អាមេរិក​នៅលើ​កោះអូគីណាវ៉ា គឺ​ជា​រឿងចម្រូងចម្រាស​បំពុល​ទំនាក់ទំនង​អាមេរិក-ជប៉ុន អស់រយៈពេល​ជាច្រើន​ឆ្នាំមកហើយ។ ការប្រកាស​ដក​កងទ័ព​អាមេរិក​ត្រូវ​បាន​ធ្វើឡើង​តែប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុនពេល​នាយករដ្ឋមន្រ្តី​ជប៉ុន​ទៅ​បំពេញ​ទស្សនកិច្ច នៅ​សហរដ្ឋ​អាមេរិក។

បន្ទាយទ័ព​អាកាស​អាមេរិក នៅ​លើ​កោះ​អូគីណាវ៉ា (រូបថតឯកសារ)
បន្ទាយទ័ព​អាកាស​អាមេរិក នៅ​លើ​កោះ​អូគីណាវ៉ា (រូបថតឯកសារ) REUTERS/Issei Kato
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​ទាហាន​អាមេរិក​ចំនួន ៩ពាន់នាក់ ដែល​នឹង​ត្រូវ​ដក​ចេញ​ពី​អូគីណាវ៉ា ប្រមាណ ៥ពាន់​នាក់​នឹង​ត្រូវ​យក​ទៅ​ដាក់​ពង្រាយ​នៅលើ​កោះ Guam ដែល​ជា​ដែនដី​របស់​អាមេរិក ស្ថិត​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វ៊ិក ​​ចម្ងាយ​តែ​ជាង ២ពាន់​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​កោះ​អូគីណាវ៉ា។ ទាហាន​ប្រមាណ ៤ពាន់​នាក់​ផ្សេងទៀត នឹង​ត្រូវ​យក​ទៅ​ដាក់​ពង្រាយ​នៅ​ហាវ៉ៃ នៅ​បន្ទាយទ័ព​អាមេរិក​ក្នុង​ប្រទេស​អូស្រ្តាលី និង​នៅតាម​បណ្តាកោះ​មួយចំនួន ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វ៊ិក។

គោលដៅ​ជា​យុទ្ធសាស្រ្ត​របស់​អាមេរិក គឺ​រក្សា​ចំនួន​ទ័ព​ឲ្យ​នៅ​ដដែល ក្នុង​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វ៊ិក ក្នុង​ពេល​ដែល​ភាពតានតឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​កំពុង​តែ​កើតឡើង​ខ្លាំង។

គួរ​បញ្ជាក់ថា កងទ័ព​អាមេរិក​​ដែល​កំពុង​ឈរជើង​នៅ​ក្នុង​ប្រទេស​ជប៉ុន មាន​ចំនួន​សរុប ៤ម៉ឺន ៧ពាន់នាក់។ ក្នុងនោះ មាន​ប្រមាណ​ជិត ២ម៉ឺន​នាក់ ស្ថិត​នៅ​លើ​កោះ​អូគីណាវ៉ា។ ប្រជាជន​ជប៉ុន​ ដែល​រស់នៅលើ​កោះ​អូគីណាវ៉ា តែងតែ​នាំគ្នា​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​កងទ័ព​អាមេរិក ដោយ​លើក​ហេតុផល​អំពីសំឡេង​រំខាន​ដោយ​យន្តហោះ​ចម្បាំង និង​អំពើ​ហិង្សា​​បង្ក​ឡើង​ដោយ​ទាហាន​អាមេរិក។ ចាប់​ពី​ឆ្នាំ​​១៩៩៥ ការ​តវ៉ា​របស់​អ្នក​កោះ​អូគីណាវ៉ា​បាន​កក្រើក​ឡើង​កាន់តែ​ខ្លាំង ក្រោយ​ពី​ទាហាន​អាមេរិក​ ៣នាក់​បាន​រំលោភ​ក្មេង​ស្រី​ជប៉ុន​ម្នាក់ ដែល​ទើប​នឹង​មាន​អាយុ ១២​ឆ្នាំ។

ជប៉ុន និង​អាមេរិក​​ក៏​បាន​ចុះកិច្ចព្រមព្រៀង​មួយ នៅ​ឆ្នាំ​២០០៦ ដោយ​​អាមេរិក​សន្យា​ដក​កងទ័ព​មួយ​ផ្នែក​ចេញ​ពី​កោះ​អូគីណាវ៉ា ហើយ​ជប៉ុន​សន្យា​ថា​នឹង​រក​ទីតាំង​ថ្មី សម្រាប់​ប្តូរ​បន្ទាយ​ទ័ព​អាកាស​អាមេរិក​​នៅ​អូគីណាវ៉ា យក​ទៅ​ដាក់​ឲ្យ​ឆ្ងាយ​ពី​ទីប្រជុំជន។ ក៏ប៉ុន្តែ អាជ្ញាធរ​ជប៉ុន មិន​អាច​រក​ទីតាំង​ថ្មី​នេះ​បាន ដោយសារ​តែ​អ្នកកោះ​អូគីណាវ៉ាតវ៉ា​ទាមទារ​ឲ្យ​រើ​បន្ទាយ​ទ័ព​អាកាស​នេះ​ចេញ​ឲ្យ​ផុត​ពី​កោះ​អូគីណាវ៉ា​ទាំងស្រុងតែម្តង។ ការ​អនុវត្ត​កិច្ចព្រមព្រៀង​​ឆ្នាំ​២០០៦ ក៏​ត្រូវ​ជាប់គាំង​រហូតមក។

នៅ​ពេលនេះ អាមេរិក​បាន​សុខចិត្ត​បំបែក​សំណុំរឿង​ដក​ទ័ព និង​ការ​ផ្លាស់ប្តូរ​បន្ទាយ​ទ័ព​អាកាស​ចេញ​ពី​គ្នា។ អាមេរិក​សុខចិត្ត​ដក​កងទ័ព​ពាក់កណ្តាល​ចេញ​ពី​អូគីណាវ៉ា ទោះបី​អាជ្ញាធរ​ជប៉ុន​រក​កន្លែង​ថ្មី សម្រាប់​រើ​បន្ទាយ​ទ័ព​អាកាស​អាមេរិក​បាន​ក៏ដោយ។

សោហ៊ុយ​​ចំណាយ​ក្នុងការ​រើ​ទីតាំង​កងទ័ព​នេះ អាច​នឹង​ត្រូវ​អស់ ៨ពាន់ ៦រយ​លាន​ដុល្លារ​អាមេរិក។ ក្នុងនោះ ជាង ៣ពាន់​លាន​ដុល្លារ គឺ​ជា​បន្ទុក​របស់​រដ្ឋាភិបាល​ជប៉ុន។

គួរបញ្ជាក់ថា ភាពចម្រូងចម្រាស​ជុំវិញ​វត្តមាន​កងទ័ព​អាមេរិក នៅ​កោះ​អូគីណាវ៉ា បាន​បង្ក​បញ្ហា​ល្អក់​កករ​ ក្នុង​ទំនាក់ទំនង​អាមេរិក-ជប៉ុន អស់រយៈពេល​ជា​ច្រើន​ឆ្នាំមកហើយ។ នាយករដ្ឋមន្រ្តី​ជប៉ុន​មួយ​រូប គឺ​លោក​ យូគីយ៉ូ ហាតូយ៉ាម៉ា (Yukio Hatoyama) ត្រូវ​បង្ខំ​ចិត្ត​លាលែង​ពី​តំណែង កាល​ពី​ឆ្នាំ​២០០៩ ដោយសារ​តែ​បញ្ហា​នេះ។

ការ​ប្រកាស​ដក​កងម៉ារីន​អាមេរិក ៩ពាន់នាក់ ចេញ​ពី​អូគីណាវ៉ា នៅពេលនេះ ត្រូវ​បាន​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ដំណើ​ទស្សនកិច្ច​របស់​​នាយករដ្ឋមន្រ្តី​ជប៉ុន​ លោក​យ៉ូស្ហ៊ីហ៊ីកូ ណូដា (Yoshihiko Noda) ទៅកាន់​សហរដ្ឋ​អាមេរិក នៅថ្ងៃ​ចន្ទ សប្តាហ៍ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ