អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​សម្រាល​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​ដាក់​ទៅ​លើ​ភូមា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខការទូត​អាមេរិក លោកស្រី ហ៊ីឡារី គ្លីនតុន​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី ៤​មេសា​ថា អាមេរិក​ នឹង​ដក​ចេញ​ទណ្ឌកម្ម​សេដ្ឋកិច្ច​មួយ​ចំនួន​​ពី​ប្រទេស​ភូមា។ ការដកទណ្ឌកម្ម​ពីភូមា គឺ​ជា​រង្វាន់​ដែល​អាមេរិក​ផ្តល់​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​ភូមា​ដែល​បាន​ ធ្វើ​កំណែទម្រង់ ដោយ​បាន​រៀបចំ​​ការបោះឆ្នោត កាលពី​ថ្ងៃ​អាទិត្យ។ រដ្ឋអំណាច​ភូមា​បាន​ប្រកាស​ផ្លូវការ​ថា គណបក្ស​លោកស្រី​អ៊ុងសាន ស៊ូជីបាន​​ឈ្នះសំឡេងឆ្នោត​ភាគច្រើន គឺ​៤៤​ក្នុង​ចំណោម​អាសនៈ​រដ្ឋសភា​៤៥​ដែល​គេ​ដាក់​ឲ្យ​ប្រកួតប្រជែង។

បុរស​ភូមា​កាន់​អត្ថសញ្ញាណប័ណ្ណ​ដើម្បី​ដូរ​លុយ​ដុល្លារ​​នៅកន្លែង​ដូរលុយ​
បុរស​ភូមា​កាន់​អត្ថសញ្ញាណប័ណ្ណ​ដើម្បី​ដូរ​លុយ​ដុល្លារ​​នៅកន្លែង​ដូរលុយ​ ©reuters
ផ្សាយពាណិជ្ជកម្ម

ក្នុង​គម្រោង​បន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ ភូមា​ប្រមុខ​ការទូត​អាមេរិក លោកស្រី ហ៊ីឡារី គ្លីនតុន​បាន​លើកឡើង​ពី​ការតែងតាំង ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ នៅ​ក្នុង​ប្រទេស ភូមា នៅ​ក្នុង​ពេលឆាប់ៗ​ខាងមុខ​នេះ។ នេះ​ជា​លើកទីមួយ​ដែល​អាមេរិក​មាន ឯកអគ្គរដ្ឋទូត​របស់ខ្លួន នៅភូមា គឺ​គិត​ចាប់តាំង​ពី​ឆ្នាំ១៩៨៨ ដែល​អាមេរិក និង ភូមា​មាន​ទំនាក់ទំនង​ល្អក់កករ​ជាមួយ​គ្នា​ដោយ​អាមេរិក​គ្រាន់តែ​មាន អ្នកតំណាង​របស់​ខ្លួន​ម្នាក់​នៅ​ភូមា។

ក្រៅតែ​ពី​តែងតាំង​ឯក​អគ្គរដ្ឋទូត​ខ្លួន​ប្រចាំ​នៅ​ភូមា​ទីក្រុង វ៉ាស៊ីនតោន​នឹង​អនុញ្ញាត​ផង​ដែរ​ឲ្យ​មន្រ្តី​ជាន់ខ្ពស់​ភូមា​ចូលទៅ​ក្នុង​ទឹកដី អាមេរិក។ អាមេរិក​គ្រោង​នឹង​បើក​ការិយាល័យ​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍ អាមេរិក ក្នុង​ប្រទេស​ភូមា។ មួយវិញទៀត អាមេរិក​បាន​សម្រេច​ដកចេញ​ទណ្ឌកម្ម​ទៅលើ​ការនាំចេញ​សេវា​ហិរញ្ញវត្ថុ ទៅ​ប្រទេសភូមា ដែល​រដ្ឋាភិបាល​អាមេរិក​បាន​ហាមឃាត់​ជិត​ពីរ​ទសវត្សរ៍​ ដោយសារ​តែ​អំណាច​ផ្តាច់ការ​របស់​របបសឹក។ នេះមាន​ន័យ​ថា អំណើះតទៅ អ្នកវិនិយោគ​អាមេរិកំាង​ដែល​ចង់​វិនិយោគ​ទៅ​លើ​សេវា​ហិរញ្ញវត្ថុ​ក្នុង ប្រទេស​ភូមា គេ​អាច​ធ្វើ​ទៅ​បាន។

សម្រាប់​ប្រមុខ​ការបរទេស​អាមេរិក​ ចំណុចនេះ​សំខាន់​ជាងគេ ព្រោះ វា​ជួយ​ជំរុញ​ដល់​ការបើក​ផ្លូវ​ទំនើបកម្ម​សេដ្ឋកិច្ច​របស់​ភូមា​ឡើង វិញ​ព្រោះថា រហូតមក​ដល់​ពេលនេះ វិស័យ ធនាគារ​ភូមា នៅមិន​ទាន់​រីកចម្រើន។ អាមេរិក​ជឿ​ថា កាលណា​សេដ្ឋកិច្ច​ដើរ​ទៅមុខ នោះ​កំណែទម្រង់​នយោបាយ​នឹង​បោះជំហាន​ទៅមុខ​ដែរ។

បើ​ប្រទេស​លោកខាងលិច​ចាប់​ធ្វើ​វិនិយោគ​ជាមួយ​ភូមា​ នោះ​ភូមា អាច​កាត់​បន្ថយ​ឥទ្ធិពល និង​ជំនួញ​រកស៊ី​ផ្តាច់មុខ ជាពិសេស​របស់​ចិន​ក្នុង​ប្រទេស​ភូមា។ លោកស្រី​អ៊ុងសាន ស៊ូជី ជ័យ​លាភី​ណូបែល​សន្តិភាព​ធ្លាប់​ជំទាស់ មិនចង់​ឲ្យ​គេ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ភូមា​ទេ។ កន្លងមក ទណ្ឌកម្ម​នេះ​ប៉ះ​តែ ទៅលើ​ប្រយោជន៍​របស់​មន្រ្តី​រដ្ឋាភិបាល។ ចំណែក ប្រជាជន​ភូមា​វិញ​នឹង​មិន​ទទួល បាន​ប្រយោជន៍​ពី​ការដក​ទណ្ឌកម្ម សេដ្ឋកិច្ច​របស់​អាមេរិក ពីព្រោះ​ប្រជាជន​ភូមា រស់ពឹង​នឹង​កសិកម្ម​ដែល​មិនស្ថិត​ក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក។

បើទោះជា​អាមេរិក​បាន​ស្វាគមជ័យ​ជំនះ​ជា​ប្រវត្តិសាស្រ្ត​របស់ មេដឹកនាំ​បក្សប្រឆាំង​ភូមា គឺ​អាមេរិក​ផ្តល់​ជា​រង្វាន់ខ្លះ​ដល់​រដ្ឋាភិបាល ភូមា​ដែល​បាន​បង្ហាញ​ថា ខ្លួន​កំពុង​ធ្វើ​កំណែ​ទម្រង់ ពិតមែន។ ប៉ុន្តែ អាមេរិក​នៅតែ​ប្រុងប្រយ័ត្ន​មិន​ដក​ទណ្ឌកម្ម​ទាំងអស់ និង​ភ្លាមៗ។ ជាក់ស្តែង អាមេរិក​នៅ​បន្ត​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​សំដៅ​បុគ្គល និង​ស្ថាប័ន​ភូមា​ណា​ដែល​មាន សកម្មភាព និង​នយោបាយ​បិទ​ខ្ទប់​រំលោភ​សិទ្ធិ​សេរីភាព​ប្រជាជន​ភូមា។

ជារួម អាមេរិក​នៅ​បន្ត​រក្សា​ទណ្ឌកម្ម​មួយចំនួន​ទៀត​ដើម្បី​ដាក់ សំពាធ​លើ​រដ្ឋាភិបាល​ស៊ីវិល​ភូមា​ឲ្យ​ដោះលែង​អ្នកទោស​នយោបាយ និង​បញ្ឈប់​សង្រ្គាម​ជាមួយ​ជនជាតិ​ភាគតិច។ ហើយអ្វី​ដែល​សំខាន់​ដែរ​នោះគឺ អាមេរិក​ចង់​ឲ្យ ភូមា​បិទ​បញ្ចប់​សហប្រតិបត្តិការ​យោធា​ជាមួយ​ប្រទេស​កូរ៉េខាងជើង​ដែល រហូត​មកដល់​ពេលនេះ អាមេរិក​ចោទថា កំពុង​ជួយ​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ​សម្ងាត់ ឲ្យភូមា៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ