អានតួអត្ថបទ
អាមេរិក-វៀតណាម

លោក Panetta ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អតីត​បន្ទាយទ័ព​អាមេរិក​នៅ​វៀតណាម

លោក Leon Panetta រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ពីរថ្ងៃ នៅ​ក្នុង​ប្រទេស​វៀតណាម។ នៅព្រឹកមិញ​នេះ លោក​បាន​ធ្វើ​ដំណើរ​ទៅ​មើល​អតីត​មូលដ្ឋាន​​ទ័ព​មួយ ដែល​អាមេរិក​ធ្លាប់​ប្រើ នៅ​ក្នុង​អំឡុង​សង្រ្គាម​វៀតណាម។ អតីត​គូសត្រូវ​ទាំងពីរ គឺ​អាមេរិក និង​វៀតណាម កំពុង​ស្វះស្វែង​​ពង្រឹង​ទំនាក់ទំនង​នឹង​គ្នា​ឡើងវិញ ក្នុងពេល​ដែល​ឥទ្ធិពល​​របស់​ចិន​កំពុង​តែ​កើនឡើង​ឥតឈប់ឈរ។

រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​ពេល​មក​ដល់​អតីត​មូលដ្ឋាន​ទ័ព​អាមេរិក​​កាំរ៉ាញ់ (Cam Ranh)
រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​ពេល​មក​ដល់​អតីត​មូលដ្ឋាន​ទ័ព​អាមេរិក​​កាំរ៉ាញ់ (Cam Ranh) REUTERS/Jim Watson
ផ្សាយពាណិជ្ជកម្ម

លោក Leon Panetta គឺ​ជា​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​លើក​ទី១ ដែល​ធ្វើ​ដំណើរ​ទៅ​បន្ទាយទ័ព​កាំរ៉ាញ់ (Cam Ranh) ចាប់តាំង​ពី​សង្រ្គាម​វៀតណាម​ត្រូវ​បញ្ជប់ កាល​ពី​ឆ្នាំ​១៩៧៥។ ដំណើរ​ទស្សនកិច្ច​នេះ គឺ​ជា​និមិត្តរូប​ដ៏សំខាន់​មួយ ដែល​បង្ហាញ​អំពី​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​អតីត​គូសត្រូវ​ទាំងពីរ។

គួរ​រំឭក​ឡើងវិញ​ថា អាមេរិក​ និង​វៀតណាម​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយគ្នា​ឡើងវិញ កាល​ពី​ឆ្នាំ​១៩៩៥ ហើយ​នៅ​ឆ្នាំ​២០១១ កន្លងទៅនេះ ប្រទេស​ទាំងពីរ​បាន​​ចុះកិច្ចព្រមព្រៀង​មួយ ស្តីពី​​សហប្រតិបត្តិការ​យោធា​។ យោងតាម​​មន្រ្តី​ជាន់ខ្ពស់​អាមេរិក នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរថ្ងៃ​នេះ លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​នឹង​ជជែក​ជាមួយ​មន្រ្តី​វៀតណាម អំពី​បែបបទ​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​យោធា​ខាងលើ​នេះ។

អាមេរិក​ទំនង​ជា​កំពុង​សំឡឹង​ឃើញ​មូលដ្ឋាន​ទ័ព​កាំរ៉ាញ់​ថាជា​ទីតាំង​ដ៏ល្អ​មួយ សម្រាប់​​យុទ្ធសាស្រ្ត​ថ្មី​របស់​អាមេរិក នៅអាស៊ី-ប៉ាស៊ីហ្វ៊ិក។ បន្ទាយ​កាំរ៉ាញ់​មាន​ទីតាំង​ជាប់​នឹង​សមុទ្រ​ចិន​ខាង​ត្បូង មានទាំង​ព្រលាន​យន្តហោះ​ ដែល​អាច​ឲ្យ​យន្តហោះ​ចម្បាំង​ចុះចត​បាន ហើយ​មាន​ទាំង​កំពង់ផែ​ធំ ដែល​អាច​ឲ្យ​នាវាចម្បាំង​ចូលចតបាន។

កាល​ពី​ថ្ងៃសៅរ៍ ម្សិលមិញ នៅ​ក្នុង​វេទិកា​សន្តិសុខ​តំបន់ Shangri-La Dialogue នៅ​សិង្ហបុរី លោក Panetta បាន​ប្រកាស​ថា អាមេរិក​គ្រោង​នឹង​ចាប់ផ្តើម​​បង្កើន​ចំនួន​នាវាចម្បាំង​នៅ​ក្នុង​តំបន់​អាស៊ី​-ប៉ាស៊ីហ្វ៊ិក។ នៅ​ឆ្នាំ​២០២០ នាវាចម្បាំង​របស់​អាមេរិក ៦០% នឹង​ស្ថិត​នៅ​ក្នុង​តំបន់​នេះ។

កន្លងទៅថ្មីៗនេះ មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផ្នែក​យុទ្ធសាស្រ្ត​មួយ​របស់​អាមេរិក បាន​ចេញផ្សាយ​របាយការណ៍​មួយ ដោយ​ធ្វើការ​វិភាគ​ថា សមុទ្រ​ចិន​ខាង​ត្បូង គឺ​ជា​តំបន់​យុទ្ធសាស្រ្ត​ដ៏​សំខាន់​បំផុត នៅ​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វ៊ិក។ ហើយ​ប្រទេស​​វៀតណាម គឺ​ជា​កូនសោរ​ដ៏​សំខាន់​មួយ សម្រាប់​ទប់ទល់​ជាមួយ​ចិន នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ