អានតួអត្ថបទ
អាមេរិក-អាស៊ី

Leon Panetta ៖ អាមេរិក​នឹង​បង្កើន​ចំនួន​នាវា​ចម្បាំង​នៅ​អាស៊ី-ប៉ាស៊ីហ្វ៊ិក

សហរដ្ឋ​អាមេរិក​នឹង​ចាប់ផ្តើម​បង្កើន​ចំនួន​នាវាចម្បាំង នៅ​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វ៊ិក។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់​លោក Leon Panetta រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក ថ្លែង​ពី​ប្រទេស​សិង្ហបុរី កន្លែង​បើក​វេទិកា​សន្តិសុខ​តំបន់ ហៅថា Shangri-La Dialogue។ លោក Panetta ក៏​បាន​ថ្លែងផងដែរ​ថា ការ​បង្កើន​ចំនួន​នាវាចម្បាំង​នៅ​អាស៊ី​នេះ មិនមែន​ធ្វើឡើង ដើម្បី​ប្រឈមមុខ​ជាមួយ​ចិន​នោះទេ។

លោក Leon Panetta ថ្លែងក្នុង​វេទិកា​សន្តិសុខ​អាស៊ី Shangri-La Dialogue នៅ​សិង្ហបុរី
លោក Leon Panetta ថ្លែងក្នុង​វេទិកា​សន្តិសុខ​អាស៊ី Shangri-La Dialogue នៅ​សិង្ហបុរី Reuters
ផ្សាយពាណិជ្ជកម្ម

នៅពេល​បច្ចុប្បន្ន​នេះ នាវាចម្បាំង​អាមេរិក​ត្រូវ​បែងចែក​ជា​ពីរ​ស្មើគ្នា គឺ​ពាក់​កណ្តាល នៅ​ប៉ែក​ខាង​មហាសមុទ្រ​អាត្លង់ទិក និង​ពាក់​កណ្តាល នៅប៉ែក​ខាង​មហា​សមុទ្រ​ប៉ាស៊ីហ្វ៊ិក។ យោងតាម​លោក Panetta អាមេរិក​នឹង​​ចាប់ផ្តើម​ដក​​នាវាចម្បាំង​ពី​ខាង​មហាសមុទ្រ​អាត្លង់ទិក ទៅដាក់​ពង្រាយ​នៅ​ប៉ែក​ខាង​​មហាសមុទ្រ​ប៉ាស៊ីហ្វ៊ិក​វិញ។ គោលដៅ គឺ​ត្រូវ​បែងចែក​កម្លាំង​ជើងទឹក​អាមេរិក​ ចំនួន ៦០% ទៅ​ខាងតំបន់​អាស៊ី-ប៉ាស៊ីហ្វ៊ិក នៅឆ្នាំ​២០២០។

នាវាចម្បាំង​ដែល​ត្រូវ​ដាក់ពង្រាយ​នៅ​អាស៊ី-ប៉ាស៊ីហ្វ៊ិក គឺ​រួមមាន​ នាវា​ផ្ទុក​យន្តហោះ​ចំនួន ៦គ្រឿង (ក្នុង​ចំណោម​ចំនួន​សរុប ១១គ្រឿង) ព្រមទាំង​នាវាពិឃាដ និង​នាវា​មុជទឹក​មួយ​ចំនួន​ធំ​ផ្សេងទៀត។

ការប្រកាស​អំពី​ផែនការ​បង្កើន​វត្តមាន​ទ័ពជើងទឹក​នៅ​អាស៊ី-ប៉ាស៊ីហ្វ៊ិក​នេះ ត្រូវ​បាន​ធ្វើឡើង ក្រោយ​ពី​រដ្ឋាភិបាល​របស់​លោក​អូបាម៉ា បាន​បង្ហាញ​ជា​សាធារណៈ កាល​ពី​ខែមករា អំពី​ការ​ផ្លាស់ប្តូរ​អាទិភាព​​យុទ្ធសាស្រ្ត​អាមេរិក ពី​អឺរ៉ុប និង​ដើមបូព៌ា មក​​ផ្តោត​លើ​តំបន់​អាស៊ី​វិញ។

រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​បាន​បញ្ជាក់ថា ការផ្តោតយុទ្ធសាស្រ្ត​មក​តំបន់​អាស៊ី មិនមែន​ធ្វើ​ឡើង ដើម្បី​​ប្រឈមមុខ​ជាមួយ​ចិន​នោះទេ។ លោក​ទទួលស្គាល់ថា អាមេរិក​ និង​ចិន មាន​ការខ្វែងគំនិតគ្នា ជុំវិញ​បញ្ហា​មួយចំនួន ក្នុងនោះ រួមមាន ជម្លោះ​នៅ​សមុទ្រចិន​ខាង​ត្បូង​ផងដែរ។ ក៏ប៉ុន្តែ អាមេរិក​ដឹងច្បាស់ថា អាមេរិក​ និង​ចិន​មិនមាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​ជជែកគ្នា និង​បង្កើន​ទំនាក់ទំនង​យោធា​ជាមួយគ្នា​នោះទេ។

ចិន​តែងតែ​បាន​បង្ហាញ​ការ​មិនសប្បាយចិត្ត​ចំពោះ​យុទ្ធសាស្រ្ត​ថ្មី​របស់​លោក​អូបាម៉ា ដោយ​ចិន​យល់ថា​ អាមេរិក​កំពុង​តែ​ឈានជើង​ចូល​មក​កកូរកកាយ ក្នុង​សំណុំរឿង​នៅ​​តំបន់​អាស៊ី ជាពិសេស គឺ​ចូល​មក​លូកលាន់ ក្នុង​ជម្លោះ​រវាង​ចិន និង​ប្រទេស​ជិតខាង នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​មិន​មាន​អ្វី​ត្រូវ​ពាក់ព័ន្ធជាមួយ​អាមេរិក។

គួរកត់សម្គាល់ថា នៅ​ក្នុង​វេទិកា​សន្តិសុខ​ Shangri-La Dialogue នៅ​សិង្ហបុរី​ឆ្នាំ​នេះ ចិន​បញ្ជូន​ត្រឹម​អនុប្រធាន​បណ្ឌិតសភា​យោធា​ប៉ុណ្ណោះ ឲ្យ​ទៅ​ចូលរួម ដោយ​មិន​មាន​វត្តមាន​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ ដូចកាល​ពី​ឆ្នាំ​ទៅមិញ​នោះទេ។ ជាផ្លូវការ ចិន​បាន​លើកហេតុផលថា​មក​ពី​ចិន​កំពុង​មាន​បញ្ហា​នយោបាយ​ផ្ទៃក្នុង ទើប​​មិន​អាច​បញ្ជូន​មន្រ្តី​ជាន់ខ្ពស់​ទៅ​ចូលរួម​ក្នុង Shangri-La Dialogue បាន។ ក៏ប៉ុន្តែ ក្រៅ​ពី​បញ្ហា​នយោបាយ​ផ្ទៃក្នុង ចិន​ប្រហែល​ជា​មាន​ហេតុផល​ផ្សេងមួយទៀត គឺ​ចិន​ចង់​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា ចិន​ជំទាស់​នឹង​រាល់​វេទិកា​តំបន់​អាស៊ីណា ដែល​មាន​វត្តមាន​អាមេរិក​មក​ចូល​លូកលាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ