អានតួអត្ថបទ
វៀតណាម

វៀតណាម​​សំដែង​​ស្វាគមន៍​​កង​​នាវា​​ចិន​​និង​​អាមេរិក​​

នាវានៃ​​កងទ័ព​​ចិន​​មួយ​​គ្រឿង​ បាន​​ធ្វើ​​ដំណើរ​​ចូល​មក​​ដល់​​កំពង់​ផែ​​ទីក្រុង​ហូជីមិញ​​ភាគ​​ខាង​​ត្បូង​​ប្រទេស​​វៀតណាម​​ហើយ​​នៅ​​ថ្ងៃ​​ពុធ​​ម្សិលមិញ​​នៅ​ខណៈ​​ដែល​​កង​​ម៉ារីន​​វៀតណាម​​និង​​អាមេរិក​​កំពុង​​​ធ្វើ​​លំហាត់​សឹក​​ដែល​​មិន​​មែន​​សំរាប់​​ប្រយុទ្ធ​​តាំង​​ពី​​ថ្ងៃ​​ពុធ​​២៥​​មេសា​​និង​​​បន្ត​​រហូត​​ដល់​​មួយ​​សប្តាហ៍។ ការ​ធ្វើ​លំហាត់​​​​នេះ​​​ ត្រូវ​​​បាន​​​ប្រព្រឹត្ត​​​ទៅ​​​នៅ​​​ក្នុង​​បរិការណ៍​​នៃ​​ភាព​​តាន​តឹង​​​ជាប់​​ជា​ប្រចាំ​នៅ​តំបន់​សមុទ្រ​ប៉ែក​ខាង​ត្បូង។

កោះមួយនៃប្រជុំកោះ Spratleys របស់ប្រទេសវៀតណាម
កោះមួយនៃប្រជុំកោះ Spratleys របស់ប្រទេសវៀតណាម Reuters
ផ្សាយពាណិជ្ជកម្ម

 នវានៃ​​កងទ័ព​​ចិន​មួយ​គ្រឿងដែល​បានធ្វើដំណើរ​ចូលមកដល់កំពង់​ផែទី​ក្រុង​ហូជីមិញ ​កាល​ពី​​​ថ្ងៃ​​ចន្ទដើមសប្តាហ៍​ ​​​ដើម្បី​​ទស្សនកិច្ចរយៈ​ពេល​៣​ថ្ងៃ​នៅ​​ប្រទេស​វៀតណាម។ គោលដៅ​នៃ​ទស្សនកិច្ច​ របស់កងនាវាចិននៅពេលនេះ គឺ​​ដើម្បី​ប្តោះប្តូរគ្នានៅ​​លើ​វិស័យ​វិជ្ជាជីវៈ  ចែក​រំលែក​​បទពិសោធន៍គ្នាទៅវិញទៅមក​ និង ​ពង្រឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​កុម្មុយនិស្ត​ជិត​ខាង​ទាំង​​ពីរនេះ​​។

 
នៅ​​ឯ​កណ្តាល​សមុទ្រ​នៃ​កំពង់ផែ ដាណាងភាគ​កណ្តាល​ប្រទេស​វៀតណាម​ កងនាវា​អាមេរិក​និង​វៀតណាម បាន​ធ្វើលំហាត់​សឹក​ដែល​មិន​មែន​សំរាប់​ប្រយុទ្ធ​ ចាប់​តាំង​​ពី​ថ្ងៃ​ពុធ​២៥​​មេសា​និងបន្ត​​រហូតដល់រយៈពេល​​មួយ​សប្តាហ៍ ។ លំហាត់នេះ ក៏មានរាប់បញ្ចូលផងដែរ​​​ការ​​​ហាត់​ហ្វឹកហ្វឺន​​ស្តីពី​​​​ការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ធម្មជាតិនៅ​លើ ​នាវា​ពិឃាដ​ USS Chafee។  ក៏ប៉ុន្តែ លំហាត់​រវាងអាមេរិកនិងវៀតណាម នេះ ត្រូវ​បានប្រព្រឹត្តទៅ ​បន្ទាប់ពី ​ប្រទេស​ចិន​​និង​វៀតណាម  មានវិបត្តិការទូតមួយចំនួននៅឆ្នាំ២០១២នេះនៅ​ក្នុង​ជម្លោះដែន​​សមុទ្រ​ចិន​ខាង​ត្បូង​។​

គួររំលឹកថា ទីក្រុង​ប៉េកាំងនិង ទីក្រុងហាណូយ មានការ​ឈ្លោះ​ប្រកែក​គ្នាជា​យូរ​យារ​មក​ហើយ​​ក្នុង​​​ការទាមទារ​កម្មសិទ្ធិផ្តាច់មុខរៀងខ្លួននៅលើ​ប្រជុំកោះ Spratley និង Paracels ដែល​​ជា​ដែន​​សមុទ្រសម្បូណ៌ហូរហៀរ​ដោយ​ប្រេងឥន្ទនៈ។ចំណែក ប្រជុំកោះ Spratley វិញ ក៏​ត្រូវ​ ​ប្រទេស​​មួយ​ចំនួន​ផ្សេង​ទៀត​ ទាមទារ​ថាជា​កម្មសិទ្ធិ​របស់​ខ្លួន​មួយ​ចំណែក​ដែរ ក្នុង​នោះ មាន​​តៃវ៉ាន់ ព្រុយណេ ម៉ាឡេស៊ី និង​ហ្វីលីពីន។

នៅក្នុង​ជម្លោះ​ដណ្តើមក​ប្រជុំ​កោះ​ទាំង​ពីរ​នេះ សហរដ្ឋអាមេរិក ដែល​ប្តេជ្ញា​ពង្រឹង​វត្តមាន​របស់​ខ្លួន​នៅ​​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដើម្បី​ប្រឆាំង​ទល់​នឹង​មហិច្ចតា​របស់​ប្រទេស​ចិន បាន​​ទាមទារ​ឲ្យ​មាន​​​ដំណោះស្រាយ​ដោយសន្តិភាពមួយ តាមរយៈការចរចាជា​ពហុ​ភាគី ក៏​ប៉ុន្តែ​​ទីក្រុង​ប៉េកាំង​ មិនខ្ចីស្តាប់និងទាមទារការចរចាជាទ្វេភាគី។

កាលពី​ថ្ងៃ​អង្គារ​មុននេះ ក្រសួងការបរទេស​​វៀតណាម​ ​​បាន​បរិហារ​អំពី​ចេតនាលោភលន់​របស់​​​​ចិន​​ដែល​​ចង់​​អនុវត្តន៍​ផែនការ​ជាតិ​ មួយរបស់ខ្លួន​​ដើម្បី​ការពារដែន​​ប្រជុំកោះ​ទាំង​អស់​នេះ​ដោយ​ក្រសួងការបរទេស​វៀតណាម បាន​បញ្ជាក់​ជា​ថ្មីទៀតថា តំបន់ប្រជុំកោះ ​Spratley និង Paracels គឺ ជា​ដែន​អធិបតេយ្យរ​​បស់ខ្លួន​មិនអាចប្រកែកបានឡើយ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ