អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​និង​រុស្ស៊ី​ចង់​ផ្តោះប្តូរ​អ្នកទោស​ពី​បទ​ចារកម្ម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជន ១០​នាក់ ដែល​ត្រូវ​អាមេរិក​ចោទប្រកាន់ថា​ជា​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី ត្រូវ​បាន​​កោះហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​តុលាការ នៅថ្ងៃ​ព្រហស្បតិ៍នេះ។ ព្រមពេល​ជាមួយ​គ្នានេះ ​ព័ត៌មាន​បាន​លេចឮ​ទាំង​មក​ពី​ខាង​អាមេរិក និង​ខាង​រុស្ស៊ី អំពី​ការ​ចរចា ដើម្បី​ផ្តោះប្តូរ​អ្នកទោស​គ្នា​ទៅវិញ​ទៅមក។ បើទោះជា​គ្មាន​ការ​បញ្ជាក់អះអាង​ជាផ្លូវការ​ពី​រដ្ឋាភិបាល​ទាំងពីរ ដំណឹង​អំពី​ការ​ផ្លាស់ប្តូរ​អ្នកទោសនេះ គឺ​មានប្រភព​ចេញ​ពី​មេធាវី​ជនជាប់ចោទ​ទាំង​១០នាក់ និង​ពី​គ្រួសារ​របស់​អ្នកទោស ដែល​កំពុង​ជាប់​គុក នៅរុស្ស៊ី ពីបទ​ចារកម្ម។

អ៊ីហ្ករ ស៊ូតយ៉ាហ្គីន (Igor Soutiaguine) ដែល​ត្រូវ​រុស្ស៊ី​កាត់ទោស​ពីបទ​លួចយកការណ៍​ឲ្យ​អាមេរិក
អ៊ីហ្ករ ស៊ូតយ៉ាហ្គីន (Igor Soutiaguine) ដែល​ត្រូវ​រុស្ស៊ី​កាត់ទោស​ពីបទ​លួចយកការណ៍​ឲ្យ​អាមេរិក ©រក្សាសិទ្ធិ
ផ្សាយពាណិជ្ជកម្ម

អាមេរិក និង​រុស្ស៊ី កំពុង​ចរចា​គ្នា ដើម្បី​ផ្តោះប្តូរ​​អ្នកទោស​ ដែល​ជាប់ទោស​ពីបទ​ចារកម្ម?! ស្តាប់មើលទៅ ធ្វើ​ឲ្យ​គេ​នឹកស្មាន​ថា ពិភពលោក​កំពុង​ដើរ​ថយក្រោយ​ត្រឡប់​ទៅ​សម័យ​សង្រ្គាម​ត្រជាក់វិញ​ទៅហើយ! តាំងពី​សង្រ្គាម​ត្រជាក់​បាន​បញ្ចប់​ទៅ​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​៩០ គេលែង​ឃើញ​អាមេរិក និង​រុស្ស៊ី ធ្វើ​ការ​ផ្លាស់ប្តូរ​ភ្នាក់ងារចារកម្ម​គ្នា​​​ ដូចពីមុន​ទៀត​ហើយ។

នៅពេលនេះ បើទោះជា​មិនមាន​ការ​បញ្ជាក់​អះអាង​ជាផ្លូវការ​ពី​រដ្ឋាភិបាល​ទាំងពីរ ក៏ប៉ុន្តែ ព័ត៌មាន​ស្តីពី​ការ​ផ្លាស់ប្តូរ​អ្នកទោស​គ្នានេះ មាន​កាន់តែ​ច្បាស់ឡើងៗ​ហើយ។ មេធាវី​របស់​ជនជាប់ចោទ​រុស្ស៊ី​ទាំង​១០នាក់ បាន​អះអាង​ថា ​ពួក​គេ​ពិត​ជា​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​អាមេរិក​អំពី​រឿង​ផ្តោះប្តូរអ្នកទោស​នេះ​មែន។

ក្រុមគ្រួសារ​របស់​អ្នកទោស​ម្នាក់ ឈ្មោះ​អ៊ីហ្ករ ស៊ូតយ៉ាហ្គីន (Igor Soutiaguine) ដែល​កំពុង​ជាប់​គុក​នៅ​រុស្ស៊ី ពីបទ​ថា​បាន​យកការណ៍​សម្ងាត់​ឲ្យ​អាមេរិក បាន​ប្រាប់​អ្នកកាសែត​ថា ស៊ូតយ៉ាហ្គីន​ បាន​ផ្តល់​ដំណឹងមក​ថា អាជ្ញាធរ​រុស្ស៊ី​កំពុង​តែ​រៀបចំ​ដោះលែង​គាត់ ហើយ​បញ្ជូន​ចេញ​ពី​រុស្ស៊ី ​ទៅ​ប្រទេស​អង់គ្លេស។

តម្រុយមួយទៀត ដែល​អាច​ឲ្យ​គេ​សន្និដ្ឋាន​ថា ពិតជាមានការ​ចរចា​ផ្តោះប្តូរ​អ្នកទោស គឺ​ការ​​ប្រែប្រួលនៃ​​នីតិវិធី​តុលាការអាមេរិក ក្នុងការ​ជំនុំជម្រះ​ជនជាប់ចោទ​ទាំង​១០នាក់។ តាម​គម្រោង​ គេ​ត្រូវ​នៅ​បន្ត​សួរ​ចម្លើយ​ជនជាប់ចោទ​៣នាក់​ទៀត កាល​ពី​ថ្ងៃ​ពុធ ម្សិលមិញ។ ក៏ប៉ុន្តែ ចៅក្រម​បែរ​ជា​សម្រេច​លុប​ការ​សួរចម្លើយនេះ​ចោលវិញ ហើយ​កោះហៅ​ជនជាប់ចោទ​ទាំង ១០​នាក់ ឲ្យ​ចូល​ទៅ​បង្ហាញ​ខ្លួន​នៅតុលាការ ក្នុង​ពេល​ជាមួយ​គ្នា នៅថ្ងៃ​ព្រហស្បតិ៍នេះ។ ការកោះហៅ​នេះ គឺ​ទំនង​ជា​ជនជាប់ចោទ​ទាំង ១០​នាក់ សុខចិត្ត​ឆ្លើយ​សារភាព​ទទួល​កំហុស ហើយ​ឲ្យ​ចៅក្រម​ប្រកាស​ទោស​ឆាប់ៗ ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​ផ្តោះប្តូរ​អ្នកទោស។

ប្រភព​ពី​មន្រ្តី​ការទូត ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​បង្ហើប​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង អា-អែហ្វ-ប៉ែ ​ថា ការ​ចរចា​រវាង​អាមេរិក និង​រុស្ស៊ី បាន​សម្រេច​ជា​លទ្ធផល​រួចទៅហើយ នៅថ្ងៃ​ព្រហស្បតិ៍នេះ។ ការផ្តោះប្តូរ​អ្នកទោស​អាច​នឹង​ត្រូវ​ធ្វើ នៅថ្ងៃ​សុក្រ​ស្អែក។ ការ​ផ្តោះប្តូរ​អ្នកទោស​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​​ស្ងាត់ៗ ដោយ​គ្មាន​ការប្រកាស​ជាផ្លូវការ​នោះទេ។

រដ្ឋាភិបាល​អាមេរិក ដែល​សុខចិត្ត​​ធ្វើ​ការ​ផ្តោះប្តូរ​អ្នកទោស​ជាមួយ​រុស្ស៊ី​នេះ គឺ​ដើម្បី​ចៀស​វាង​កុំ​ឲ្យ​មាន​ដំណើរ​ក្តី​អូសបន្លាយ​វែង ដែល​អាច​នាំ​ឲ្យ​ខូច​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី។ ម្យ៉ាងវិញ​ទៀត ការ​ជំនុំជម្រះ ដែល​អូសបន្លាយ​វែង ក្រៅ​ពី​ចំណាយ​ពេលវេលា និង​លុយកាក់​ច្រើន ក៏​នៅ​មាន​បញ្ហា​មួយទៀត គឺ​ការ​បែកធ្លាយ​ការណ៍​សម្ងាត់ ពីព្រោះ​ថា ជាធម្មតា នៅ​ក្នុង​ការជំនុំជម្រះ​ក្នុង​តុលាការ តែងតែ​មាន​ការ​ជជែក​ដេញដោល​គ្នា នៅ​ក្នុង​សវនាការ។ ក៏ប៉ុន្តែ លោក​អូបាម៉ា ក៏​អាច​នឹង​ត្រូវ​ទទួល​រង​នូវការ​រិះគន់​ផងដែរ ចំពោះ​ការ​ផ្តោះប្តូរ​អ្នកទោស​នេះ។ គណបក្ស​សាធារណរដ្ឋ​ប្រាកដ​ជា​រិះគន់​លោក​អូបាម៉ា​ថា​មាន​ជំហរ​ទន់ជ្រាយ​​ចំពោះ​រុស្ស៊ី។

រហូតមកទល់ពេលនេះ គឺ​នៅតែ​មិនទាន់ដឹង​ច្បាស់​អំពី​ឈ្មោះ​អ្នកទោស ដែល​រុស្ស៊ី​ព្រម​ដោះលែង​ជា​ថ្នូរ​នឹង​ជនជាប់ចោទ​ ១០នាក់ នៅអាមេរិក​នេះ​ទេ។ គេ​គ្រាន់តែ​ដឹង​ថា ក្នុង​ចំណោម​អ្នកទោស ដែល​រុស្ស៊ី​នឹង​ដោះលែងនេះ គឺ​មាន​ស៊ូតយ៉ាហ្គីន។ ស៊ូតយ៉ាហ្គីន គឺ​ជា​អ្នកវិទ្យាសាស្រ្ត ​ជនជាតិ​រុស្ស៊ី ជំនាញ​ខាង​សព្វាវុធ​នុយក្លេអ៊ែរ​ ប៉ុន្តែ កាល​ពីឆ្នាំ​២០០៤ ត្រូវ​តុលាការ​រុស្ស៊ី​កាត់​ឲ្យ​ជាប់គុក​ចំនួន ១៥​ឆ្នាំ ពីបទ​ថា​បាន​លួច​យកការណ៍​សម្ងាត់​បញ្ជូន​ទៅ​ឲ្យ​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក (​ស៊ី-អាយ-អេ)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ