អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មេដឹកនាំ​លោក​ខាង​លិច​ទាមទារ​ឲ្យ​ប្រធានាធិបតី​ស៊ីរី​ចុះចេញ​ពី​តំណែង

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃ​ព្រហស្បតិ៍ ១៨ សីហា ២០១១​នេះ សហរដ្ឋ​អាមេរិក និងប្រទេស​ជា​សម្ព័ន្ធមិត្ត​រួមមាន អង់គ្លេស បារាំង និង​អាល្លឺម៉ង់ បាន​ធ្វើការទាមទារ​ជាសាធារណៈ​ឲ្យ​ប្រធានាធិបតី​ស៊ីរី គឺ​​លោក​បាស្ហា អាល់ អាសាដ (Bachar al-Assad) ចុះចេញ​ពី​អំណាច។ ក្នុងពេលជាមួយ​គ្នា អគ្គស្នងការ​​អ.ស.ប.​ទទួលបន្ទុក​សិទ្ធិមនុស្ស​បានស្នើ​សុំ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ចេញ​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដើម្បី​បើក​ការស៊ើបអង្កេត​លើ​ករណី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដែល​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​ស៊ីរី។

លោក​បាស្ហា អាល់ អាសាដ ប្រធានាធិបតី​ស៊ីរី កាលពី​ពេល​បំពេញ​ទស្សនកិច្ច​នៅបារាំង ខែកក្កដា ២០០៨
លោក​បាស្ហា អាល់ អាសាដ ប្រធានាធិបតី​ស៊ីរី កាលពី​ពេល​បំពេញ​ទស្សនកិច្ច​នៅបារាំង ខែកក្កដា ២០០៨ REUTERS/Eric Gaillard/Files
ផ្សាយពាណិជ្ជកម្ម

 

ការទាមទារ​ឲ្យ​លោក​អាសាដ​ចុះចេញ​ពី​តំណែង​ត្រូវបាន​ធ្វើឡើង ស្ទើរតែ​ព្រមៗ​គ្នា កាលពីថ្ងៃ​ព្រហស្បតិ៍។ ការទាមទារ​របស់​បារាំង អង់គ្លេស និង​អាល្លឺម៉ង់ ត្រូវបាន​ធ្វើ​ឡើង ក្នុងសេចក្តី​ថ្លែងការណ៍​រួមគ្នា។ ទាំងនេះ​បង្ហាញថា មុននឹង​ឈាន​ដល់​ការចេញ​សេចក្តី​ថ្លែងការណ៍​នេះ ប្រទេសទាំងនេះ​ពិតជាបាន​ជជែក​ពិភាក្សា និង​បាន​ព្រមព្រៀង​គ្នា​ជាមុន។

យោងតាម​មន្រ្តី​សេតវិមាន អាមេរិក និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​បាន​សម្រេច​ថា​នឹងទាមទារ​ឲ្យ​លោក​អាសាដ​ចុះចេញ​ពី​តំណែង តាំងពីថ្ងៃទី៥ សីហា មកម៉្លេះ ក៏ប៉ុន្តែ បានពន្យារពេល​ ដោយសារ​តែ​តួកគី ដែល​ជា​សម្ព័ន្ធមិត្ត​យ៉ាងជិតស្និទ្ធ​របស់​ស៊ីរី ​បាន​សុំ​ពេល​បន្តិច​សិន ដើម្បី​ព្យាយាម​បញ្ចុះបញ្ចូល​​លោក​អាសាដ​ឲ្យ​​បញ្ឈប់​អំពើ​ហិង្សា​លើ​បាតុករ។ បេសកកម្ម​ ដឹកនាំ​ដោយ​រដ្ឋមន្រ្តី​ការបរទេស​តួកគី​ត្រូវ​ទទួលបរាជ័យ ដោយសារ​តែ​លោក​អាសាដ​ធ្វើគ ធ្វើ​ថ្លង់​មិនព្រម​ស្តាប់ រហូតដល់​​​នាយករដ្ឋមន្រ្តី​តួកគី​​​បាន​ប្រៀបធៀប​លោក​អាសាដ ទៅនឹង​លោក​កាដាហ្វ៊ី​ទៀតផង។

ក្រៅពីបាន​ប្រកាស​ទាមទារ​ឲ្យ​លោក​អាសាដ​ចុះចេញ​ពី​អំណាច លោក​អូបាម៉ា​ក៏​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​បន្ថែម​ផងដែរ​លើ​មេដឹកនាំ​ស៊ីរី។ ទណ្ឌកម្ម​ថ្មីនេះ រួមមាន ការ​ផ្អឹប​ទ្រព្យសម្បត្តិ​របស់​រដ្ឋាភិបាល​ស៊ីរី ការ​ហាមឃាត់​ពលរដ្ឋ ឬ​ក្រុមហ៊ុន​អាមេរិក​មិនឲ្យ​រកស៊ី​ជាមួយ​ស៊ីរី និង​ការហាមឃាត់​ការ​ទិញប្រេង​ពី​ស៊ីរី។ លោកអូបាម៉ា​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ផ្សេងទៀត​ចូលរួម​ដាក់ទណ្ឌកម្ម​លើ​ស៊ីរី ជាពិសេស ទណ្ឌកម្ម​លើ​វិស័យ​ប្រេង និង​ឧស្ម័ន ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​ស៊ីរី។

សហភាព​អឺរ៉ុប​កំពុង​តែ​ពិចារណា​ចំពោះ​ទណ្ឌកម្ម​ថ្មីនេះ។ លើសពីនេះ​ទៅទៀត ប្រទេស​អឺរ៉ុប​ចំនួន ៤ ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ គឺ​បារាំង អង់គ្លេស អាល្លឺម៉ង់​ និង​ព័រទុយហ្កាល់ កំពុង​រៀបចំ​សេចក្តីព្រាង​ទណ្ឌកម្ម​ថ្មីមួយ ដើម្បី​ដាក់ជូន​​ក្រុមប្រឹក្សា​សន្តិសុខ​អនុម័ត ក្នុងនោះ ក៏មាន​ការហាមឃាត់​ការលក់​អាវុធ​ទៅ​ឲ្យ​ស៊ីរី​ផងដែរ។ ក៏ប៉ុន្តែ ការអនុម័ត​ទណ្ឌកម្ម​នេះ ប្រាកដ​ជា​ត្រូវ​ប្រឈមមុខ​នឹង​ការប្រឆាំង​ពី​សំណាក់​រុស្ស៊ី និង​ចិន ជាមិនខាន។

កាលពីម្សិលមិញ​នេះ ក្រុមប្រឹក្សា​សន្តិសុខ​បាន​បើក​កិច្ចប្រជុំ​ពិសេសមួយ ដើម្បី​ស្តាប់​របាយការណ៍​របស់​មន្រ្តី​ទទួលបន្ទុក​សិទ្ធិមនុស្ស និង​​មន្រ្តី​ផ្នែក​កិច្ចការ​មនុស្សធម៌។ អគ្គស្នងការ​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិមនុស្ស​​បាន​បង្ហាញ​នូវភស្តុតាង​មួយចំនួន ដែល​បញ្ជាក់​ពី​ករណី​រំលោភ​សិទ្ធិមនុស្ស​ដ៏ធ្ងន់ធ្ងរ ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​ស៊ីរី ទៅលើ​ក្រុមប្រឆាំង។ ភស្តុតាងទាំងនោះ​បង្ហាញ​ថា កងកម្លាំង​ប្រដាប់អាវុធ​ស៊ីរី​ទទួល​បញ្ជា​ពី​រដ្ឋាភិបាល​ឲ្យ​បាញ់​សម្លាប់​បាតុករ​ប្រឆាំង។ ក្នុងករណីមួយនោះ បាតុករចំនួន ២៦នាក់ ដែល​ត្រូវអាជ្ញាធរ​​​ចាប់ខ្លួនបាន ត្រូវ​បាន​គេ​ចងមុខ ហើយ​យក​ទៅ​បាញ់សម្លាប់ចោល​តែម្តង។ អគ្គស្នងការ​សិទ្ធិមនុស្ស​បាន​ស្នើសុំ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ក្រុងឡាអេ) ដើម្បី​បើកការស៊ើបអង្កេត​លើ​ករណី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នៅស៊ីរី។

ក្រុមប្រឹក្សា​សន្តិសុខ នៅមិនទាន់​​ពិភាក្សា​លើ​អនុសាសន៍​របស់​អគ្គស្នងការ​សិទ្ធិមនុស្ស​នេះ​នៅឡើយទេ។ ក៏ប៉ុន្តែ នៅថ្ងៃ​សៅរ៍​ ឬ​ថ្ងៃ​អាទិត្យ​ស្អែកនេះ អ.ស.ប.​នឹង​បញ្ជូន​មន្រ្តីស៊ើបអង្កេត​មួយ​ក្រុម​​ទៅកាន់​ប្រទេស​ស៊ីរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ