អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អយុត្តិធម៌​​ក្នុង​​ប្រព័ន្ធ​យុត្តិធម៌​​ជា​​ផល​វិបាក​​នៃ​​អសីលធម៌​​ច្រើន​ជាង​​អសមត្ថភាព​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​ថ្មី​ម្តងទៀត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ទៅ​នឹង​មន្ត្រី​តុលាការ​មួយ​ចំនួន​ដែល​លោក ​ចោទ​ថា​បាន​សម្រេច​សេចក្តី​មិន​ត្រឹមត្រូវ។ ប្រតិកម្ម​ទៅ​នឹង​មន្ត្រី​តុលាការ​ក៏​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ធ្វើ​ឡើង​ជា​ច្រើន​លើក​មក​ហើយ។ ជា​ទូទៅ​មានរឿង​រាវ​ច្រើនណាស់​ដែល​កើត​ឡើង​ដោយ​ការ​កាត់​សេចក្តី​របស់​តុលាការ។​ បែប​នេះ​បង្កើត​ឲ្យ​មាន «​អយុត្តិធម៌​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​» ដែល​ជា​គ្រោះថ្នាក់​ធំធេង​សម្រាប់​សង្គម។ តើ​នេះ​មក​ពី​អសមត្ថភាព ឬ​អសីលធម៌​របស់​មន្ត្រី?

តុលាការយុត្តិធម៌នៅកម្ពុជា។
តុលាការយុត្តិធម៌នៅកម្ពុជា។ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ការ​បង្កើត​ឲ្យ​មាន​អំពើ​អយុត្តិធម៌​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ហាក់​បាន​ក្លាយ​ទៅ​ជា​រឿង​សាមញ្ញ​មួយ​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​ក្រីក្រ​ដែល​គ្មាន​ប្រាក់ និង​គ្មាន​ខ្នង​បង្អែក​រមែង​តែង​ខ្លាចរអា​តុលាការ​យ៉ាងខ្លាំង ពី​ព្រោះ​តែ​ពួកគេ​ច្រើន​តែ​ចាញ់​ក្តី​គូ​ទំនាស់ ដែល​ជា​អ្នក​មាន​ប្រាក់​ ឬ​មាន​អំណាច។ ជា​ផល​វិបាក​មនុស្ស​ជា​ច្រើន​ទទួល​រក​ការ​ឈឺចាប់។ ការ​ឈឺ​ចាប់​ផ្តុំ​គ្នា​ប្រៀបបាន​នឹង​គ្រាប់បែក​កំណត់​ម៉ោង​ដែល​ពេលណា​មួយ​វា​នឹង​ផ្ទុះឡើង​ជា​មិន​ខាន។

ជាការ​ពិតណាស់ ប្រសិន​បើ​យើង​ពិនិត្យ​មើល​ឫសគល់​នៃ​ប្រព័ន្ធយុត្តិធម៌​កម្ពុជា ប្រទេស​នេះ​មាន​មរតក​យុត្តិធម៌​យ៉ាង​ក្រាស់ក្រែល ដែល​ជា​ជំនួយ​ស្មារតី​ដល់​ចៅក្រម​និង​អ្នក​អនុវត្ត​ច្បាប់​ទាំង​ឡាយ។ មាន​រឿង​ព្រេង​ខ្មែរ​រាប់សិប ដែល​ដូនតា​ខ្មែរ បាន​បង្ហាញ​ពី​របៀប​កាត់​ក្តី​ដ៏​យុត្តិធម៌​បំផុត​សម្រាប់​គូវិវាទ។ ជា​ទូទៅ ព្រះមហាក្សត្រ ឬ​សុភា​ទន្សាយ​គឺជា​តួអង្គ​តំណាង​ឲ្យ​អ្នកកាត់ក្តី​ប្រកប​ដោយ​យុត្តិធម៌។

លោក​បណ្ឌិត ហ៊ែ​ល ចំរើន បាន​ស្រាវជ្រាវ​និង​ចងក្រង​រឿងព្រេង​ទាំង​នោះ​យ៉ាង​ពិស្តារ​នៅក្នុង​សៀវភៅ​«​មរតក​យុត្តិធម៌​ខ្មែរ» របស់លោក​សម្រាប់​ជា​ជំនួយស្មារតី​ដល់​អ្នក​ច្បាប់ និង​ចៅក្រម​អ្នក​កាត់ក្តី​ទាំងឡាយ។ នេះ​មានន័យ​ថា ដូនតា​ខ្មែរ​បាន​ស្គាល់​យ៉ាង​ច្បាស់​តាំង​ពី​យូរលង់​ណាស់​មក​ហើយ អំពី​មូលដ្ឋាន​នៃ​ការ​ស្វែង​រក​យុត្តិធម៌។ មិន​គួរ​អី​កូនចៅ​ខ្មែរ​ជំនាន់​នេះ​ដែលមាន​ការ​រៀនសូត្រ​ទូលំទូលាយ​អំពី​ច្បាប់​ជាតិ និង​អន្តរជាតិ បែរ​ជា​ទុក​ឲ្យ​ប្រព័ន្ធតុលាការ​រួតរឹត​ដោយ​អំពើ​អយុត្តិធម៌ និង​បង្ក​ឲ្យ​មាន​អ្នក​រងគ្រោះ​យ៉ាងច្រើន​ពី​ការ​កាត់​ក្តី​របស់​ខ្លួន​បែប​នេះ​ទៅវិញ?

តាម​គោលការណ៍​យុត្តិធម៌ ចៅក្រម​ដែល​ជា​អ្នកកាត់ក្តី​ត្រូវ​តែ​ជា​អ្នក​ដែលមាន​បញ្ញា​វៀងវៃ​និង​ត្រូវ​ចៀសវាង​អគតិ​ធម៌ ៤​យ៉ាង​គឺ​ឆន្ទាគតិ (សេចក្តី​លម្អៀង​ព្រោះ​ស្រឡាញ់ ឬ​ព្រោះ​លាភសក្ការៈ) ទោសាគតិ (សេចក្តី​លម្អៀង​ព្រោះ​ស្អប់) ភយាគតិ ( សេចក្តី​លម្អៀង​ព្រោះ​ខ្លាច​អំណាច) និង​មោហោ​គតិ ( សេចក្តី​លម្អៀង​ព្រោះ​អវិជ្ជា)។ អគតិ​ធម៌​ទាំង​៤​យ៉ាង ត្រូវ​គេ​ចាត់​ទុក​ជា​សត្រូវ​ក្នុង​ដំណើរការ​ស្វែង​រក​អយុត្តិធម៌។

ប៉ុន្តែ ប្រសិន​បើ​គេ​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ជាក់ស្តែង ក្នុង​ប្រព័ន្ធតុលាការ​ខ្មែរ​បច្ចុប្បន្ន​វិញ អគតិ​ធម៌​ទាំង​៤​យ៉ាង ហាក់​នៅ​តែ​មាន​អត្ថិភាព​យ៉ាង​ខ្លាំង​នៅឡើយ។ ការ​កាត់សេចក្តី​ក្រោម​ឥទ្ធិពល​នៃ​ការ​ស្រឡាញ់ ស្អប់ លាភសក្ការៈ ឬ​ការ​ខ្លាច​អំណាច ត្រូវ​បាន​គេ​មើលឃើញ​យ៉ាង​ងាយ​បំផុត។ ការ​បំពាន​ទៅ​លើ​វិធាន​យុត្តិធម៌​ជា​ទោសកំហុស​ធ្ងន់ធ្ងរ​ទាំង​ផ្នែក​អាណាចក្រ​និង​ពុទ្ធចក្រ​ពោល​គឺ​វា​បាន​បង្ក​ការ​ឈឺចាប់​ដល់​អ្នក​ដែល​ទទួលរង​គ្រោះ។ តើ​ចៅក្រម​ទាំង​ឡាយ​អាច​សម្រាន្ត​លក់​ស្រួល​ដែរ ឬ​ទេ​នៅ​ពេល​ដែល​ពួកគេ​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​រងទុក្ខវេទនា​ដោយ​ការ​កាត់​សេចក្តី​របស់ខ្លួន​នោះ?

ខាង​ផ្នែក​ពុទ្ធចក្រ​វិញ ការ​បំភ្លៃ​សំណុំរឿង​ពីស ទៅ​ជា​ខ្មៅ ពី​ខ្មៅ​ទៅ​ជាស គឺជា​អំពើ​បាប​ធ្ងន់ធ្ងរ បើ​ទោះជា​មិនមែន​ជាតិ​នេះ​ក៏​ជាតិ​ខាងមុខ​ដែរ។ អ្នក​កាន់​ព្រះពុទ្ធសាសនា​ប្រាកដជា​បាន​យល់ច្បាស់​អំពី​ទស្សនៈ​កម្មផល ឬ​អំពើ​បុណ្យ​និង​បាប​ដែល​មិនអាច​កាត់កង​គ្នា​បាន​ឡើយ។ បើ​ដូច្នេះ តើ​ហេតុអ្វី​បានជា​ចៅក្រម និង​អ្នកអនុវត្ត​ច្បាប់​មួយចំនួន​នៅតែ​បណ្តោយ​ខ្លួន​ឲ្យ​លង់​ក្នុង​អគតិ​ធម៌​ទាំងនោះ​ទៀត?

មាន​ហេតុផល​សត្យានុម័ត​មួយ​ចំនួន​ដែល​បង្កើត​ឲ្យ​មាន​អយុត្តិធម៌​ក្នុង​ប្រព័ន្ធយុត្តិធម៌​កម្ពុជា៖ ទី១ សមត្ថភាព​មាន​កម្រិត​របស់​មន្ត្រី​តុលាការ​ជា​អ្វី​ដែល​គេ​មិន​អាច​មើលរំលង​បាន។ ទី២ គឺ​មក​ពី​ទម្លាប់​ធំ​ជាង​ច្បាប់​នោះ គឺ​ទម្លាប់​នៃ​ការខ្លាច​អំណាច​អ្នកធំ។ ទី៣ គឺ​ការបែងចែក​គ្នា​មិន​ដាច់​រវាង​អំណាច​រដ្ឋ​ទាំងបី ជា​ពិសេស​គឺ​អំណាចនីតិប្រតិបត្តិ​មាន​ទម្ងន់​ខ្លាំងពេក​ទៅលើ​នីតិបញ្ញត្តិ និង​តុលាការ។ និង​ទី៤ គឺ​កង្វះ​មនសិការ​វិជ្ជាជីវៈ​របស់​មន្ត្រី​អនុវត្ត​ច្បាប់​មួយ​ចំនួន។ ពួកគេ​សុខចិត្ត​លម្អៀង​ដោយ​ការខ្លាច​អំណាច​ឬ​ដោយ​លាភសក្ការៈ​ហើយ​បោះបង់ចោល​នូវ​សីលធម៌​និង​មនសិការ​វិជ្ជាជីវៈ។

សរុប​មកវិញ សង្គម​ខ្មែរ​មាន​មូលដ្ឋានគ្រឹះ​នៃ​ការ​ស្វែងរក​យុត្តិធម៌​គ្រប់គ្រាន់ ប៉ុន្តែ​អ្វី​ដែល​នៅ​ខ្វះ​គឺ​ឆន្ទៈ សីលធម៌ និង​មនសិការ​របស់​មនុស្ស​តែប៉ុណ្ណោះ។ បើទោះជា​សមត្ថភាព​របស់​ចៅក្រម​មួយ​ចំនួន នៅមានកម្រិត ប៉ុន្តែ ប្រសិន​បើ​ពួកគេ​ឈរ​លើ​គោលការណ៍​យុត្តិធម៌​ជា​ធំ សំណុំរឿង​ជា​ច្រើន នឹង​ត្រូវបាន​ដោះស្រាយ​ដោយ​យុត្តិធម៌​ជា​មិន​ខាន។ ដូច្នេះ ដើម្បី​កែ​ប្រព័ន្ធយុត្តិធម៌​កម្ពុជា គេ​មិន​អាច​មើលរំលង​បញ្ហា​សីលធម៌ និង​ឆន្ទៈ​របស់​អ្នក​នយោបាយ​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ