អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិអ៊ុយក្រែន -គ្រីមេ ៖ រុស្ស៊ី និង អាមេរិក​ដំឡើង​ទណ្ឌកម្ម​ដាក់​គ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ៊ុយក្រែន ត្រូវ​ចុះ​កិច្ច​ព្រមព្រៀង​​​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​សុក្រ​នេះ។ កិច្ចព្រមព្រៀង​ដែល​បញ្ជាក់​អំពី​ចេតនា​ពិត​របស់​អ៊ុយក្រែន​ ដែល​ចង់​រួម​រស់​ជាមួយ​អឺរ៉ុប និង​ជា​ចំណុច​ចាប់​ផ្តើម​វិបត្តិ​នៅ​អ៊ុយក្រែន។ ក្នុង​ពេលជា​មួយ​គ្នា​នេះ នៅ​ម៉ូស្គូ សភា​ជាន់​ខ្ពស់​​រុស្ស៊ី បាន​បោះឆ្នោត​អនុម័តទទួល​យក​គ្រីមេ​ឱ្យ​ភ្ជាប់​ខ្លួន​ជាមួយ​នឹង​រុស្ស៊ី។​ ​សម្រាប់​បស្ចឹម​លោក​ ការ​ភ្ជាប់​គ្រីមេ​ទៅ​រុស្ស៊ី គឺ​ជា​ឈ្លានពាន​​​ទឹក​ដី ដូច្នេះ​ហើយ​បាន​ជា​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​កាន់​តែ​ខ្លាំង បញ្ជី​ខ្មៅ​​​ចុះ​ឈ្មោះ​​ឥស្សរជន​រុស្ស៊ី និង​ក្រុម​គ្រួសារ​មេ​ដឹកនាំ​សំខាន់ៗ​រុស្ស៊ី កាន់តែ​វែង។ លោក​ពូទីន ក៏​មិន​ចុះ​ញ៉ម បាន​បង្កើត​បញ្ជី​ខ្មៅ​ដាក់​ទណ្ឌកម្ម​ក្រុម​បស្ចឹម​លោក​វិញ ឈ្មោះ​ដំបូង​គេ​គឺ​ឥស្សរជន​នយោបាយ​​អាមេរិក។

ប្រធានាធិបតី​អាមេរិកលោក​ Obama និង​រុស្ស៊ី​លោក​ Vladimir Poutine ក្នុង​ជំនួប​G៨ ថ្ងៃទី​១៧​មិថុនា ២០១៣
ប្រធានាធិបតី​អាមេរិកលោក​ Obama និង​រុស្ស៊ី​លោក​ Vladimir Poutine ក្នុង​ជំនួប​G៨ ថ្ងៃទី​១៧​មិថុនា ២០១៣ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អ៊ឺរ៉ុប​-អ៊ុយក្រែន​

 
អ៊ុយក្រែន តាំង​បាន​ទទួល​ឯករាជ្យ​ ក្រោយ​ការ​ដួល​រលំ​ទៅ​នៃ​របប​សហភាព​សូវៀត ចង់​ទៅ​ស្និទ្ធ​នឹង​សហភាពអឺរ៉ុបណាស់ ចង់​បាន​ស្គាល់​រសជាតិ​ប្រជាធិបតេយ្យ​និង​សេរី​និយម​ខ្លាំង ប៉ុន្តែ​ប្រទេស​នេះ​​រង​ឥទ្ធិពល​ខ្លាំង​ពី​​​រុស្ស៊ី។​ ការ​ចរចា​យូរ​ខែ​ឆ្នាំ ចលនា​ប្រជាជន​ បាន​​​រុញ​ច្រាន​រដ្ឋាភិបាល​ឱ្យ​​បង្ខិត​ខ្លួន​មក​រក​អឺរ៉ុប​បន្តិច​ម្តងៗ គម្រោង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​អ៊ុយក្រែន-អឺរ៉ុប ​បាន​​លេច​ចេញ​ជា​រូបរាង​ ​និងកំណត់​កាលបរិច្ឆេទ​ចុះ​ហត្ថលេខា​ឱ្យ​​ចូល​ជា​ធរមាន​ទៅ​ហើយ ប៉ុន្តែ​ដូច​ផែនដី​ក្រឡាប់​ ក្នុង​មួយ​ប៉ប្រិច​ភ្នែក​សោះ​ ប្រធានាធិបតី​អ៊ុយក្រែន ដែល​កាលណោះ​ដឹកនាំ​ដោយ​លោក វិចទ័រយ៉ានូកូវិច បាន​ក្រឡះ​សំដី ដោយ​​​ងាក​ទៅ​ទទួល​យក​ជំនួយ​ពី​រុស្ស៊ី និង​សុខចិត្ត​ចូល​ជា​ក្រុម​សហព័ន្ធ​ពន្ធគយ​ដឹកនាំដោយ​រុស្ស៊ី​វិញ។ ព្រោះ​ម្យ៉ាង​រុស្ស៊ី​ ដែល​មិន​ចង់​បាត់​បង់​អ៊ុយក្រែន បាន​ដាក់មាន​សម្ពាធ​ខ្លាំង ម្យ៉ាង​អ៊ុយក្រែន​ក៏​សំឡេង​ឃើញ​ប្រយោជន៍​សេដ្ឋកិច្ច​​ជា​មួយ​រុស្ស៊ី​ច្រើន​ជាង​ជា​មួយ​អឺរ៉ុប​។

  ►សូម​អាន ៖ ប្រទេស​អ៊ុយក្រែន​សម្រេច​រត់​ចោល​សហភាព​អឺរ៉ុប ទៅឱប​រុស្ស៊ី

ជម្រើស​របស់​ប្រធានាធិបតី​យ៉ានូកូវិច​ទៅ​ស្និទ្ធ​នឹង​រុស្ស៊ី​នេះ​ហើយ ដែល​បាន​ធ្វើ​ចលនា​បាតុកម្ម​ប្រជាជន​ផ្ទុះ​ឡើង រហូត​ទម្លាក់​លោក​យ៉ានូកូវិច ឱ្យ​ចេញ​ពី​តំណែង ហើយ​វិបត្តិ​ក៏​បាន​រាល​ដាល​ដល់​គ្រីមេ ព្រោះ​រុស្ស៊ី​​មិន​ត្រូវ​ការ​បាត់​បង់​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​តំបន់​នេះ ក៏​ក្រសោប​​យក​ឧបទ្វីប​ ដោយ​ប្រើ​កម្លាំង​យោធា​ និង​អនុម័ត​យក​ជា​រដ្ឋ​ចំណុះ។ នៅ ថ្ងៃ​នេះ ម៉ោង​នេះ ​រុស្ស៊ី​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ និង​ពី​គ្រប់​ជាន់​ថ្នាក់ ថា​ជាគ្រីមេ​ជា​របស់​​​រុស្ស៊ី និង​មាន​គូសជា​ផែនទី​រុស្ស៊ី​រួច​ស្រេច​ទៅហើយ។ ការ​បាត់​បង់​គ្រី​មេ​នេះ​ គឺ​ជា​​មហិច្ឆតា​​រុស្ស៊ី ដែល​ ​មាន​ទម្ងន់​​ផ្នែក​ភូមិសាស្រ្ត​នយោបាយ​ តែ​​​ពិភពលោក​មិន​សូវចាប់​អារម្មណ៍។

►សូមអាន ៖ រុស្ស៊ី​បង្ក​រឿង​ព្រោះ​ខ្លាច​អ៊ុយក្រែន​ស្និទ្ធ​នឹង​អឺរ៉ុប

 
រុស្ស៊ី​ ​ដាក់​ទណ្ឌកម្ម​តប​អាមេរិក
 

សហរដ្ឋ​អាមេរិក បាន​ចាត់​វិធានការ​ប្រឆាំង​នឹង​រុស្ស៊ី​ លឿន និង​ខ្លាំង​ជាង​សហភាព​អឺរ៉ុប ច្រើន​ណាស់ ក្នុង​វិបត្តិ​អ៊ុយក្រែន​នេះ។ អាមេរិក​ហាក់​ដូច​ជា​កំពុង​មាន​វត្តមាន​ខ្លាំង​នៅ​ឆាក​នយោបាយ​អឺរ៉ុប​ទល់​នឹង​រុស្ស៊ី​ដែល​មានទម្ងន់នយោបាយ​ខ្លាំង​ក្នុង​តំបន់។ អឺរ៉ុប មាន​បញ្ហា​មួយ​ចម្បង​មួយ គឺ​គ្នា​ច្រើន និយាយ​ទម្រាំ​ត្រូវ​គ្នា ត្រូវ​ការ​ពេល​វេលា​យូរ មិន​ដូច​អាមេរិក​ទេ។ នៅ​ពេល​ដែល​ទំហំ​នៃ​វិបត្តិ​កាន់​តែ​ធំ ទើប​គេ​មើល​ឃើញ​កាន់​តែ​ច្បាស់​អំពី​​ចំណុច​ខ្សោយ​របស់​អឺរ៉ុប​មួយ​នេះ។ ហើយ​កត្តា​សំខាន់​មួយ​ទៀត អឺរ៉ុប​ខ្លួន​ឯង​ក៏​មាន​ចំណុច​ខ្សោយ​ ដោយ​ត្រូវ​ពឹង​ផ្អែក​ខ្លាំង​លើ​រុស្ស៊ី ក្នុង​វិស័យ​នាំ​ចូលឧស្ម័ន​​ហ្កាស ចង់​មិន​ចង់​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន រិះគិត​ខ្លាំង​ និង​ថ្លឹង​ថ្លែង​ពាក្យ​សំដី ព្រម​ទាំង​ទណ្ឌកម្មទាំង​ឡាយ​ដែល​សុទ្ធ​តែ​អាច​ក្លាយ​ជា​ អាវុធ​មុខ​ពីរ​ មក​សម្លាប់​ខ្លួន​ឯង​វិញ​ផង។

 
បើ​មើលលើ​ទំហំនៃ​ទណ្ឌកម្ម​អឺរ៉ុប ដាក់​ដូច​ជា​មិន​សូវ​សម​នឹង​កំហុស​សោះ។ ផ្ទុយ​មក​វិញ រុស្ស៊ី​ក៏​ត្រូវ​ពឹង​ពំនាក់អាស្រ័យ​លើ​អឺរ៉ុប​ដែរ ដើម្បី​មាន​ប្រភព​ចំណូល​​សម្រាប់​ទ្រទ្រង់​ប្រទេស​។ ប្រភព​ចំណូល​សំខាន់​របស់​រុស្ស៊ី​គឺ​បាន​មក​ពី​ការ​លក់​ថាមពល​ឧស្ម័ន។ ដូច្នេះ​រុស្ស៊ី​ខ្លួន​ឯង​ក៏​ត្រូវ​ប្រយ័ត្ន​ប្រយែង​ខ្លាំង​ជាមួយ​អឺរ៉ុប​ដែរ។

 ►សូម​អាន​ ៖ វិបត្តិ​អ៊ុយក្រែន​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​ស្វែង​រក​ឯករាជ្យ​ផ្នែក​ថាមពល

តែ​អាមេរិក​វិញ​ អាមេរិក​គ្មាន​បញ្ហា​ដូចអឺរ៉ុប​ទេ ! អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ ហើយ​ដាក់​ទៀតលើ​រុស្ស៊ី ​ ! វ៉ាស៊ីនតោន​បាន​ចេញ​បញ្ជី​ខ្មៅ​ដាក់​ទណ្ឌកម្ម​មនុស្ស​ជំនិត​​របស់​ក្រេមឡាំង ក្នុង​ពេល​ដែល​អឺរ៉ុប​កំពុង​ពិភាក្សា​គ្នា។ លោក​អូបាម៉ា នៅល្ងាច​មិញ​ថែម​ទាំង​បាន​គំរាម​សំពង​ឱ្យ​ចំលើ​សេដ្ឋកិច្ច​រុស្ស៊ី​ផង បើ​ពូទីន​មិន​ព្រម​បញ្ឈប់​មហិច្ឆតា​ វាត​ទឹក​ដី។

►សូម​អាន ៖ អនុប្រធានាធិបតី​អាមេរិក​ថ្កោល​ទោស​រុស្ស៊ី​ថា​រឹប​អូស​ទឹកដី​គ្រីមេ

អាមេរិក​​មាន​ស្ថានភាព​ល្អ​ជាង​សម្ព័ន្ធ​មិត្ត​អឺរ៉ុប ក្នុង​ការ​ធានា​រ៉ាប់​រង​​ សម្ព័ន្ធ​មិត្ត​អូតង់ពី​ការ​គំរាម​កំហែង​រុស្ស៊ី និង​នាំ​មុខ​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​ ! មួយ​រយៈ​ចុងក្រោយ​នេះ​ អាមេរិក​របស់​លោក​អូបាម៉ា បាន​ដក​ខ្លួន​ចេញ​ពី​អឺរ៉ុប​ ដោយ​ផ្តល់​អាទិភាព​ដល់​​តំបន់​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​ពេល​នេះ​កាលៈទេសៈ​តម្រូវ​ អាមេរិក​ត្រលប់​មក​វិញ។ យន្តហោះ​ចម្បាំង យន្តហោះ​ប្រដេញ F១៥ &​១៦ បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ប៉ូឡូញ តាំង​ពី​ផ្ទុះហេតុការណ៍​នៅគ្រីមេ​ភ្លាម។ អនុប្រធានាធិបតី​ ក៏​បាន​អញ្ជើញ​ទៅ​តំបន់​បាលទិក​។ ចំណែក​រុស្ស៊ី​វិញ ដូច​សម័យ​សង្រ្គាម​ត្រជាក់​ដែរ បាន​ជ្រើសរើស​ដាក់​ទណ្ឌកម្ម​វិញ លើ​ឥស្សរជន​អាមេរិក​ ព្រោះ​សម្រាប់​ម៉ូស្គូ អ្នក​ដែល​ត្រូវ​ប្រឈម​ប្រឆាំង​ខ្លាំង​គឺ​អាមេរិក មិន​មែន​សហភាព​អឺរ៉ុប​ទេ។ សមាជិក​សភា​អាមេរិក​បី​​រូប​ស្និទ្ធ​នឹង​លោក​អូបាម៉ា និង​ លោក​ចន ម៉ាឃែន អតីត​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ មាន​ឈ្មោះ​ក្នុង​បញ្ជី​ហាមឃាត់​រុស្ស៊ី។ លោក​ចន​ម៉ាឃែន ព្រោះ​លោក​បានអញ្ជើញ​ទៅ​លើក​ទឹក​ចិត្ត​បាតុករ​ នៅ​ក្រុងគៀវ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ