អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី-អឺរ៉ុប

ប្រធានា​​ធិបតី​​អ៊ុយក្រែន​​នឹង​​ចុះ​​ហត្ថលេខា​​លើ​​កិច្ច​​ព្រម​ព្រៀង​​ជាដៃគូ​​ជា​មួយ​​សហ​ភាព​​អឺរ៉ុប

លោក​ប្រធានាធិបតី​ថ្មី​អ៊ុយក្រែន ប៉េត្រូ​ ប៉ូរ៉ូឆិនកូ ដែល​គេ​ស្គាល់​ថា​ជា​អ្នក​និយម​លោក​ខាង​លិច បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ម្សិលមិញ​ថា លោក​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​សមាគម​ជា​មួយ​សហភាព​អឺរ៉ុប​ នៅ​ថ្ងៃ​២៧​ មិថុនា ខាង​មុខ​នេះ​ នៅ​ទី​ក្រុង​ព្រុចស៊ែល។

ប្រធានាធិបតី​អ៊ុយក្រែន និង​ប្រធានសហភាពអឺរ៉ុបកាលពីថ្ងៃ១២ ឧសភា
ប្រធានាធិបតី​អ៊ុយក្រែន និង​ប្រធានសហភាពអឺរ៉ុបកាលពីថ្ងៃ១២ ឧសភា Reuters/Anastasia Sirotkina/Pool
ផ្សាយពាណិជ្ជកម្ម

សហភាពអឺរ៉ុប និង អ៊ុយក្រែន​ បាន​មូល​គំនិត​គ្នា​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សមាគម​កាលពីខែវិច្ឆិកា​ឆ្នាំ​ទៅ។​​ ប៉ុន្តែគម្រោងនោះ​ត្រូវ​បាន​អាក់​ខាន​ទៅ​វិញ ​ដោយ​សារ​លោក​ប្រធានាធិបតី​អ៊ុយក្រែន​ជំនាន់​នោះ​ បាន​ទទួល​រង​នូវ​ការ​កៀប​សង្កត់​ពី​សម្នាក់​រុស្សី ហើយ​ដែល​ឈាន​ទៅ​ដល់​មាន​វិបត្តិ​នៅ​តំបន់​គ្រីម៉េ។

លោក​ប៉ូរ៉ូឆិនកូ​ បាន​មាន​ប្រសាសន៍​ថា​ លោក​នឹង​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ ដែល​នៅ​សល់​ ដើម្បី​បញ្ចប់​និតិ​វិធី​ចុះ​កិច្ច​ព្រម​ព្រៀង​សមាគម​ជាមួយ​សហភាព​អឺរ៉ុប។ គួរ​រំលឹក​ផង​ដែរ​ថា​ កិច្ច​ព្រម​ព្រៀង​ផ្នែក​នយោបាយ​ ត្រូវ​បាន​លោក​ប្រធានាធិបតី​បណ្តោះ​អាសន្ន​កាល​នោះ​​ចុះ​ហត្ថលេខា​រួច​មក​ហើយ​​កាល​ពី​ខែ​មីនា។ ក្នុង​សេចក្តី​ព្រម​ព្រៀង​នោះ​ អ៊ុយក្រែន​​អះ​អាង​​ និង​ធានា​ថា​ អ៊ុយក្រែន​ជា​ប្រជាជាតិ​ដែល​នឹង​ប្រកាន់​ខ្ជាប់​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ ដោយ​ឈរ​លើ​គោលការ​និតិរដ្ឋ។

ការ​​ចុះ​ហត្ថ​លេខា​ទាក់​ទង​ទៅ​នឹង​វិស័យ​សេដ្ឋកិច្ច ​​ត្រូវ​បាន​ពន្យា​ពេល ដោយសារ​តែ​វា​តំរូវ​ឲ្យ​ មាន​ការ​លុប​បំបាត់​នូវ​ឧបសគ្គ​មួយ​ចំនួន ​ទាក់​ទង​នឹង​វិស័យ​ពន្ធដារ​ ដែល​ការ​នេះ​អាច​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​សេដ្ឋកិច្ច​មួយ​ភាគ​ធំ​ ​របស់​សហគ្រាស​នឹង​របរ​រក​ស៊ី​ នៅ​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន។ គួរ​បញ្ជាក់​ថា​វិបត្តិ​ទាមទារ​ផ្តាច់​ទឹក​ដី​ នៅ​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន​ បាន​ពុះ​កញ្ជ្រោល​ឡើង​ ដោយសារ​មេ​បះ​បោរ​នៅ​តាម​តំបន់​ទាំង​នោះ​ប្រឆាំង​និង​ការ​រំកិលខ្លួន​របស់​អ៊ុយក្រែន ​ទៅ​កាន់​តែ​ជិត​សហភាព​អឺរ៉ុប។ យ៉ាងណាមិញ​ បាន​ជា​រុស្សី​បន្ត​គាំ​ទ្រ​ការ​បះ​បោរ​ផ្តាច់​ទឹក​ដី​នៅ​អ៊ុយក្រែន​ ព្រោះ​ថា​រុស្សី​មិន​ចង់​ឲ្យ​អ៊ុយក្រែន​ មាន​មេ​កើយ​ថ្មី​ណា​ក្រៅ​ពី​ខ្លួន​ទេ។ កន្លង​មក​ សារព៌តមាន ​Wall Street Journal​ ធ្លាប់​បាន​ចុះ​ផ្សាយ​ថា​ អ៊ុយក្រែន​នឹង​បន្ត​ពន្យា​ពេល​ចុះ​ហត្ថលេខា​ ជា​មួយ​សហភាព​អឺរ៉ុប​ រហូត​ទាល់​តែ​ខ្លួន​ស្វែង​រង​ការ​ចរចា​ជា​មួយ​ពួក​បះ​បោរ​ផ្តាច់​ទឹក​ដី​និយម​រុស្សី​បាន​សម្រេច។​

ទន្ទឹម​គ្នា​នេះ​ដែរ ​អ៊ុយក្រែន​ ទើប​តែ​បាន​តែង​តាំង​ ប្រមុខ​ការ​ទូត​ថ្មី​ គឺ​លោក​ប៉ាវឡូ គ្លីមគ្លីន។ ប្រមុខ​ការ​ទូត​ថ្មី​នេះ នឹង​ទទួល​បន្ទុក​​ ​ចរចា​រក​សន្តិភាព ជាមួយ​ក្រុម​បះបោរ​ និង​រុស្សី ដើម្បី​ឈាន​ទៅ​ដល់​ការ​បញ្ចប់​អំពើ​ហិង្សា​ នៅ​តំបន់​ភាគ​ខាង​កើត។ បើ​សិន​ជា​កិច្ច​ចុះ​ហត្ថលេខា​ជាមួយ​សហភាព​អឺរ៉ុប​បាន​សម្រេច​មែន នោះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​សហភាព​អឺរ៉ុប​អាច​អោប​ក្រសោប​ប្រទេស​ក្នុង​តំបន់​មួយ​នេះ ​ដោយ​មិន​ចាំ​បាច់​បញ្ចូល​ប្រទេស​នេះ​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​សហភាព​អឺរ៉ុប។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ