អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ុយក្រែន ៖ កា​រចរចា​មិន​ចម្រើន​ទៅមុខ ជំនួយ​​មនុស្សធម៌​ក៏​យឺត​យ៉ាវ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួប​ចតុភាគី រវាង​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​ និង​រុស្ស៊ី ក្រោម​ការ​ផ្តួច​ផ្តើម​ពី​បារាំង​និង​អាល្លឺម៉ង់ បាន​បិទ​ទ្វារ​នៅ​យប់​មិញ ដោយ​គ្មាន​លទ្ធផល​អ្វីទាំង​អស់។ តំណាង​​គ្រប់​ភាគីដែល​និយាយ​ជាប់​មាត់​អំពី​​ភាព​ស្មុគស្មាញ​​នៃ​ជំនួប​ពិភាក្សា​ បាន​សម្តែង​ក្តី​សង្ឃឹម​ថា​នឹង​អាច​មាន​​ការ​ជួប​ចរចា​ការទូត​ទៀត។ បើ​ទោះ​បី​ជា​នៅ​ព្រឹក​នេះ​​ភាគី​រុស្ស៊ី បាន​ប្រឹង​ត្រដរ​​លើក​ឡើង​អំពី​ចំណុច​ជឿន​លឿន​មួយ​ចំនួន ​ក្នុង​ពេល​ពិភាក្សា​គ្នា​យ៉ាង​ណា​ក៏​ដោយ ក៏​ការ​ពិត​នៅ​​តែ​ជា​ការពិត មាន​ត្រឹម​តែ​ការ​ជួប​​ប្រជុំ​ថ្នាក់​ការទូត តែ​ស្ថានការណ៍មនុស្សធម៌​​ផ្ទាល់​កន្លែង​នៅ​ភាគ​កើត​អ៊ុយក្រែន​​ មិន​បានប្រសើរ​សោះ​។

ជំរំ​ជន​ភៀស​ខ្លួន​ Novoshakhtinsk នៅ​អ៊ុយក្រែន​ភាគ​ខាង​កើត ក្នុង​តំបន់​Rostov-sur-le-Donក្បែរ​ព្រំ​ប្រទល់​រុស្ស៊ី
ជំរំ​ជន​ភៀស​ខ្លួន​ Novoshakhtinsk នៅ​អ៊ុយក្រែន​ភាគ​ខាង​កើត ក្នុង​តំបន់​Rostov-sur-le-Donក្បែរ​ព្រំ​ប្រទល់​រុស្ស៊ី REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

 

គ្មាន​លទ្ធផល​អ្វី ទាំង​អស់ មិន​ថា​លើ​សំណុំ​រឿងបទ​ឈប់​បាញ់ ឬ​សំណុំ​រឿង​នយោបាយ​ទេ ! ពិភាក្សា​គ្នា​អស់​៥​ម៉ោង តែ​ម្នាក់ៗ​ចេញ​មក បាន​ត្រឹម​ប្រហើរ​សម្តី ថា​ "ពិបាក​" ! អាល្លឺម៉ង់​ ម្ចាស់​ផ្ទះ​ដែល​ជា​អ្នក​ផ្តួច​ផ្តើម​រៀប​ចំ​ជំនួប​ប្រជុំ​នេះ បាន​ដឹង​​​ តាំង​ពី​ដំបូង​និង​មិន​រង់​ចាំ​លទ្ធផល​អ្វី​ពី​ការ​ជួប​ពិភាក្សា​គ្នា​លើក​នេះ​ នៅ​តែ​មាន​សុទិដ្ឋនិយម​ជាប់​ជានិច្ច​ ដោយមើល​ឃើញ​ថា​អ៊ុយក្រែន​និង​រុស្ស៊ី បាន​​​បង្ហើបខ្លួន​​ខិត​ទៅ​រក​គ្នា​បន្តិច។ បើ​​ប្រភព​ការទូត​បារាំង​វិញ បាន​អះអាង​ថា​ ​លំបាក តែ​មាន​ការ​រីក​ចម្រើន​ដែរ។ រីក​ចម្រើន​យ៉ាង​ណា ? គឺ​គ្មាន​អត្ថាធិប្បាយ​ទេ ! ពេល​ចេញ​ពី​បន្ទប់​ប្រជុំ​ភ្លាម​ ភាគី​រុស្ស៊ី មិន​ចេញ​ស្តី​អ្វី​សូម្បី​តែ​មួយ​មាត់។ ទើប​តែ​នៅ​ព្រឹក​នេះ​ទើប​ លោក​សែកហ្គៃឡាហ្វ្រូស ចេញ​មុខ​ពន្យល់​ថា​គ្មានលទ្ធផល គ្មាន​ការ​ព្រមព្រៀង​អ្វី​លើ​បទ​ឈប់​បាញ់ លើ​ផ្នែក​នយោបាយ និង​បាន​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​កាយ​វិការ​អ៊ុយក្រែន​ដែល​ចេះ​តែ​ដាក់​លក្ខខណ្ឌ​​ ជា​ថ្នូរ​នឹង​បទ​ឈប់​បាញ់​។

ចរចា​បន្ធូរ​​សម្ពាធ​

ប៉ុន្តែ ជំនួបប្រជុំ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ជំហាន​តូច​មួយ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​រក​ផ្លូវ​ល្អ ! ពី​ព្រោះ​កម្មវត្ថុ​គឺ​​​បញ្ចៀស​កុំ​ឱ្យ​មាន តែ​កង​កម្លាំង​យោធាអ៊ុយក្រែន​និង​រុស្ស៊ី ​​​ប្រឈម​មុខ​ដាក់​គ្នា​ ​ដោយ​ផ្ទាល់​ខ្លាំង​ពេក​។ អ្វី​ដែល​គេ​កំពុង​ព្រួយ​បារម្ភ​ខ្លាំង​នា​ពេល​នេះ គឺ​ខ្លាច​យោធា​អ៊ុយក្រែន និង​រុស្ស៊ី ប្រើ​កម្លាំង​ដាក់​គ្នា។ ហើយ​ដោយ​ហេតុ​ថា​​គ្រប់​ភាគី​សុទ្ធ​តែ​ចង់​ដោះស្រាយ​តាម​ផ្លូវ​ចរចា ដូច្នេះបើ​គ្មាន​អ្នក​រៀប​ចំ​តុ ប្រមូល​ភាគី​បក្ខដិបក្ខ​មក​អង្គុយ​ពិភាក្សា​គ្នា នោះ​ពិត​ជា​មិន​ត្រឹម​ត្រូវ​ទេ។ បើ​តាម​ប្រសាសន៍​រដ្ឋមន្ត្រី​ការបទេស​អាល្លឺម៉ង់ ការ​ហៅ​រុស្ស៊ី​និង​អ៊ុយក្រែន​មក​ជួប​ប្រជុំ​ បើ​ទោះ​បី​ជា​ត្រូវ​ប្រើ​ពេលយូរ ឬ​ច្រើន​ដង​ ក៏​ដោយ ក៏​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អឺរ៉ុប។ នៅ​ល្ងាច​នេះ ឬ​នៅ​ថ្ងៃ​ស្អែក គេ​នឹង​អាច​កំណត់​ថ្ងៃ​ឬ​ពី​បែប​បទ​នៃ​ការ​ជួប​ពិភាក្សា​គ្នា​បន្ត​ទៀត។
 
ស្ថានភាព​​មនុស្សធម៌ផុយស្រួយ

បើ​តាម​សន្និសីទ​កាសែត របស់​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​នៅ​ទីក្រុង​ប៊ែរឡាំ​ង​ព្រឹកនេះ អ៊ុយក្រែន​និង​រុស្ស៊ី​ពិត​ជា​បាន​រក​ឃើញ​កិច្ចព្រម​ព្រៀង​មនុស្សធម៌​មែន។ តាម​ការពិត​កិច្ចព្រមព្រៀម បាន​រក​ឃើញ​តាំង​ពី​ថ្ងៃ​សៅរ៍​មក​ម្ល៉េះ​ទាក់ទង​នឹង​ការជំនួយ​មនុស្សធម៌​រុស្ស៊ីនេះ។ លោក​ប្រមុខ​ការទូត​អាល្លឺម៉ង់​ ក៏​បាន​បង្ហើប​បន្តិច​ដែរ​ថា​ប្រធានបទ​នេះ​ត្រូវ​បាន​លើក​យក​ពិភាក្សា​នៅ​យប់​មិញ​ តែ​លោក​បាន​ត្រឹម​មាន​ប្រសាសន៍​ថា​ ចំណុច​ប្រទាំង​ប្រទើស​ចុង​ក្រោយ​ពាក់ព័ន្ធ​នឹង​របៀប​របប​បញ្ជូន​ជំនួយ​​មនុស្សធម៌​ទំនង​ជា​បាន​ដោះស្រាយ​ចេញ។ ប៉ុន្តែ​ក្នុង​ស្ថានភាព​ជាក់​ស្តែង​គឺ​មិន​ដូច្នេះ​ទេ។ ក្បួន​រថយន្ត​ជំនួយ​មនុស្សធម៌​រុស្ស៊ី នៅ​តែ​ជាប់​គាំង​តាម​បណ្តោយ​ព្រំដែន​នៅ​ឡើយ។ រថយន្ត១៦​គ្រឿង​បាន​មក​ដល់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​តាម​ព្រំដែន រង់​ចាំ​ការ​ត្រួត​ឆែក​ឆេរ​ពី​សំណាក់​អង្គការ​កាកបាទ​ក្រហម។ តែ​ដំណើរ​ដូច​ជា​យឺត​យ៉ាវ​ពិបាក​ចាប់​ផ្តើម។​

នៅផ្ទាល់​នឹង​កន្លែង​វិញ ភាព​បន្ទាន់​មាន​កាន់​តែ​ខ្លាំង។ បណ្តាជន​អ៊ុយក្រែន​នៅ​ភាគ​ខាងកើត កំពុង​រង់ចាំ​យ៉ា​ង​អន្ទះសារ​ និង​កំពុង​នាំ គ្នា​ចង់​រត់​ទៅ​ឆ្លង​ព្រំដែន​ទៅ​ខាង​រុស្ស៊ី។ នៅ​ខាង​រុស្ស៊ី មាន​ជំរំរង់ចាំ​ទទួលជន​ភៀស​ខ្លួន អ៊ុយក្រែន​និយាយ​ភាសា​រុស្ស៊ី។ ហើយ​អាជ្ញាធរ​រុស្ស៊ី បាន​រៀប​ចំ​សេវា ជួយ​ឱ្យ​ក្រុមជន​ភៀស​ខ្លួន​អ៊ុយក្រែន​អាច​​មាន​ដំបូល​ជ្រក និង​មានការងារ​ធ្វើ​ ព្រមទាំង​កសាង​ជីវិត​ថ្មី នៅ​តាម​ក្រុង​ផ្សេងៗ​ទៀត។ បើ​នរណា​បាន​ឆ្លង​ព្រំដែន​ផុត​ហើយ​ ពិត​ជា​មិន​ចង់​ដក​ខ្លួន​ថយក្រោយមក​ទឹក​ដី​កំណើត​ទេ។ ខុស​ពី​បណ្តា​ជន​អ៊ុយក្រែន​ដែល​នៅជាប់​គាំង​ក្នុង​ភាគ​ខាង​កើត ឬ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នៅ​លូហ្កង់ គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម​ចង់​ផ្តាច់​ទឹក​ដី និង​ដែល​មាន​អារម្មណ៍​ថា​រដ្ឋាភិបាល​ក្រុង​គៀវ​មិនគិត​គូរ​​បោះបង់​ចោល។ អស្ថិរភាព​​មាន​ជា​រៀង​រាល់​ថ្ងៃ ដោយ​សារ​ការ​បាញ់​ផ្លោង​​របស់​ក្រុម​ប្រដាប់​អាវុធ​​ចង់​ផ្តាច់​ទឹកដី និង​មិន​បាន​ទទួល​ជំនួយ​មនុស្សធម៌​អ្វី​ទេ ពី​រដ្ឋាភិបាល ឬ​ពី​ខាង​រុស្ស៊ី។ បណ្តាជន​អ៊ុយក្រែន​នៅ​ភាគ​ខាង​កើត ដែល​រង់ចាំ​ជំនួ​យ​មនុស្សធម៌​​យ៉ាង​លំបាក​លំបិន ទាំង​ពី​ខាង​រដ្ឋាភិបាល និង​ទាំង​ពី​​ខាង​រុស្ស៊ី កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ទៅមុខ​ក៏​មិន​រួច ថយ​ក្រោយ​​ក៏​មិន​ដល់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ