តួកគី ៖ ដំណើរឆ្ពោះទៅកាន់របបប្រធានាធិបតី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០៩
នៅថ្ងៃអាទិត្យនេះ បណ្តាជនតួកគីប្រមាណ ៥៣លាននាក់ ត្រូវបោះឆ្នោតជ្រើសរើសដោយផ្ទាល់ ប្រធានាធិបតី មកដឹកនាំប្រទេស។ គឺជាការបោះឆ្នោត ជាសកល លើកទីដំបូង ក្នុងប្រវត្តិនយោបាយតួកគីមែន ប៉ុន្តែជាការបោះឆ្នោតដែលគេបានដឹងលទ្ធផលជាមុនស្រេចទៅហើយ។ លោក នាយករដ្ឋមន្ត្រីផុតអាណត្តិ លោក រ៉េសេប តាយីប អែរដូហ្កេន (Recep Tayyip Erdogan) ទំនងជានឹងត្រូវជាប់ឆ្នោតនៅជុំទីមួយតែម្តង ដោយគ្មានការភ្ញាក់ផ្អើល។
កាន់អំណាចជានាយករដ្ឋមន្ត្រីតួកគី តាំងពីជាង១០ឆ្នាំមុន លោក រ៉េសេបតាយីបអែរដូហ្កេន ជាមនុស្សដែលស៊ូ និងមានប្រជាប្រិយភាពខ្លាំង ! រាប់គ្រប់ការស្ទង់មតិ តែងតែឱ្យលោកឈ្នះ ជានិច្ច និងឈ្នះ ដាច់នៅជុំទីមួយ។ លោក រ៉េសេបតាយីបអែរដូហ្កេន គឺជាតំណាងសរសរទ្រូងនយោបាយរបស់តួកគី ដែលដឹកនាំដោយបក្សអ៊ីស្លាមអភិរក្ស AKP។ លោកអាចបង្វិលគូប្រជែងរបស់ខ្លួនបាន បង្ក្រាបផ្នែកយោធាឡើងដល់ដី និងបោសសម្អាត កម្ទេចហ្មត់ផង់ ក្រុមប្រឆាំងនិងពុករលួយក្នុងជួរបក្ស។
បន្ទាប់ពីយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានការត្រួតពិនិត្យខ្លាំងមក លោក រ៉េសេបតាយីបអែរដូហ្កេន ត្រូវតែនាំមុខគូប្រជែង ហើយអាចនឹងបន្តដឹកនាំប្រទេសយូរអង្វែងទៅមុខទៀត យ៉ាងហោចណាស់ក៏ពីរអាណត្តិដែរ (មួយអាណត្តិ៥ឆ្នាំ) ពោលគឺអាចបន្តស្ថិតនៅជាប្រមុខដឹកនាំប្រទេសតួកគីរហូតដល់ឆ្នាំ២០២៣ ធ្វើជាមនុស្សខ្លាំងរបស់តួកគីជាប់ក្នុងប្រវត្តិសាស្ត្រដូចលោក មូស្តាហ្វា គេម៉ាល បិតាជាតិតួកគីសម័យទំនើប កាលពីមួយសតវត្សមុន។
គូប្រជែងនៅទន់ខ្សោយខ្លាំង
លោក អែកមេឡេតដាំង អ៊ីហ្សាណូហ្លូ ក៏ប្រសូតចេញបក្សអ៊ីស្លាមអភិរក្ស ដូចលោកនាយករដ្ឋមន្ត្រីដែរ តែទើបបំបែកខ្លួន ឱ្យឃ្លាតឆ្ងាយពីបក្ស កាលពីឆ្នាំទៅ នៅពេលមានវិបត្តិអេហ្ស៊ីបផ្ទុះឡើង។ លោកគឺជាតំណាងក្រុមបំបែកខ្លួនដែលជាបន្សំនៃក្រុមអ្នកជាតិនិយមផង ក្រុមអ្នកមហាជាតិនិយមផង និងក្រុមអ្នកសាធារណរដ្ឋ ដែលជាកេរ្ត៍មរតកបន្សល់ទុកដោយបិតាជាតិនិយមតួកគីសម័យទំនើប ម៉ូស្តាហ្វា គេម៉ាលផង។
បេក្ខជនម្នាក់ទៀត ដែលពិតជាគូប្រជែងខ្លាំងក្នុងសម័យបោះឆ្នោតប្រធានាធិបតីនេះ គឺជាអ្នកឆ្វេងនិយម គាំទ្រដោយគណបក្សតូចៗទាំងឡាយ ជាបេក្ខជនមានដើមកំណើតគៀរឌីស្តង់ ឈ្មោះ សេឡាហាតាំង ដេមៀតាស។ មិនត្រឹមតែមានវ័យក្មេង រូបស្អាត ស៊ីរូបថតទេ តែបេក្ខជនរូបនេះមាននយោបាយការពារគោលការណ៍ស្មើភាពក្នុងសង្គម ស្ត្រីនិងបុរស ពិសេសសមភាពពូជសាសន៍ រវាងពូជគៀរឌីស្តង់ និងពូជតួកគី។ បេក្ខជនរូបនេះ បានលេចមុខលេចមាត់ ផ្តល់ក្តីសង្ឃឹមថ្មីដល់បណ្តាជនតួកគី និងសន្ទុះនៃបាតុកម្មប្រឆាំងរដ្ឋាភិបាលក្នុងសំណុំរឿងពុករលួយ កាលពីពេលកន្លងទៅថ្មីៗនេះ។ ក្រុមអ្នកឆ្វេងនិយមនេះ សង្ឃឹមថានឹងទាក់ទាញសំឡេងគាំទ្របានលើសពី ៦ទៅ ៦,៥% លើសពីទម្លាប់របស់ក្រុមគៀរឌីស្តង់ក្នុងការបោះឆ្នោតមុន។ បេក្ខជន នេះអាចប្តូរផ្លាស់មុខមាត់ អ្នកឆ្វេងនិយម ប៉ុន្តែត្រូវការពេលវេលាបន្តិចសិន។
ប្រព័ន្ធដឹកនាំប្រទេសតាមរបបប្រធានាធិបតី
ប្រសិនបើ លោក រ៉េសេបតាយីបអែរដូហ្កេន ត្រូវជាប់ឆ្នោតនៅល្ងាចថ្ងៃអាទិត្យនេះ ឬយ៉ាងយូរនៅពីរសប្តាហ៍ទៀត ប្រសិនបើមានភាពចៃដន្យអាក្រក់ណាមួយកើតឡើង នោះ លោក រ៉េសេបតាយីបអែរដូហ្កេន នឹងក្លាយជាប្រធានាធិបតី ដែលមិនអព្យាក្រិត្យទេ។ គ្មានហេតុផលអ្វីដែលលោកត្រូវដកខ្លួនចេញពីជីវិតនយោបាយ ដូចប្រមុខរដ្ឋតួកគីមុនៗឡើយ ! លោកក៏នឹងមិនដើរតួនាទីជាអាជ្ញាកណ្តាល ជាអ្នកធានារ៉ាប់រង់ការបែងចែងអំណាចនិងសមភាពស្ថាប័ន ដូចមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញតួកគីដែរ។
ផ្ទុយទៅវិញ លោក រ៉េសេបតាយីបអែរដូហ្កេននឹងធ្វើជាប្រធានាធិបតីសកម្ម ជាប្រធានាធិបតីដែលមានអំណាចប្រតិបត្តិ និងមានរដ្ឋាភិបាលនៅក្រោមបង្គាប់ ! ធ្លាប់ជាប្រមុខដឹកនាំរដ្ឋាភិបាលរយៈពេល១២ឆ្នាំ ឥលូវមកប្រកួតប្រជែងយកតំណែងប្រធានាធិបតី ពិតជាមិនមែនដើម្បីគ្រាន់តែទទួលយកតំណែងកិត្តិយស ដើរកាត់ខ្សែបូសម្ពោធកន្លែងអ្វីមួយឡើយ។ មហិច្ឆតាដ៏ធំ ដែលកំពុងរង់ចាំប្រធានាធិបតី ថ្មី នោះការកែប្រែប្រព័ន្ធដឹកនាំប្រទេស ទៅជារបបប្រធានាធិបតី។ ប្រព័ន្ធដឹកនាំប្រទេសតាមរបបប្រធានាធិបតី ដូចនៅសហរដ្ឋអាមេរិក ឬពាក់កណ្តាលប្រធានាធិបតី ដូចនៅប្រទេសបារាំង ! លោក រ៉េសេបតាយីបអែរដូហ្កេន ចង់សម្រេចធ្វើកំណែទម្រង់ ប្តូរប្រព័ន្ធដឹកនាំអាស្រ័យសភា ប្រព័ន្ធដឹកនាំបច្ចុប្បន្ននៅតួកគី ទៅជារបបប្រធានាធិបតី ឱ្យបានក្នុងអាណត្តិជាប្រធានាធិបតីនេះ។
ជាមួយនឹងការជាប់ឆ្នោត តាមរយៈការបោះឆ្នោតជាសកលនិងដោយផ្ទាល់ ជ្រើសរើសប្រធានាធិបតី អ្នកឈ្នះពិតជាមានសិទ្ធិសម្រេចកាន់តែខ្លាំង !
ត្រួសត្រាយផ្លូវកំណែទម្រង់រដ្ឋធម្មនុញ្ញ
ការប្តូរផ្លាស់របបដឹកនាំប្រទេស ឱ្យទៅជារបបប្រធានាធិបតី តាមក្បួនគឺ ត្រូវការតែការតាក់តែងសរសេរឡើងវិញច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ១៩៨២ ច្បាប់ចាស់បង្កើតឡើងដោយរបបសឹក។ តាំងពី ឆ្នាំ២០០៧មក បក្សAKP របស់ លោក រ៉េសេបតាយីបអែរដូហ្កេន មានកម្មវិធីអនុម័តច្បាប់រដ្ឋធម្មនុញ្ញស៊ីវិល ប៉ុន្តែមិនសម្រេចសោះ។ ក្រោយការបោះឆ្នោតឆ្នាំ២០១១ គណៈកម្មការសភា បានបង្កើតឡើងដើម្បីអនុម័តច្បាប់រដ្ឋធម្មនុញ្ញស៊ីវិល តែមិនអាចធ្វើកំណែទម្រង់ដ៏សំខាន់នេះបានទៀត។ រដ្ឋធម្មនុញ្ញបច្ចុប្បន្ន កំរិតតួនាទីប្រធានាធិបតីឱ្យត្រឹមមានតំណែងកិត្តិយស និងគ្មានប្រកាន់បក្សនយោបាយ។
ដូច្នេះនេះជាឱកាសនៃការធ្វើកំណែទម្រង់ ! មុនការបោះឆ្នោតសភា ពោលគឺរហូតដល់ឆ្នាំ២០១៥ អាចមានរនាំងខ្លះ ប៉ុន្តែប្រសិនបើគណបក្សAKP ឈ្នះឆ្នោតសភា ដោយបានទទួលអាសនៈពីភាគី នោះ លោក រ៉េសេបតាយីបអែរដូហ្កេន ពិតជាអាចដឹកនាំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានដោយស្រួលហើយ។
យ៉ាងណាក៏ដោយ ក៏ពេលនេះគ្មានអ្នកប្រឆាំងនឹងរបបកាន់អំណាចណាម្នាក់ខ្លាំងអាចមកប៉ែងជើងផ្តួល លោក រ៉េសេបតាយីបអែរដូហ្កេនបានទេ។ យោធាក៏លែងសូវមានអាទិភាព ប្រព័ន្ធតុលាការ របបការិយាល័យធិបតេយ្យ ប្រព័ន្ធឃោសនា ត្រូវស្ថិតក្រោមការត្រួតត្រារបស់បក្សកាន់អំណាចអស់ទៅហើយ។ នៅសល់តែតុលាការធម្មនុញ្ញមួយប៉ុណ្ណោះ ដែលជាស្ថាប័នកំពូលអាចសម្រេចប្រឆាំងនឹងរដ្ឋាភិបាលបាន។ ប៉ុន្តែវាពិតជាការកម្រណាស់ដែលស្ថាប័ននេះត្រូវប្រឈមមុខប្រឆាំងចំៗនឹងប្រធានាធិបតី។ ម្យ៉ាងទៀតស្ថាប័នមួយនេះធ្លាប់បានជួយស្រោចស្រង់ លោក រ៉េសេបតាយីបអែរដូហ្កេន កាលពីឆ្នាំ២០០៨ ឱ្យគណបក្សAKPបានរួចផុតការរំលាយខ្លួនផង។
ប្រសិនជោគជ័យត្រូវប្រកាសប្រគល់មកឱ្យលោកមែននៅល្ងាចនេះ នោះតួកគីនឹងមានដំណើរការនយោបាយតាមប្រព័ន្ធប្រធានាធិបតី ! ការបោះឆ្នោតមានតម្លៃត្រឹមវាស់ស្មានថាបក្សប្រឆាំង និងក្រុមអ្នកប៉ែងអំណាចអាចរស់បានប៉ុណ្ណាប៉ុណ្ណោះ។ បុរសខ្លាំងរបស់តួកគីមើលឃើញជាស្រេចអនាគតរបស់លោកនៅឆ្នាំ២០២៣ និងចង់ប្រែក្លាយ តួកគី ទៅជាប្រទេសមហាអំណាចសេដ្ឋកិច្ចមួយក្នុងចំណោមមហាអំណាចសេដ្ឋកិច្ចពិភពលោក១០ដំបូងគេ នៅក្នុងឆ្នាំទី១០០ នៃការបង្កើតសាធារណរដ្ឋតួកគី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ