អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មេទ័ព​ថៃ​ទទួលស្គាល់​ជ័យជំនះ​របស់​គណបក្ស​ភឿ​ថៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ចន្ទ ៤ កក្កដា ២០១១​នេះ រដ្ឋមន្រ្តី​ការពារជាតិថៃ​បាន​ប្រកាសថា មេទ័ព​ថៃ​ទទួលស្គាល់​ជ័យជំនះ​របស់​គណបក្ស​ភឿថៃ ក្នុងការបោះឆ្នោត​ជាតិ កាល​ពីថ្ងៃ​អាទិត្យ។ ការប្រកាស​នេះ​បាន​ធ្វើ​ឲ្យ​ក្តីបារម្ភ​ជុំវិញ​ការធ្វើ​រដ្ឋប្រហារ​យោធា​បាន​ធូរស្បើយ​មកវិញ។ សំឡេង​ដ៏ច្រើន​លើសលុប​ដែល​គណបក្ស​ភឿថៃ​ទទួលបាន ធ្វើ​ឲ្យ​គេ​រំពឹង​ថា រដ្ឋាភិបាល​ថ្មី​អាច​នឹង​មាន​ស្ថិរភាព។ ទីផ្សារ​ភាគហ៊ុន​ថៃ​បាន​កើនឡើង​ជិត ៥% នៅថ្ងៃ​ចន្ទ​នេះ។ ទោះជាយ៉ាងណា ស្ថិរភាព​នយោបាយ​ថៃ​ទៅថ្ងៃ​អនាគត​​អាស្រ័យ​ទៅលើ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ថ្មី​លើ​សំណុំរឿង​លោកថាក់ស៊ីន និង​​ទៅលើ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ថ្មី​ជាមួយ​មេដឹកនាំ​កងទ័ព។

លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត់ ជាមួយ​មេដឹកនាំ​គណបក្ស​ដៃគូ​រដ្ឋាភិបាលចម្រុះថ្មី
លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត់ ជាមួយ​មេដឹកនាំ​គណបក្ស​ដៃគូ​រដ្ឋាភិបាលចម្រុះថ្មី REUTERS/Adrees Latif
ផ្សាយពាណិជ្ជកម្ម

យោងតាម​លទ្ធផល​បណ្តោះអាសន្ន​របស់​​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ថៃ គណបក្ស​ភឿថៃ​ទទួល​បាន​អាសនៈ ២៦៥ ចំណែក​គណបក្ស​ប្រជាធិបតេយ្យ​ទទួលបាន ១៥៩។

គួរ​ធ្វើការកត់សម្គាល់ថា យោងតាម​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន នៅតាម​បណ្តា​ខេត្ត​ភាគច្រើន នៅជាប់​នឹង​ព្រំដែន​ជាមួយ​កម្ពុជា ដូចជា ខេត្ត​ស្រះកែវ នគររាជសីមា បុរីរ៉ាំ សុរិន និង​ស៊ីសាកេត​ ជាដើម គណបក្ស​ប្រជាធិបតេយ្យ​ត្រូវ​ទទួល​​បរាជ័យ​ទាំងស្រុង ដោយ​មិន​អាច​​រកបាន​សូម្បី​តែ​មួយ​អាសនៈ។ នៅតាម​ខេត្ត​ទាំងនេះ អាសនៈភាគច្រើន​លើសលុប​​​ត្រូវបាន​ទៅ​គណបក្ស​ភឿថៃ ជាពិសេស ខេត្ត​ដែល​កើតមាន​ការ​ប៉ះទង្គិច​ប្រដាប់អាវុធ​រវាង​កម្ពុជា​និង​ថៃ គឺ​ខេត្ត​​សុរិន (ដែល​ជាប់​នឹង​ប្រាសាទតាក្របី និង​តាក្របី) ភឿថៃ​ទទួល​បាន ៧​អាសនៈ លើ​ ៨អាសនៈ និង​ខេត្ត​ស៊ីសាកេត (ដែល​ជាប់​នឹង​ប្រាសាទ​ព្រះវិហារ) ភឿថៃ​ទទួលបាន ៧អាសនៈ លើ ៨អាសនៈ។ នេះ​បញ្ជាក់ថា នយោបាយ​របស់​លោក​អាភិស៊ីត​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ មិនបាន​ទទួល​ការគាំទ្រ​ពី​ប្រជាជន​នៅតាម​ព្រំដែន​ទេ។

ដោយមើលឃើញ​ពី​​ជ័យជំនះ​ដ៏ធំធេង​របស់​គណបក្ស​ភឿថៃ មេដឹកនាំ​យោធាថៃ​​ដូចជា​គ្មាន​ជម្រើស​អ្វី ក្រៅតែ​ពី​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នេះទេ ពីព្រោះ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​ដណ្តើម​អំណាច​ពី​គណបក្ស​ដែល​ទទួល​សំឡេង​គាំទ្រ​ដ៏ច្រើន​សន្ធឹកសន្ធាប់បែបនេះ គឺ​ជាការ​ប្រថុយប្រថាន​នឹង​ការ​ងើបបះបោរ​របស់​ប្រជាជន។

លោកស្រី​យីងឡាក់​បាន​ប្រកាស​ថា លោកស្រី​នឹង​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​តូចៗ​ផ្សេងទៀត។ រដ្ឋាភិបាល​ចម្រុះ​នេះ​នឹង​មាន​អាសនៈ​សរុប​ក្នុង​សភា​រហូតដល់​ទៅ ២៩៩​អាសនៈ។ ទីផ្សារ​មូលបត្រ​ថៃ​បាន​កើនឡើង​ជិត ៥% ដោយ​​ប្រមើល​មើលឃើញ​អំពី​ស្ថិរភាព​នៃ​រដ្ឋាភិបាល​ថ្មី។ រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ​នឹង​មិន​ងាយ​ដួលរលំ​នោះទេ លើកលែង​តែ​​តុលាការ​ធម្មនុញ្ញ​ថៃ​លុប​លទ្ធផល​បោះឆ្នោតចោល ឬ​មាន​រដ្ឋប្រហារ​យោធា។

ទោះជាយ៉ាងណា ស្ថិរភាព​របស់​រដ្ឋាភិបាល​លោកស្រី​យីងឡាក់ នឹង​អាស្រ័យ​ទៅលើ​ចំណាត់ការ​ទៅលើ​បញ្ហា​ដ៏រសើប​ចំនួន​ពីរ៖ ការលើកលែងទោស​លោកថាក់ស៊ីន និង​ការស៊ើបអង្កេត​ទៅលើ​មេទ័ព​ថៃ ជុំវិញ​ការ​ប្រើ​កម្លាំង​បង្រ្កាប​បាតុកម្ម​អាវក្រហម។

នៅថ្ងៃ​ចន្ទនេះ លោកថាក់ស៊ីន​បាន​ថ្លែងថា លោកមិនមាន​គម្រោង​វិលត្រឡប់​ចូល​ប្រទេស​ថៃ​វិញ ក្នុងពេល​ភ្លាមៗ​នេះ​ទេ។ ក៏ប៉ុន្តែ គេ​នៅតែគិតថា ការលើកលែងទោស​ឲ្យ​លោកថាក់ស៊ីន​វិលចូល​ស្រុកវិញ គឺ​ជា​នយោបាយ​របស់​​គណបក្ស​ភឿថៃ។ ការវិលត្រឡប់​របស់​លោកថាក់ស៊ីន​​អាច​នឹង​ប្រឈមមុខ​នឹង​ការ​តវ៉ា​ប្រឆាំង​ពី​សំណាក់​គណបក្ស​ប្រជាធិបតេយ្យ ពី​សំណាក់​មេទ័ព​ថៃ និង​ជា​ពិសេស​ ពីសំណាក់​ក្រុម​អាវលឿង។ ពួក​អាវលឿង​ទំនង​ជា​នឹង​ចេញ​ធ្វើ​បាតុកម្ម​​បង្ក​អស្ថិរភាព បង្កើត​ជា​លេស​ឲ្យ​មេទ័ព​ថៃ​ធ្វើ​រដ្ឋប្រហារ​សាជាថ្មី​ទៀត។

បញ្ហាស្មុគស្មាញ​មួយទៀត​របស់​លោកស្រី​​នាយករដ្ឋមន្រ្តី​ថ្មី គឺ​ជុំវិញ​ការ​ស៊ើបអង្កេត​លើ​ការ​បង្រ្កាប​បាតុកម្ម​ដោយ​កងទ័ព​ថៃ​ នាពេល​កន្លងមក ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ៩០​នាក់​ស្លាប់ និង​របួស​ជិត​ ២០០០​នាក់។ មេទ័ព​ថៃ​ទំនង​ជា​មិនសុខចិត្ត​បណ្តោយ​ឲ្យ​អំណាច​របស់​ពួក​គេ​​ត្រូវ​រង្គោះរង្គើ​នោះទេ។ ប្រសិន​បើ​រដ្ឋាភិបាល​ថ្មី​បើក​ការស៊ើបអង្កេត ហើយ​អាច​ឈាន​ទៅ​ធ្វើការ​ដាក់ទោស​មេដឹកនាំ​កំពូលៗ​ថៃ ពួកគេ​អាច​នឹង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​នេះ​ចោល ដូច​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​​​ជាច្រើន​លើកច្រើន​សា​កន្លងមក។

ផ្ទុយទៅវិញ បើសិន​ជា​រដ្ឋាភិបាល​ថ្មី​មិន​ធ្វើការ​ស៊ើបអង្កេត​លើ​ពួកមេទ័ព​ទេ លោកស្រី​យីងឡាក់​អាច​នឹង​បាត់បង់​ការគាំទ្រ​ពី​សំណាក់​ពួក​អាវក្រហម។ នៅថ្ងៃ​ចន្ទ​នេះ នៅពេល​ដែលគណបក្ស​ភឿថៃ​នៅមិនទាន់​បង្កើត​រដ្ឋាភិបាល​បាន​នៅឡើយ​ផង មេដឹកនាំ​ក្រុម​អាវក្រហម​បាម​ធ្វើការ​ទាមទារ​រួចជាស្រេច​ឲ្យ​រដ្ឋាភិបាល​ថ្មី​ធ្វើ​ការស៊ើបអង្កេត​លើ​ការ​បង្រ្កាប​បាតុកម្ម​ដោយ​កងទ័ព​ថៃ។

ទោះជាយ៉ាងណា គណបក្ស​ភឿថៃ​ទំនង​ជា​អាច​ចរចា​ស្វែងរក​ការសម្រុះសម្រួល​គ្នា​ជាមួយ​មេដឹកនាំ​អាវក្រហម និង​មេទ័ព​ថៃ​ជុំវិញ​បញ្ហា​លើកលែងទោស​នេះ។ អ្នកជំនាញ​ថៃ​ជាច្រើន​បាន​ធ្វើការ​វិភាគ​ថា នៅពេលនេះ មេទ័ព​ថៃ​ប្រហែល​ជា​កំពុង​តែ​បារម្ភ​អំពី​ជោគវាសនា​ផ្ទាល់​ខ្លួន​ឯង ជាង​ការ​វិលចូលស្រុក​របស់​លោកថាក់ស៊ីន​ទៅទៀត។ ដូច្នេះ គេ​អាច​នឹង​ស្រុះស្រួល​គ្នា​លើកលែងទោស​ឲ្យ​គ្រប់​អ្នក​នយោបាយ​ទាំងអស់​ ដែល​ត្រូវ​បាន​កាត់ទោស ឬ​កំពុង​ប្រឈមមុខ​នឹង​ការកាត់ទោស ក្នុង​នោះ​មាន​ទាំង​លោកថាក់ស៊ីន ​​ទាំង​មេដឹកនាំ​អាវក្រហម​ ដែល​ខ្លះ​ត្រូវ​រងការចោទប្រកាន់​ពី​បទ​ភេរវកម្ម និង​ទាំងមេទ័ព​ថៃ ដែល​ប្រឈមមុខ​នឹង​ការ​ស៊ើបអង្កេត​ពី​រឿង​បង្រ្កាប​បាតុកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ