អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ប្រព័ន្ធ​បច្ចេកវិទ្យា​កំពុង​កាត់​ផ្តាច់​ទំនាក់​ទំនង​ផ្ទាល់​របស់​មនុស្ស​

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិស័យ​ព័ត៌មាន​វិទ្យា​កំពុង​រីក​លូតលាស់​យ៉ាងខ្លាំង​នៅ​កម្ពុជា។ សារ​តាម​ទូរស័ព្ទ សារអេឡិចត្រូនិក ឬអ៊ីមែល បណ្តាញ​សង្គម​នានា ទាំងនេះ​គឺ​ជា​ឧបករណ៍ និង​មធ្យោបាយ​ជួយ​មនុស្ស​នៅ​ក្នុង​ទំនាក់ទំនង​ការងារ និង​ទំនាក់ទំនង​ជាឯកជន ដែល​ផ្តល់ភាព​ចំណេញ​ពេលវេលា​​ក៏​ពិត​មែន ប៉ុន្តែ ​វា​ក៏កំពុង​កាត់​ផ្តាច់​នូវ​ទំនាក់ទំនង​ដោយ​ផ្ទាល់​របស់​មនុស្ស​ផងដែរ។ ដោយ​សារ​ឧបករណ៍​ទាំង​នេះ ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​ឡើង មិន​សូវ​បាន​ជួប​គ្នា ហើយ​រឹត​តែ​មិន​សូវ​មើល​មុខគ្នា​ ញញឹម​ដាក់​គ្នា​នៅ​តាម​​ទីសារធារណៈ​ទៀត​ផង។

ដោយសារ​ប្រព័ន្ធ​បច្ចេកវិទ្យា​ ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​ឡើង មិន​សូវ​បាន​ជួប​គ្នា ហើយ​រឹត​តែ​មិន​សូវ​មើល​មុខគ្នា​ទៀត។
ដោយសារ​ប្រព័ន្ធ​បច្ចេកវិទ្យា​ ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​ឡើង មិន​សូវ​បាន​ជួប​គ្នា ហើយ​រឹត​តែ​មិន​សូវ​មើល​មុខគ្នា​ទៀត។ RFI/សួង សុខភារី
ផ្សាយពាណិជ្ជកម្ម

មកដល់ពេលនេះ មាន​មនុស្ស​តិច​ណាស់ ដែល​គ្មាន​ទូរស័ព្ទ។ ទន្ទឹម​គ្នា​នេះ ក៏​មានមនុស្ស​ភាគច្រើន ដែល​មាន​ទូរស័ព្ទ​លើស​ពី១​គ្រឿង។ ហើយ​ពួកគេ​​ក៏​ត្រូវ​តែ​មាន​ទូរស័ព្ទ​ទំនើប​ប្រភេទ​ស្មាតហ្វូន​ ដែល​អនុញ្ញាត​អោយ​ពួកគេ​អាច​ប្រើប្រាស់​កម្មវិធីទំនាក់ទំនង​ជា​ច្រើន​ទៀត​ផង។ នេះ​គេ​នៅ​មិនទាន់​រាប់​អ្នកដែល​មាន​ឧបករណ៍ ឬ​គ្រឿង​បច្ចេកវិទ្យា​ទំនើប​ផ្សេង​ទៀត​ក្នុង​ពេល​តែមួយ​ ដូចជា កុំព្យូទ័រ​យួដៃ Ipad Tablet និង​ឧបករណ៍​ស្តាប់​ចំរៀង​នានាទៀតផង។

តាម​រយៈ​វត្តមាន​នៃ​ឧបករណ៍​ទាំងនេះ គេ​អាច​មើល​ឃើញ​អំពី​ការ​រីកចំរើន និង​ដំណើរទៅ​មុខ​ក្នុង​វិស័យព័ត៌មាន​វិទ្យា​នៅ​កម្ពុជា។ តាម​រយៈ​ឧបករណ៍​ទាំងនេះ​ហើយ ដែល​ពលរដ្ឋ​ខ្មែរ​ធ្វើ​ទំនាក់ទំនង​គ្នា​ដោយ​មិន​បាច់​ជួប​មុខ​គ្នា។ និយាយ​បែបម្យ៉ាង វា​បាន​ផ្តល់​ផល​ចំណេញនៃ​ពេលវេលា វា​ក៏​បាន​ផ្តល់​ផល​ចំណេញ​ផ្នែក​ហិរញ្ញវ​ត្ថុ​ផងដែរ។ តាម​រយៈ ឧបករណ៍​ទាំងនេះ គេ​អាច​ផ្ញើ​ឯកសារ​នានា​អោយ​គ្នា​ទៅ​វិញ​ទៅ​មក ដោ​យ​មិន​បាច់​ចំណាយ​ពេលវេលា ក្នុង​ការ​ធ្វើ​ដំណើរ​ដែល​ធ្វើ​អោយ​ពួកគេ​ខាតបង់​ប្រេងសាំង​នៃ​យានយន្ត​។ ចំពោះ​អ្នក​ជំនួញ​វិញ តាម​រយៈ​ឧបករណ៍​ទាំង​នេះ​ គេ​ក៏​អាច​បញ្ជាលក់ និង​ទិញ ឬ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​បាន​ដែរ។

មនុស្ស​គ្រប់គ្នា​កំពុង​តែ​សប្បា​យ​រីករាយ​នឹង​ឧបករណ៍​អេឡិចត្រូនិកទាំង​នេះ។ នេះ​ជា​និន្នាការ​នៃ​​ការ​វិវត្តន៍​នៃ​វិស័យ​បច្ចេកវិទ្យា ដែល​រូបភាព​ទូទៅ ត្រូវ​បាន​គេ​វាយ​តម្លៃ​ជា​វិជ្ជមាន។ ប៉ុន្តែ ទន្ទឹម​គ្នា ឧបករណ៍​បច្ចេកវិទ្យាទាំង​នេះ​​កំពុង​តែ​បំផ្លាញ​ទំនាក់ទំនង​ផ្ទាល់​របស់​ពលរដ្ឋ​ខ្មែរ​ផងដែរ។

នៅ​តាម​ទីផ្សារ​សាធារណៈ គេឃើញ​តែ​មនុស្សឈ្ងោក​មុខ​ចុច​ទូរស័ព្ទ​ផ្ញើសារ​ទៅ​មិត្តភក្តិ បើ​ទោះជា​មាន​មិត្តភក្តិ​២​នាក់​កំពុង​នៅ​ក្បែរ​គ្នា​ក៏ដោយ ក៏​ពួក​គេ​កំពុង​ចុច​ទូរស័ព្ទ​ពួកគេ​ដែរ។ ពេល​ដើ​រចូលជណ្តើរ​យន្ត អ្នកខ្លះ​ទាញ​ទូរស័ព្ទ​មក​ចុច​លេង​ហ្គេម ដោយ​មិន​ខ្វល់​ពី​ការ​សំឡឹង​មើល​មុខ​មនុស្ស​ដែល​នៅ​ក្នុង​ជណ្តើរ​យន្ត​នោះឡើយ។ នៅ​ក្នុង​សម័យកាលនេះ និស្សិត​​ក៏​ត្រូវ​ផ្ញើលំហាត់​ ឬ​ការងារ​ដែល​គ្រូ​ដាក់​អោយ​ធ្វើ​នោះ ទៅ​តាម​អ៊ីមែល​របស់​គ្រូ​របស់​ពួកគេ​ទៀត។ ទាំងនេះ​គេ​នៅ មិន​ទាន់និយាយ​អំពី​ ការ​ឈ្លក់​វង្វេង​នឹង​បណ្តាញ​សង្គម ហ៊្វេសប៊ុក​នៃ​មនុស្ស​សម័យ​ថ្មីផង។ ជាមួយ​នឹង​បណ្តាញ​សង្គម​ហ្វ៊េសប៊ុក​នេះ មិន​នៅ​ទីណា​នោះទេ នៅ​ក្នុង​ផ្ទះ នៅក្នុង​សាលារៀន នៅ​តាម​អាហារដ្ឋាន​ និង​នៅ​តាម​ទីសាធារណៈ​នានា គេ​ឃើញ​តែ​មនុស្ស​ឈ្ងោក​មុខ​នឹង​ទូរស័ព្ទ ជជែក​គ្នា​តាម​បណ្តាញ​សង្គម​មួយ​នេះ។

បាតុភូតទាំង​នេះហើយ ដែល​កំពុង​ធ្វើ​អោយ​មនុស្ស​ កាន់​តែឃ្លាត​ឆ្ងាយ​ពីគ្នា។ គួរ​បញ្ជាក់ឡើង​វិញ​ថា ដោយសារ​តែ​ឧបករណ៍​អេឡិចត្រូ​និ​ក​ទាំង​នេះ​ហើយ ដែល​មនុស្ស​សូម្បី​តែ​នៅ​ក្បែរ​គ្នា​ក៏​មិន​បាន​ងើប​មុខ​មើលគ្នា ញញឹម​ដាក់​គ្នា​នោះ។ និយាយ​បែបម្យ៉ាងទៀត វា​ហាក់ដូចជា​កំពុង​តែ​បំផ្លាញ​ការ​ទាក់ទង​ដោយ​ផ្ទាល់​ ទល់​មុខ​នៃ​មនុស្ស។ នេះ​ហើយ​ជា​បច្ច័យ​អវិជ្ជមាន​នៃ​ការ​រីក​ចំរើន​ផ្នែក​ព័ត៌មាន​វិទ្យា ដែល​កំពុង​បង្ក​អោយ​មាន​វិបត្តិ​ផ្នែក​សង្គម។

ដើម្បី​ស្តារ​ស្ថានភាព​នេះ​អោយ​ប្រសើរ​ឡើងវិញ​នោះ គឺ​គ្មាន​អ្នកណា​ក្រៅពី​បុគ្គល​​ជា​តួអង្គ​មនុស្ស​ខ្លួន​ឯង ដែល​អាច​ធ្វើ​អោយ​មាន​ការ​ផ្លាស់ប្តូរ​បាតុភូត​នេះ។ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​សិទ្ធិ ​ និង​ជីវិត​ជា​ឯកជន​របស់​បុគ្គលនីមួយៗ។

បុគ្គល​ទាំង​ឡាយ​គួរ​បាន​យក​មកធ្វើ​ជា​ពិសោធន៍ នូវផលប្រយោជន៍​នៃទំនាក់ទំនង​ដោយ​ផ្ទាល់​ ទល់​មុខ​គ្នា​។ ទំនាក់ទំនងឃើញ​មុខ​គ្នា វា​នឹង​បង្កើនក្តីស្រឡាញ់ ការ​ជឿ​ទុកចិត្ត រវាង​គ្នា និង​គ្នា និង​យល់​អំពី​គំនិត​គ្នា​ទៅវិញ​ទៅ​មក​ ជាជាង​ការ​អាន​សារ ឬ​ឃ្លា​ដែល​គេ​ផ្ញើ​ទៅ​ផ្ញើមក​តាម​សារ​អេឡិត្រូនិក ដែល​វា​មិន​បាន​បង្ហាញ​អំពី​អត្ថន័យ​ពិត​ប្រាកដ​នៃ​ទឹក​ចិត្ត​នៃ​គូ​ភាគី​សន្ទនា។ ហើយ​គេ​គួរ​តែ​ទទួលស្គាល់ថា ពេល​ខ្លះ សារទាំងនេះ​ក៏​​បង្ក​ អោយ​មានការ​​យល់​ច្រឡំ​ទៀត​ផង។ ចំពោះ​អ្នក​លេង​ហ្វ៊េសប៊ុក​វិញ គេ​ក៏​ត្រូវ​រវល់ និង​ចំណាយ​ពេល​ដ៏​ច្រើន​សម្រាប់​ការ​សន្ទនា​ជាមួយ​មិត្តភក្តិ ជាច្រើន​រយ​នាក់​នៅ​ក្នុង​ទំព័រ​របស់​ខ្លួន​ផងដែរ។

ដូច្នេះ ដោយ​មិន​បដិសេធ​ផល​ចំណេញ​ផ្នែក​ពេល​វេលា និងហិរញ្ញវត្ថុ​ គេ​គួរ​តែ​ត្រឡប់មក​រក​ការ​ណាត់ជួបគ្នាដោយ​ផ្ទាល់ ទោះ​ក្នុង​ក្របខណ្ឌ​មិត្តភក្តិ ក្របខណ្ឌ​ការងារ​ក៏​ដោយ​ចុះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ