អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិបត្តិ​នៃ​ការបន្ត​វេន​ពី​មនុស្សចាស់​ទៅជំនាន់​ក្រោយ​នៅក្នុង​សង្គមខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​កម្ពុជា មនុស្ស​ជំនាន់​ចាស់ ​និង​យុវជន​ស្រករ​ក្រោយ​ហាក់​កំពុង​ជួប​វិបត្តិ​មួយ​ពិបាក​ដោះស្រាយ។ ការ​តភ្ជាប់​ជំនាន់​មនុស្ស ពី​មួយ​ទៅ​មួយ​ពោលគឺ​ពី​មនុស្ស​ចាស់​ទៅ​យុវជន​ស្រករ ក្រោយ​ដែល​គេ​ហៅ​ថា ជា​ការបន្តវេន​នោះ​កំពុង​ជួប​ឧបសគ្គ​ធំធេង។ ​មនុស្ស​ចាស់​មួយចំនួន​ប្រកាន់​គំនិត​អភិរក្ស​ហួសហេតុ​ដោយ​មិន​ចង់​ប្រគល់​ ការងារ​ឲ្យ​ក្មេង​ស្រករ​ក្រោយ​ឡើយ។ រីឯ​យុវជន​ជំនាន់​ក្រោយ​ខ្លះ​ដែល​អាង​លើ​សញ្ញាបត្រ ហាក់​ដូចជា​មើល​ស្រាល​មនុស្ស​ចាស់​ដែល​គ្មាន​សញ្ញាបត្រ​ស្មើ​នឹង​ខ្លួន។ ​ការមិន​ចុះ​សម្រុង​គ្នា​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា ​ជា​វិបត្តិ​ធំធេង​សម្រាប់​សង្គម​ខ្មែរ​ដែល​ត្រូវ​តែ​ដោះស្រាយ។

យុវជន​ធ្វើការ​ជាមួយ​កំព្យូទ័រ មិន​សូវ​ចុះ​សម្រុង​ការងារ​ជាមួយ​មិត្ត​រួមការងារ​ដែល​មាន​វ័យចំណាស់
យុវជន​ធ្វើការ​ជាមួយ​កំព្យូទ័រ មិន​សូវ​ចុះ​សម្រុង​ការងារ​ជាមួយ​មិត្ត​រួមការងារ​ដែល​មាន​វ័យចំណាស់ ©RFI/ ស៊ីវ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

មិន​ថា​នៅ​តាម​មន្ទីរ​ក្រសួង​សាធារណៈ ​ឬ​ក៏​នៅ​តាម​កន្លែង​ធ្វើការ​ផ្សេង​ទៀត​ឡើយ​ មនុស្ស​ជំនាន់​ចាស់​ និង​មនុស្ស​ស្រករ​ក្រោយ​ហាក់​កំពុង​បង្ហាញ​គម្លាត​គ្នា​គួរ​ឲ្យ​កត់សម្គាល់។ ​បញ្ហា​នេះ មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ក្នុង​រដ្ឋបាល​សាធារណៈ។ ​នៅ​តាម​មន្ទីរ​ក្រសួង​ជាច្រើន​ មនុស្ស​ ចាស់​ និង​យុវជន​ស្រករ​ក្រោយ​ហាក់​មិន​អាច​ធ្វើ​សមារណកម្ម​ជាមួយ​គ្នា​ទាល់​តែ​សោះ។ មនុស្ស​ចាស់​ច្រើន​អាងលើ​អាយុ ​អាង​លើ​បទពិសោធន៍ ​និង​អតីតភាព​ការងារ​យូរឆ្នាំ ក៏​មើល​ស្រាល​ក្មេងៗ​ដែល​បទពិសោធន៍​ការងារ​នៅ​ក្មេង​ខ្ចី​នៅឡើយ ​បើ​ទោះបី​ជា​ពួកគេ​មាន​សញ្ញាបត្រ​ខ្ពស់​ជាង​ក៏ដោយ។ ចំណែក​ក្មេងៗ​ស្រករ​ក្រោយ​វិញ​ដោយ​អាងលើ​សញ្ញាបត្រ និង​ចំណេះ​ដឹង​ខាង​ព័ត៌មានវិទ្យា ​និង​បច្ចេកវិទ្យា​ថ្មីៗ​ខ្លះ​ដែល​មនុស្ស​ចាស់​គ្មាន​ ក៏​ផ្តើម​ពើងទ្រូង ហើយ​មើល​ស្រាល​សមត្ថភាព​មនុស្ស​ចាស់​វិញ។

ការ​មិន​ចុះ​សម្រុង​គ្នា​នេះ បាន និង​កំពុង​បង្ក​ឲ្យ​មាន​គម្លាត​ដាច់​ពី​គ្នា​កាន់​តែ​ឆ្ងាយ​រវាង​ជំនាន់​មនុស្ស​មួយ ទៅ​មួយ​ទៀត ដែល​ពិបាក​នឹង​ត​ភ្ជាប់​គ្នា។ ​នៅ​ឯ​កន្លែង​ធ្វើការ​ មនុស្ស​ចាស់​ហាក់​ព្រួយ​បារម្ភ​អំពី​មហិច្ឆតា​ចង់​ដណ្តើម​កៅអី​របស់​ខ្លួន ពី​សំណាក់​ក្មេង​ស្រករ​ក្រោយ ខណៈ​ដែល​យុវជន​ខ្លះ​វិញ​មើល​ស្រាល​មនុស្ស​ចាស់​ថា ធ្វើការ​តាម​បែប​បុរាណ​ហួស​សម័យ ហើយ​មិន​ព្រម​ទទួល​ស្គាល់​សមត្ថភាព​របស់​ក្មេង​ជំនាន់​ក្រោយ ព្រោះ​ខ្លាច​អន់។ ​ម្យ៉ាងទៀត​ មនុស្ស​ចាស់​ខ្លះ​ក្រាញ​ននៀល​នឹង​តួនាទី​មិន​ព្រម​ផ្ទេរការងារ​ឲ្យ​ទៅ​ក្មេង​ស្រករ​ក្រោយ​ឡើយ បើ​ទោះបី​ជា​ដល់​អាយុ​ចូល​និវត្តន៍​ទៅ​ហើយ​ក្តី ក៏​មិន​ព្រម​ឈប់ ដែល​ធ្វើ​ឲ្យ​អ្នកស្នង​ការងារ​អស់​សង្ឃឹម។

ជាការពិត​ណាស់ ​យុវជន​ជា​អ្នក​ស្នង​បន្ត​វេន​ពី​មនុស្ស​ចាស់ ប្រៀប​ដូច​ជា​«ទំពាំងស្នងប្ញស្សី»។ នៅ​ក្នុង​សង្គម​មួយ ​មនុស្ស​ចាស់ និង​មនុស្ស​ជំនាន់​ក្រោយ​ជា​ធាតុ​ផ្សំ​ពីរ​ដែល​មិន​អាច​ខ្វះ​បាន​ដើម្បី​បន្ត​និរន្តរភាព​នៃ​ការអភិវឌ្ឍន៍​ប្រទេស​ជាតិ។ ​មនុស្ស​ចាស់​ដែល​ពោរពេញ​ដោយ​បទពិសោធន៍​ការងារ​ត្រូវ​ផ្ទេរ​ចំណេះដឹង​ ចំណេះ​ធ្វើ និង​បទពិសោធន៍​ទាំង​ឡាយ​របស់​ខ្លួន ទៅ​ឲ្យ​កូនចៅ ឬ​មនុស្ស​ស្រករ​ក្រោយ ​ហើយ​រីករាយ​នឹង​ឃើញ​ពួកគេ​មាន​សមត្ថភាព​លើស​ពី​អ្វី​ដែល​ខ្លួន​មាន។​ ចំណែក​ឯ​ក្មេងៗ​ជំនាន់​ក្រោយ​វិញ​ត្រូវ​ត្រៀម​ខ្លួន​ទទួល​យក​បទពិសោធន៍​និង​ចំណេះដឹង​ពី​មនុស្ស​ចាស់។ នេះ​ជា​ទស្សនៈ​ជឿនលឿន​សម្រាប់​គ្រួសារ​មួយ​ក៏​ដូច​ជា​សង្គម​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​គួរ​ប្រកាន់​យក។ ​ប៉ុន្តែ ​នៅ​ពេល​ដែល​ជំនាន់​ទាំង​ពីរ​នេះ​មិន​ចុះ​សម្រុង​គ្នា​ហើយ​ចាំ​តែ​មើល​បំណាំ​គ្នា ​បូញ​មាត់ ​និង​បត់​ដុំដៃ​ដាក់​គ្នា ​តើ​អនាគត​ប្រទេស​ជាតិ​នឹង​ទៅ​ជា​យ៉ាង​ណា?

នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន ​សញ្ញា​ដ៏​គ្រោះថ្នាក់​នេះ​ហាក់​កំពុង​កើត​ឡើង​យ៉ាង​ពេញ​បន្ទុក​ដែល​ជា​សញ្ញា​នៃ​«វិបត្តិសង្គម»​ដ៏​ធ្ងន់ធ្ងរ​មួយ។​ នៅ​តាម​កន្លែង​ធ្វើការ​នានា ​គេ​តែង​លឺ​ការរអ៊ូររទាំ​អំពី​ភាពមិន​ចុះ​សម្រុង​គ្នា​នេះ​ស្ទើរ​គ្រប់​ទីកន្លែង។ ​ការ​មិន​ចុះ​សម្រុង​គ្នា​ដោយសារ​បក្ខពួក​ និង​និន្នាការ​នយោបាយ​ជា​រឿង​មួយ​ រីឯ​ការ​មិន​ចុះ​សម្រុង​គ្នា​ដោយសារ​វ័យ ​និង​របៀប​ធ្វើការ​ខុស​គ្នា​ជា​រឿង​មួយ​ទៀត។ ​សម្រាប់​ក្រសែ​ភ្នែក​អ្នក​វិភាគ​សង្គម​ខ្មែរ​ មាន​មូលហេតុ​ច្រើន​យ៉ាង​ដែល​នាំ​ឲ្យ​កើត​មាន​វិបត្តិ​នេះ។ ​មូលហេតុ​ទាំង​នោះ​វា​ផ្តើម​ចេញ​ពី​បម្លាស់​ប្តូរ​របប​សង្គម និង​នយោបាយ​ជា​ចម្បង។​ កាល​ពី​មុន​ ការ​ឈាន​ទៅ​កាន់​តំណែង​តួនាទី​ក្នុង​រដ្ឋាភិបាល​ ក៏​ដូច​ជា​ក្នុង​សង្គម​ត្រូវ​ពឹង​ពាក់​លើ​ប្រវត្តិ​តស៊ូ​ខាង​នយោបាយ។ ​នេះ​ជា​ហេតុផល​ដែល​មនុស្ស​ចាស់​ជា​ច្រើន​មាន​តំណែង​សំខាន់​តែ​គ្មាន​សញ្ញាបត្រ​ខ្ពស់។ បច្ចុប្បន្ន ​សង្គម​បាន​ផ្លាស់ប្តូរ មនុស្ស​សម័យ​នេះ​អាងលើ​សញ្ញបត្រ ទោះ​ជា​សញ្ញបត្រ​ខ្លះ​មិន​បញ្ជាក់​ពី​សមត្ថភាព​ពិត​ប្រាកដ​ក៏​ដោយ។

ការវិវឌ្ឍន៍​ខុស​គ្នា​រវាង​សង្គម​ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​បច្ចុប្បន្ន ​ខុស​ពី​សង្គម​ចាស់​បុរាណ​ពីមុន​ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​ផ្នត់គំនិត​មនុស្ស​ផ្លាស់​ប្តូរ​ខុស​គ្នា​ដែរ។ ​មនុស្ស​សម័យ​មុន​ខ្លះ​បត់​បែន​មិន​ទាន់​សភាពការណ៍ ​ខណៈ​ដែល​មនុស្ស​ជំនាន់​ក្រោយ​មួយចំនួន​ដើរ​លឿន​ហួសពេកដែលគេនឹកស្មានមិនដល់។ ក្រៅ​ពី​នោះ​ បញ្ហា​ផល​ប្រយោជន៍​ដែល​កំពុង​គ្រប​សង្កត់​លើ​ផ្នត់គំនិត​មនុស្ស​ជាទូទៅ​បាន​ជំរុញ​ឲ្យ​ម្នាក់ៗ​ហាក់​ដូច​ជា​គិត​ពី​ភាព​ចង់​មាន​បាន​ដែល​លុបបាត់​ទៅ​លើ​ការខ្មាស់អៀន។ ​ហេតុផល​ទាំងនេះ​បាន និង​កំពុង​ធ្វើ​ឲ្យ​កើត​មាន​វិបត្តិ​នៃ​ការ​តភ្ជាប់​រវាង​ជំនាន់​មនុស្ស​ពី​មួយ​ទៅ​មួយ។ គម្លាត​នៃ​ការតភ្ជាប់​រវាង​មនុស្ស​ចាស់ និង​យុវជន​មាន​គ្រោះថ្នាក់​មិន​ខុស​ពី​គម្លាត​រវាង​អ្នក​មាន និង​អ្នកក្រ​នៅ​ក្នុង​សង្គម​មួយ​នោះ​ឡើយ។ ដូច្នេះ​ការផ្សារ​ភ្ជាប់​គម្លាត​នេះ​ជា​រឿង​ចាំបាច់​មិន​អាច​មើល​រំលង​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ