អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស៊ីរី៖​​រុស្ស៊ី​​ចោទ​​ក្រុមឧទ្ទាម​​ថា​ រំលោភ​​បទឈប់បាញ់​​ ប្រជាជន​​​​ពុំទាន់​​ទទួលបាន​​​​​​ជំនួយ​​មនុស្សធម៌​នៅឡើយ​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃអង្គារ​​ម្សិលមិញ ​រុស្ស៊ី​បានចោទ​ក្រុមឧទ្ទាម​ស៊ីរី ថា​បានរំលោភ​បទឈប់បាញ់​ ​ដោយ​​បន្ត​បាញ់​ប្រហារ​​២៣ដង ទៅលើ​សង្កាត់​ដែលមាន​មនុស្ស​រស់នៅ និង​ទីតាំង​កងទ័ព​​ស៊ីរី។ ​ទោះ យ៉ាងនេះ ក្តី ​បទ​ឈប់បាញ់​៤៨ម៉ោង ​​ដែល​ចាប់អនុវត្ត​នៅ​ស៊ីរី​តាំងពីយប់​​ថ្ងៃចន្ទមក ហាក់កំពុង​​ដំណើរការ​ទៅមុខ។

សកម្មជន​ក្រុមឧទ្ទាម​នៅ​ភាគខាងត្បូង​ស៊ីរី
សកម្មជន​ក្រុមឧទ្ទាម​នៅ​ភាគខាងត្បូង​ស៊ីរី REUTERS/Alaa Al-Faqir
ផ្សាយពាណិជ្ជកម្ម

ប្រសិត​​អង្គការ​សហប្រជាជាតិទទួលបន្ទុក​ស៊ីរី លោក​ស្តាហ្វាន ដឺ មីស្ទូរ៉ា ​​​​សង្កេតឃើញថា ​ហិង្សា​​បាន​ថយចុះ បន្តបន្ទាប់។ ​​​បើបទឈប់បាញ់​ដំណើរការ​​​​​បាន៤៨ម៉ោងនៅយប់​ថ្ងៃពុធនេះ ហើយ​បន្ត​រហូត​​១សប្តាហ៍ ​​តាម​ការ​កំណត់​ បន្ទាប់​ទៅនេះ រុស្ស៊ី​និង​អាមេរិក​​អាចចាប់ផ្តើ​ម​បើក​យុទ្ធនាការ​​យោធា​រួមគ្នា​កំទេច​​ក្រុមជីហាត។

ដោយឡែក ​រហូតពេលនេះ ប្រជាជន​ស៊ីរី នៅ​តំបន់​ដែល​រង​ការ​ឡោមព័ទ្ធ​ នៅ​មិនទាន់​បាន​ទទួល​​​ស្បៀង​ជំនួយពីអង្គការ​សហប្រជាជាតិ​នៅឡើយ។ ​
 
អង្គការ​សហប្រជាជាតិ​ទាមទារ​​​ការធានា​​​សុវត្ថិភាព​រថយន្ត​ដឹកស្បៀងមនុស្សធម៌​
តាមធម្មតា ពេល​អនុវត្ត​​​បទឈប់បាញ់​ នៅម៉ោង​៧យប់​ថ្ងៃចន្ទ ក្នុងស្រុក​ស៊ីរី ស្បៀង​មនុស្សធម៌​អង្គការ​សហប្រជាជាតិ​ត្រូវទៅដល់​កន្លែង​ដែលរងការ​ឡោមព័ទ្ធ​ ពិសេស​នៅ​អាឡិបដែល​ក្រុមឧទ្ទាម​ឡោមព័ទ្ធ​​។ មូលហេតុ​ដែល​អង្គការ​សហប្រជាជាតិ​មិនទាន់អាច​ដឹកស្បៀង​ទៅ​អោយ​ប្រជាជន​ស៊ីរី​បាន គឺដោយសារ​អង្គការ​សហប្រជាជាតិ​ត្រូវការ​ការធានា​ថា រថយន្ត​ដឹកស្បៀង​ត្រូវមាន​សុវត្ថិភាពសន្តិសុខ​​គ្រប់គ្រាន់ ​​​​​មិនត្រូវ​រងគ្រាប់កាំភ្លើង​ទេ។

ពេល​​បទឈប់បាញ់​​​អនុវត្ត​ភ្លាម ​ហិង្សា​នៅ​មិនទាន់​ធ្លាក់ចុះ​ពេញទំហឹង​ភ្លាមទេ។ ​អង្គការ​សហ​ប្រជាជាតិ​ប្រាប់ថា ​ក្រុមប្រឆាំង​បានបាញ់​កាំភ្លើង​ត្បាល់ ​នៅ​តាមបណ្តោយផ្លូវ ​ឈ្មោះថា កាស្ទែលឡូ ជាផ្លូវ​សំខាន់​នៅខាងជើង​ក្រុងអាឡិប។ តាមផ្លូវនេះ គេអាច​ទៅដល់​ព្រំដែន​តួកគី។ ជាផ្លូវ​ដែល​ឡានដឹកស្បៀង​ត្រូវ​ឆ្លងកាត់។ ដោយសារ​​​បញ្ហា​នេះ ​​រុស្ស៊ី​បាន​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​នៅផ្លូវកាស្ទែលឡូ​នេះ។ ​​

ពេលនេះ ​បទឈប់បាញ់​ហាក់ដំណើរការ​ទៅ​ស្រួលមែន​​ ​តែ​មិនមែន​​ថា គ្មាន​ហិង្សា​សោះដែរ គឺ​នៅ​មាន​បន្តិចបន្តួច​ដែរ។ មិនអញ្ចឹងទេ ម្សិលមិញនេះ​ រុស្ស៊ី​ក៏​មិនហ៊ានចោទ​ក្រុមឧទ្ទាម​ថា រំលោភ​បទ​ឈប់បាញ់​​ដែរ​។ ម្សិលមិញ ​រុស្ស៊ី​ចោទថា​មានការ​រំលោភ​បទឈប់បាញ់​នៅ​ខែត្រ​អាឡិប ភាគខាងជើង ​នៅ​ដាម៉ាស នៅ​ហាម៉ា ភាគកណ្តាល ​​នៅ​អ៊ីតឡេប រឺ​នៅឡាតាក្ចេភាគខាងលិចប្រទេស។   ​

​បញ្ហា​មួយទៀត ដែលធ្វើអោយ​​​​គេមិនអាច​ដឹក​ស្បៀងជួយ​ប្រជាជន គឹដោយសារ​​​ថា បើ​ខាងតួកគី​ក្បែរនោះ ចង់ដឹកស្បៀង​ពីតួកគី​ចូលមកជួយ​​ប្រជាជនស៊ីរី​​ ក៏​រដ្ឋាភិបាល​ស៊ីរី​ជំទាស់ដែរ។ រដ្ឋាភិបាល​ស៊ីរី​ទាមទារ​អោយ​តួកគី​សម្របសម្រួល​រឿងស្បៀងនេះ ជាមួយ​ស៊ីរី និង​អង្គការ​សហប្រជាជាតិ​សិន មិនមែន​​​ចង់​ដឹកមក ក៏ដឹកស្រេច​ចិត្ត​ចង់​នោះទេ។ ​

ស្ថានការណ៍​ស្ងប់ស្ងាត់ ​ក្រោយ​អនុវត្ត​បទឈប់បាញ់
​​តាំងពី​បទឈប់បាញ់ដាក់​អនុវត្ត​ យប់ថ្ងៃចន្ទ​មក ហិង្សា​បាន​ថយចុះ រហូត​ឈាន​ទៅរក​ភាព​ស្ងប់ស្ងាត់។ ​ប្រជាជន​​ស៊ីរី​បាន​​​ធូរចិត្ត​ដោយសារ​លែងលឺសូរ​សម្លេង​គ្រាប់​ផ្លោង រឺសម្លេង​ឈឺចាប់​​របស់ជនរងគ្រោះ​ទៀត។

ថ្ងៃអង្គារ​​​​ម្សិលមិញ​នេះ ក្មេងៗ​បាន​នាំគ្នា​​​ចេញក្រៅ​ផ្ទះ ជិះទោង​ រឺ​លេង​សើចសប្បាយ​ជាមួយគ្នា​​​​​ឡើងវិញ​ ដោយ​មិនចាំបាច់​ត្រូវភ័យ​ពីសម្លេង​គ្រាប់បែកទៀតទេ។ ធម្មតា ក្មេងៗត្រូវ​មនុស្សចាស់​ហាមមិនអោយ​ចេញក្រៅ ខ្លាច​ពួកគេ​រងគ្រោះ។

បទឈប់បាញ់​ អនុវត្ត ​ចំ​ថ្ងៃបុណ្យ​អ៊ីស្លាម អាអ៊ីត អាល់ អាត់ហា។ នៅ​អាឡិប ប្រជាជន​បាន​ប្រារព្ធ​បុណ្យ​​ខ្លះដែរ តែ​ក្រពះ​ពួកគេ​ទទេ​សុទ្ធតែម្តង គ្មានអ្វី​ហូបចុក សម្រាប់​ថ្ងៃបុណ្យ​នេះទេ។ ​គ្មា​ន​បន្លែ ផ្លែឈើ​អ្វី​សេសសល់​ នៅតាម​​ផ្សារសម្រាប់​ប្រជាជន​​ទេ ព្រោះ​សង្គ្រាម​អូសបន្លាយ​ជាង៥ឆ្នាំហើយ។ គិតទៅ​ ៥ឆ្នាំមកនេះ មាន​មនុស្ស​ស្លាប់​ ​​៣សែននាក់។

ក្រៅពី​បញ្ហា​អត់​ឃ្លាន ​​នៅ​តាម​តំបន់​មួយចំនួន​ទៀត ក្រុមសង្គ្រោះ​​​កំពុង​​​​​ខ្វះ​សម្ភារព្យាបាល​​មនុស្ស​ដែល​​រងរបួស​។ ដោយឡែក ​មន្ទីរប់ង់តាហ្កូន​បា្រប់ថា ការវាយប្រហារ​ផ្លូវអាកាស​កំទេច​ក្រុមជីហាត​រដ្ឋអ៊ីស្លាម ​​៦ថ្ងៃ​ចុងក្រោយ​នេះ ​អាច​ធ្វើអោយ​មាន​​ជនស៊ីវិល​រងគ្រោះ​។
 
បទឈប់បាញ់នៅ​ផុយស្រួយ
បទឈប់បាញ់​ពេលនេះ ហាក់​​ដំណើរការ​ទៅមុខ តែ​ក៏​ផុយស្រួយ​ដែរ។ សូមរំលឹក​ថា ​​បទ​ឈប់បាញ់​នេះ ​ស្ថិត​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចព្រមព្រៀង​រវាង​រុស្ស៊ី​និង​អាមេរិក តំរូវអោយ​មាន​ការ​​ផ្អាកប្រយុទ្ធគ្នា​រវាង​​​ក្រុមឧទ្ទាម​ដែល​អាមេរិក​គាំទ្រ​ និង​កងទ័ព​រដ្ឋាភិបាល​​​លោក​អាសាដ ដែល​​រុស្ស៊ី​គាំទ្រ។ ទិសដៅ​ចុងក្រោយគឺ​អនុញ្ញាត​អោយ​ក្រុមឧទ្ទាម​និង​រដ្ឋាភិបាល​​ចូលតុ​ចរចាគ្នា​វិញ ដើម្បី​រកដំណោះស្រាយ​ជម្លោះ។​

បទឈប់បាញ់​នេះ​ មិនបញ្ចូលភាគី​ក្រុមភេរវនិយម​​ជីហាត​រដ្ឋអ៊ីស្លាម និង​​ក្រុមអាល់ណូស្រា​ទេ។ ម្ល៉ោះហើយ​ ទោះ​មាន​បទឈប់បាញ់ ក៏​ខាងកងទ័ព​ស៊ីរី​នៅតែ​បន្ត​វាយ​ក្រុមភេរវជន​រដ្ឋអ៊ីស្លាម រឺ​ក្រុមហ្វាតេ អាល់ឆាំ ជា​អតីត​ក្រុមអាល់ណូស្រា។ ក្រុមអាល់ ណូស្រា​នេះ បានផ្តាច់​ខ្លួន​ពីក្រុមអាល់កៃដា។
​  
បញ្ហាដែលចោទ​សម្រាប់​បទឈប់បាញ់ពេលនេះ​​ ​​គឺថា កន្លងមក ក្រុមឧទ្ទាម​​មួយចំនួនធ្លាប់​​​បាន​ចូលដៃគ្នា​ជាមួយ​ក្រុមអាល់ ណូស្រា ដើម្បី​វាយប្រហារ​កងទ័ព​ស៊ីរី។ សួរថា តើ​ក្រុមឧទ្ទាម​ត្រូវដោះស្រាយ​យ៉ាងណា ត្រូវ​បន្ត​ចូលដៃ​ជាមួយ​ក្រុមជីហាត រឺ​ក៏​ផ្តាច់ខ្លួនពី​ក្រុមនេះ ដើម្បី​អាច​ទទួលបាន​ប្រយោជន៍​នយោបាយ​ ពីបទឈប់បាញ់ ?

ប៉ុន្មានម៉ោង​ក្រោយ​មាន​កិច្ចព្រមព្រៀង​រវាង​រុស្ស៊ី​និងអាមេរិក ​នៅចុងសប្តាហ៍​មុននេះ​ ​ក្រុមឧទ្ទាម​បានប្រាប់ថា បានទទួលសំបុត្រ​មួយច្បាប់​ពីអាមេរិក។ ក្នុង​​សំបុត្រ​នោះ ​អាមេរិក​ដាក់​លក្ខខណ្ឌអោយ​ក្រុមឧទ្ទាម​គោរព​តាមបទឈប់បាញ់​ដែលអាមេរិក​​ព្រមព្រៀង​ជាមួយ​រុស្ស៊ី។ អាមេរិក​​​ព្រមាន​ក្រុម​ឧទ្ទាម​មិនអោយ​រួមដៃ​ជាមួយ​ក្រុមភេរវជនហ្វាតេ អាល់ឆាំ ​​ដាច់ខាត មិនដូច្នោះទេ ក្រុមឧទ្ទាម​នឹង​ទទួល​ផលវិបាក។ ​​

ដោយឡែក ក្នុងកិច្ចព្រមព្រៀង​អាមេរិក​-​រុស្ស៊ី​ គេមិនបាន​និយាយ​ពី​រឿងអំណាច​ប្រធានាធិបតី​អាសាដទេ។ គេមិនបាន​និយាយ​ថា តើ​លោក​អាសាដ ត្រូវចុះ​ពី​អំណាច រឺ​យ៉ាងណា​ទេ។ ដូច្នេះ ក្រុម​ឧទ្ទាម​​​មិនសូវ​​​ទុកចិត្ត​កិច្ចព្រមព្រៀង​នេះប៉ុន្មាន​ទេ ព្រោះ​វាអាច​ប៉ះពាល់​ដល់​ប្រយោជន៍​​ខ្លួន ក្នុង​នយោបាយ​អន្តរកាល​ស៊ីរី។

​ដូច្នេះ អាច​នឹង​មា​នសកម្មជន​ឧទ្ទាម​ណាមួយ​បះបោរ ប្រឆាំង​កិច្ចព្រមព្រៀង​អាមេរិក-ស៊ីរី​បាន។​ បញ្ហា​នេះ អាច​នាំអោយ​បទឈប់បាញ់​ដែល​កំពុង​អនុវត្ត​ពេលនេះ បរាជ័យ​ទៅវិញ​បាន៕ ​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ