អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រដ្ឋាភិបាល​ស៊ីរី​បញ្ចេញ​រថក្រោះ​ទៅ​បង្រ្កាប​បាតុកម្ម​ប្រឆាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ចន្ទ​នេះ ការបង្រ្កាប​បាតុកម្ម​នៅតែ​បន្ត​ធ្វើ នៅ​ប្រទេស​ស៊ីរី ដោយរដ្ឋាភិបាល​ចាប់ផ្តើម​បញ្ចេញ​រថក្រោះ និង​រថពាសដែក យក​ទៅ​ដាក់​ពង្រាយ​នៅ​ក្នុង​ទីក្រុង​ដេរ៉ា (Deraa) ដែល​ជា​ចំណុច​ចាប់ផ្តើម​នៃ​ចលនា​បាតុកម្ម។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ អាជ្ញាធរ​ស៊ីរី​បាន​បិទ​ច្រក​ព្រំដែន​គោក​ជាមួយ​ប្រទេស​ហ្សកដានី​ទាំងស្រុង។ នេះ​ជា​សញ្ញា​ថា អាជ្ញាធរ​ស៊ីរី​ទំនង​ជា​កំពុង​បង្កើន​ការ​បង្រ្កាប​លើ​ចលនា​ប្រឆាំង។

រថក្រោះ​អាជ្ញាធរ​ស៊ីរី​នៅ​ក្នុង​ទីក្រុង​ដេរ៉ា ថ្ងៃ​ទី២៥ មេសា ២០១១ (រូបភាព​ផ្សព្វផ្សាយ​តាម​អ៊ីនធ័រណិត)
រថក្រោះ​អាជ្ញាធរ​ស៊ីរី​នៅ​ក្នុង​ទីក្រុង​ដេរ៉ា ថ្ងៃ​ទី២៥ មេសា ២០១១ (រូបភាព​ផ្សព្វផ្សាយ​តាម​អ៊ីនធ័រណិត) ©Reuters
ផ្សាយពាណិជ្ជកម្ម

 

ទីក្រុង​ដេរ៉ា (Deraa) ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​​ប្រទេស​ស៊ីរី ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ហ្សកដានី។ ទីក្រុង​​ដេរ៉ា​នេះ​ហើយ ដែល​ជា​ចំណុច​​ចាប់ផ្តើម​នៃ​ចលនា​ប្រឆាំង នៅ​ស៊ីរី។ ចាប់តាំង​ពី​ម៉ោង ៤​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​មក (ម៉ោង​ក្នុង​ស្រុក) ទីក្រុង​ដេរ៉ា​ត្រូវ​បាន​កាត់ផ្តាច់​ពី​ពិភពខាងក្រៅ​ស្ទើរតែ​ទាំងស្រុង។ ទឹក ភ្លើង និង​បណ្តាញ​ទូរស័ព្ទ​ត្រូវ​បាន​កាត់ផ្តាច់។ រថក្រោះ និង​រថពាសដែក​ជាច្រើន​គ្រឿង​បាន​​​ចូល​ទៅ​ដល់​កណ្តាល​ក្រុង​ តាំង​ពី​ព្រលឹម​ស្រាងៗ។ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​នៃ​ប្រទេស​ហ្សកដានី​បាន​ឲ្យដឹង​ថា ស៊ីរី​បាន​បិទ​ច្រក​ព្រំដែន​គោក​ទាំងអស់​ជាមួយ​ហ្សកដានី នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

យោងតាម​ការ​រៀបរាប់​របស់​ប្រជាជន​​ដែល​រស់​នៅ​ក្នុង​ទីក្រុង​ដេរ៉ា អាជ្ញាធរ​ស៊ីរី​បាន​ប្រើ​កាំភ្លើង​ធំ​បាញ់​ផ្លោង​ចូល​ក្នុង​ក្រុង និង​ដាក់​ក្រុម​អ្នក​បាញ់​ស៊ីប​នៅ​លើ​ដំបូល​អគារ។ នៅ​តាម​ផ្លូវ​ គេ​ឃើញ​មាន​អ្នក​ស្លាប់ និង​អ្នក​របួស​ជាច្រើន។ ក៏ប៉ុន្តែ គេ​នៅ​មិន​ទាន់ដឹង​អំពី​ចំនួន​ពិតប្រាកដ​នោះទេ ពីព្រោះ​​ម្នាក់ៗ​នាំគ្នា​ពួន​សំងំ​តែ​នៅ​ក្នុង​ផ្ទះ គេច​ពី​គ្រាប់កាំភ្លើង។

គួរ​បញ្ជាក់ថា ចាប់តាំង​ពី​ចាប់ផ្តើម​មាន​ចលនា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​មក មាន​មនុស្ស​យ៉ាងតិច ៣៥០​នាក់ បាន​បាត់បង់​ជីវិត​ ក្នុង​ការ​បង្រ្កាប​បាតុកម្ម។ ការ​បង្រ្កាប​បាតុកម្ម​មាន​សន្ទុះ​កាន់តែ​ខ្លាំង ចាប់តាំង​ពី​ថ្ងៃ​សុក្រ​មក។ ក៏ប៉ុន្តែ នៅថ្ងៃ​ចន្ទ​នេះ គឺ​ជា​លើក​ទីមួយ​ហើយ ដែល​​មាន​ព័ត៌មាន​ស្តីពី​ការ​បញ្ចេញ​រថក្រោះ និង​រថពាសដែក​មក​បង្រ្កាប​បាតុកម្ម។

កាលពីពេលថ្មីៗ​នេះ លោក​បាស្ហារ អាល់ អាសាដ (Bachar al-Assad) ប្រធានាធិបតី​ស៊ីរី បាន​សុខចិត្ត​​លុប​ចោល​​ច្បាប់​ស្តីពី​ការ​ប្រកាស​អាសន្ន​ តាម​ការ​ទាមទារ​របស់​បាតុករ​។ ក៏ប៉ុន្តែ ​សម្បទាន​នេះ​ហាក់ដូច​ជា​ធ្វើ​ឡើង​យឺត​ពេល​ទៅហើយ ព្រោះ​​អាជ្ញាធរ​ស៊ីរី​បាន​ធ្វើ​ការបង្រ្កាប​បាតុកម្ម​​​បណ្តាល​ឲ្យ​មនុស្ស​រាប់រយ​នាក់​បាត់បង់​ជីវិត​រួចទៅហើយ។ នៅពេលនេះ បាតុករ​ប្រឆាំង​ទាមទារ​ឲ្យ​​លោក​អាល់​អាសាដ​ចុះចេញ​ពី​តំណែង​តែ​ម្តង ហើយ​ទាមទារ​ឲ្យ​ធ្វើ​ការកែប្រែ​រដ្ឋធម្មនុញ្ញ ដើម្បី​បញ្ចប់​របបដឹកនាំ​ដោយ​គណបក្ស​តែមួយ។

អ្នកវិភាគ​ជាច្រើន​យល់ថា រដ្ឋាភិបាល​របស់​លោក​ អាល់ អាសាដ ទំនង​ជា​នឹង​មិន​សុខចិត្ត​ចុះចាញ់​ចលនា​ប្រឆាំង​ ដូច​នៅ​ប្រទេស​អេហ្ស៊ីប ឬ​ទុយនីស៊ី​នោះទេ។ ដូច្នេះ គេ​កំពុង​តែ​បារម្ភ​ថា ឈាម​អាច​នឹង​ហូរ​កាន់តែ​ច្រើន ក្នុង​ការ​បង្រ្កាប​​បាតុកម្ម នៅ​ស៊ីរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ