អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងត្បូង​តាមប្រមាញ់​រកទាហាន​រត់ចោលជួរ ដែល​បាន​បាញ់សម្លាប់ទាហាន​៥​នាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​អាទិត្យទី ២២ មិថុនា កងទ័ព​កូរ៉េខាងត្បូង​កំពុង​បើក​ប្រតិបត្តិការ តាមរក​ចាប់​នាយ​ទាហាន​ម្នាក់ ដែល បាន​រត់​ចោលជួរ បន្ទាប់ពី​បាញ់​សម្លាប់​សហជីវិន​៥​នាក់​របស់ខ្លួន កាលពី​យប់​ថ្ងៃ​សៅរ៍ នៅ​ក្នុង​បន្ទាយ ដែល​ស្ថិតនៅ​ជាប់​ព្រំដែន​ជាមួយ​កូរ៉េខាងជើង។ តាមអ្នកនាំពាក្យ​ក្រសួងការពារ​ជាតិ​កូរ៉េខាងត្បូង ការផ្ទុះ​អាវុធ បាញ់គ្នា​មួយប្រាវ ជាមួយ​នាយ​ទាហាន​រត់ចោលជួរ​ខាងលើ​បានធ្វើ​ឲ្យ​ទាហាន​ម្នាក់បន្ថែមទៀត​រងរបួស នៅថ្ងៃ​អាទិត្យ។ 

កងទ័ព​កូរ៉េខាងត្បូង​ធ្វើ​របងឃាំង​ដើម្បី​តាមដាន​រក​ចាប់​នាយទាហាន​ពលបាល លីម ដែល​រត់ចោលជួរ​បន្ទាប់ពី​បាញ់សម្លាប់​ទាហាន​៥​នាក់ កាលពី​ថ្ងៃ​សៅរ៍ ទី ២១​មិថុនា ២០១៤
កងទ័ព​កូរ៉េខាងត្បូង​ធ្វើ​របងឃាំង​ដើម្បី​តាមដាន​រក​ចាប់​នាយទាហាន​ពលបាល លីម ដែល​រត់ចោលជួរ​បន្ទាប់ពី​បាញ់សម្លាប់​ទាហាន​៥​នាក់ កាលពី​ថ្ងៃ​សៅរ៍ ទី ២១​មិថុនា ២០១៤ ©REUTERS/Lee Jong-gun/Yonhap
ផ្សាយពាណិជ្ជកម្ម

នាយពលបាល​លីម ដែល​បាន​បាញ់សម្លាប់​ទាហាន​៥​នាក់ និង​ធ្វើ​ឲ្យ​របួស ៧​នាក់ នៅក្នុង​អង្គភាពទ័ព ក្នុង​ខេត្ត​Gangwon កំពុង​រត់គេចខ្លួន ជាមួយ​នឹង​កាំភ្លើង​ពាក់​កណ្តាល​ស្វ័យប្រវត្តិ​មួយ​ដើម និង​គ្រាប់បែក​ដៃ​ជាច្រើនគ្រាប់។

 
យោងតាម​ក្រសួងការពារ​ជាតិ​កូរ៉េខាងត្បូង នាយពលបាល លីម អាយុ ២៣​ឆ្នាំ ដែលកំពុង​បម្រើការ​នៅ​អង្គភាព ទ័ព​ជើងគោក ទី ២២​នឹង​ត្រូវ​អស់​កាតព្វកិច្ច​បម្រើ​យោធា ក្នុង​រយៈពេល ៣​ខែ​ខាងមុខ។ តាម​មន្រ្តី​យោធា កូរ៉េខាងត្បូង​ដែល​សុំ​មិន​បញ្ចេញឈ្មោះ នាយទាហាន​លីម ពិបាក​សម្របខ្លួន នៅក្នុង​ជួរកងទ័ព។ ការត្រួត​ពិនិត្យ​ផ្នែកផ្លូវចិត្ត​នៅក្នុង​អង្គភាព​ដែល​លីម​បម្រើការ ធ្លាប់បាន​ណែនាំ​ឲ្យ​អ្នកគ្រប់គ្រង​ មានការប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ជាពិសេស ទៅលើ​ នាយទាហាន​លីម។

រឿង​បាញ់សម្លាប់​នៅក្នុង​ជួរកងទ័ព ឧស្សាហ៍កើតមាននៅកូរ៉េខាងត្បូង
ករណី​កន្លងមក​បង្ហាញថា ការជេប្រមាថ ការប៉ះពាល់​ផ្លូវភេទ អំពើហិង្សា និង​សម្ពាធ​នៅក្នុង​ជួរកងទ័ព​បាន​ជំរុញ​ឲ្យ​នាយទាហាន​ដែល​ជាប់​កាតព្វកិច្ច​បម្រើយោធា ធ្លាក់​ទឹកចិត្ត រហូត​ដល់ទៅ ហ៊ាន​បាញ់សម្លាប់​មេបញ្ជាការ ឬ​ទាហាន​ផ្សេង​ទៀត។

ឧទាហរណ៍ កាលពី ឆ្នាំ ២០១១​កន្លងទៅ​យុវទាហាន​ជាប់កាតព្វកិច្ច​ម្នាក់​ដែល​មាន​អាយុ ១៩​ឆ្នាំ​បាន​សម្លាប់​សហជីវិន​​របស់ខ្លួន​៤នាក់ មុន​នឹង​ប៉ុនប៉ង​សម្លាប់ខ្លួនឯង។ ប៉ុន្តែ កាលណោះ គេ​បាន​អន្តរាគម​ទាន់ មិន​ឲ្យ​យុវទាហាន​កេះបង្កៃ​គ្រាប់បែក​សម្លាប់ខ្លួន។ នៅក្នុងពេល​ចាប់ខ្លួន យុវទាហាន​រូបនោះ​បាន​ពន្យល់ថា ​ការជេប្រមាថ និងការវាយដំ​ធ្វើបាប នៅក្នុង​អង្គភាព ធ្វើ​ឲ្យរូបគេ​មិនអាចទ្រាំទ្របានតទៅទៀត។

ក្រៅតែ​ពីការធ្វើបាប​នៅក្នុង​បន្ទាយ យុវទាហាន​ជាច្រើន​ដែល​ជាប់កាតព្វកិច្ច​យោធា​និយាយថា ពួកគេ​រងសម្ពាធដ៏​ធំមួយ នៅពេល​ពួកគេ​ជាប់ឈ្មោះ​ឲ្យ​យាម​ប្រចាំការ នៅតាម​បណ្តោយ​ព្រំដែន ដែល​នៅជាប់​ជាមួយ​ព្រំដែន​កូរ៉េខាងជើង។ នៅតាម​ព្រំដែន ជាប់​តំបន់​ដែល​គ្មាន​កងទ័ព កងទ័ព​កូរ៉េខាងត្បូង ត្រូវ​ថ្នាក់លើ​បញ្ជា​ឲ្យ​ប្រុងប្រយ័ត្ន និង​យាម​យ៉ាង​ម៉ត់ចត់​បំផុត។ បើទោះបី​ជា​សង្រ្គាម​កូរ៉េបាន​ចប់​ទៅហើយ កាលពី​ឆ្នាំ ១៩៥៣ ប៉ុន្តែ កូរ៉េខាងជើង និង​ខាងត្បូង នៅតែ​អាច​ផ្ទុះ​សង្គ្រាម​ដាក់គ្នា ដោយសារ​តែ​ប្រទេស​ទាំងពីរ​មិនព្រម​ចុះ​ហត្ថលេខាសន្តិភាព​ជាមួយគ្នា។

នៅតាម​ព្រំដែន​កូរ៉េទាំងពីរ ទាហាន​រាប់ម៉ឺននាក់ ត្រូវ​ដាក់ឲ្យ​ប្រចំាការ យាមតឹងរ៉ឹង​បំផុត។ នៅខាងកូរ៉េខាងត្បូង ទាហាន​មួយភាគ ដែល​ចូល​ទៅប្រចំាការ​នៅតាមព្រំដែន ជាប់តំបន់​គ្មានកងទ័ព ភាគច្រើន​ជាយុវជន​ស៊ីវិល ដែល​ជាប់កាតព្វកិច្ច​បម្រើ​កងទ័ព ដែល​កំណត់​ឡើង​ដោយ​ច្បាប់​របស់​កូរ៉េខាងត្បូង។ ការខ្វះបទពិសោធន៍ និងទម្ងន់​ទទួលខុសត្រូវ មិនស៊ីគ្នា​នឹង​សមត្ថភាព ឧស្សាហ៍​រុញច្រាន​ឲ្យ​យុវទាហាន​បាក់​ទឹកចិត្ត និង​ចង់​រត់ចោលជួរ។

កាល​ពី​ពេល​ប៉ុន្មាន​​ឆ្នាំមុននេះ ក្រសួងការពារ​ជាតិ​កូរ៉េខាងត្បូង​បាន​បន្ទោស​ដល់​ក្រុមកងទ័ព​ដែល​ប្រចំាការ​នៅតាមព្រំដែន ពី​បទ​ធ្វេសប្រហែល បណ្តោយ​ឲ្យទាហាន​​ជាតិ​កូរ៉េខាងជើង​ម្នាក់​អាច​ចូលក្នុង​ទឹកដី​កូរ៉េខាងត្បូង។

កាលពី​ឆ្នាំ ១៩៨៤ គឺ​នៅក្នុង​អង្គភាព ទ័ព​ជើងគោក ទី ២២ ដែល​ស្ថិតនៅ​តាម​ព្រំដែន​ជាមួយ​កូរ៉េខាជើង  មាន​នាយទាហាន​កូរ៉េខាងត្បូង បាន​បាញ់សម្លាប់​ទាហាន​១៥​នាក់ នៅក្នុង​បន្ទាយ មុន​នឹង​រត់ឆ្លង​ចូល​ទៅក្នុង​ទឹកដី​កូរ៉េខាងជើង។ តើ​នេះ​ដោយសារ​គេ​មិនអាច​ទ្រាំទ្រ​បាន​នឹង​សម្ពាធ របស់​ថ្នាក់លើ កូរ៉េខាងត្បូង រហូត​ធ្វើឲ្យ​គេ​សុខចិត្ត​រត់ចុះចូល​ទៅក្នុង​ទឹកដីកូរ៉េខាងជើង ទៅឬ​មួយ​ដោយសារ​ទាហាន​ខាងលើ​ធ្លាប់​ជា​ចារកិច្ច​របស់​ ​កូរ៉េខាងជើង? កូរ៉េខាងជើង​គ្រាន់​តែ​​បាន​បញ្ជាក់ថា ពិតជា​មាន​ទាហាន​រត់ចូល​ទៅក្នុង​ទឹកដី​របស់ខ្លួន ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី មូលហេតុ​នោះទេ។

រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​យល់ដឹង​ពី​បញ្ហា​ដែល​កើតមាន​នៅក្នុងជួរកងទ័ព និង​បាន​ព្យាយាម​កាត់បន្ថយ​ការវាយធ្វើបាប នៅក្នុង​បន្ទាយ ប៉ុន្តែ រឿង​នេះ​ត្រូវ​គេ​មើលឃើញ​ថា នឹង​មិន​អាច​ដោះស្រាយ ឬ​ធ្វើការ​ផ្លាស់ប្តូរ​ឥរិយាបទ​ដែល​ធ្លាប់កើត​មាន​ជា​ប្រពៃណី នៅក្នុង​ជួរ​កងទ័ព កូរ៉េខាងត្បូង​​បាន​ភ្លាមៗ​ទេ។

ចូលបម្រើទ័ព​ជា​កាតព្វកិច្ច​របស់​ពលរដ្ឋ
នៅចំពោះមុខ​ការគំរាម​កំហែង ជាប់ជានិច្ច​ពី​សំណាក់កូរ៉េខាងជើង ទីក្រុង​សេអ៊ូល​មាន​នយោបាយ​ពង្រឹង​ចំនួន​កងទ័ព​របស់ខ្លួន ដែល​មាន​ជិត ៧សែននាក់ ដើម្បី​ទប់ទល់​នឹង​ទ័ព​កូរ៉េខាងជើង ដែល​មាន​ចំនួន ១លាន សែននាក់។ នៅកូរ៉េខាងត្បូង មនុស្ស​ទាំង​ពីរ​ភេទ ដែល មាន​អាយុ ពី​១៨ឆ្នាំ ដល់​៣០​ឆ្នាំ ត្រូវ​ជាប់​កាតព្វកិច្ច​បម្រើ​យោធា យ៉ាងហោច ពី​មួយឆ្នាំ ទៅ​ពីរឆ្នាំ។ ពួកគេ​មួយចំនួន​ត្រូវ​ផ្អាក​ការសិក្សា ឬ​ការងារ​មួយរយៈ ដើម្បី​ចូល​បម្រើ​យោធា។

ក្រុមមនុស្ស​មួយចំនួន​ត្រូវ​​ច្បាប់​អនុញ្ញាត​ឲ្យ​គេច​ផុត​ពី​កាតព្វកិច្ច​យោធា មាន​ដូចជា​បុរស​ដែលមាន​កូន ឬ​មនុស្ស​ក្នុង​បន្ទុក ចាប់ពី​បីនាក់ ឡើងទៅ ឬ​កីឡាករ​ដែល​ធ្លាប់​បាន​មេដាយ​អូឡាំពិក ឬ​ក្រុមមនុស្ស​ដែល​មាន​សាក់ ពេញខ្លួន ដែល​គេចាត់ទុក​ជា​ក្រុមបងធំ។ ក្រុមមនុស្ស​ទាំងនេះ ត្រូវ​បាន​គេ​ចាត់ទុក​ជា​កូនព្រះ ដោយសារ​តែ​រួចផុត​ពី​កាតព្វកិច្ច​ធ្វើ​យោធា។

មនុស្ស​មួយចំនួន​បាន​លួច​សាក់ ដើម្បី​រួចខ្លួន ឬ​លួច​សូកលុយ​ដើម្បី​កុំ​ឲ្យ​ជាប់ឈ្មោះ​ធ្វើ​ទាហាន។ ប៉ុន្តែ នៅពេល​ចាប់បាន ពួកគេ​នឹង​ត្រូវ​ពិន័យ​ជាប់គុក មួយឆ្នាំ​កន្លះ។ ចំណែក​មនុស្ស​មួយក្រុមទៀត ឧទាហរណ៍​ដូចជា​ក្រុមអ្នកចម្រៀង តារាភាពយន្ត​ដែលមិនចង់​ចូលធ្វើ​ទាហាន​បាន​ទៅ​សុំ​សញ្ជាតិ​បរទេស​ដើម្បី​រួចផុត​ពី​កាតព្វកិច្ច ប៉ុន្តែ បែរ​ជាត្រូវ​គេ​បរិហារ​រិះគន់ និង​ចាត់ទុក​​ជា​ការអ៉ាម៉ាស ឬ​ត្រូវ​បណ្តេញ​ចេញ​ពី​ទឹកដី​ផង​ក៏មាន ព្រោះ នៅក្នុង​ផ្នត់គំនិត​ប្រជាជន​កូរ៉េខាងត្បូង ការចូលបម្រើ​កងទ័ព​ជា​មោទនភាព និង​បញ្ជាក់​ពី​វីរភាព​របស់​ប្រជាជន​នេះ​ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​របស់​កូរ៉េខាងជើង។

នៅក្នុង​ជួរកងទ័ព​កូរ៉េខាងត្បូង គេ​ប្រកាន់​វិន័យ​តឹងរ៉ឹង ដែល​តាមពិតទៅ មិនស៊ី​ចង្វាក់​គ្នា នឹង​ឥរិយាបថ​របស់​នាយទាហាន​ជំនាន់ថ្មី ដែល​ចុះ​ឈ្មោះ ដោយសារ​ជាប់កាតព្វកិច្ច​យោធា។ តាម​មន្រ្តីយោធា​របស់​កូរ៉េខាងត្បូង យុវជន​កូរ៉េខាងត្បូង​បច្ចុប្បន្ន មាន​ចរិក​លក្ខណៈ​ខុសពី​ជំនាន់​ឪពុកម្តាយរបស់ពួកគេ​ដែលធ្លាប់​ចុះឈ្មោះ​បម្រើ​ទាហាន​មួយរយៈ ទៅតាម​ការតម្រូវ​របស់​ច្បាប់។ ពីមុន គ្រប់​ទាហាន​យុវជន​កូរ៉េខាងត្បូង​ចុះឈ្មោះ​ហ្វឹកហ្វឺន​ក្នុង​ជួរ​កងទ័ព ដើម្បី​ស្មារតី​ស្នេហាជាតិ ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​ណាមួយ​របស់កូរ៉េខាងជើង។ ប៉ុន្តែ បច្ចុប្បន្ន យុវជន​ភាគច្រើន​មាន​ចរិត​អាត្មានិយម និង​សម្ភារៈ​និយម គឺ​មិនអាច​ទ្រាំទ្រ​នឹង​ជីវិត​លត់ដំ នៅក្នុង​ជួរ​កងទ័ព​បានទេ។ ដោយសារ​តែ​ការលត់ដំ ហ្វឹកហ្វឺន និង​វិន័យ​តឹងរ៉ឹង យុវជន​ជាច្រើន​ចង់​គេចវេស​មិន​ចង់​ចូលចុះឈ្មោះ​ក្នុង​ជួរ​កងទ័ព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ