អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួបកំពូល​អាស៊ាន​ក្នុង​ប្រទេស​ភូមា៖ជម្លោះ​ដែនសមុទ្រចិន​ខាងត្បូង​កំពុង​ធ្វើ​ឲ្យ​អាស៊ាន​ឈឺក្បាលខ្លំាង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ ទី១១ ឧសភា​នេះ ជំនួបកំពូល​អាស៊ាន​លើកទី២៤ បាន​បើក​ធ្វើ​ជា​ផ្លូវការ​នៅ​ក្នុង​ទីក្រុង​ណៃពីដ៏ ប្រទេស​ភូមា។ ជំនួបកំពូល​ដែល​មាន​វត្តមាន​ចូលរួម​ដោយ​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ទំាង ១០រូប​ជា​សមាជិក​អាស៊ាន។ អ្វី​ជា​ការ​កត់សម្គាល់ ជំនួបកំពូលអាស៊ាន​ឆ្នំា​នេះ​បាន​រៀបចំ​ឡើង ចំ​ពេល​ដែល​ស្ថានការណ៍​កំពុង​ឡើង​តានតឹង​ខ្លំាង​នៅ​ក្នុង​សមុទ្រ​ចិនខាងត្បូង។ ក្រោយ​ពី​រឿង​សមុទ្រចិនខាងត្បូង អាស៊ាន​ក៏​ត្រូវ​ផ្តោត​លើ​ការ​ពន្លឿន​គម្រោង​បង្កើត​សហគមន៍​សេដ្ឋកិច្ច​នៅ​ឆ្នំា ២០១៥។ និយាយ​ពី​ប្រទេស​ភូមា តំាង​ពី​ភូមា​បាន​ក្លាយ​ជា​សមាជិក​អាស៊ាន​ក្នុង​ឆ្នំា ១៩៩៧ មក នេះ​ជា​លើក​ទីមួយ​បង្អស់​ដែល​ខ្លួន​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ជំនួបកំពូល​របស់​អង្គការ​តំបន់​មួយ​នេះ។

ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ទំាង ១០រូប​ជា​សមាជិក​អាស៊ាន​នៅ​ក្នុង​ជំនួបកំពូល​លើក​ទី២៤ ក្នុង​ប្រទេសភូមា ថ្ងៃទី១១ ឧសភា ២០១៤
ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ទំាង ១០រូប​ជា​សមាជិក​អាស៊ាន​នៅ​ក្នុង​ជំនួបកំពូល​លើក​ទី២៤ ក្នុង​ប្រទេសភូមា ថ្ងៃទី១១ ឧសភា ២០១៤ Reuters
ផ្សាយពាណិជ្ជកម្ម

តំាង​ពី​ប្រទេស​ភូមា​បាន​ក្លាយ​ជា​សមាជិក​អាស៊ាន​ក្នុង​ឆ្នំា ១៩៩៧ មក នេះ​ជា​លើក​ទី១ ដែល​ភូមា​បាន​ធ្វើ​ជា​ប្រធាន​ផ្លាស់វេន​អាស៊ាន​រៀបចំ​ជំនួបកំពូល។ តាម​ពិត ប្រធាន​ផ្លាស់វេន​អាស៊ាន​នេះ​ត្រូវ​បាន​ភូមា​បដិសេធ​ក្នុង​ឆ្នំា ២០០៦ ដោយសារ​តែ​រដ្ឋាភិបាល​ភូមា​ដឹកនំា​ដោយ​របបសឹក​កាល​ណោះ​បាន​ទទួល​រង​ការ​រិះគន់ ទិតៀន​រឿង​ការ​រំលោភ​សិទ្ធិមនុស្ស​ខ្លំាង​ពេក។ គឺ​ទើប​តែ​នៅ​ក្រោយ​ការ​រំលាយ​របបសឹក​ក្នុង​ឆ្នំា ២០១១ និង​ការ​បង្កើត​រដ្ឋាភិបាល​ស៊ីវិល​ទេ ដែល​ភូមា​បាន​ផ្តើម​រក​ឃើញ​ឡើង​វិញ​បន្តិច​ម្តងៗ​នូវ​មុខមាត់​របស់​ខ្លួន​នៅ​លើ​ឆាកអន្តរជាតិ ពិសេស​តំាង​លោក​ប្រធានាធិបតី​ថេន សេន​បាន​ចាប់​ផ្តើម​ធ្វើ​កំណែទម្រង់​ប្រទេស តាម​រយៈ​ការ​ដោះលែង​លោកស្រី​អ៊ុង សានស៊ូជី ប្រធាន​គណបក្សប្រឆំាង ក៏​ដូច​ជា​ការ​បន្ត​ដោះលែង​អ្នកទោស​ជា​បន្តបន្ទាប់។

ដូច្នេះ នេះ​ពិត​ជា​កិត្តិយស​ធំធេង​ណាស់​សម្រាប់​លោក​ថេន សេន។ ក៏​ប៉ុន្តែ កម្រិត​នៃ​ការ​រៀបចំ​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ត្រឹម​ណា​នោះ គឺ​ជា​រឿង​មួយ​ដែល​គេ​ត្រូវ​រង់ចំា​មើល​នៅ​ពេល​ក្រោយ។ ចាប់​ពី​ពេល​នេះ​ត​ទៅ ភូមា​លែង​ជា​ប្រទេស​ឯកោ​ទៀត​ហើយ ទំាង​នៅ​លើ​ឆាកអន្តរជាតិ ក៏​ដូច​ជា​នៅ​ក្នុង​រង្វង់​អាស៊ាន​គ្នា​ឯង។ យ៉ាង​ណា​ក៏​ដោយ នៅ​មាន​សញ្ញា​គួរ​ឲ្យ​ព្រួយបារម្ភ​ជា​ច្រើន​ទៀត​ដែល​សហគមន៍​អន្តរជាតិ​សម្គាល់​ឃើញ ទី១ ការ​បំបិទសិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ តាម​រយៈ​ការ​ចាប់​អ្នកកាសែត​ដាក់​គុក ទី២ ការ​បន្ត​វាយ​ធ្វើបាប​លើ​ក្រុមជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា អ្នក​កាន់សាសនា​អ៊ីស្លាម។

ថ្មីៗ​នេះ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​ម៉ាឡេស៊ី លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ក៏​បាន​លើក​ឡើង​ពី​ការ​រំលោភ​សិទ្ធិ​លើ​ពួក​រ៉ូហ៊ីងយ៉ា​ពី​សំណាក់​របប​ភូមា។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ មាន​ពួក​រ៉ូហ៊ីងយ៉ា​រាប់ពាន់​នាក់​បាន​រត់ភៀសខ្លួន​ទៅ​ជ្រកកោន​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​ផ្សេង​ទៀត មាន​ម៉ាឡេស៊ី ថៃ និង​ឥណ្ឌូណេស៊ី​ជា​ដើម។

អាស៊ាន​កំពុង​បន្ត​ក្រពុល​មុខ​ជុំវិញ​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង

ប្រធានរឿង​ទាក់ទង​នឹង​ភូមា​មិន​ត្រូវ​បាន​អាស៊ាន​យក​មក​ដាក់​នៅ​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​របស់​ខ្លួន​ទេ។ នេះ​មិន​មាន​អ្វី​ចម្លែក និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ ព្រោះ​ថា រឿងរ៉ាវ​ទំាង​អស់​របស់​ភូមា​តំាង​ពី​អើយ​មក ពោល​តំាង​ពី​ក្នុង​ជំនាន់​របបសឹក មក​ដល់​របប​ស៊ីវិល​សព្វថ្ងៃ ពិសេស​ទាក់ទង​នឹង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស គេ​មិន​ដែល​ឃើញ​អាស៊ាន​ដោះស្រាយ​បាន​ម្តង​ណា​ទេ។ គ្រប់​គ្នា​អាច​ស្តី​បន្ទោស​អាស៊ាន​ថា អសមត្ថភាព តែ​គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា អាស៊ាន​មាន​គោល​នយោបាយ​រួម ដោយ​មិន​លូកដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​សមាជិក​ខ្លួន។ នៅ​ក្នុង​រង្វង់​អាស៊ាន សមាជិក​ណា​ដឹកនំា​ដោយ​របប​អ្វី​ក៏​ដឹក​ទៅ សមាជិក​ណា​ក្រ ក៏​ក្រ​ទៅ មាន​ក៏​មាន​ទៅ គឺ​ខុស​ពី​សហភាព​អឺរ៉ុប​ដែល​ចេះ​ជួយ​គិតគូរ ឈឺឆ្អាល យក​អាសារ​សមាជិក​របស់​ខ្លួន។

ផ្ទុយ​ទៅ​វិញ ជំនួបកំពូល​អាស៊ាន​ឆ្នំា​នេះ​ត្រូវ​បាន​គ្របដណ្តប់​ខ្លំាង​ដោយ​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​រវាង​ប្រទេស​ចិន និង​ប្រទេស​អាស៊ាន​មួយ​ចំនួន មាន​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ព្រុយណេ។ នៅ​ប៉ុន្មាន​ថ្ងៃ​មុន​បើក​ជំនួបកំពូល​អាស៊ាន ស្ថានការណ៍​បាន​ធ្លាក់​ចុះ​មួយ​កម្រិត​ទៀត បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​នាវា​វៀតណាម និង​ចិន​នៅ​ក្នុង​តំបន់។ នៅ​ថ្ងៃ​នេះ ចំ​ថ្ងៃ​ជំនួបកំពូល​អាស៊ាន មាន​ប្រជាជន​វៀតណាម​រាប់សិប​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​​ប្រឆំាង​ចិន​នៅ​មុខ​ស្ថានទូត​ចិន​ក្នុង​ក្រុង​ហាណូយ ដាណាង និង​ក្រុង​ហូជីមិញ​ជាមួយ​នឹង​បដា​សរសេរ​ថា « ចិន មិន​ត្រូវ​ប្លន់​យក​ប្រេងកាត​របស់​យើង​ទេ »។ ទន្ទឹម​គ្នា​នេះ ក្រុមបាតុករ​វៀតណាម​ក៏​បាន​រិះគន់ ទិតៀន​រដ្ឋាភិបាល​​ខ្លួន​ពី​បទ​គ្រប់គ្រង​វិវាទ​ជាមួយ​ចិន​មិន​បាន​ល្អ។

អាស៊ាន​ពិបាក​និយាយ​សម្លេង​តែ​មួយ​ក្នុង​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង

បើ​គេ​ពិនិត្យ​មើល​ជា​រួម​ទៅ ឃើញ​ថា ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ពេល​នេះ គឺ​មាន​តែ ២ប្រទេស​ប៉ុណ្ណោះ គឺ​វៀតណាម និង​ហ្វីលីពីន​ដែល​តែងតែ​ចេញ​មុខ​តទល់​ជាមួយ​ចិន​ខ្លំាង​ជាង​គេ។ ចំពោះ​វៀណាម ក្រុងហាណូយ​ធ្លាប់​បាន​ទទួល​មេរៀន​ជូរចត់​ពី​ចិន​នៅ​ក្នុង​ជម្លោះ​នេះ​ចំនួន​ពីរ​ដង​មក​ហើយ គឺ​សង្រ្គាម​ទល់​នឹង​ចិន​ក្នុង​ឆ្នំា ១៩៧៤ និង​ឆ្នំា ១៩៨៨ ដែល​កាលណោះ​បាន​ធ្វើ​ឲ្យ​វៀតណាម​ខាតបង់​ច្រើន​ជាង​ចិន​ឆ្ងាយ​ណាស់។ ចំពោះ​ប្រទេស​ហ្វីលីពីន​វិញ ពិតមែន​តែ​ក្រុង​ម៉ានីល​មិន​ដែល​បាន​ទទួល​មេរៀន​ជូរចត់​ពី​ចិន​ដូច​វៀតណាម​ក្តី តែ​ហ្វីលីពីន​មិន​ញញើត​នឹង​ប្រើ​សម្តីថ្លោសៗ​ដាក់​ចិន​ដោយសារ​តែ​ខ្លួន​អាង​អាមេរិក​នៅ​ពី​ក្រោយ។

តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​ថា រហូត​មក​ដល់​ពេល​នេះ ទំាង​វៀតណាម ក៏​ដូច​ហ្វីលីពីន គឺ​គ្មាន​ប្រទេស​ណា​មួយ​សង្ឃឹម​លើ​អាស៊ាន​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ទេ។ ចូរ​កុំ​ភ្លេច​ថា នៅ​ក្នុង​ចំណោម​សមាជិក​អាស៊ាន​ទំាង ១០ប្រទេស គឺ​មាន​ប្រទេស​ដែល​គំាទ្រ​ចិន និង​ទទួល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​ចិន ប្រទេស​ដែល​ប្រឆំាង​ចិន និង​ប្រទេស​ដែល​គំាទ្រ​អាមេរិក​ដើម្បី​ប្រឆំាង​ចិន។ ប្រទេស​អាស៊ាន​ដែល​គំាទ្រ​ចិន​ចង់​ឲ្យ​មាន​ដំណោះស្រាយ​ជា​លក្ខណៈ​ទ្វេភាគី ពោល​ជាមួយ​តែ​ប្រទេស​ពាក់ព័ន្ធ ដោយ​មិន​ចង់​ឃើញ​ជម្លោះ​មួយ​នេះ​ក្លាយ​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ចិន និង​អាស៊ាន​ទំាង​មូល​ឡើយ។ រីឯ​ចិន​ក៏​តែងតែ​ចង់​បាន​ដំណោះស្រាយ​របៀប​នេះ​ដែរ តែ​ប្រទេស​ពាក់ព័ន្ធ​មិន​ព្រម ដោយ​ដឹង​ខ្លួន​ចាញ់​ច្រាប​ឥទ្ធិពល​របស់​មហាអំណាច​ចិន​ជា​មុន និង​ចង់​បាន​ដំណោះស្រាយ​បញ្ហា​នេះ​ជា​លក្ខណៈ​អន្តរជាតិ​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ