បុណ្យណូអែលឆ្នាំ២០១៤ ស្ថិតក្នុងភាពសោកសង្រេងរបស់អ្នកកាន់សាសនាកាតូលិក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤៤
ដូចជារៀងរាល់ឆ្នាំ មនុស្សម្នា អ្នកគោរពសាសនាកាតូលិក ទូទាំងពិភពលោក បានបារព្ធពិធីបុណ្យណូអែល រឺបុណ្យគ្រឹស្តម៉ាស់ នៅថ្ងៃទី២៥ ខែធ្នូ ដែលថ្ងៃនេះហើយ ជាថ្ងៃកំណើតរបស់ព្រះយេស៊ូគ្រឹស្ត។ តាមទំនៀមទំលាប់ សម្តេចប៉ាបដែលជាប្រមុខសង្ឃកាតូលិកធំបំផុត នឹង ថ្លែងសារជូនពរពិភពលោកទាំងមូល។ អ្វីដែលគេរំពឹង ថានឹងបានឮ នៅក្នុងសន្ទរៈកថារបស់សម្តេចប៉ាប នៅថ្ងៃនេះ គឺ ការអំពាវនាវរកសន្តិភាព នៅមជ្ឃឹមបូព៌ា ព្រោះថាឆ្នាំ២០១៤នេះ ជាឆ្នាំអកុសលខ្លាំងណាស់ សំរាប់អ្នកកាន់សាសនាកាតូលិក នៅតំបន់នេះ។
ឆ្នាំ២០១៤ ឆ្នាំអកុសលសម្រាប់អ្នកកាន់សាសនាកាតូលិក នៅមជ្ឈឹមបូព៌ា៖
ថ្ងៃនេះជាថ្ងៃ បុណ្យណូអែល របស់អ្នកកាន់សាសនាកាតូលិក ទូទាំងពិភពលោក។ តាមប្រពៃណី សម្តេចប៉ាប ហ្រ្វង់ស័រ នឹងធ្វើសន្ទរកថាមួយ នៅថ្ងៃនេះ ដើម្បីជូនពរ គ្រឹស្តបរិស័ទ ក៏ដូចជាពិភពលោកទាំងមូល។ ដូចគ្នាដែរ សម្តេចសង្ឃ នឹងឆ្លៀតឱកាសនេះ ធ្វើការសរុបហេតុការណ៍ ដែលកើតមានឡើងក្នុងឆ្នាំកន្លងទៅ។ បើយើងសង្កេតមើលទៅ ឆ្នាំ២០១៤នេះ ពិភពលោកបានជួបហេតុការណ៍អកុសលច្រើនណាស់។
ឆ្នាំ២០១៤ នេះ ជាឆ្នាំអកុសល ព្រោះថាមានអំពើហឹង្សា កើតឡើងច្រើនមែនទែន។ តួយ៉ាង ដូចជាអំពើហិង្សា ដែលបង្កឡើងដោយពួក ឧទ្ទាមជីហាតអ៊ីស្លាមជ្រុលនិយម។ ក្នុងសេចក្តីថ្លែងសន្ទរកថារបស់សម្តេចប៉ាប មិនមែនមានតែពាក្យជូនពរនោះទេ តាមទំនៀមទំលាប់ សម្តេចប៉ាបនឹងធ្វើការអំពាវនាវ ឲ្យមនុស្សជាតិទាំងអស់ស្រលាញ់គ្នា ជួយគ្នា កសាងសន្តិភាព។ ឆ្នាំនេះ ជាឆ្នាំដែលពិភពលោកជួបរឿងរ៉ាវអាក្រក់ជាច្រើន ដូចជាអំពើហិង្សា សង្គ្រាម និងការរីករាលដាលនៃមេរោគអេបូឡាជាដើម។
អំពើហិង្សា ការសម្លាប់រង្គាល និងការនិរទេស ប្រជាជនស្លូតត្រង់ អ្នកកាន់សាសនាកាតូលិក នៅតំបន់មជ្ឈឹមបូព៌ា ជារឿងអនោចអធម៌ខ្លាំងណាស់។ ពួកជីហាតអ៊ីស្លាមនៅ អ៊ីរ៉ាក់ និងស៊ីរី បានធ្វើទុក្ខបុកម្នេញ ទៅលើប្រជាជនអ្នកកាន់សាសនាកាតូលិក។ អ្នកកាន់សាសនាកាតូលិករាប់ម៉ឺននាក់ នៅអ៊ីរ៉ាក់ ត្រូវពួកជីហាត សម្លាប់និងដេញចេញពីផ្ទះសម្បែង យ៉ាងវេទនាបំផុត។
តាមធម្មតាបុណ្យណូអែលនេះ ជាបុណ្យដែលគេសប្បាយរីករាយ ប៉ុន្តែសម្រាប់អ្នកកាន់សាសនាកាតូលិកនៅអ៊ីរ៉ាក់ និងស៊ិរី ពួកគេប្រារព្ធពិធីនេះ ទាំងទុក្ខព្រួយបំផុត ដោយសារតែខ្វះសព្វខ្វះគ្រប់ ដើររសាត់អណ្តែតគ្មានទីដៅ ដើម្បីរត់គេចចេញពីការកាប់សម្លាប់របស់ពួកជីហាតអ៊ីស្លាម។
សន្តិភាព និងសេចក្តីសុខរបស់មនុស្សជាតិ ជាការព្រួយបារម្ភរបស់សម្តេចប៉ាប៖
បញ្ហាមានច្រើនផ្សេងទៀត ដែលសម្តេចប៉ាប នឹងលើកឡើងនៅក្នុងសង្ឃដីការបស់ព្រះអង្គ។ ឧទាហរណ៍ ដូចជាការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃមេរោគអេបូឡា នៅទ្វីបអាហ្វ្រិក ព្រមទាំងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនជាដើម។ តាមធម្មតា សម្តេចប៉ាប មិនមែនលើកឡើងតែពីបញ្ហា ដែលទាក់ទងទៅនឹងសាសនាកាតូលិក មួយមុខនោះទេ តែសម្តេចប៉ាប នឹងលើកឡើងពីបញ្ហាទូទៅ ដែលទាក់ទងនឹងសុខសន្តិភាពរបស់ពិភពលោកទាំងមូល។
ចំនុចមួយទៀតដែលសំខាន់ដែរ ដែលគេរំពឹងថា សម្តេចប៉ាបនឹងលើកមកនិយាយ គឺទាក់ទិនទៅនឹងទុក្ខវេទនារបស់ជនភៀសខ្លួន ដែលស្វែងរកសិទ្ធិជ្រកកោន។ ក្នុងឆ្នាំ២០១៤នេះ មានជនភៀសខ្លួនរាប់រយរាប់ពាន់នាក់ ដែលបានភៀសខ្លួន ពីទ្វីបអាហ្វ្រិក នាំគ្នាជិះទូកឆ្លងសមុទ្រ ទៅកាន់ទ្វីបអឺរ៉ុប។ ពេលលិចទូកម្តងៗ មានអ្នកស្លាប់រាប់រយអ្នក។ ប្រជាជនអាហ្វ្រិកទាំងនោះ សុទ្ធសឹងតែមកពីប្រទេសក្រីក្របំផុត ហើយពួកគេដើររាប់រយគីឡូមែត្រ ហើយត្រូវចំណាយប្រាក់ឲ្យពួកអ្នករត់ការ ដើម្បីបានជិះទូកឆ្លងមកអឺរ៉ុប។
យើងឃើញថា ការអភិវឌ្ឍន៍ វាគ្មានភាពស្មើគ្នាទេ នៅលើពិភពលោកយើងនេះ។ អ្នកមានកាន់តែមាន ឯអ្នកក្រវិញ កាន់តែវេទនាទៅៗ។ មិនត្រឹមតែប៉ុណ្ណោះ មេដឹកនាំតាមប្រទេសក្រីក្រទាំងនោះ សុទ្ធសឹងតែជាមេដឹកនាំផ្តាច់ការ ពុករលួយ យកមានតែបក្សពួកគ្នាឯង ទុក្ខឲ្យប្រជាជនក្រលំបាក។ បញ្ហាទាំងអស់នេះហើយ ដែលសម្តេចប៉ាប ហ្រ្វង់ស័រ នឹងលើកឡើង នៅក្នុងសន្ទរកថារបស់ព្រះអង្គ។
សង្ឃដីការ របស់សម្តេចប៉ាប មាននរណាស្តាប់?
យើងកុំភ្លេចថា អ្នកកាន់សាសនាកាតូលិក មានទាំងអស់ ជាង១២០០លាននាក់។ នៅទីណា ក៍មានអ្នកកាន់សាសនាកាតូលិកដែរ ជាពិសេសប្រទេសធំៗនៅអឺរ៉ុប និងអាមេរិកជាដើម។ ថ្វីត្បិតតែ ប្រទេសទាំងអស់នៅអឺរ៉ុប និងអាមេរិក មិនមានប្រជាជនកាន់សាសនាកាតូលិក ទាំងអស់មែន ប៉ុន្តែវប្បធម៌កាតូលិក បានចូលជ្រាប ទៅជ្រៅក្នុងសង្គម និងផ្នត់គំនិតរបស់ប្រជាជនទាំងអស់ ព្រោះថាប្រទេសទាំងនោះ មានប្រវត្តិគោរពសាសនាកាតូលិក តាំងតែពីយូរយាណាស់មកហើយ។ ដូច្នេះ ទោះចង់មិនចង់ សម្តីរបស់សម្តេចប៉ាប មានគេស្តាប់ច្រើនណាស់ មិនថាប្រជាជនធម្មតា រឺអ្នកដឹកនាំនោះទេ។
មួយវិញទៀត ខ្លឹមសារនៃសង្ឃដីការបស់សម្តេចប៉ាប មិនមែនសំដៅនិយាយតែពីរឿងសាសនាកាតូលិកនោះទេ។ សង្ឃដីកាព្រះអង្គ ជាការអំពាវនាវ សុំសន្តិភាព និងការបង្រួបបង្រួមគ្នាទូទាំងពិភពលោក។ ដូច្នេះ ទោះបី វាមិនមានឥទ្ធិពលដោយផ្ទាល់ក៏ដោយ ក៏វាមានខ្លឹមសារ ជានិមិត្តរូប ឲ្យមនុស្សជាតិទាំងមូល យកទៅគិត និងមានការភ្ញាក់រលឹក។
ជាក់ស្តែង កាលពីយប់ថ្ងៃទី២៤ នៅក្នុងពិធីសូត្រធម៌ កណ្តាលអធ្រាត្រ ត្រៀមចូលបុណ្យណូអែល នៅបាស៊ីលិក សាំងព្យែរ ក្នុងបុរីវ៉ាទីកង់ សម្តេចប៉ាបបានថ្លែងថា ពិភពលោកទាំងមូល ត្រូវការនូវការសណ្តោសប្រណី អាណិតអាសូរគ្នា ឲ្យបានច្រើនជាងនេះ ទើបសន្តិភាព និង សេចក្តីសុខសប្បាយ បានដល់មនុស្សជាតិទាំងអស់។
ហ៊ានទទួលការរិះគន់ ទើបមានការរីកចម្រើន៖
អ្វីដែលជាការភ្ញាក់ផ្អើលមួយទៀតនោះ គឺសម្តេចប៉ាប បានឆ្លៀតរិះគន់ ស្ថាប័នកាតូលិក នៅបុរីវ៉ាទីកង់ដោយផ្ទាល់ទៀតផង។ សម្តេចប៉ាប លោកបាន ថ្លែងរិះគន់ លើថ្នាក់ដឹកនាំសង្ឃធំៗ ក៏ដូចជាមន្ត្រីនៅវ៉ាទីកង់ ដែលភ្លេចខ្លួន យកសុខតែខ្លួនឯង មិនបានគិតគូរពីទុក្ខលំបាករបស់មនុស្សជាតិ។ សម្តេចប៉ាបបានប្រៀបប្រដូច មន្ត្រីសង្ឃកាតូលិកទាំងនោះថា ដូចជាអ្នកជំងឺ ដែលពោរពេញទៅដោយមេរោគច្រណែនឈ្នានីសគ្នា មេរោគយកលាភសក្ការៈតែរៀងៗខ្លួន និងមេរោគនិយាយប៉ប៉ាច់ប៉ប៉ោចឥតប្រយោជន៍។ សម្តេចប៉ាបបន្តថា បើកាលណាយើង បដិសេធមិនព្រមធ្វើការកែប្រែខ្លួន រឺក៏បដិសេធ មិនព្រមទទួលការរិះគន់ពីអ្នកដ៏ទៃ ហាក់ដូចជាមនុស្ស ដែលបដិសេធថាខ្លួនឯងមានជំងឺ មិនព្រមទៅពេទ្យ ហើយដល់ថ្ងៃមួយ មេរោគទាំងនោះ នឹងរីករាលដាលធ្ងន់ទៅៗ ព្យាបាលលែងជា។
សកម្មភាពទាំងអស់នេះ ធ្វើឲ្យសម្តេចប៉ាប មានប្រជាប្រិយភាព កាន់តែខ្លាំងឡើងៗ មិនថាក្នុងចំណោម អ្នកកាន់សាសនាកាតូលិកទេ សូម្បីអ្នកមិនកាន់សាសនាកាតូលិក ក៏គោរពសរសើរព្រះអង្គដែរ ព្រោះលោក មានសេចក្តីក្លាហាន ហ៊ានរិះគន់ ខុសថាខុស ត្រូវថាត្រូវ។
នៅបេត្លេហឹម ដីកំណើតរបស់ព្រះយេស៊ូ បុណ្យណូអែលឆ្នាំ២០១៤ ដូចបុណ្យកាន់ទុក្ខ៖
ជាធម្មតា នៅយប់ថ្ងៃ២៤ ធ្នូ នៅតាមបណ្តាវិហារសាសនាកាតូលិកទាំងអស់ គេមានពិធីសូត្រធម៌។ ពិធីដែលសំខាន់ នឹងដែលមានគ្រឹសាសនិកចូលរួមច្រើនជាងគេនោះ គឺ ពិធីដែលប្រព្រឹត្តទៅ នៅទីក្រុងបេត្លេហឹម ក្នុងតំបន់ស៊ីហ្សកដានី។ ទីក្រុងនេះហើយ ដែលជាកន្លែងកំណើតរបស់ព្រះយេស៊ូ។ បច្ចុប្បន្ននេះ ទីក្រុងនេះ មានប្រជាជនភាគច្រើន ជាជនជាតិប៉េឡេស្ទីន ដែលប្រកាន់សាសនាអ៊ីស្លាម។ តែទោះបីជាយ៉ាងណា កាប្រារព្ធពិធីបុណ្យ បានប្រព្រឹត្តទៅក្នុងភាពស្ងប់ស្ងាត់ ប្រៀបដូចជាការកាន់ទុក្ខអញ្ចឹង ព្រោះថានៅមិនឆ្ងាយពីនោះប៉ុន្មាន នៅអ៊ីរ៉ាក់ និងស៊ីរីឯណោះ ពួកជីហាតអ៊ីស្លាម បានធ្វើបាបប្រជាជន កាន់សាសនាកាតូលិក យ៉ាងអមនុស្សធម៌បំផុត។
ចំណែកនៅចិនឯនោះវិញ អាជ្ញាធរ បានហាមឃាត់ មិនឲ្យ ប្រជាជន ប្រារព្ធពិធីបុណ្យណូអែលទេ ព្រោះរដ្ឋចិនយល់ថា បុណ្យនេះជាបុណ្យរបស់ប្រទេសលោកខាងលិច មិនមែនជាបុណ្យប្រពៃណីចិនទេ។ អាជ្ញាធរបានតម្រូវឲ្យ យុវជន សិស្សនិស្សិត មើលខ្សែភាពយន្តឃោសនា ពីស្នាដៃសម្រេចបានរបស់គណបក្សកុម្មុយនីស្តចិនវិញ ជាជាង ទៅប្រារព្ធពិធីបុណ្យបែបអឺរ៉ុប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ