អានតួអត្ថបទ
រុស្ស៊ី-ស៊ីរី

ជនជាតិ​រុស្ស៊ី​២នាក់​ ត្រូវ​បាន​ចាប់​ពង្រត់​ នៅ​ស៊ីរី​ ដោយ​ក្រុម​មិន​បញ្ចេញ​ឈ្មោះ​

ដំណឹង​​នេះ​​​ បញ្ជាក់​​​ជា​​​ផ្លូវការ​​​ដោយ​​​ស្ថាន​ទូត​​រុស្ស៊ី​​​ ប្រចាំ​​នៅ​​ស៊ីរី ​​ដែល​​កំពុង​​ វែកញែក​​បំភ្លឺ​​អំពី​​ទី​កន្លែង​​ ជាប់​​ក្នុង​​ថ្នូរ​ ​នៅ​​នៃ​​ជន​​រួម​ឈាម​​ខ្លួន​​​​​​​​​​​​​​​​​​​​​​។ លោក​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​ Serguei​ Lavrov​ ថ្លែង​ថា​ ម៉ូស្គូ​នឹង​ចាត់​រាល់​វិធានការ​ចាំបាច់​ទាំងអស់​ ដើម្បី​រំដោះ​ជាតិ​រុស្ស៊ី​ ទាំងនោះ​មក​វិញ។ ពួក​ឧក្រិដ្ឋ​ជន​ ទើប​ទាមទារ​ប្រាក់​លោះ​ ជា​ថ្នូរ​នឹង​ការ​ដោះលែង​គេ។

រដ្ឋមន្ត្រី​​ក្រសួង​ការ​បរទេស​រុស្ស៊ី​  Serguei Lavrov ​ថ្លែង​​ថា​​ ម៉ូស្គូ​​​នឹង​​ចាត់​​រាល់​​វិធានការ​​ចាំបាច់​​ ដើម្បី​រំដោះ​ជន​រុស្ស៊ី​មក​វិញ​
រដ្ឋមន្ត្រី​​ក្រសួង​ការ​បរទេស​រុស្ស៊ី​ Serguei Lavrov ​ថ្លែង​​ថា​​ ម៉ូស្គូ​​​នឹង​​ចាត់​​រាល់​​វិធានការ​​ចាំបាច់​​ ដើម្បី​រំដោះ​ជន​រុស្ស៊ី​មក​វិញ​ Reuters
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ការបរទេស​​រុស្ស៊ី​​លំអិត​​ថា​​​ ការ​ចាប់​ពង្រត់​នោះ​ បាន​ប្រព្រឹត្ត​ទៅ​ ល្ងាច​ម្សិលមិញ​ ពេល​ដែល​ ជាតិ​រុស្ស៊ី​ទាំងពីរ​នាក់​នោះ​ ធ្វើ​ដំណើរ​តាម​ផ្លូវ​ ពី​ក្រុង​ Homs​ ទៅ​កាន់​ក្រុងផែ​ Tartous​ នៅ​ប៉ែក​ខាង​លិច​ប្រទេស​ស៊ីរី។ ជាតិ​រុស្ស៊ី​អភ័ព្វ​ ២​នាក់​នោះ​ គឺ​ម្នាក់​ឈ្មោះ​ Gorelov​ ដែល​បាន​ ទៅ​ដល់​ប្រទេស​ស៊ីរី​ កាល​ពី​ដើម​ខែ​តុលា​ ដើម្បី​ធ្វើការ​តាម​កុងត្រា​ ចុះ​ជាមួយ​ ក្រុមហ៊ុន​ ឯកជន។ ម្នាក់​ទៀត​​ ឈ្មោះ​ Hassun​ កាន់​ passeport​ ស៊ីរី​ផង​ រុស្ស៊ី​ផង​ ដោយ​គាត់​មាន​ ប្រពន្ធ​ ជាតិ​រុស្ស៊ី​ ហើយ​រស់​នៅ​ជាប់​ ជា​អចិ​ន្ត្រៃយ​​នៅ​ស៊ីរី​។ ព្រឹក​មិញ​ ពួក​ចាប់​ពង្រត់​នោះ​ បាន​ទូរសព្ទ​ ទៅ​ រោងចក្រ​ជា​ទី​ដែល​អ្នក​ទាំងនោះ​ធ្វើការ​ ថ្លែង​ទាមទារ​ទៅ​ហើយ​នូវ​ប្រាក់​សម្រាប់​លោះ​ ជន​ដែល​ជាប់​ ក្នុង​ដៃ​គេ​ ប៉ុន្តែ​ គេ​ឥត​លំអិត​ អំពី​ទំហំ​ប្រាក់លោះ​នោះទេ។  

ធ្លាក់​ខ្លួន​អភ័ព្វ​ ត្រូវ​គេ​ចាប់​ពង្រត់​ដែរ ​ជាមួយ​ អ្នក​ទាំងពីរ​នោះ​ គឺ​វិស្វករ​ ជាតិ​អ៊ីតាលី​ ឈ្មោះ​ Mario​ Belluomo។ គេ​ទាំងបី​នាក់​សុទ្ធតែ​ធ្វើការ​ នៅ​រោងចក្រ​ខាង​ស្ល​រំលាយ​ដែកថែប​ នៃ​ក្រុមហ៊ុន​ ឯកជន​ Hmisho​ Co។ ដោយ​ធ្វើការ​ឲ្យ​រោងចក្រ​នេះ​ គេ​បាន​ស្នាក់​នៅ​ ក្នុង​ សណ្ឋាគារ​ ក្នុង​ក្រុងផែ​ Tartous​ មាត់​សមុទ្រ​មេឌីទែរ៉ាណេ​ ជា​ទី​ដែល​មាន​ មូលដ្ឋាន​កងម៉ារីន​រុស្ស៊ី​ស្ថិត​នៅ​ ហើយ​ជា​ក្រុងផែ​ទី២​ នៅ​ស៊ីរី​ បន្ទាប់​ពី​ក្រុងផែ​ ឈ្មោះ​ Lattaquié។

ដោយ​ហេតុ​ថា​ ការ​ចាប់​ពង្រត់​ បាន​ប្រព្រឹត្ត​ទៅ​នៅ​ជាយក្រុង​ Lattaquié​ នេះ​ បាន​ជា​ទូរទស្សន៍​ រុស្ស៊ី​ ហៅ​កន្លែង​នោះ​​ថា​ជា​កន្លែង​ជាប់​បណ្តាសា។ ដ្បិត​ នៅ​​ជាយ​ក្រុង​នេះ​ឯង​ កាលពី​ ខែ​តុលា​ កន្លងទៅ​ ក្រុម​ប្រឆាំង​មួយ​នៅ​ស៊ីរី​ ដែល​ប្រកាស​ខ្លួន​ឯង​ ជា​អង្គភាព​​មួយ​​ នៃ​​ កងទ័ព​សេរី​ស៊ីរី​ បាន​ចាប់​ពង្រត់​ស្ត្រី​អ្នកកាសែត​ជាតិ​អ៊ុយក្រែន​ ឈ្មោះ​ Anhar​ Kochneva​ ដែល​ធ្វើការ​ ឲ្យ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​មួយ។ គឺ​តាំង​ពី​ថ្ងៃ​ទី​ ១៦​ធ្នូ​ ម្សិល​ម៉្ងៃ​ម្លេះ​ ដែល​មេក្រុម​នោះ​ ត្រូវ​ប្រហារ​ ជីវិត​ស្ត្រី​អ៊ុយក្រែន​នោះ​ ក្រោម​បទ​ចោទ​ ប្រកាន់​ថា​ គាត់​តែង​លួច​យក​ការណ៍​ឲ្យ ​របប​ លោក​ ប្រធានាធិបតី​ស៊ីរី​ អាសាដ​ ដ្បិត​ តាម​យោបល់​មេក្រុម​ប្រឆាំង​នោះ​ មិន​អាច​ត្រូវ​ចាត់​ទុក​ ជា​ អ្នក​កាសែត​ឡើយ​ មនុស្ស​ដែល​ឈរ​ថត​រូប​ ដោយ​កាន់​កាំភ្លើង​នៅ​ដៃ​ ហើយ​ដែល​បង្ហើរ​ តាម​ បណ្តាញ​ Facebook​ គឺ​រូបភាព​បង្ហាញ​ ពួក​ទាហាន​កងទ័ព​ស៊ីរី​ ជាន់​ឈ្លី​ទង់ជ័យ​ របស់​ ក្រុម​ឧទ្ទាម។ ឥឡូវ​ ពេល​ប្រហារ​ជីវិត​អ្នក​កាសែត​អ៊ុយក្រែន​នេះ​ ទើប​ត្រូវ​មេក្រុម​ប្រឆាំង​ លើក​ទៅ​ថ្ងៃ​ក្រោយ​ ដោយ​ទុក​ពេល​ឲ្យ​ រដ្ឋាភិបាល​អ៊ុយក្រែន​និង​រុស្ស៊ី​ ដោះស្រាយ​វាសនា​គាត់។

ពួក​ឧទ្ទាម​ស៊ីរី​ ថ្លែង​ថា​ ចាប់​ពី​អំណើះ​ត​ទៅ​ ស្ថានទូត​​តំណាង​របស់​រុស្ស៊ី​ អ៊ុយក្រែន​ ក៏​ដូច​ជា​ពលរដ្ឋ​ ប្រទេស​ទាំងនេះ​ ព្រមទាំង​ជាតិ​អ៊ីរ៉ង់​ គឺ​ជា​ ទីដៅ​នៃ​រាល់​កម្លាំង​ប្រឆាំង​ទាំងអស់​ នៅ​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ