អានតួអត្ថបទ
ស៊ីរី-រុស្ស៊ី

ជំនួប​ប្រមុខ​ការទូត​រុស្ស៊ី និង​តំណាង​ពិសេស អ.ស.ប​ដើម្បី​រក​សន្តិភាព​ឲ្យ​ស៊ីរី

លោក Lakhdar Brahimi បេសកជន​ពិសេស របស់ អ.ស.ប. និង​សម្ព័ន្ធអារ៉ាប ខាងរក ដំណោះស្រាយ​ឲ្យ​វិបត្តិ​រ៉ាំរ៉ៃ នៅស៊ីរី ដែល​ល្ងាច​ម្សិលមិញ​បាន​អញ្ជើ្មញ​មកដល់​ក្រុងម៉ូស្គូ ក្នុង ក្របខ័ណ្ឌ​ទស្សនកិច្ច​ការងារ ថ្ងៃនេះ​ត្រូវ​ទទួល​ជួប​ចរចា ជាមួយ​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ​Serguei Lavrov។

លោក​Lakhdar Brahimi (ឆ្វេង)បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ និង​អារ៉ាប់​ស្តីពី​បញ្ហា​ស៊ីរី ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី
លោក​Lakhdar Brahimi (ឆ្វេង)បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ និង​អារ៉ាប់​ស្តីពី​បញ្ហា​ស៊ីរី ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី ©REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

កម្មវត្ថុ​ដ៏​ចម្បង​នៃ​កិច្ច​ចរចា​នេះ តាម​ដែល​ក្រសួង​ការបរទេស​រុស្ស៊ី​ផ្ទាល់ ប្រកាស​ឲ្យដឹង គឺ​ជុំវិញ​សាច់រឿង ៖ តើ​ជំហាន​ជាក់ណា បែបណា ដែលអាច​នឹង​ឈាន តទៅទៀត ដើម្បីធ្វើ ដំណោះស្រាយ តាមផ្លូវ​នយោបាយ និង​ការទូត​ឲ្យ​បាន​យ៉ាង​ឆាប់​បំផុត ឲ្យ​ស្ថានការណ៍ វិបត្តិ​រ៉ាំរ៉ៃ អស់​ជាង ១ឆ្នាំ​កន្លះ​មកហើយ នៅស៊ីរី។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​គឺថា ជំនួប​នេះ​ប្រព្រឹត្ត​ទៅ ក្រោយ​ពី​មាន​ចប់​ទៅ​ភ្លាម ការព្រមព្រៀង ឈប់បាញ់​គ្នា ពី​ថ្ងៃ​ទី ២៦ ដល់​ថ្ងៃ​ទី​២៨ តុលា រវាង កងទ័ព​រដ្ឋាភិបាល និង ក្រុម ប្រដាប់​អាវុធ​ប្លែកៗ នៃ​ពួកប្រឆាំង នៅស៊ីរី ដើម្បី​ទុក​លទ្ធភាព​ដល់​ប្រជាជន​ដែលកាន់​សាសនា​អ៊ីស្លាម ប្រារព្ធ​បុណ្យ​របស់គេ ក្នុង​រយៈពេល​នេះ។ ប៉ុន្តែ ស្ថានការណ៍​ដែល​វិវឌ្ឍ​ពិតៗ គឺ​គ្មាន​ភាគី​ណាមួយ​បាន​គោរព​តាម​ការព្រមព្រៀង​គ្នា​នោះឡើយ។ ម៉្លោះហើយ បាន​ជា​គ្រាន់តែ​ក្នុង​រយៈពេល​នេះ បណ្តាជន​ស៊ីរី​បាន​ធ្លាក់​ខ្លួន​រងគ្រោះ​ដល់​ស្លាប់ អស់​ជាច្រើន​សិបនាក់​ទៀត។

ក្នុង​ក្របខ័ណ្ឌ​ទស្សនកិច្ច​ការងារ​លើកនេះ លោក Lakhdar Brahimi ក៏​អញ្ជើញ​ទៅ​កាន់ ក្រុង​ប៉េកាំង​ដែរ ដែល​ដោយ​រួម​ជាមួយ​ម៉ូស្គូ តែង​ប្រើ​សិទ្ធិ​វេតូ ខ្ទប់​មិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប. អនុម័ត​យក​សេចក្តី​សម្រេច​ដែល​ដាក់​ទណ្ឌកម្ម រដ្ឋាភិបាល លោកប្រធានាធិបតីស៊ីរី Bashar-al – Assad។ រដ្ឋាភិបាល​ស៊ីរី​ដែល​តាម​មតិ​បស្ចិមលោក គឺ​ជាប់​ទោស​ពិរុទ្ធ ក្នុង​ការធ្លាក់ខ្លួន​ស្លាប់​ទៅ​នៃ​ប្រជាពលរដ្ឋ​ស៊ីវិល អស់​ប្រមាណ ៣ម៉ឺន​នាក់​ទៅហើយ ក្នុង​វិបត្តិ នៅស៊ីរី ដែល​អូស​បន្លាយ​អស់​ជាង ១ឆ្នាំ​កន្លះហើយ តាំងពី​ខែ​មីនា ឆ្នាំ២០១១​មក។

ជា​ការរំលឹក​ថា គឺ កាល​ពី​ថ្ងៃ​ទី១​កញ្ញា ដែល​អ្នកការទូតជើង​ចាស់ ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស ជាតិ Algerie លោក Lakhdar Brahimi អាយុ ៧៨ឆ្នាំ ត្រូវ​បាន​ជ្រើសតាំង ធ្វើជា បេសកជន​ពិសេស របស់ អ.ស.ប. និង​សម្ព័ន្ធ​អារ៉ាប ខាង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិរ៉ាំរ៉ៃ នៅស៊ីរី ជំនួស លោក Kofi Annan ដែល​លា​ចេញ​ពី​តំណេងនេះ មកពី​គាត់​យល់​ថា គ្មាន​ការគាំទ្រ​បាន​គ្រប់គ្រាន់ ពី​សំណាក់​សហគមន៍​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ