អានតួអត្ថបទ
រុស្ស៊ី

ម៉ូស្គូ​បញ្ជាក់​ជា​ថ្មី​ថា វិបត្តិ​នៅ​ស៊ីរី​ត្រូវ​ដោះស្រាយ​ដោយ​ឈរ​តែ​លើ​ច្បាប់​អន្តរជាតិ

គោលជំហរ​នេះ ត្រូវ​បាន​លើក​ឡើង​ដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន ក្នុង​ពិធី​ទទួល​សារតាំង​នៅ​វិមាន​ក្រេមឡាំង​រសៀល​ម្សិលមិញ ពី​អគ្គរដ្ឋទូត​ថ្មី នៃ​២១ប្រទេស ក្នុង​នោះ មាន​បណ្តា​ប្រទេស​អាស៊ាន​ផង​ដែរ។

លោក​វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​​រុស្ស៊ី
លោក​វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​​រុស្ស៊ី ©Reuters
ផ្សាយពាណិជ្ជកម្ម

ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​ទទួល​សារតាំង​នៅ​ពី​មុខ​ឯកអគ្គរដ្ឋទូត និង​រាជទូតថ្មីៗ​នៃ​២១ប្រទេស មក​ពី​ទ្វីប​ប្លែកៗ ដែល​ក្នុង​នោះ មាន​ទូត​រាជាណាចក្រ​ថៃ ទូត​ក្សត្រ​ប្រទេស​ប្រ៊ុយណេ ទូត​សិង្ហបុរី ជា​ដើម លោក​ប្រធានាធិបតី​ពូទីន រំលឹក​ថា រុស្ស៊ី​ក្នុង​ឆ្នាំ​ជា​បន្តបន្ទាប់​ចំពោះ​មុខ នឹង​ធ្វើ​ជា​ប្រធាន​នៃ​ជំនួប​កំពូល​មួយ​ចំនួន គឺ​ថា ក្នុង​ឆ្នាំ ២០១៣ នឹង​ធ្វើ​ជា​ប្រធាន G-20 ក្នុង​ឆ្នាំ ២០១៤ ជា​ប្រធាន G-8 ផង និង​ជា​ប្រធាន BRICS ផង។ BRICS ជា​ក្រុម​នៃ​៥ប្រទេស​ធំៗ ដែល​មាន​សេដ្ឋកិច្ច​កំពុង​លូតលាស់ ដោយ​ចង្វាក់​យ៉ាង​លឿន ពោល​គឺ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​សាធារណរដ្ឋ​អាហ្វ្រិកខាងត្បូង។ លោក​ពូទីន​សង្កត់ធ្ងន់​ថា ក្នុង​តួនាទី​នេះ រុស្ស៊ី​នឹង​ធ្វើ​សព្វ​បែប​យ៉ាង ដើម្បី​ពង្រឹង​ទំនោរ​ជា​វិជ្ជមាន ទាំង​ក្នុង​នយោបាយ ទាំង​ក្នុង​សេដ្ឋកិច្ច​ពិភពលោក។ ហើយ​សកម្មភាព​ណា ដែល​នាំ​ទៅ​កាន់​អស្ថិរភាព​នៃ​ស្ថានការណ៍​ក្នុង​លោក គឺ​មិន​អាច​ទទួល​យក​បាន​ជា​ដាច់ខាត។

តាម​លោកពូទីន ជា​ការ​ចាំបាច់​ខាន​មិន​បាន​ដែល​ត្រូវ​តែ​ធានា​ឲ្យ​មាន​ឧត្តមភាព​នៃ​ច្បាប់ ទាំង​លើ​ឆាក​អន្តរជាតិ ទាំង​នៅ​ក្នុង​រដ្ឋ​និមួយៗ​ផ្ទាល់។ ប្រសាសន៍​លោក​ពូទីន គឺ​សំដៅ​ទៅ​លើ​ព្រឹត្តិការណ៍​ដែល​កំពុង​វិវឌ្ឍ​នៅ​តាម “ចំណុចក្តៅ” ជា​បឋម​នៅ​តំបន់​ដើមបូព៌ា មាន​ក្នុង​ប្រទេស​ស៊ីរី​ជា​ដើម។ តាម​ប្រមុខរដ្ឋ​រុស្ស៊ី ការ​ញុះញង់​ក្នុង​រូបភាព​ប្លែកៗ ការ​បន្ត​ប្រើ​អំពើហិង្សា ដើម្បី​ផ្លាស់ប្តូរ​របប​គ្រប់គ្រង​ក្នុង​ប្រទេស​នេះ ឬនោះ គឺ​អាច​អូសទាញ​ស្ថានការណ៍​ឲ្យ​ធ្លាក់​តែ​ក្នុង​សភាព​ទាល់ច្រក​ប៉ុណ្ណោះ។

លោក​ពូទីន​គូស​បញ្ជាក់​ជា​ថ្មី​ថា បើ​មិន​ពឹង​ផ្អែក​លើ​ច្បាប់​អន្តរជាតិ​ទេ គឺ​មិន​អាច​រៀបរយ​ស្ថានការណ៍​ឲ្យ​បាន​ស្រួលបួល​ឡើយ​ក្នុង​លោក​សម័យ​បច្ចុប្បន្ន ហើយ​ការ​ប៉ុនប៉ង​ជំនួស​គោលការណ៍​ជា​គ្រឹះ​គន្លឹះ​នៃ​លក្ខន្តិកៈអ.ស.ប. ទៅ​ដោយ​សកម្មភាព​ជា​ឯកតោភាគី ឬ​ទៅ​ដោយ​ការ​ស៊ុំគ្រលំ​គ្នា​ជា​ប្លុក​ស្អី​ណា និង​ជា​ពិសេស ទៅ​ដោយ​ការ​ប្រើ​កម្លាំង ទាំង​ឃ្វាង​សេចក្តីសម្រេច របស់អ.ស.ប. គឺ​នឹង​នាំ​ទៅ​កាន់​លទ្ធផល​ដ៏​អាក្រក់​សែន​អាក្រក់។ សកម្មភាព​បែប​នេះ ងំជាប់​ទៅ​ដោយ​គ្រោះថ្នាក់​នាំ​ឲ្យ​បាត់បង់​ស្ថិរភាព ហើយ​បង្ក​ជា​ភាព​ច្របូកច្របល់។ របស់​ដែល​ហៅ​ថា “ការ​កាច់​ចង្កូត​គ្រប់គ្រង​លើ​វិបត្តិ“ មិន​អាច​ដំណើរការ​ទៅ​មុខ​ឡើយ។ ព្រឹត្តិការណ៍​នា​ពេល​ចុង​ក្រោយ តាម​ដែល​លោក​ប្រធានាធិបតី​ពូទីន​បញ្ចប់​សេចក្តី គឺ​ស​ឲ្យ​ឃើញ​ថា គោលជំហរ​ប្រកាន់​យក​ដោយ​រុស្ស៊ី ជា​គោលជំហរ​ត្រូវ​ឈរ​លើ​សច្ចធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ