អានតួអត្ថបទ
រុស្ស៊ី-ស៊ីរី

បញ្ហា​លា​ចេញ​ពី​តំណែង នៃ​ប្រធានាធិបតី​ស៊ីរី ក៏​អាច​ជា​កម្មវត្ថុ​នៃ​កិច្ចចរចា

សេចក្តីនេះ ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ក្រុង​ម៉ូស្គូ រសៀល​ម្សិលមិញ ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ស៊ីរី Qadri Jamil បន្ទាប់ពី​គាត់​បាន​ជួប​ពិភាក្សា ជាមួយ​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov ដោយ​ឆ្លើយ​តប​នឹង​សំនួរ​អ្នកកាសែត ទាក់ទង​នឹង​កិច្ចចរចា ជា​យថាហេតុ​ជាមួយ​ភាគី​ប្រឆាំង​នៅ​ស៊ីរី។

ឧបនាយក​រដ្ឋមន្ត្រី​ស៊ីរី លោក Qadri Jamil នៅ​ម៉ូស្គូ ថ្ងៃ​ទី​២១ សីហា ២០១២
ឧបនាយក​រដ្ឋមន្ត្រី​ស៊ីរី លោក Qadri Jamil នៅ​ម៉ូស្គូ ថ្ងៃ​ទី​២១ សីហា ២០១២ REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

ពេលដែល​ក្នុង​ប្រទេស​ស៊ីរី​ផ្ទាល់ កំពុង​ប្រព្រឹត្ត​ទៅ ការ​ច្បាំង​ប្រយុទ្ធ​គ្នា​យ៉ាង​ក្រពុល​មុខ រវាង​កងទ័ព​រដ្ឋាភិបាល និង ក្រុម​ប្រដាប់​អាវុធ​ប្លែកៗ​នៃ​ភាគី​ប្រឆាំង ដើម្បី​ដណ្តើម​គ្នា​យក​ក្រុង Alep ជា​ក្រុង​ទី​២​នៃ​ប្រទេស គណៈប្រតិភូ​រដ្ឋាភិបាល​ស៊ីរី ត្រូវ​បាន​ទទួល​ជួប​ពិភាក្សា ថ្ងៃ​អង្គារ ទី​២១​សីហា នៅក្រុង ម៉ូស្គូ ជាមួយ​លោក Serguei Lavrov រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ប្រទេស​ដែល​ស្និទ្ធ​នឹង​របប​គ្រប់គ្រង​នៃ​លោក​ប្រធានាធិបតី Bashar-el Assad។

បន្ទាប់មក ដោយថ្លែង​ក្នុង​សន្និសីទ​កាសែត ទាក់ទង​នឹង​អភិក្រម​នៃ​សំវាទ​ជា​យថាហេតុ ជាមួយ​ភាគី​ប្រឆាំង​ ប្រមុខ​គណៈប្រតិភូ​នោះ លោក​ឧបនាយក​រដ្ឋមន្ត្រី Qadri Jamil បាន​សង្កត់​ធ្ងន់​ថា ៖
“ការ​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី Bashar-el Assad ចុះ​ចេញ​ពី​តំណែង មិន​អាច​ជា​ល័ក្ខខ័ណ្ឌ ជាមុន​ឡើយ​សម្រាប់​បើក​ធ្វើ​សំវាទ​នោះ។ ប៉ុន្តែ ប្រសិនបើ កិច្ចចរចា​នោះ​ចាប់​ផ្តើម​មែន នោះ​បញ្ហា​ណា​ក៏ដោយ​អាច​នឹង​ត្រូវ​លើក​យក​ទៅ​ពិនិត្យ​មើល បូក​ទាំង​បញ្ហា​លា​ចេញ​ពី​តំណែង​នៃ​លោក​ប្រធានាធិបតី Bashar-el Assad”។

ចំណែក រដ្ឋមន្ត្រី​ស៊ីរី​ខាង​ផ្សះផ្សា​ជាតិ លោក Ali Haidar ដែល​វត្តមាន​ក្នុង​សន្និសីទ​កាសែត​ដែរ បាន​បន្ថែម​ថា ៖ “ដើម្បី​ឲ្យ​សំវាទ​នោះ អាច​ចាប់​ផ្តើម​ទៅ​កើត រដ្ឋាភិបាល​ស៊ីរី​ត្រៀម​យក​ត្រចៀក​ផ្ទៀង​ស្តាប់​យោបល់​របស់​គ្រប់​ភាគី​ទាំងអស់”។

ដូច្នេះ មានន័យថា រដ្ឋាភិបាលស៊ីរី មិន​យល់ព្រម​ដោយ​ត្រង់​ផ្ទាល់​ឯណា តាម​ការ​ទាមទារ ម្តង​ហើយ​ម្តង​ទៀត​របស់​ភាគី​ប្រឆាំង​ទាក់ទង​នឹង​លោក​ប្រធានាធិបតី Bashar-el Assad។

ក្នុង​ជំនួប​ម្សិលមិញ​នៅ​ម៉ូស្គូ តំណាង​រដ្ឋាភិបាល​ស៊ីរី និង​ប្រមុខ​ការទូត​រុស្ស៊ី ក៏​បាន​ប្រតិកម្ម​ចំពោះ​គម្រោង​លោក​ប្រធានាធិបតី​អាមេរិក Barack Obama ដែល​ថា​អាច​នឹង​មាន​អន្តរាគមន៍​យោធា​អាមេរិកាំង ទៅ​ក្នុង​ប្រទេស​ស៊ីរី ប្រសិន​បើ​រដ្ឋាភិបាល​ស៊ីរី ថ្លោះ​ការ​ហ៊ាន​ប្រើ​អាវុធ​គីមី គឺ​ថា ៖
តាម​យោបល់​ម៉ូស្គូ អន្តរាគមន៍​ជា​ឯកតោ​ភាគី​បែប​នេះ មានន័យ ជា​ការរំលោភ​បំពាន​លើ​ច្បាប់​អន្តរជាតិ​តែ​ម្តង។ តាម​លោក​ប្រមុខ​ការទូត​រុស្ស៊ី Serguei Lavrov ជម្រើស​តែ​មួយ​គត់ ដែល​នៅ​សល់ សម្រាប់​ពួក​ប្រទេស​ខាង​លិច គឺ​បង្ក​ឲ្យ​បាន “លក្ខណៈ​ដើម្បី​ឲ្យ​សំវាទ” អាច​ប្រព្រឹត្ត​ទៅ​កើត រវាង​ភាគី​បដិបក្ខ នៅស៊ីរី។

តាម​ក្រុង​ដាម៉ាស អន្តរាគមន៍​យោធា​ពី​ក្រៅ​ទៅ​ក្នុង​ប្រទេស​ស៊ីរី គឺ​”មិន​អាច​ធ្វើ​ទៅ​កើត​ឡើយ”។ សម្រាប់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ស៊ីរី Qadri Jamil អន្តរាគមន៍​នេះ មុខ​ជា​ជះ​ចំហាយ​អាក្រក់ ទៅ​ឆ្ងាយ​ពី​ព្រំដែន​ប្រទេស​ស៊ីរី​ផ្ទាល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ