អានតួអត្ថបទ
ស៊ីរី-បារាំង

ប្រទេសបារាំង​នឹងខិតខំ​ផ្តល់​ជំនួយ​មនុស្សធម៌​ជូន​ប្រជាជន​ស៊ីរី​

ទីក្រុង​ប៉ារីស​នឹង​ឆ្លៀតឱកាស​ដែលខ្លួន​កាន់តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អ.ស.ប.​ ​ ដើម្បី​ជួយ​អភិវឌ្ឍ​ជំនួយ​មនុស្សធម៌​ជូន​ប្រជាជន​ស៊ីរី។​ ទាំងនេះ​ក៏​ពីព្រោះតែ​ការខិតខំ​រិះរក​ដំណោះស្រាយ​តាមផ្លូវ​នយោបាយ​ជួបនឹង​ភាព​ទាល់ច្រក​ ​ ដោយហេតុតែ​មាន​ការប្រឆាំង​ដោយ​ប្រើ​សិទ្ធិ​វេតូ​ពី​សំណាក់​ប្រទេស​រុស្ស៊ី​និង​ប្រទេសចិន។

​ប្រមុខការទូត​បារាំង​ លោក​ ឡូរ៉ង់​ ហ្វាប៊ីយូស​
​ប្រមុខការទូត​បារាំង​ លោក​ ឡូរ៉ង់​ ហ្វាប៊ីយូស​ © RFI
ផ្សាយពាណិជ្ជកម្ម

« ប្រទេសបារាំង​ដែល​ឡើងកាន់​តំណែង​ជា​ប្រធាន​ផ្លាស់វេន​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អ.ស.ប.​សម្រាប់​រយៈកាល​មួយខែ​ចាប់តាំងពី​ថ្ងៃទី១​សីហា​ឆ្នាំ២០១២​ ​ នឹងខិតខំ​ធ្វើយ៉ាងណា​អូសទាញ​ប្រទេសចិន​និង​ប្រទេស​រុស្ស៊ី​ឲ្យមក​ជួយ​អភិវឌ្ឍ​ក្នុង​វិស័យ​មនុស្សធម៌​”។​ នេះ​ជាការ​ប្រកាស​ឲ្យដឹង​ដោយ​ប្រមុខការទូត​បារាំង​ លោក​ ឡូរ៉ង់​ ហ្វាប៊ីយូស​ ​ ដែលគ្រោង​រៀបចំ​ឲ្យ​មាន​ជំនួប​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អ.ស.ប.​នៅ​ដំណាច់​ខែ​នេះ​នៅទីក្រុង​ញីវយ៉ក។

 
គួរកត់​សម្គាល់ថា​ ​ បច្ចុប្បន្ននេះ​មាន​ប្រជាជន​ស៊ីរី​ប្រមាណ​បីលាននាក់​ដែលមាន​កង្វះខាត​ចំណី​អាហារ​និង​ថ្នាំសង្កូវ​សព្វបែបយ៉ាង​ ​ ហើយ​ប្រជាជន​រងគ្រោះ​ទាំងនេះ​ពុំ​ទទួលបាន​ជំនួយ​មនុស្សធម៌​សមរម្យ​ឡើយ​ ​ ក្រៅតែ​ពី​មាន​ជំនួយ​ពី​សំណាក់​កាកបាទ​ក្រហមស៊ីរី។

អ្នកការទូត​បារាំង​សង្ឃឹមថា​ ​ « ប្រទេស​រុស្ស៊ី​និង​ប្រទេស​ចិន​នឹង​ចេះដឹងឮ​សំឡេង​របស់​សហគមន៍​អន្តរជាតិ​ដែល​ទាមទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​នយោបាយ​នៅក្នុង​វិបត្តិ​ស៊ីរី​ដែល​ពោរពេញ​ទៅដោយ​សោកនាដកម្ម​នេះ។​ ជាពិសេស​ក្រោយពី​មាន​ការ​លាឈប់​ដោយ​បេសកជន​ពិសេស​របស់​អ.ស.ប.​ លោក​កូហ្វី​ អាណាន។

ថ្វីដ្បិតតែ​ទីក្រុង​ម៉ូស្គូ​បាន​ថ្លែង​ប្រាប់ថា ​ គេពុំ​ចូលចិត្តឡើយ​ប្រធានាធិបតី​ស៊ីរី​ បាស្ហារ​អាល-អាស្សាដ​ ក៏​ប៉ុន្តែ​ប្រទេស​រុស្ស៊ី​ពុំ​ចង់​ឃើញឡើយ​ពួក​អ៊ីស្លាម​និយម​ជ្រុល​ឡើងមក​កាន់កាប់​អំណាច​នៅក្នុង​ប្រទេស​ស៊ីរី។​ ទាំងនេះ​បាន​នាំឲ្យ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​អ.ស.ប.​ថ្លែង​ព្រមាន​ទីក្រុង​ម៉ូស្គូថា​ ​ « បើ​ប្រទេស​រុស្ស៊ី​នៅតែ​ប្រកាន់​យក​ឥរិយាបថ​បែបនេះ​ ​ នៅទី​បំផុត​គឺ​ ពួក​អ៊ីស្លាម​និយម​ជ្រុល​នឹង​ឡើងមក​កាន់កាប់​អំណាច​នៅក្នុង​ប្រទេស​ស៊ីរី​ជំនួស​បាស្ហារ​អាល-អាស្សាដ​ ​ ដែលជា​ការពុំ​ចង់បាន​ ពុំចង់ឮ​ដោយ​ប្រទេស​រុស្ស៊ី”។

មុននឹង​បញ្ចប់​ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​អ.ស.ប.​ថ្លែង​ព្រមាន​ថា ​ ​« ការសម្លាប់​រង្គាល​មួយថ្មី​អាច​កើតមាន​នៅទីក្រុង​អាឡេព។​ ដោយហេតុថា​ ​ កងកម្លាំង​របស់​ បាស្ហារ​អាល-អាស្សាដ​ កំពុង​ប្រមូល​ផ្តុំ​ទាហាន​និង​អាវុធ​យុទ្ធភ័ណ្ឌ​សំខាន់ៗ​ដាក់​នៅ​ជុំវិញ​ទីក្រុង​អាឡេព »៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ