អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ.ស.ប.​​អាច​ផ្តាច់​​ចំណូល​​​​​​​​​១ពាន់លាន​​ដុល្លារ​​របស់​​​កូរ៉េខាងជើងដែល​បាន​ពី​ការនាំចេញ​​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ត្រូវបោះឆ្នោត​លើគម្រោង​សេចក្តីសម្រេច​របស់​អាមេរិក នៅថ្ងៃសៅរ៍នេះ ជា​សំណើ​​សុំអោយ​​កាត់ផ្តាច់​ចំណូល​បានពីការនាំចេញ​របស់​កូរ៉េខាងជើង ​១ពាន់លាន​ដុល្លារ​ ដើម្បីឆ្លើយតប​នឹង​កម្មវិធី​មីស៊ីល​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ ក្រុងព្យុងយ៉ាង​បាន​បាញ់​មីស៊ីល​​ផ្គើន​អន្តរជាតិ​និង​អាមេរិក​ដល់ទៅ​២ដង កាលពី​ខែកក្កដា​មុននេះ។ ​ថ្ងៃសៅរ៍នេះ នៅ​ក្រុងម៉ានីល​ រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​អាស៊ាន​បាន​សំដែង​ការ​បារម្ភ​ ​ចំពោះស្ថានការណ៍​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ និង​ចាត់ទុក​ការបាញ់​មីស៊ីល​របស់​ក្រុងព្យុងយ៉ាង​កាលពី​ខែកក្កដា ​ថា​ជា​ការគំរាម​ធ្ងន់ធ្ងរ ​ដល់​សន្តិភាព​ពិភពលោក។ ​​រដ្ឋមន្ត្រី​​ការបរទេស​​កូរ៉េខាងត្បូង​បាន​ប្រកាស​ត្រៀម​ចរចា​ជាមួយ​កូរ៉េខាងជើងរកដំណោះស្រាយ។ ​​​

ក្រុមប្រឹក្សា​សន្តិុសុខ​អង្គការ​សហប្រជាជាតិ
ក្រុមប្រឹក្សា​សន្តិុសុខ​អង្គការ​សហប្រជាជាតិ REUTERS/Shannon Stapleton
ផ្សាយពាណិជ្ជកម្ម

ខ្លឹមសារ​គម្រោង​សេចក្តីសម្រេច​របស់​អាមេរិក

គម្រោង​សេចក្តី​សម្រេច​អាមេរិក​ មានទិសដៅ​កាត់បន្ថយ​ចំណូល​១ពាន់លាន​ដុល្លារ​ដែល​រដ្ឋ​កូរ៉េ​ខាងជើង ទទួលបាន​ ដោយសារ​​ការនាំចេញ​ទៅក្រៅប្រទេស។ គម្រោង​អាមេរិក​វាយប្រហារ​​លើ​ផ្នែក​ធ្យូងថ្ម ត្រី គ្រឿងសមុទ្រ ធនធាន​រ៉ែដែក រឺ​ក៏​សំណ​ជាដើម។ ប៉ុន្តែ មិន​វាយប្រហារ​លើ​ការនាំចេញ​ផលិតផល​ប្រេង​របស់​ក្រុងព្យុងយ៉ាងទេ ព្រោះ​ទណ្ឌកម្ម​បែបនេះ​អាច​​ប៉ះពាល់​ចំណូល​សេដ្ឋកិច្ច​កូរ៉េខាងជើងហួសហេតុ។

គម្រោង​សេចក្តី​សម្រេច​អាមេរិកស្នើ​អោយ​​​ហាមឃាត់ផងដែរ ​មិនអោយ​​បង្កើតក្រុមហ៊ុន​បរទេស​​រួមគ្នា​ជាមួយក្រុមហ៊ុន​​កូរ៉េខាងជើង​ ហាម​បន្ថែម​ការវិនិយោគ​លើ​អ្វី​ដែល​មា​ន​កន្លងមក។ ទណ្ឌកម្ម​អាមេរិកក៏​គ្រោង​ហាម​កូរ៉េខាងជើង​មិនអោយ​បន្ថែម​កូតា​អ្នកធ្វើការ​ខ្លួន​នៅក្រៅប្រទេសផងដែរ។ ក្រៅពីនេះ​ដែរ បើ​​កប៉ាល់​កូរ៉េ​ខាងជើង​ហ៊ាន​​រំលោភ​សេចក្តី​សម្រេច​អង្គការ​សហប្រជាជាតិ កប៉ាល់​កូរ៉េខាងជើង​គ្មានសិទ្ធិចូលចត​នៅកំពង់ផែ​ប្រទេស​ណា​ទាំងអស់។ អ្វី​ដែល​បាន​រៀបរាប់​ខាងដើម​នេះ ជា​ខ្លឹមសារ​ទណ្ឌកម្មត្រួសៗ ​​ដែលអាមេរិក​ចង់អោយ​អង្គការ​សហប្រជាជាតិ​បោះឆ្នោត​នៅថ្ងៃសៅរ៍នេះ។ ​ ​

ទិសដៅ​ទណ្ឌកម្ម​ គឺ​កាត់បន្ថយ​ប្រាក់ចំណូលរបស់​កូរ៉េខាងជើង​ ​ដែល​​បានមក​ពីការ​នាំចេញ​ទាំងអស់​នេះ ​ដើម្បី​​កុំអោយ​កូរ៉េខាងជើង​អាច​យកចំណូលទាំងនេះ​ទៅ​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន។ អាមេរិក​រុញ​គម្រោង​សេចក្តី​សម្រេច​នេះ​ទៅដល់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ថ្ងៃសៅរ៍​នេះ ក៏​ដោយសារ​អាមេរិក​លែងអាច​អត់ធ្មត់​នឹង​ក្រុងព្យុងយ៉ាងបាន​តទៅទៀត។ អាមេរិក​ខឹង​កូរ៉េខាងជើង​​ណាស់ ដែល​បាន​បាញ់​មីស៊ីល​អន្តរទ្វីប​កាលពី​ថ្ងៃ​៤កក្កដា ​ជាថ្ងៃ​បុណ្យជាតិ​អាមេរិក​ ខឹង​នឹង​លោក​គឺម ជុងអ៊ុន ដែល​បាន​ជេរប្រមាថ​អាមេរិក ក្នុងសំដៅសំដៅ​មិនសមរម្យ។ ប្រទេស​មហាអំណាច​​ជាច្រើន ចាត់ទុក​ថា ការបាញ់​មីស៊ីលរបស់​ក្រុងព្យុងយ៉ាង​ ​ថ្ងៃ​៤កក្កដា ខែមុននេះ ជា​ការគំរាមដល់​សន្តិសុខ​របស់​ពិភពលោក​ទាំងមូល​តែម្តង។ ​ថ្មីៗនេះទៀត គឺ​ថ្ងៃ ២៨កក្កដា​កន្លងទៅ កូរ៉េខាងជើង​ក៏បាន​បាញ់​មីស៊ីល​មួយដើម​ផ្គើន​​ទៀតដែរ។ អាមេរិកដាក់គម្រោង​សេចក្តី​សម្រេច​ពេលនេះ​ គឺ​ដើម្បី​​ជំរុញ​​អោយ​កូរ៉េខាងជើង​​ចរចា​ឡើងវិញ។

គម្រោង​សេចក្តីសម្រេច​អាមេរិក​ កាត់បន្ថយ​​​ចំណូល​១ពាន់លានដុល្លារ​ បានពីការ​នាំចេញ​ ដែល​ជា​ប្រភព​ចំណូល​ចម្បង​របស់​ក្រុងព្យុងយ៉ាង។ តាម​ដឺង ​មួយឆ្នាំៗ ការ​នាំចេញ​​ទៅក្រៅប្រទេស​ ផ្តល់​ចំណូល​៣ពាន់លាន​ដុល្លារ អោយ​រដ្ឋអំណាច​លោក​គឺម ជុងអ៊ុន។ ​មន្ត្រី​ការទូត​មួយរូបប្រាប់ថា​ ឆ្នាំ២០១៧នេះ កូរ៉េខាងជើង​អាច​រក​ចំណូល​បាន​គួរសម គឺ​អាច​រកបាន​​​៤០០លាន​​ដុល្លារ ​ពី​ការនាំចេញ​ធ្យូងថ្ម ​​២៥០លានដុល្លារ​​​ពី​ធនធានដែក​​និង​រ៉ែដែក ១១៣លាន​ដុល្លារពី​សំណ និង​រ៉ែសំណ និង​២៩៥លានដុល្លារ បានពីការនាំចេញ​គ្រឿងសមុទ្រ។ ​គិតទៅ​ ក្រុងព្យុងយ៉ាងអាច​រកចំណូល​បាន​ជាង​១ពាន់លានដុល្លារ​បន្តិចដែរ ពី​ការនាំចេញ​ទាំងនេះ។ ​ ​​

​​ទាក់ទង​ពលករ​កូរ៉េខាងជើង​ដែលចេញ​ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស គេ​មិនដឺងថា តើ​ពួកគេ​នាំចំណូលប៉ុន្មាន​ដល់​រដ្ឋកូរ៉េខាងជើង​ទេ។ ​​​បើ​យោងតាម​ការ​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​ កាលពី​ឆ្នាំ​២០១៥ ក្រុងព្យុងយ៉ាង​បាន​បង្ខំ​មនុស្ស​៥ម៉ឺននាក់​ អោយ​ទៅ​​ធ្វើការ​នៅ​ក្រៅប្រទេស ​ដូចជា​នៅចិន និង​រុស្ស៊ី ធ្វើអោយ​រដ្ឋកូរ៉េខាងជើង​រកបាន​​ចំណូល​ពី​១២០០លានដុល្លារ ដល់​២៣០០លានដុល្លារ។

លក្ខខណ្ឌ​​​ដើម្បី​អោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​អនុម័ត​សំណើ​សេចក្តីសម្រេច​​អាមេរិក

ក្រុមប្រឹក្សា​សន្តិសុខ​ត្រូវការ​៩សម្លេង​ ហើយ​អនុម័ត​គម្រោង​សេចក្តីសម្រេច​អាមេរិក​បាន ក៏​លុះត្រា​តែ​គ្មានសមាជិក​អចិន្ត្រៃយ៍​ណាមួយ​ ចេញ​វេតូ​ជំទាស់ដែរ មិនដូច្នោះ​ទេ អនុម័ត​​​មិនបាន​ទេ។ ក្រុមប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​​មានសមាជិក​១៥ប្រទេស ក្នុងនោះ​មាន​៥ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍ គឺ​ចិន សហរដ្ឋអាមេរិក បារាំង អង់គ្លេស និងរុស្ស៊ី។ ១០ប្រទេស​ទៀតជា​សមាជិក​តែងតាំងឡើង​​​ត្រឹម​អាណត្តិ​២ឆ្នាំ​ប៉ុណ្ណោះ។ ​អាមេរិក​សង្ឃឹមថា ចិន​និងរុស្ស៊ី​មិនចេញវេតូ​ជំទាស់​គម្រោង​ខ្លួន​ទេ។ អាមេរិក​បាន​ជជែក​ពី​ការបន្ថែម​ទណ្ឌកម្ម​លើកូរ៉េខាងជើង ជាមួយ​ចិន ខែកក្កដា​មុននេះ​រួចហើយ ហើយ​ចិន​ក៏ដូចជា​បានព្រមព្រៀង​បន្ថែម​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ដែរ។ ដើម្បី​កុំអោយ​ចិន​ជំទាស់​ អាមេរិក​ទំនង​ជា​ស្រុះស្រួល​មិន​អោយ​គម្រោង​សេចក្តីសម្រេច​ខ្លួន មាន​ខ្លឹមសារ​​ប៉ះពាល់​​ការនាំចេញ​ប្រេងឆៅ​ចិន​ ចូល​ទៅ​កូរ៉េខាងជើង​។​​

តើ​រុស្ស៊ីអាច​ចេញ​វេតូ​ជំទាស់​សំណើអាមេរិ​កទេ?

ទំនាក់ទំនង​អាមេរិក​និងរុស្ស៊ី​ពេលនេះ​ កំពុង​ដុនដាប​ស្ទើរតែ​ដល់​កម្រិត​សូន្យ​ ធ្វើអោយ​គេពិបាក​​ដឺងថា តើ​រុស្ស៊ី​អាចចេញ​វេតូ​ជំទាស់គម្រោង​អាមេរិក​រឺយ៉ាងណា​ដែរទេ។ ទំនាក់ទំនង​អាមេរិក​និង​រុស្ស៊ី​តានតឹង​ ដោយសារ​អាមេរិក​បោះឆ្នោត​បន្ថែម​ទណ្ឌកម្ម​លើ​រុស្ស៊ី។ ចំពោះ​បញ្ហា​ទាក់ទង​ការបន្ថែម​ទណ្ឌកម្ម​​លើ​កូរ៉េខាងជើង អាច​ជារឿង​ដោយឡែក​ផ្សេងទៀតសម្រាប់​រុស្ស៊ី​។ សម្រាប់​រុស្ស៊ី មីស៊ីល​ដែល​កូរ៉េខាងជើង​បាញ់​ផ្គើន​អាមេរិក​ ក្នុង​ខែកក្កដា​នេះ​ មិនមែន​ជា​មីស៊ីល​អន្តរទ្វីប ដូច​ដែល​គេបានលើកឡើង​នោះទេ ទោះ​បី​ជា​មីស៊ីល​នេះបាញ់បាន​ឆ្ងាយ និង​ខ្ពស់​យ៉ាងណា​ក៏ដោយ។ រុស្ស៊ី​វាយ​តម្លៃ​ថា មីស៊ីល​កូរ៉េខាងជើង​​ ជា​មីស៊ី​លបាញ់​រយៈ​ចំងាយ​មធ្យម ដូច្នេះ ការបន្ថែម​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ពេលនេះ ដូចជា​គ្មាន​ភាព​ចាំបាច់​ទាល់តែសោះ។ ​យើងនៅចាំ​មើលថា តើ​យប់នេះ ​រុស្ស៊ី​បោះឆ្នោតសម្រច​​យ៉ាងណា ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ