អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ថ្ងៃ​ផ្តាច់ព្រាត់​សម្រាប់​ជោគវាសនាអនាគត​របស់​ប្រជាជន​អេកូស !

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ កញ្ញា​នេះ មាន​ប្រជាជន​អេកូស​ជាង ៤លាននាក់​បាន​ចូលរួម​បោះឆ្នោតប្រជាមតិ​ដើម្បី​កំណត់​ជោគវាសនាអនាគត​​របស់​ខ្លួន។ មាន​ចម្លើយ​តែ​ពីរ​គត់​ដែល​ពួក​គេ​ត្រូវ​ជ្រើសរើស គឺ​ឯករាជ្យភាព​ផ្តាច់​ខ្លួន​ចេញ​ពី​ការ​គ្រប់គ្រង​របស់​ប្រទេស​អង់គ្លេស ឬ​មួយ​ក៏​បន្ត​រស់នៅ​ក្រោម​អាណាព្យាបាល​របស់​ទីក្រុង​ឡុងដ៍​ដូច​សព្វថ្ងៃ។ លទ្ធផល​នៃ​ការ​ស្ទង់មតិ​ចុង​ក្រោយ​ឲ្យ​ដឹង​ថា អត្រា​នៃ​ចំនួន​អ្នក​ចង់​បាន​ឯករាជ្យ និង​អ្នក​មិន​ចង់​បាន​ឯករាជ្យ​មាន​ចំនួន​ប្រហាក់ប្រហែល​គ្នា តែ​អ្នក​ដែល​ចង់​បន្ត​ស្ថិត​ក្នុង​ប្រទេស​អង់គ្លេស​មាន​ចំនួន​លើស​បន្តិចបន្តួច។ យ៉ាង​ណា​ក៏​ដោយ លទ្ធផល​ផ្លូវការ​នឹង​ត្រូវ​គេ​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ស្អែក។

ប្រជាជន​អេកូស​កំពុង​តម្រង់ជួរ​ចូលបោះឆ្នោត​ប្រជាមតិ​ថ្ងៃទី១៨ កញ្ញា ២០១៤
ប្រជាជន​អេកូស​កំពុង​តម្រង់ជួរ​ចូលបោះឆ្នោត​ប្រជាមតិ​ថ្ងៃទី១៨ កញ្ញា ២០១៤ Reuters
ផ្សាយពាណិជ្ជកម្ម

ជា​ភាសា​បារំាង​គេ​ហៅ​ថា អេកូស (Ecosse) រីឯ​ភាសា​អង់គ្លេស​វិញ គឺ​ស្កត់ឡេនដ៍ (Scotland)។ ចាប់​តំាង​ពី​ឆ្នំា ១៧០៧ ពោល​មាន​រយៈពេល​ជាង ៣០០ឆ្នំា​មក​ហើយ​ដែល​ដែនដី​អេកូស​បាន​ភ្ជាប់​ខ្លួន​ទៅ​ក្នុង​ប្រទេស​អង់គ្លេស។ តែ​តំាង​ពី​ពេល​នោះ​មក ពាក្យ « ស្វ័យភាព ឬ ឯករាជ្យភាព » ត្រូវ​បាន​លើក​ឡើង​ជា​ញយ​ដង ពិសេស​ពី​ក្រុម​អ្នក​ឯករាជ្យនិយម។ កាល​ពី​ឆ្នំា ១៩៧៩ និង​ក្រោម​ការ​ទាមទារ​ចង់​បាន​របស់​ប្រជាជន​អេកូស អង់គ្លេស​ក្នុង​នាម​ជា​អាណាព្យាបាល​ក៏​បាន​យល់ព្រម​រៀបចំ​បោះឆ្នោតប្រជាមតិ​មួយ​ដើម្បី​ផ្តល់​ស្វ័យភាព​ឲ្យ​ដែនដី​អេកូស តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន​សភា​មួយ​ដាច់​ដោយឡែក។ តែ​ដោយ​អត្រា​អ្នក​ចូល​រួម​បោះឆ្នោត​ពេល​នោះ​មាន​ចំនួន​តិច​ពេក ការ​បោះឆ្នោត​កាល​ណោះ​ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​មោឃៈ។

បន្ទាប់​មក​ក្នុង​ឆ្នំា ១៩៩៧ មាន​ប្រជាជន​អេកូស​ភាគច្រើន​បាន​ទាមទារ​ចង់​បាន​សភាជាតិ​មួយ​របស់​ខ្លួន​ផ្តាច់​ចេញ​ពី​សភា​អង់គ្លេស។ ជា​ថ្មី​ម្តង​ទៀត​នៅ​​ពេល​នោះ រដ្ឋអំណាច​ទីក្រុង​ឡុងដ៏​ក៏​បាន​ផ្តើម​ពិនិត្យ​ស៊ីជ្រៅ​ចំពោះ​ការ​ទាមទារ​ចង់​បាន​របស់​ប្រជាជន​អេកូស។ ទីបំផុត​ក្នុង​ឆ្នំា ១៩៩៨ និង​បន្ទាប់​ពី​សភា​អង់គ្លេស​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់ « Scotland Act » មក ប្រជាជន​អេកូស​ទទួល​បាន​ស្វ័យភាព​ទូលំទូលាយ និង​មាន​សិទ្ធិបង្កើត​សភាមួយ​ដាច់​ដោយឡែក​របស់​ខ្លួន តែ​ត្រូវ​គោរព​តាម​គោលការណ៍​រាជាណាចក្រ​អង់គ្លេស​តែ​មួយ។

ក្រោយ​មក​ទៀត​ក្នុង​ឆ្នំា ២០១១ នៅ​ក្នុង​ការ​បោះឆ្នោត​តំបន់ គណបក្សជាតិ​អេកូស​របស់​លោក​អាឡិច សាលម៉ុង​បាន​ឈ្នះ​ឆ្នោត​ដោយ​ទទួល​បាន​សម្លេងគំាទ្រ​រហូត​ដល់​ទៅ ៥៣%។ គឺ​ចាប់​តំាង​ពី​ពេល​នោះ​ហើយ​ដែល​លោក​នាយករដ្ឋមន្រ្តី​អេកូស​អាឡិច សាលម៉ុង​បាន​គិតគូរ​ជា​ថ្មី​ពី​ឯករាជ្យភាព​ពេញទី​របស់​ដែនដី​អេកូស។ ជា​ថ្មី​ម្តង​ទៀត រដ្ឋាភិបាល​អង់គ្លេស​សព្វថ្ងៃ​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​សុំ​យោបល់​ពី​ប្រជាជន​អេកូស ដោយ​យល់ព្រម​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​ប្រជាមតិ​នៅ​ថ្ងៃ​នេះ។

បើ​អេកូស​ទទួល​បាន​ឯករាជ្យ អង់គ្លេស​ជា​អ្នក​ដែល​បាន​ខាតបង់​ច្រើន​ជាង​គេ

បើ​ក្រុមអ្នកចង់​បាន​ឯករាជ្យ​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​បោះឆ្នោត​ប្រជាមតិ​ថ្ងៃ​នេះ អ្នក​ដែល​ទទួល​ការ​ខាត​បង់​ខ្លំាង​ជាង​គេ គឺ​គ្មាន​នរណា​ក្រៅ​ពី​អង់គ្លេស​នោះ​ទេ។ ពិត​ណាស់​ថា អេកូស​ក្លាយ​ជា​ទឹកដី​ឯករាជ្យ ឬ​មិន​ឯករាជ្យ ក៏​អេកូស​នៅ​បន្ត​ស្ថិត​ជា​រាជានិយម​មួយ​ដែល​សោយរាជ្យ​ដោយ​ស្តេច​អង់គ្លេស អេលីសាបែត ដូច​ករណី​ប្រទេស​កាណាដា និង​ប្រទេស​អូស្រ្តាលី​សព្វថ្ងៃ។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ និង​បើ​អេកូស​ទទួល​បាន​ឯករាជ្យ ក៏​គ្មាន​អ្វី​រារំាង​មិន​ឲ្យ​អេកូស​ផ្តើម​តាក់តែង ឬមួយ​ក៏​ធ្វើ​កំណែទម្រង់​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ឡើយ។ ជា​រួម​ សម្រាប់​ប្រទេស​អង់គ្លេស ការ​បាត់បង់​ដែនដី​អេកូស គឺ​ជា​ការ​ខាតបង់​មួយ​ធំធេង​ណាស់ គឺ​ទំាង​ទឹកដី នយោបាយ និង​សេដ្ឋកិច្ច។

ទឹកដី​ដែល​អង់គ្លេស​ត្រូវ​បាត់​អស់​ប្រមាណ​ជា ៣០% រីឯ​ចំនួន​ប្រជាជន​នឹង​ត្រូវ​ថយ​ចុះ​ប្រមាណ​ជា ៨%។ ទាក់ទង​នឹង​សេដ្ឋកិច្ច​វិញ គឺ​ជា​ការ​ខាត​បង់​មួយ​យ៉ាង​សម្បើម ព្រោះ​សេដ្ឋកិច្ច​អង់គ្លេស​បាន​ពឹងពាក់​យ៉ាង​ខ្លំាង​លើ​ធនធាន​ធម្មជាតិ​នៅ​ក្រោម​ដី​អេកូស ពិសេស​គឺ​ប្រេងឆៅ និង​ឧស្ម័ន។ ចូរ​កុំ​ភ្លេច​ថា ប្រភព​ប្រេងឆៅបម្រុង​របស់​អង់គ្លេស​ចំនួន ៩៧% កំពុង​ស្ថិត​ក្រោម​បាតសមុទ្រ​ប៉ែកខាង​ជើង​ក្នុង​ទឹកដី​អេកូស និង​ប្រភព​ឧស្ម័នបម្រុង​មាន​រហូត​ដល់​ទៅ ៥៦%។ គ្រាន់​តែ​ក្នុង​ឆ្នំា ២០១២ ២០១៣ ចំណូល​បាន​មក​ពី​ការ​ធ្វើ​អាជីវកម្ម​លើ​វិស័យ​ទំាង​ពីរ​ខាង​លើ​មាន​ចំនួន​ដល់​ទៅ ៧ ០០០លានអឺរ៉ូ និង​បាន​ផ្តល់​ការងារ​ឲ្យ​ប្រជាជន​អង់គ្លេស និង​អេកូស​ជិត​កន្លះលាននាក់។

និយាយ​ពី​នយោបាយ​ផ្ទៃក្នុង​នៅ​អង់គ្លេស ឯករាជ្យភាព​ដែនដី​អេកូស​នឹង​បង្ក​ឲ្យ​មាន​វិបត្តិផ្ទៃក្នុង​របស់​​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី​ដេវីដ កាមេរ៉ូន។ លោក​កាមេរ៉ូន​ដែល​ជា​អ្នក​ដែល​បាន​យល់ព្រម​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​ប្រជាមតិ​នៅ​អេកូស​ពេល​នេះ។ ដូច្នេះ​ចង់ ឬ​មិន​ចង់ លោក​កាមេរ៉ូន​ត្រូវ​បង្ខំ​ចិត្ត​ចុះចេញ​ពី​តំណែង បើ​អង់គ្លេស​បាន​បាត់បង់​ដែនដី​អេកូស។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​មុន​ថ្ងៃ​បោះឆ្នោត​ថ្ងៃ​នេះ លោក​ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស​បាន​ព្យាយាម​ចុះ​ឃោសនា​ដោយ​សន្យា​ថា បើ​អេកូស​បន្ត​ស្ថិត​ក្នុង​ប្រទេស​អង់គ្លេស នោះ​លោក​នឹង​ផ្តល់​ស្វ័យភាព​ទូលំទូលាយ​បន្ថែម​ទៀត​ឲ្យ​ប្រជាជន​អេកូស ពិសេស​ក្នុង​ផ្នែក​ពន្ធដារ និង​សុខាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ