អានតួអត្ថបទ
ម៉ាឡេស៊ី

MH៣៧០៖ឧបករណ៍​តាម​រក​ប្រអប់ខ្មៅ​ត្រូវបាន​បញ្ជូន​ដល់​តំបន់​ស្វែងរក តែ​ក្តីសង្ឃឹម​មាន​តិចតួច

នៅ​ថ្ងៃ​សុក្រ ទី៤ មេសា​នេះ នាវា​ដឹក​ឧបករណ៍​ដើម្បី​តាម​ស្វែង​រក​ប្រអប់ខ្មៅ​របស់​យន្តហោះ Malaysia Airlines បាត់ខ្លួន​កាល​ពី​ថ្ងៃទី៨ មីនា​ទើប​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់​ស្វែង​រក​ក្នុង​មហាសមុទ្រ​ឥណ្ឌា។ គឺ​ជា​ទីកន្លែង​ដែល​ផ្កាយរណប​របស់​ប្រទេស​អូស្រ្តាលី​បាន​រក​ឃើញ​នូវ​វត្ថុ​ជា​ច្រើន​កំពុង​អណ្តែត​លើ​ផ្ទៃទឹកសមុទ្រ។ តែ​បន្ទាប់​ពី​បាន​ស្រង់​វត្ថុ​ខ្លះ​យក​មក​វិភាគ​មក វត្ថុ​ទំាង​នោះ​មិន​មែន​ជា​បំណែក​របស់​យន្តហោះ Malaysia Airlines ដែល​បាត់ខ្លួន​កាល​ពី​ជិត ១ខែ​កន្លង​ទៅ​ទេ។ យ៉ាង​ណា​ក៏​ដោយ គឺ​នៅ​តំបន់​នោះ​ហើយ​ដែល​រដ្ឋអំណាច​ម៉ាឡេស៊ី​បាន​សន្និដ្ឋាន​ថា ជា​កន្លែង​ដែល​យន្តហោះ​នោះ​បាន​ធ្លាក់។

MH៣៧០៖ឧបករណ៍​តាម​រក​ប្រអប់ខ្មៅ​ត្រូវបាន​បញ្ជូន​ដល់​តំបន់​ស្វែងរក តែ​ក្តីសង្ឃឹម​មាន​តិចតួច
MH៣៧០៖ឧបករណ៍​តាម​រក​ប្រអប់ខ្មៅ​ត្រូវបាន​បញ្ជូន​ដល់​តំបន់​ស្វែងរក តែ​ក្តីសង្ឃឹម​មាន​តិចតួច REUTERS/U.S. Navy/Mass Communication Specialist 3rd Class Crisha
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​អស់​រយៈ ៥ថ្ងៃ ៤យប់​មក នាវា​អូស្រ្តាលី​ដែល​ដឹក​ឧបករណ៍​ដើម្បី​តាម​ស្វែង​រក​ប្រអប់ខ្មៅ​របស់​យន្តហោះ Malaysia Airlines បាន​ទៅ​ដល់​មហាសមុទ្រ​ឥណ្ឌា​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ។ ឧបករណ៍​ដែល​មាន​ទម្ងន់ ៣៥គីឡូក្រាម​នោះ​មាន​បំពាក់​ដោយ​ខ្សែ​អង់តែន​ដើម្បី​ស្វែង​ចាប់​រលក​សញ្ញា​ដែល​បញ្ចេញ​ដោយ​ប្រអប់ខ្មៅ​ចំនួន២ របស់​យន្តហោះ Malaysia Airlines នៅ​បាតសមុទ្រ​ក្នុង​ជម្រៅ ៦ ០០០ម៉ែត្រ​ដែល​បាន​បាត់​ខ្លួន​កាល​ពី​ជិត ១ខែ​មុន ពោល​នៅ​ថ្ងៃទី៨ មីនា។ តាម​ធម្មតា ប្រអប់ខ្មៅ​របស់​យន្តហោះ Malaysia Airlines បាត់ខ្លួន​នោះ​អាច​ផ្តល់​រលកសញ្ញា​របស់​វា​តែ​ក្នុង​រយៈពេល ៣០ថ្ងៃ​ប៉ុណ្ណោះ មាន​ន័យ​ថា បើ​លើស​ពី ៣០ថ្ងៃ ទៅ ប្រអប់ខ្មៅ​នោះ​ឈប់​ផ្តល់​រលកសញ្ញា​អ្វី​ទំាង​អស់ ហើយ​ឧបករណ៍​តាម​ស្វែង​រក​ប្រអប់ខ្មៅ​នោះ​ក៏​មិន​អាច​ដឹង​ទីតំាង​របស់​ប្រអប់ខ្មៅ​នោះ​ដែរ។

ដូច្នេះ​បើ​គេ​គិត​ពី​ថ្ងៃ​បាត់​យន្តហោះ​នៅ​ថ្ងៃទី៨ មីនា​មក​ដល់​ថ្ងៃទី៤ មេសា​នេះ គឺ​នៅ​សល់​រយៈពេល​តែ ៤ថ្ងៃ​គត់​ដែល​ប្រអប់ខ្មៅ​អាច​បន្ត​ផ្តល់​រលកសញ្ញា​របស់​វា និង​ដែល​ឧបករណ៍​ស្វែង​រក​អាច​ដឹង​ទីតំាង​ជាក់ច្បាស់​របស់​ប្រអប់ខ្មៅ​ទំាង​នោះ។ យ៉ាង​ណា​ក៏​ដោយ បេសសកម្ម​នៃ​ការ​​ស្វែង​រក​ប្រអប់ខ្មៅ​នោះ​ត្រូវ​ប្រើ​ពេល​យូរ ប្រៀប​ដូច​ជា​ការ​រៀវរក​ម្ជុល​នៅ​បាតសមុទ្រ​អ៊ីចឹង ព្រោះ​តំបន់​ដែល​ត្រូវ​ស្វែង​រក​មាន​ទំហំ​ធំធេង​ណាស់។ តែ​វា​ជា​កាតព្វកិច្ច​មួយ​ដែល​រដ្ឋអំណាច​ម៉ាឡេស៊ី និង​ក្រុមហ៊ុន Malaysia Airlines ត្រូវ​តែ​ធ្វើ​ដើម្បី​ស្វែង​រក​ការ​ពិត​ជូន​ក្រុមគ្រួសារ​អ្នកដំណើរ​ទំាង ២៣៩នាក់​ដែល​ជិះ​នៅ​ក្នុង​យន្តហោះ​បាត់ខ្លួន​នោះ។

សូម​ជម្រាប​ជូន​ថា ជិត ១ខែ​កន្លង​មក​ហើយ​ដែល​គេ​នៅ​តែ​គ្មាន​ព័ត៌មាន​ច្បាស់លាស់​ជុំវិញ​ការ​បាត់​យន្តហោះ​របស់​ក្រុមហ៊ុន Malaysia Airlines ប៊ូអ៊ីង ៧៧៧ ជើង​ហោះហើរ​លេខ MH៣៧០។ គឺ​មាន​តែ​ការ​ស្វែង​រក​ប្រអប់ខ្មៅ​ទំាង​ពីរ​របស់​យន្តហោះ​នោះ​ទេ​ទើប​គេ​អាច​ដឹង​ពី​អាដ៍កំបំាង ព្រោះ​ថា ប្រអប់ខ្មៅ​នោះ​បាន​ថត​ទុក​ទំាង​អស់​នូវ​គ្រប់​ព័ត៌មាន​នៃ​ការ​ហោះហើរ ព្រម​ទំាង​កិច្ចសន្ទនា​របស់​អ្នកបើកបរ​យន្តហោះ​នោះ។ ដោយឡែក​ក្នុង​ពេល​ជាមួយ​គ្នា​នេះ លោក អានវ៉ារ អ៊ីប្រាហ៊ីម ប្រធាន​គណបក្សប្រឆំាង​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​ចោទ​រដ្ឋាភិបាល​ពី​ការ​លាក់​ព័ត៌មាន​ពិត​ជុំវិញ​ការ​បាត់​យន្តហោះ​នោះ។ នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​កាសែត​អង់គ្លេស Daily Telegraph លោក​អ៊ីប្រាហ៊ីម​បាន​អះអាង​ថា​ដោយ​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បាន​ជា​ប្រព័ន្ធ​រ៉ាដា​ម៉ាឡេស៊ី​មិន​អាច​ចាប់​បាន​នៅ​ពេល​ដែល​យន្តហោះ​នោះ​បាន​ហោះ​ប្តូរ​ផ្លូវ​ដោយ​ឆ្លង​កាត់​ខេត្ត​ម៉ាឡេស៊ី​រហូត​ដល់​ទៅ ៤ខេត្ត​ឯណោះ មុន​នឹង​បាត់​ដំណឹង​ឈឹងសូន្យ?៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ