អានតួអត្ថបទ
ម៉ាឡេស៊ី

MH៣៧០៖ប្រតិបត្តិការ​ស្វែងរក​បំណែក​យន្តហោះ​របស់ Malaysia Airlines នៅ​ក្នុង​មហាសមុទ្រឥណ្ឌា​បាន​ផ្អាក

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ មីនា​នេះ ការ​ស្វែង​រក​វត្ថុ​ដែល​កំពុង​អណ្តែត​លើ​ផ្ទៃទឹកសមុទ្រ​ក្នុង​មហាសមុទ្រឥណ្ឌា​ត្រូវ​បាន​ផ្អាក​មួយ​រយៈ ដោយសារ​តែ​ធាតុអាកាស​មិន​ល្អ។ ដោយឡែក រូបភាព​ផ្តល់​ដោយ​ផ្កាយរណប​ពី​ប្រទេស​មួយ​ចំនួន​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​បំណែក​កាន់​តែ​ច្រើន​ឡើងៗ​ដែល​កំពុង​អំណ្តែត​លើ​ផ្ទៃទឹកសមុទ្រ។ តែ​រហូត​មក​ដល់​ថ្ងៃ​នេះ គេ​នៅ​មិន​អាច​ស្រង់​យក​វត្ថុ​ទំាង​នោះ​មក​វិភាគ​ដើម្បី​ចង់​ដឹង​ថា តើ​វា​ជា​បំណែក​យន្តហោះ​របស់​ក្រុមហ៊ុន Malaysia Airlines ដែល​បាន​បាត់​ខ្លួន​តំាង​ពី ៣សប្តាហ៍​មិន ឬ​អត់​ទេ។ 

នាវា​យោធា​អាមេរិកំាង​ក្នុង​ប្រតិបត្តិការ​ស្វែង​រក​បំណែក​យន្តហោះ​ Malaysia Airlines ក្នុង​មហាសមុទ្រ​ឥណ្ឌា
នាវា​យោធា​អាមេរិកំាង​ក្នុង​ប្រតិបត្តិការ​ស្វែង​រក​បំណែក​យន្តហោះ​ Malaysia Airlines ក្នុង​មហាសមុទ្រ​ឥណ្ឌា REUTERS/U.S. Navy/Mass Communication Specialist 3rd Class Crisha
ផ្សាយពាណិជ្ជកម្ម

អាដ៍កំបំាង​នៃ​ការ​បាត់​យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន Malaysia Airlines កំពុង​ធ្វើ​ពិភពលោក​ឆ្ងល់​កាន់​តែ​ខ្លំាង​ឡើងៗ​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ។ គឺ​ជា​លើកទី២​ហើយ​ក្នុង​សប្តាហ៍​នេះ​ដែល​ប្រតិបត្តិការ​ស្វែង​រក​បំណែក​យន្តហោះ​របស់​ក្រុមហ៊ុន Malaysia Airlines ត្រូវ​បាន​ផ្អាក​ជា​ថ្មី។ មូលហេតុ មក​ពី​ធាតុអាកាស​មិន​អំណោយ​ផល។ សូម​ជម្រាប​ជូន​ថា អស់​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ ពោល​តំាង​ពី​ផ្កាយរណប​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​វត្ថុ​ជា​ច្រើន​ដែល​កំពុង​អណ្តែត​ត្រៀបត្រា​លើ​ផ្ទៃទឹកសមុទ្រ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ប៉ែក​ខាងត្បូង​មក មាន​ប្រទេស​ជា​ច្រើន​បាន​បញ្ជូន​យន្តហោះ និង​នាវា​ជា​ច្រើន​គ្រឿង​ដើម្បី​ស្វែង​រក​វត្ថុ​ទំាង​នោះ​ដោយ​សង្ឃឹម​ថា ជា​បំណែក​យន្តហោះ​របស់​ក្រុមហ៊ុន Malaysia Airlines ដែល​បាន​បាត់​ខ្លួន​តំាង​ពី ៣សប្តាហ៍​កន្លង​មក។

នៅ​ថ្ងៃ​នេះ​ទៀត និង​បន្ទាប់​ពី​ផ្កាយរណប​របស់​បារំាង ដល់​វេន​ផ្កាយរណប​របស់​ប្រទេស​ថៃ​ម្តង​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​បំណែក​ប្រមាណ​ជា ៣០០ ខុសៗ​គ្នា មាន​ប្រវែង​ពី ២ ទៅ ១៥ម៉ែត្រ​ដែល​កំពុង​អណ្តែត​ត្រៀបត្រា​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ប៉ែកខាងត្បូង នេះ​ជា​ព័ត៌មាន​ផ្តល់​ដោយ​ទីភ្នាក់ងារ​សាធារណៈ​ថៃ​ទទួល​បន្ទុក​ខាង​ផ្កាយរណប។ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ រដ្ឋាភិបាល​ម៉ាឡេស៊ី​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ពី​រូបភាព​ផ្តល់​ដោយ​ផ្កាយរណប​របស់​ខ្លួន​ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​វត្ថុ​ចំនួន ១២២ ខុសៗ​គ្នា​កំពុង​អណ្តែត​លើ​ផ្ទៃទឹកសមុទ្រ​ក្នុង​បរិវាន ៤០០គីឡូម៉ែត្រក្រឡា​ស្ថិត​ប៉ែកខាងត្បូង​មហាសុទ្រ​ឥណ្ឌា។

តែ​រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​អាច​ស្រង់​បាន​វត្ថុ​ណា​មួយ​យក​មក​វិភាគ​ដើម្បី​ចង់​ដឹង​ថា តើ​វា​ពិត​ជា​បំណែក​យន្តហោះ​របស់​ក្រុមហ៊ុន Malaysia Airlines ដែល​បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃទី៨ មីនា​កន្លង​មក ឬ​យ៉ាង​ណា​នោះ​ទេ។ ដូច្នេះ អាដ៍កំបំាង​កំពុង​បន្ត​មាន ហើយ​ការ​ស្វែង​រក​ក៏​កំពុង​បន្ត​ធ្វើ​ដោយ​គ្មាន​អ្នកណា​ម្នាក់​ហ៊ាន​អះអាង​ថា តើ​ក្រុមគ្រួសារ​របស់​អ្នកដំណើរ​នឹង​ដឹង​ការ​ពិត​នៅ​ថ្ងៃ​ណា​មួយ ឬ​អត់​ទេ។ តែ​អ្វី​ដែល​ក្រុមគ្រួសារ​អ្នកដំណើរ ពិសេស​ជនជាតិ​ចិន​បាន និង​កំពុង​បន្ត​ធ្វើ​សព្វថ្ងៃ គឺ​បាតុកម្ម​ដាក់គំនាប​លើ​រដ្ឋាភិបាល​ម៉ាឡេស៊ី និង​ក្រុមហ៊ុន Malaysia Airlines ឲ្យ​ផ្តល់​ការ​ពិត​ជូន​ពួក​គេ។ រីឯ​រដ្ឋាភិបាល​ចិន​វិញ ក៏​ជម្រុញ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ឲ្យ​ទទួល​យក​ជំនួយ​ពី​ក្រុមអ្នកឯកទេស​ចិន​ដើម្បី​ស្វែង​រក​ការ​ពិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ