អានតួអត្ថបទ
ម៉ាឡេស៊ី

យន្តហោះ​ម៉ាឡេស៊ី​បាត់ ៖ ការអង្កេត​ឧក្រិដ្ឋកម្ម​ផ្តុំ​លើ​បុគ្គលិក​យន្តហោះ

ប៉ូលិស​ម៉ាឡេស៊ី​ បានងាក​ទៅ​ផ្តុំ​ការ​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្មទៅ​លើ​តែ​ក្រុម​បុគ្គលិក​ក្នុង​យន្តហោះ​ ជើង​ហោះហើរ MH៣៧០ ដែល​បាន​បាត់​ស្រមោល​តាំង​ពី​ថ្ងៃ​ទី ៨ មីនា​មក។ ចំណែក​អ្នក​ធ្វើ​ដំណើរ​ទាំង​២២៧​នាក់ ត្រូវ​ច្រាន​ចេញ​ពី​ផ្លូវអង្កេត​។ នេះ​បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ម៉ាឡេស៊ី។

ទាហាន​អូស្ត្រាលី​ដាក់​រ៉ូបូ​ទៅ​ថត​ផែនទី​នៅ បាត​សមុទ្ទ​ដើម្បី​ស្វែង​រក​បំណែក​យន្តហោះ mh៣៧០។​ រូបថត​ថ្ងៃ​ទី​៣០​មីនា ២០១៤
ទាហាន​អូស្ត្រាលី​ដាក់​រ៉ូបូ​ទៅ​ថត​ផែនទី​នៅ បាត​សមុទ្ទ​ដើម្បី​ស្វែង​រក​បំណែក​យន្តហោះ mh៣៧០។​ រូបថត​ថ្ងៃ​ទី​៣០​មីនា ២០១៤ REUTERS/Jason Reed
ផ្សាយពាណិជ្ជកម្ម

បើ​តាម​មេប៉ូលិស ក្រុម​អ្នកអង្កេត​បាន​ច្រើន​ចោល​សេចក្តី​សន្និដ្ឋាន​ដែល​ថា អ្នក​ដំណើរ​ម្នាក់ ឬ​ច្រើន​នាក់ នាំ​គ្នា​ចាប់​មនុស្ស​ធ្វើ​ចំណាប់​ថ្នូរ​បង្វែរ​ផ្លូវ​យន្តហោះ ដើម្បី​បង្ក​ភេរវកម្ម ឬ​ដោយ​មាន​បញ្ហា​ផ្ទាល់​ខ្លួន បញ្ហា​ផ្លូវចិត្ត រហូត​នាំ​ឱ្យ​បាត់​យន្តហោះ​MH៣៧០​ហើយ។ ប៉ុន្តែ​ក្រុម​អ្នក​អង្កេត នៅ​តែ​បន្ត​ផ្តោត​ការតាមដាន​លើ​អ្នក​បើក​បរ​ទាំង​ពីរ​រូប ដដែល បើ​ទោះ​បី​ជា​គ្មាន​រក​ឃើញ​វត្ថុ​សង្ស័យ​ពាក់​ព័ន្ធ​នឹង​អ្នក​ទាំង​ពីរ​​ និង​បើ​ទោះ​បី​ជា​គ្មាន​ការ​បង្ហើប​បង្ហាញ​ព័ត៌មាន​អ្វី​សង្ស័យ​អ្វី​ទាក់ទង​នឹង​អ្នក​បើក​បរ​ទាំង​ពីរក៏​ដោយ។

ការ​អង្កេត​ឧក្រិដ្ឋកម្ម​ ធ្វើ​ឡើង​ដោយ​ក្រុម​ប៉ូលិស​ម៉ាឡេស៊ី​រហូត​មក​ទល់​នឹង​ពេល​គ្មាន​លទ្ធផល​អ្វី​ទាំង​អស់។ មេប៉ូលិស​បាន​ត្រឹម​បញ្ជាក់​បន្ថែម​នៅ​ថ្ងៃ​ពុធ​នេះ អំពី​ក្តី​អស់​សង្ឃឹមថា​ ប្រហែល​ជា​គេ​មិន​អាច​ដឹង​ជា​រហូត​ទៅ​អំពី មូលហេតុ​នៃ​ការ​បាត់​យន្តហោះ

មាន​តែ​ប្រអប់​ខ្មៅ​យន្តហោះ​តែ​ប៉ុណ្ណោះ​ ដែល​អាច​ពន្យល់​បំភ្លឺ​គ្រោះថ្នាក់​ដ៏​ចម្លែក​នេះ​បាន។ ប៉ុន្តែ​យុទ្ធនាការ​ស្វែងរក​ហាក់​មាន​សង្ឃឹម​កាន់​ស្តួ​ច​ស្តើង​ឡើងៗ។ ថ្ងៃ​ពុធ​នេះ នាវា​មុជ​ទឹក​អង់គ្លេស បាន​ទៅដល់​មហា​សមុទ្ទ​ឥណ្ឌា​ត្រង់​ចំណុច​សង្ស័យ​ហើយ ដើម្បី​ជួយ​ធ្វើ​ប្រតិបត្តិការ​ជាមួយ​នាវា​អូស្ត្រាលី​ក្នុង​ការ​អូសខ្សែកាប​តាម​​ចាប់សញ្ញា​ប្រអប់​ខ្មៅ។ ការ​ស្វែង​រក​នេះ​នឹង​មាន​រយៈ​ពេល​យូរ និង​ត្រូវ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង​ណាស់ ព្រោះ​តំបន់​ស្រាវជ្រាវ​ធំ ជ្រៅ ឯ​ប្រអប់​ខ្មៅ​ក៏​ជិត​ផុត​អាយុ​ឱ្យ​សញ្ញា។

លោក​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏​​​ត្រូវ​ទៅ​​ដល់​ក្រុង​Perth អូស្ត្រាលី​នៅ ល្ងាច​ថ្ងៃ​ពុធ​នេះ ដើម្បី​ជួ​ប​នាយករដ្ឋមន្ត្រី​អូស្រ្តាលី និង​ដើម្បី​ធ្វើ​សហការ​ដឹកនាំ​ការ​ស្វែងរក​ជាមួយ​នឹង​ក្រុម​អ្នក​នៅ​ក្នុង​សមុទ្ទ។ សូម​បញ្ជាក់​ថា តាំង​ពី​វិបត្ត​យន្តហោះ​កើត​ឡើង ម៉ាឡេស៊ី​បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ ពិសេស​ពី​សំណាក់​ក្រុមគ្រួសារ​អ្នក​ដំណើរ​ចិន​ ថា​កូឡាឡាំពួ អសមត្ថភាព និង​មាន​ចេតនា​លាក់​ការពិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ